របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អតីតពលករខ្មែរដែលធ្វើការនៅប្រទេសថៃខុសច្បាប់បានរៀបរាប់ពីទុក្ខលំបាកនៅពេលធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ និងពេលកំពុងធ្វើការងារ ដោយត្រូវថៅកែធ្វើបាប ជាពិសេសនៅអំឡុងពេលផ្ទុះរីករាលដាលជំងឺកូវីដ១៩។
អ្នកស្រី កាច សាម៉ៃ អាយុ៣៥ រស់នៅភូមិត្រពាំងក្អែក ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីបានធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ កាលពីឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយគ្មានឯកសារស្របច្បាប់នោះទេ។ អ្នកស្រីបន្តថា ការប្រថុយប្រថានទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយគ្មានឯកសារនេះ គឺដោយសារតែការធ្វើឯកសារ ដូចលិខិតឆ្លងដែន (Passport) មានតម្លៃថ្លៃ ហើយចំណាយពេលធ្វើយូរ។ ម៉្យាងទៀត កង្វះព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធ ខណៈគ្រួសារជំពាក់បំណុលធនាគារ ទើបធ្វើឱ្យអ្នកស្រីធ្វើចំណាក់ស្រុកទាំងគ្មានឯកសារគ្រប់គ្រាន់បែបនេះ។ អ្នកស្រីស្នើទៅរដ្ឋាភិបាល ធ្វើយ៉ាងណាជួយបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ឱ្យបានលឿនជាងមុន និងមានតម្លៃថោកសម្រាប់ប្រជាពលរដ្ឋចំណាកស្រុក។
អ្នកស្រីបន្ថែម៖ «ធ្វើដំណើរហ្នឹង គឺអត់មានសុវត្ថិភាពទេចំពោះខ្ញុំ ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តទៅព្រោះអីឡានដាក់លើសកំណត់ ឧទាហរណ៍ថា ឡានដាក់បាន ១០ នាក់ជាងទេ តែនេះក្នុងមួយឡានយើងមាន៣០នាក់ ទៅ៤០នាក់ អង្គុយលើគ្នាក្នុងការធ្វើដំណើរទៅ»។
ស្ត្រីវ័យ៣៥រូបនេះ ក៏បានបង្ហូរទឹកភ្នែកនៅពេលអ្នកស្រីបានចែករំលែកពីបទពិសោធន៍ដ៏ជូចត់នេះនៅក្នុងវេទិកាប្រជាពលរដ្ឋ ស្តីពី «ការពារលំហពលរដ្ឋ ប្រជាធិបតេយ្យ និង សិទិ្ធមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា» ដែលរៀបចំដោយអង្គការសង្គមស៊ីវិលប្រមាណជិត២០នៅឯភោជនីយដ្ឋានទន្លេបាសាក់កាលពីថ្ងៃទី១៦-១៧ ខែតុលា។
អ្នកស្រី កាច សាម៉ៃ បន្តថា នៅពេលខ្លះការធ្វើដំណើរត្រូវពុះពារឧបសគ្គច្រើនដូចជា ការដើរកាត់ព្រៃ កាត់ទឹក ឆ្លងអូរ ឬត្រូវដេកនៅក្នុងព្រៃ២យប់ ទើបមានឡានមកយកទៅដល់កន្លែងធ្វើការ។ ចំណែកឯការបរិភោគក៏មិនគ្រប់គ្រាន់ ដោយពេលខ្លះអ្នកស្រីត្រូវញាំបាយព្រឹក ទៅជាបាយថ្ងៃត្រង់ទៅវិញ ហើយការធ្វើការងារនៅទីនោះ ក៏ត្រូវថៅកែបង្ខំអោយធ្វើការលើសកម្លាំងហើយពេលខ្លះ អ្នកស្រីដេកទាំងភ័យព្រួយខ្លាចប៉ូលិសថៃមកចាប់ខ្លួន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្លាប់ទៅហ្នឹងដេកនៅក្នុងព្រៃពោត២យប់ទៅ៣យប់បានទៅដល់។ ធ្វើការជាពលករសំណង់ ពលករសំណង់ហ្នឹង គឺហត់ចំពោះមនុស្សស្រី ក្រុមហ៊ុនហ្នឹង ឱ្យពួកខ្ញុំស្រីៗ លើកស៊ីម៉ង់ត៍ ៥០ គីឡូហ្នឹង ខ្ញុំអត់មានភូតភរ (កុហក) ឬខ្ញុំចេះតែនិយាយទេ ព្រោះអីខ្ញុំធ្លាប់ឆ្លងកាត់ផ្ទាល់មែន។ ពេលខ្ញុំទៅធ្វើការហ្នឹង ត្រូវបានប៉ូលីសថៃ ចាប់ដាក់ខ្នោះចាប់ដាក់ឡាន គេប្រុងយកខ្ញុំទៅដាក់ក្នុងគុក ប៉ុន្តែបានអ្នកបន្ទាប់ពីថៅកែ (មេការ) រកមធ្យោបាយបានដោះពួកខ្ញុំមកវិញ ពួកខ្ញុំអត់បានទៅដល់គុកទេ ដល់ពាក់កណ្ដាលផ្លូវ ត្រឡប់មកវិញ បើតាមថៅកែខ្ញុំមិនរវល់ជាមួយខ្ញុំទេ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កន្លងមកអាជ្ញាធរពាក់ព័ន្ធធ្លាប់បានផ្សព្វផ្សាយទាក់ទងផលប៉ះពាល់ពីការធ្វើចំណាកស្រុកមិនស្របច្បាប់ដែរ ហើយរដ្ឋាភិបាលក៏ធ្លាប់ធ្វើឯកសារស្របច្បាប់ជូនពួកគាត់កាលពីឆ្នាំ២០១៩ ម្ដងរួចមកហើយ។ លោកស្រីថា កន្លងមក អាជ្ញាធរពាក់ព័ន្ធក៏ធ្លាប់បានពិភាក្សាជាមួយប្រទេសដែលជាគោលដៅច្រើនដងហើយ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលយើងចេះតែសុំឱ្យគេពន្យារឬដោះស្រាយបញ្ហាផ្ដល់ភាពស្របច្បាប់។ ប៉ុន្តែវាមិនងាយស្រួលដូចអ្វីដែលយើងគិតនោះទេ ព្រោះមនុស្សរាប់លាននាក់។
តែយ៉ាងណាអ្នកស្រីទទួលស្គាល់ថា ការធ្វើចំណាក់ស្រុកដោយគ្មានឯកសារស្របច្បាប់ពិតជាមានច្រើនមែនមិនថា យើងទៅប្រទេសគេ ឬគេមកប្រទេសយើងនោះទេ។
លោកស្រីថ្លែងថា៖ «ផុតសុពលភាពហើយគួរណាស់តែយើងត្រឡប់មកវិញសិនមក ដើម្បីយើងមករៀបចំឯកសារហ្នឹងត្រឡប់ទៅវិញ ហើយបើយើងចេះតែនៅបន្តនៅឯប្រទេសគេហើយចេះតែធ្វើឱ្យមានគេហៅថា ភាពស្របច្បាប់ យើងធ្វើមិចបាន ពីព្រោះអាហ្នឹងវានៅប្រទេសគេហ្នឹង អញ្ចឹងអ្វីជាការអនុវត្ត គឺច្បាប់ប្រទេសគេ។ ចាំបាច់ណាស់ដែលយើងត្រូវធ្វើឱ្យមានភាពស្របច្បាប់ពីប្រទេសយើងទៅ ទោះបីប្រទេសថៃជាអ្នកចេញឯកសារឱ្យយើងក៏ឯកសារហ្នឹងមិនមានភាពពេញលេញដែរ ពីព្រោះគ្រាន់តែជាដំណាក់កាលមួយ គេមិនត្រូវប្រើប្រាស់ពលករទេ ប៉ុន្តែមានបញ្ហាគេមិនអាចយកឯកសារហ្នឹងធ្វើជាឯកសារផ្លូវការសម្រាប់ការជួយគាំទ្រផ្នែកច្បាប់ដល់យើងបានទេ។ ខ្ញុំនិយាយដោយស្មោះ បើទាក់ទងចំណូលរដ្ឋ មិនមែនមានន័យថា មានត្រឹមតែ ដូចជា ប៉ុន្មានពាន់រៀលទេ នៅក្នុងការធ្វើសៀវភៅ ប៉ុន្តែអ្វីដែលយើងប្រើពាក្យថាថ្លៃហ្នឹង ខ្ញុំគិតថា វាជារឿងដែលប្រើប្រាស់អ្នករត់ការ»។
ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌីថេ ហូយ៉ា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បញ្ហាធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃហើយមានរយៈពេលយូរនេះ វាជាបញ្ហារាំរៃជាប្រចាំ បញ្ហាគ្មានដំណោះស្រាយ សម្រាប់កម្មករជារៀងរហូតមក។ តែយ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាលត្រូវតែបង្ហាញនូវតម្លៃជាក់លាក់ និងកំណត់ឱ្យក្រុមហ៊ុនជ្រើសរើសពលករ យកតម្លៃឱ្យសមរម្យ កុំឱ្យថ្លៃពេក ហើយកំណត់តម្លៃនៃការធ្វើឯកសារពាក់ពន្ធ័ឱ្យទាបបំផុត។
លោកបន្ថែមថា៖ «សព្វថ្ងៃនេះ បើយើងមើលអំពីគោលនយោបាយឆ្នាំ២០១៩ រដ្ឋាភិបាលធ្វើលិខិតធ្វើដំណើរ សម្រាប់ពលករធ្វើការនៅក្រៅប្រទេស ដែលពលករទូទៅគាត់ស្គាល់ថាប៉ាស្ព័រពណ៌ខ្មៅហ្នឹង ថាអត់យកលុយទេ យកថ្លៃថតរូប យកថ្លៃថតរូប ៤ ដុល្លារ ប៉ុន្តែជាក់ស្ដែងទៅ ត្រូវចំណាយអស់ ១០០ (ដុល្លារ) ជាងជាទូទៅ គាត់ត្រូវចំណាយតាមរយៈក្រុមហ៊ុន ចឹងយើងឃើញថា វាអត់ឆ្លើយតបវាអត់ឆ្លុះបញ្ចាំងពីរគោលនយោបាយដែលមាន»។
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា បច្ចុប្បន្ននេះមានពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃប្រមាណជា១លាន៦សែននាក់ ខណៈរបាយការណ៍របស់អង្គការសង្គមស៊ីវិលវិញថា មានប្រមាណជាជិត២លាននាក់ ដោយគិតទាំងអ្នកស្របច្បាប់ និងពលករខុសច្បាប់៕
………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វត្ថា