របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ជនជាតិដើមភាគតិចកួយ ចំនួនពីរភូមិស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយការពារនិងទប់ស្កាត់ការរំលោភ យកដីព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ និងខណៈដែលតំណាងរបស់ពួកគេ៤នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅឱ្យទៅឆ្លើយបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ក្រោយការចោទប្រកាន់ពីបទ រារាំងការឈូសឆាយដីព្រៃរបស់ពួកគេ។
លោក ម៉ៃ ម៉េន អាយុ៤៣ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា ដីនេះ គឺជាដីសមូហភាព និងជាទីកន្លែងសម្រាប់ជាទីសក្ការៈបូជារបស់ជនជាតិដើមភាគតិចកួយ តាំងពីដូនតាមក។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក មានឈ្មួញអ្នកមានអំណាច និងមានលុយមកពីភ្នំពេញ បានចុះមកអះអាងថា ជាដីរបស់ពួកគេបានទិញ និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
លោក ម៉ៃ ម៉េន ថា៖ «ដីនេះពាក់ព័ន្ធដំបូង គឺកំឡុងឆ្នាំ២០២០ ដីនេះ គឺដីនៅទំនេរ ដីព្រៃ ដីរដ្ឋ ដីភ្នំដីអរុកអារក្សអ្នកតាបន់ស្រន់ រោងបុណ្យចាស់តាំងពីជីដូនជីតាយូលុងណាស់មកហើយ តែក្រោយមកអំឡុងឆ្នាំ២០២០ មានលោកម្នាក់ឈ្មោះ គិត សុផល គឺអ្នកមានអំណាចមួយរូបដែរ ឃើញគាត់មកឈូសឆាយនៅកន្លែងដីហ្នឹង។ ហើយដី លោកសុផល នៅខាងលិចស្ទឹងហើយគាត់មកឈូសឆាយមកខាងកើតស្ទឹងជាប់នឹងដីរបស់គាត់ ហើយការឈូសឆាយនេះ គឺគាត់បានឯកភាពពីស្រុក ពីឃុំ ពីខេត្តអស់ហើយ»។
លោក ម៉ៃ ម៉េន ដែលអះអាងថា ជាមេកន្ទ្រាញជនជាតិដើមភាគតិចកួយបានអះអាងបន្តថា ក្រៅពីលោក គិត សុផល នេះ នៅមានឈ្មួញអ្នកមានលុយមានអំណាចពីរនាក់ទៀត មកពីភ្នំពេញក៏បានអះអាងដែរថា ពួកគេគឺជាម្ចាស់កម្មសិទ្ធិលើដីព្រៃ ដែលមានទីតាំងស្ថិតនៅចំណុចដងសន្ទូច ក្បែភ្នំព្រះវិហារ ជិតមាត់ព្រែក ក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះដែរ។ ក្នុងចំណោមឈ្មួញទាំង៣នាក់ខាងលើនេះ មានឈ្មួញម្នាក់ដែលលោកប្រាប់ថា ឈ្មោះលោក តាំង ស៊ីផេង បានប្តឹងតំណាងជនជាតិដើមភាគតិចសួរ៤នាក់ទៅកាន់តុលាការពីបទរារាំងការឈូសឆាយដីព្រៃរបស់គាត់។
លោកបានរៀបរាប់បន្តថា៖ «រួចហើយរយៈពេលកន្លះខែ លោក តាំង ស៊ីផេង គាត់ថា គេមានឯកសារគ្រប់គ្រាន់ ហើយគាត់ចាប់ផ្ដើមប្ដឹងខ្ញុំដាក់លិខិតទៅសាលាស្រុក ពេលហ្នឹងហើយ ដែលពួកយើងខ្ញុំមិនព្រម ហើយលោក តាំង ស៊ីផេង ក៏ដាក់ពាក្យបណ្ដឹងពួកខ្ញុំទៅតុលាការខេត្តកំពង់ស្ពឺ ហើយខាងតុលាការក៏បានកោះហៅខាងពួកខ្ញុំទាំង៤នាក់ ឱ្យទៅសាលាដំបូងខេត្តកំពង់ស្ពឺ»។
អ្នកស្រី ហឿន ឡូត អាយុ ៥៣ ឆ្នាំ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMដែរថា អ្នកស្រីមិនមែនជាអ្នករំលោភយកដីគេទេ គឺគេជាអ្នករំលោភយកដីជនជាតិដើមភាគតិចកួយរបស់អ្នកស្រីនោះទេ។ អ្នកស្រី គឺគ្រាន់តែជាអ្នកតវ៉ាប៉ុណ្ណោះ តែផ្ទុយទៅវិញ ខាងតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ បែរទៅជាកោះហៅអ្នកស្រីឱ្យទៅបំភ្លឺដែលជាភាគីជនរងគ្រោះទៅវិញ។
អ្នកស្រីបានអះអាងថា តាំងពីដូនតាមក អ្នកស្រីមិនដែលឃើញមានអ្នកណាប្រកបរបរ ឬក៏ធ្វើអាជីវកម្មនៅលើដីនេះឡើយ។ ដីហ្នឹង គឺជាដីគោរពសក្ការៈរបស់ជនជាតិដើមភាគតិចកួយ ដែលអ្នកស្រីនឹងប្រជាពលរដ្ឋទាំងអស់បាននាំគ្នាខំតវ៉ា គឺដើម្បីរក្សាទុកសម្រាប់ជាដីរួម ជនជាតិកួយនិងមានគម្រោងបង្កើតជាសហគមន៍ជនជាតិកួយ ដោយមិនចង់ឱ្យមានការធ្វើជាកម្មសិទ្ធិឯកជនរបស់នណាម្នាក់ឡើយ។
អ្នកស្រីថា៖ «ទេគឺជារបស់សមូហភាព អ្នកដែលយកដីមាត់ព្រែក ដូចជា ឈ្មោះ យាយម៉ន ក៏យករបស់គាត់ និងដីរួមជនជាតិសួកួយក៏គេយក ដីភ្នំក៏គេយក គេធ្វើប្លង់ យកអស់ហើយរហូតទៅដល់ហួសរោងជាទីសក្ការៈរបស់យើងទៀត អ្នកយក គឺខាងជើងឈ្មោះ តាំង ស៊ីផេង និងខាងត្បូងឈ្មោះ កាក់សាន។ គេធ្វើប្លង់ជាប់គ្នាអស់ហើយ ចំណែកឯខាងអាជ្ញាធរគេថា ដីនេះ ទុកឲ្យដីសហគមន៍ជនជាតិដើមភាគតិចកួយ ក៏ប៉ុន្តែអត់មានមកវាស់វែង គ្រាន់ថា តែទុកឱ្យទុកឱ្យតែប៉ុណ្ណោះ អត់មានការអនុវត្តគ្រាន់តែថាៗ»។
អ្នកស្រីបានអំពាវនាវឱ្យអាជ្ញាធរឃុំ ស្រុក ខេត្ត រួមទាំងប្រមុខរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយបញ្ហាដីដែលគេរំលោភបំពានយកនេះ និងចេញប្លង់កាន់កាប់ដីត្រឹមត្រូវឱ្យជនជាតិដើមភាគតិចកួយនេះផង។ អ្នកស្រីក៏អំពាវនាវឱ្យតុលាការខេត្តកំពង់ស្ពឺ ផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋជនជាតិសួយរបស់គាត់ផង ដើម្បីឲ្យមានភាពត្រឹមត្រូវពិតប្រាកដក្នុងសង្គម។
អ្នកស្រីបន្តថា៖ «ពីព្រោះដីនោះជាទីកន្លែងគោរពសក្ការៈបូជារបស់ជនជាតិខ្មែរដើមកួយតាំងពីជីដូនជីតាមក អត់មានអ្នកណាប្រកបអាជីវកម្មអីទេ មានតែប្រជាពលរដ្ឋកាប់អុសទាញវល្លិ៍ រកផ្សិត ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ គ្មានអ្នកណាដាំដូង ដាំស្វាយទេ គឺអត់»។
ចំណែកឯអ្នកស្រី ទេព អូរ អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវជាភរិយារបស់មេភូមិដែលជាជនរងគ្រោះត្រូវតុលាការកោះហៅបំភ្លឺដែរនោះ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីនេះ គឺជាដីជនជាតិដើមភាគតិច។ អ្នកស្រីបានដាក់ជាសំណួរថា តើឱ្យពួកគាត់ធ្វើយ៉ាងម៉េចបើឈ្មួញយកដីនេះអស់?
អ្នកស្រីបានថ្លែងដោយអស់សង្ឃឹមថា៖ «មិនដឹងធ្វើយ៉ាងម៉េចទេ បើបន្តិចតុលាការហៅ បើបន្តិចតុលាការហៅអញ្ចឹងនោះ និងខាងអាជ្ញាធរ ថាទុកអោយសហគមន៍ ថាតែមាត់ ពួកយើងតវ៉ានេះ ទុកគ្រាន់តែជាកន្លែងសក្ការៈគោរពបូជា សម្រាប់ជនជាតិដើមភាគតិចប៉ុណ្ណឹងកុំឱ្យវាសាបសូន្យ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកប្រភពដើម្បីទាក់ទងឈ្មួញឈ្មោះលោក តាំង ស៊ីផេង ដើម្បីបំភ្លឺជុំវិញរឿងនេះបាននៅឡើយទេ។
ចំណែកលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មិនមានអត្ថាធិប្បាយអ្វីឡើយ នៅពេលដែលពលរដ្ឋអ្នកសារព័ត៌មាន CCIM បានហៅទូរសព្ទទៅដើម្បីសុំការបំភ្លឺរឿងនេះ ហើយបានចុចផ្តាច់ទូរស័ព្ទថែមទៀត។
យ៉ាងណាក្តី លោក យ៉ុង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពហៅកាត់ថា (PDP) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា លោកមានការងឿងឆ្ងល់ ករណីដែលតុលាការបានកោះហៅតំណាងជនជាតិដើមភាគតិចកួយ ទៅឆ្លើយបំភ្លឺជុំវិញរឿងនេះទៅវិញ។
លោកថា៖ «រឿងនេះ គឺជារឿងសំខាន់មួយ បើពួកគាត់ជាម្ចាស់ដី ហេតុអី្វបានគេហៅពួកគាត់ទៅបំភ្លឺ ប្រសិនបើករណីគាត់ជាម្ចាស់ដី អញ្ចឹងគេយកដីគាត់ហើយ ឱ្យគាត់ទៅបំភ្លឺទៀត អាហ្នឹងជារឿងវាដូចជាអយុត្តិធម៌ខ្លាំងណាស់ ឬមួយគឺជាការរំលោភសិទ្ធិ គឺជាភាពមួយដែលរងការនូវអយុត្តិធម៌ ដោយសារតែខាងប្រព័ន្ធតុលាការហ្នឹង។ នេះបើសិនជាករណីនេះវាជាការពិតមែននោះ»។
លោកបានបន្តថា ក្នុងករណីនេះ បើភាគីខាងអាជ្ញាធរឃុបឃិតនិងចូលដៃចូលជើងជាមួយឈ្មួញ ហើយមិនដោះស្រាយជូនប្រជាពលរដ្ឋទេ នោះប្រជាពលរដ្ឋជនជាតិដើមភាគតិចនេះ នឹងអស់ជំនឿលើអាជ្ញាធរនិងប្រព័ន្ធតុលាការទៀតហើយ។
លោកបន្ថែមថា៖ «ដូចខ្ញុំបានបញ្ជាក់ជូនចឹង បើខាងប្រព័ន្ធតុលាការដីរបស់ពួកគាត់មានតែបើគេមិនព្រមស៊ើបអង្កេតសើរើឱ្យដឹងការពិត ឬក៏ឈរលើផលប្រយោជន៍ណាមួយ មានការលំអៀងទៅលើអ្នករំលោភបំពាន វាបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរមកដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសជនជាតិដើមភាគតិច ដែលគ្នាមិនសូវមានការចេះដឹង យល់ដឹងច្រើន ពីបញ្ហាច្បាប់ និងបញ្ហាសង្គម។ នេះក៏ជារឿងមួយសំខាន់ដែរ គួរតែយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មាន និងគិតគូរក្នុងការរស់នៅរបស់ពួកគាត់គួរកុំធ្វើបាបពួកគាត់»។
យោងតាមការលើកឡើងរបស់ជនជាតិដើមភាគតិចកួយបានអះអាងថា ចាប់តាំងពីឆ្នាំ ២០២០មក ពោលគឺនៅពេលដែលពួកឈ្មួញទៅដល់សហគមន៍របស់ពួកគេមក បានធ្វើឲ្យពួកគាត់មិនដែលមានសេចក្តីសុខម្តងណាឡើយរហូតដល់បច្ចុប្បន្ននេះ។ ពួកគេអះអាងថា ពួកគេត្រូវបានគេប្ដឹង ចោទប្រកាន់ពីរឿងដីរួម ដីព្រៃ និងរងភាពអយុត្តិធម៌មិនចេះចប់មិនចេះហើយពីខាងអាជ្ញាធរផងដែរ៕
……………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ស៊ួស ចាន់ឌឿន