របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
«ពេលខ្ញុំពោះធំអត់បានធ្វើការឱ្យគេហើយ ថៅកែរត់ចោលហើយ អត់មានប្រាក់ខែទៀត លុយកូន លុយទឹកដោះគោ លុយ៧០% បសស ក៏អត់បានទៀត និយាយរួមផលលំបាកច្រើនបង បើគាត់រត់ចឹង ខ្ញុំពោះធំចឹង ទៅធ្វើការណា ក៏គេអត់យកយើងដែរ»។
នេះគឺជាសម្ដីរបស់ស្ដី្រជិតសម្រាលកូនមា្នក់ ជាកម្មការិនីរោងចក្រកាត់ដេរ ឃែនធើរ៉ែន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) បានរៀបរាប់ទាំងទឹកភ្នែកជុំវិញផលលំបាកក្រោយពីថៅកែរោងចក្របានបិទទ្វារដោយមិនបានទូទាត់ថ្លៃសំណងជម្ងឺចិត្តចំនួនពីរចំណុចបន្ថែមទៀត។
អ្នកស្រី ហេង ស៊ីនួន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបរាប់ថា អ្នកស្រីបានចូលធ្វើការងារនៅក្នុងរោងចក្រឃែនធើរ៉ែនចាប់តាំងពីខែតុលា ឆ្នាំ២០១៤ មកម្ល៉េះ ដោយមានតួនាទីជាអ្នកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រខាងលើនេះ។
កម្មការិនីដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បន្ដរៀបរាប់ទាំងអស់សង្ឃឹមថា ក្រោយពីរោងចក្របានបិទទ្វារ ដោយសារថៅកែរោងចក្ររត់ចោលដោយមិនបានទូទាត់សំណងឱ្យអ្នកស្រីមកនោះ អ្នកស្រីបានជួបបញ្ហាលំបាកក្នុងជីវភាព និងការប្រឈមជាច្រើន ដូចជា ការខ្ចីប្រាក់ពីអ្នកដទៃដើម្បីចាយវាយប្រចាំថ្ងៃ និងការពិនិត្យសុខភាពប្រចាំខែ រួមទាំងថ្លៃចំណាយលើការហូបចុកថែមទៀត។
អ្នកស្រីបន្ដថា៖«ពេលនៅចាំចឹង ពេលខ្លះខ្វះថវិកាចាយវាយពេលរាល់ថ្ងៃអីចឹង ខ្ចីគេខ្លះ ខ្ចីបងខ្លះពេលប្ដីបើកប្រាក់ខែបានតិចតួចចឹងទៅយើងឱ្យថ្លៃបន្ទប់ជួល និងសល់ល្មមទុកចាយចឹងទៅ និយាយរួមផលលំបាកមានច្រើនណាស់»។
កម្មការិនីរូបនេះបន្ដថា នាងរួមជាមួយកម្មការិនីផ្សេងទៀត បានបោះតង់ដេកយាមរោងចក្រជាច្រើនខែមកហើយ ដើម្បីទាមទាររកដំណោះស្រាយ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ រដ្ឋបាលសង្កាត់ចោមចៅទី១ បានចេញសេចក្តីជូនដំណឹងមួយដោយបង្គាប់ឱ្យកម្មកររោងចក្រ ឃែនធើរ៉ែន រុះរើតង់ និងយកសម្ភារផ្សេងៗចេញពីមុខរោងចក្រទាំងអស់ក្នុងរយៈពេល៧ថ្ងៃ ក្រោមហេតុផលថា ការបោះតង់របស់កម្មករនោះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបាត់បង់សោភ័ណភាព។
កម្មការិនីដែលមកពីខេត្តព្រៃវែងរូបនេះ បន្តថា បើសិនជារោងចក្រក្ស័យធន់នោះ អ្នកស្រីនឹងមិនតវ៉ាច្រើននោះទេ។ ក៏ប៉ុន្តែ ខណៈរោងចក្រអ្នកស្រីបិទទ្វារ តែរោងចក្រមួយទៀត ដែលមានម្ចាស់តែមួយ បែរជានៅបន្តដំណើរការដដែល។
អ្នកស្រីថា៖«គេធ្វើការរាល់ថ្ងៃ ពួកខ្ញុំបែរជាមកដេកយាមទាំងគ្មានលុយសោះ វាពិតជាអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
កម្មការិនីដែលជិតគ្រប់ខែឆ្លងទន្លេរូបនេះបានបន្ដទៀតថា អ្នកស្រីចង់ឱ្យមានការដោះស្រាយឆាប់ៗ ដើម្បីអ្នកស្រីបានប្រាក់យកទៅសម្រាលកូននៅខែក្រោយនេះ។
អ្នកស្រីថា កាលដែលអ្នកស្រីមិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារកន្លងមកនិងបន្ដដេកយាមនៅមុខរោងចក្រដោយសារតែការដោះស្រាយរបស់ក្រសួងមិនបានគិតអំពីថ្លៃសងជម្ងឺចិត្ត និងលុយបណ្ដេញចេញជាដើម។ អ្នកស្រីក៏បានស្នើសុំទៅក្រសួងការងារក៏ដូចលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មេត្តាជួយដោះស្រាយបញ្ហារបស់អ្នកស្រីឱ្យបានមុន នឹងអ្នកស្រីសម្រាលកូន ដើម្បីបានប្រាក់សម្រាលកូននៅឯមន្ទីរពេទ្យ។
អ្នកស្រី ស៊ីនួន បានលើកដៃសុំអង្វរដល់ក្រសួងការងារ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា៖«ខ្ញុំសុំឱ្យក្រសួងការងារនិងសម្ដេច ហ៊ុន សែន មេត្ដាជួយកូនចៅផង ពួកខ្ញុំមិនចង់អ្វីច្រើនទេ គ្រាន់តែស្នើឱ្យគិត២ចំណុចបន្ថែមទៀតឱ្យពួកខ្ញុំមក គឺពួកខ្ញុំសប្បាយចិត្តហើយ»។
យោងតាមច្បាប់ស្ដីពីការងារ មានត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទាមទារសំណងសោហ៊ុយជម្ងឺចិត្តបាន។
ចំណែកអ្នកស្រី ប៊ិន បូរ៉ែន អាយុ ៣៤ ឆ្នាំ រស់នៅភូមិល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលបានធ្វើការនៅរោងចក្រឃែនធើរ៉ែន ចាប់តាំងពីឆ្នាំ២០១៣មកបានរៀបរាប់ថា ចាប់តាំងពីថៅកែបិទទ្វារនិងរត់ចោលមក អ្នកស្រីបានជួបបញ្ហាច្រើន ដូចជា ខ្វះខាតថវិកាចាយវាយរាល់ថ្ងៃ គ្មានប្រាក់បង់ថ្លៃបន្ទប់ជួល។ អ្នកស្រីថា ដោយសារអ្នកស្រីមានផ្ទៃពោះ ដូច្នេះអ្នកស្រីទៅធ្វើការនៅកន្លែងផ្សេង គេមិនទទួលយកនោះទេ។
ស្រ្ដីមានផ្ទៃពោះ៦ខែរូបនេះបន្ដថា៖«ខ្ញុំមានផ្ទៃពោះចឹងទៅកន្លែងផ្សេងគេអត់យកខ្ញុំទេ»។
អ្នកស្រី បូរ៉ែន បានឱ្យដឹងទៀតថា អ្នកស្រីហាក់គ្មានសង្ឃឹមក្នុងខ្លួននោះទេ ពីព្រោះពេលអ្នកស្រីទៅក្រសួងគេថា ទាល់តែអ្នកស្រីបន្ដប្ដឹងទៅតុលាការនិងស្វែងរកមុខថៅកែរោងចក្របានទើបខាងក្រសួងអាចដោះស្រាយទៅតាមផ្លូវច្បាប់បាន។ បើអ្នកស្រីមិនអាចបន្ដប្ដឹងឬក៏ស្វែងរកមុខថៅកែបានទេ គឺមិនអាចដោះស្រាយបានឡើយ។
យ៉ាងណាក៏ដោយអ្នកស្រីស្នើសុំឱ្យខាងក្រសួងការងារ និងរដ្ឋាភិបាល មេត្តាជួយគិតគូរពីរចំណុចដែលស្នើសុំបន្ថែមពីរចំណុច ដើម្បីឱ្យអ្នកស្រីមានលទ្ធភាព មានប្រាក់សម្រាប់ទុកសម្រាលកូន ពីព្រោះនៅសល់តែប៉ុន្មានខែទៀតនោះទេ អ្នកស្រីត្រូវសម្រាលកូនហើយ។
អ្នកស្រីបន្ដថា៖«ខ្ញុំសុំសំណូមពរទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងៗហ្នឹង ឱ្យជួយដោះស្រាយឱ្យពួកខ្ញុំបាន២ចំណុចទៀត ដើម្បីឱ្យខ្ញុំបានលុយហ្នឹងត្រៀមសម្រាលកូនផង ព្រោះអីរាល់ថ្ងៃយើងអត់មានចំណូលអីចូលទេ»។
ស្ត្រីផ្ទៃពោះ៦ខែរូបនេះបន្ថែមទៀតថា ពេលរោងចក្របិទទ្វារ ប័ណ្ណ ប.ស.ស ក៏ប្រើលែងបានផងដែរ។
អ្នកស្រីថា កន្លងមក អ្នកស្រីបានប្រើប្រាស់ប័ណ្ណ ប.ស.ស ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីជួយកាត់បន្ថយថ្លៃសម្រាលកូន តែពេលនេះលុយប្រាក់ខែក៏អត់ ប័ណ្ណ ប.ស.ស ក៏លែងប្រើបាន ដែលជាហេតុធ្វើឱ្យអ្នកស្រីកាន់តែលំបាកបន្ថែមទៀត។
អ្នកស្រីបានស្នើទៅអ្នកគ្រប់គ្រងខាងផ្នែក បេឡាជាតិសន្ដិសុខសង្គមមេត្តាជួយគិតគូរពីបញ្ហានេះ ជូនអ្នកស្រីផងដែរ។
កម្មការិនីវ័យ៣៤ឆ្នាំមកពីស្រុកល្វាឯមខេត្តកណ្ដាលរូបនេះបន្ដថា៖«ពេលអត់ប័ណ្ណ ប.ស.ស ចឹង ពេលទៅពេទ្យយើងត្រូវប្រើលុយផ្ទាល់ខ្លួនច្រើន ហើយអាលុយពីរោងចក្រក៏យើងអត់បាន ហើយអាលុយយើងពី ប.ស.ស ដែលគេឱ្យយើង៧០%ក៏យើងអត់បាន និយាយរួមបាត់អត្ថប្រយោជន៍ច្រើន។ ខ្ញុំចង់សុំឱ្យខាង ប.ស.ស ហ្នឹងជួយឱ្យពួកខ្ញុំទម្ងន់៤នាក់នៅរោងចក្រឃែនធើរ៉ែនហ្នឹង ជួយឱ្យគាត់ផ្ដល់ថវិកាហ្នឹងឱ្យពួកខ្ញុំដដែល»។
យ៉ាងណាមិញពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទងទៅលោក ឡាយ សុវង្ស អនុប្រធានការិយាល័យនៃបេឡាជាតិសន្ដិសុខសង្គម ដើម្បីសុំការបំភ្លឺរឿងសុពលភាពនៃការប្រើប្រាស់ប័ណ្ណ ប.ស.ស របស់កម្មការិនីដែលកំពុងមានផ្ទៃពោះ។
ស្រដៀងគ្នានេះដែរ ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរ៉ែនអ្នកស្រី សាន់ សុផា ថ្លែងថា កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ អាជ្ញាធរចោមចៅទី១បាននាំគ្នាជាច្រើននាក់មកគំរាមកំហែងពួកអ្នកស្រី ដោយសម្លុតនិងធ្វើសកម្មភាពផ្សេងៗមកលើកម្មករដែលដេកយាមមុខរោងចក្រ។
អ្នកស្រីចាត់ទុកសកម្មភាពនេះថា ជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារដែលមានចែងក្នុងច្បាប់។
អ្នកស្រីបានឱ្យដឹងថា៖«គេ [អាជ្ញាធរចោមចៅ១] មកគំរាមពួកខ្ញុំ គេថា ពួកខ្ញុំបង្កភាពអាណាធិបតេយ្យ ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្លាប់សាធារណៈ ទាំងដែលពួកខ្ញុំដេកមុខរោងចក្រសោះហ្នឹង»។
អ្នកស្រីបន្ដថា មូលហេតុដែលពួកអ្នកស្រីនៅតែបន្ដដេកយាមនៅមុខរោងចក្រដោយសារពួកអ្នកស្រីមិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារ ដោយសារតែការដោះស្រាយរបស់ក្រសួងការងារមិនត្រូវតាមការចង់បានរបស់ពួកអ្នកស្រី។ ម្យ៉ាងវិញទៀត បើសិនជារោងចក្រក្ស័យធន់ គឺពួកអ្នកស្រីនឹងព្រមទទួលយកដំណោះស្រាយខាងលើនេះ ក៏ប៉ុន្ដែជាក់ស្ដែងរោងចក្រមិនបានក្ស័យធន់នោះឡើយ ដោយសាររោងចក្រមួយទៀត ដែលមានថៅកែតែមួយនៅបើកដំណើរការធម្មតាដដែល។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរ៉ែន អ្នកស្រី សុផា បន្ដថា៖«រោងចក្រនេះវាអត់ក្ស័យធន់ឬក៏វាបិទទេ ប៉ុន្ដែនេះវាបិទកន្លែងនេះ ហើយទៅផ្គត់ផ្គង់សាខាកន្លែងមួយទៀតដែលនៅជិតគ្នាបំផុត ដែលពួកខ្ញុំប្រាប់ក្រសួងការងារ ហើយប្រាប់ទៀតថា ២ហ្នឹងជាសាខាជាមួយគ្នា ពីព្រោះពួកខ្ញុំធ្វើអស់ពេល២៥ឆ្នាំហើយ បែរជាក្រសួងការងារស្ដាប់មិនលឺ ថាមិនដឹងជាមួយយើង»។
អ្នកស្រីក៏បានសង្កត់ធ្ងន់ថា រោងចក្រនៅក្បែររោងចក្រពួកអ្នកស្រីបានបិទទ្វារដែរ ហេតុអ្វីអាចទទួលបាន៥ចំណុចនិងដោះស្រាយបាន? ហេតុអ្វីពួកអ្នកស្រីបិទទ្វារដូចគ្នាមិនអាចទទួលបាន៥ចំណុចដូចគេ?
អ្នកស្រីថា ពួកអ្នកស្រីមិនបានទាមទារឱ្យលើសអំពីច្បាប់ការងារកំណត់នោះទេ គឺពួកអ្នកស្រីចង់បានតែតាមច្បាប់ការងារដែលមានចែងប៉ុណ្ណោះ។
អ្នកស្រីបានឱ្យដឹងថា៖«ពួកខ្ញុំនៅតែបន្ដដេក ពីព្រោះពួកខ្ញុំកំពុងរងភាពអយុត្តិធម៌ រងអំពើដែលវាមិនស្របច្បាប់ ម៉ោងនេះឥវ៉ាន់ក្នុងរោងចក្រក៏មិនទាន់យកចេញដែរ។ ទាល់តែក្រសួងមានលក្ខខណ្ឌច្បាស់លាស់ស្របតាមច្បាប់ រាល់ថៅកែបិទរោងចក្រ រាល់ថៅកែដូរទីតាំង ត្រូវតែគិត៥ចំណុចឱ្យពួកខ្ញុំមក»។
អ្នកស្រីបានចាត់ទុកថា ការដែលអាជ្ញាធរចុះរុះរើតង់ និងគំរាមវ៉ៃខ្នោះលើកម្មការិនីដូច្នេះ វាជាការបំបិទសិទ្ធិសេរីភាពតវ៉ា និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយគ្រាន់តែចង់ទាមទារនូវអ្វីដែលពួកអ្នកស្រីចង់បាន។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានមានប្រសាសន៍ថា ក្រសួងបានដោះស្រាយចប់អស់ហើយ។ ដោយឡែកការស្នើសុំក្រៅច្បាប់ គឺក្រសួងមិនគាំទ្រ ហើយក៏មិនមានអ្វីត្រូវផ្តល់ជូននោះដែរ។
លោក ហេង សួរ បានអះអាងបន្តថា មានកម្មករប្រមាណជា ៩៥% បានមកទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលរួចហើយ។ លោកថា ចំណែកឯការបន្ដតវ៉ារបស់កម្មករកម្មការិនីរោងចក្រឃែនធើរ៉ែន គឺមិនស្របនិងច្បាប់ការងារនោះទេ។
លោកបន្ដថា៖ «ការតវ៉ា ឬទាមទារណាមួយ ដែលមិនមាននៅក្នុងច្បាប់ គឺទុកឱ្យច្បាប់កំនត់ចុះ»។
ជុំវិញការលើកឡើងនេះ អ្នកស្រី សាន សុផា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីព្រមទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលមែន ដោយសារតែបញ្ហាជីវភាព ប៉ុន្ដែអ្វីដែលពួកអ្នកស្រីនៅតែបន្ដការតវ៉ា គឺការទាមទារនូវលក្ខខណ្ឌការងារ២ចំណុចបន្ថែមទៀត គឺទី១ ប្រាក់ជូនដំណឹង និងទី២គឺប្រាក់សងជម្ងឺចិត្តដែលពួកអ្នកស្រីអះអាងថា ក្រសួងផ្តល់ដំណោះស្រាយតែ៣ចំណុចប៉ុណ្ណោះ។ ចំណែកឯពីរចំណុចទៀត មិនទាន់ដោះស្រាយនៅឡើយទេ។
អ្នកស្រីបន្ដថា៖«ដោយសារតែជីវភាព បានជាពួកខ្ញុំព្រមទទួលយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល ប៉ុន្ដែពួកខ្ញុំនៅតែបន្ដតវ៉ាបន្ដទៀត ដើម្បីបាន២ចំណុចទៀត បានពួកខ្ញុំព្រម ទី១លុយជូនដំណឹង និងទី២ ប្រាក់សងជម្ងឺចិត្ត»។
យ៉ាងណាលោក ហេង សួរ ក៏ធ្លាប់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា ក្រសួងដោះស្រាយឱ្យចំនួន៣ចំណុច ដោយយោងទៅតាមច្បាប់ស្តីពីការងារ ហើយ២ចំណុចទៀត កម្មករអាចប្តឹងទៅតុលាការទាមទារពីថៅកែបន្តទៀតបាន។
បើតាមប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ បញ្ហាវិវាទការងារនៅរោងចក្រឃែនធើរ៉ែន អ្នកស្រីថា ក្រសួងការងារហាក់មានភាពលម្អៀង ទៅលើថៅកែ ជាជាងកម្មករដោយមិនបានឈរលើភាពត្រឹមត្រូវណាមួយនោះទេ។ អ្នកស្រីថា ក្រសួងការងារគួរតែឈលើរច្បាប់ការងារដែលមានចែង មិនមែនរាល់ពេលដោះស្រាយ បែរជាឈរទៅខាងថៅកែ ឬ ក៏អ្នកធំនោះទេ។
អ្នកស្រីថា ការណ៍នេះ ធ្វើឱ្យគេមើលឃើញថា ក្រសួងអសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ។
អ្នកស្រី សុភណ្ឌ បន្ដថា៖«ការដែលកម្មករពួកគាត់មិនព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារជារឿងត្រឹមត្រូវណាស់ ពីព្រោះពួកគាត់បានគិតអំពីការទាមទារតាមផ្លូវច្បាប់ ចឹង បើក្រសួងចង់បញ្ចប់វិវាទមួយហ្នឹង គឺត្រូវតែផ្ដល់ដំណោះស្រាយតាមការចង់បានរបស់កម្មករទើបអាចបញ្ចប់បាន»។
ចំណែកនាយិកានៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា អាជ្ញាធរមិនគួរទៅគំរាមកំហែងពួកគាត់នោះទេ ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ជាពិសេសក្នុងនាមជាអាជ្ញាធរគួរតែបង្កបរិយាកាសងាយស្រួលដល់កម្មករវិញទើបជារឿងប្រសើរ។
អ្នកស្រីបន្ដថ្លែងថា៖«ជាធម្មតាកម្មករពួកគាត់អាចអនុវត្តន៍នូវសិទ្ធិសេរីភាពក្នុងការតវ៉ា តួយ៉ាងដូចជាសិទ្ធិធ្វើកូដកម្មអីជាដើមហ្នឹង ដើម្បីទាមទារនូវដំណោះស្រាយណាមួយ ពីសំណាក់អ្នកធំឬក៏និយោជក»។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្គាប់ឱ្យក្រសួងការងារបើកប្រាក់បុរេប្រទានរបស់រដ្ឋាភិបាលដល់កម្មករកម្មការិនីរោងចក្រឃែនធើរ៉ែន ចំនួន បីចំណុច ក្រោយថៅកែរត់ចោល។ ថវិកាបុរេប្រទានរបស់រដ្ឋាភិបាលដោះស្រាយជូនកម្មករទាំង៣ចំណុចនោះរួមមាន ១-ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ២-ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣-ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។
ទោះជាយ៉ាងណា បើតាមក្រុមកម្មករ ពួកគេតវ៉ាទាមទារចំនួន៥ចំណុច ដោយពីរចំណុចមិនទាន់ទទួលបាននោះរួមមាន ប្រាក់ជូនដំណឹងជាមុន និងប្រាក់សងជំងឺចិត្ត ហើយពួកគេចាត់ទុកថា បានខាតបង់យ៉ាងធ្ងន់ធ្ងរប្រសិនបើបាត់ពីរចំណុចខាងលើនេះ។ កាលពីចុងខែមេសា ឆ្នាំ២០២២ ភាគីនិយោជកនៃរោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណជាង១០នាក់ បានលាឈប់ពីការងារ និងបិទទ្វាររោងចក្រទាំងមិនទាន់ដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករ។ បន្ទាប់មក ក្រុមសមាសភាពនៃអ្នកគ្រប់គ្រងរោងចក្រនេះ បានចាត់ក្រុមការងារប្រមូលសម្ភារៈនៅរោងចក្រ ឃែនធើរេន និងចូលបម្រើការងារក្នុងរោងចក្រ សាខាថ្មីរបស់ពួកគេមួយទៀតឈ្មោះ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទើស (Quality Textiles Co.,LTD) ដែលស្ថិតក្នុងសង្កាត់ទួលពង្រ រាជធានីភ្នំពេញ។ ក្រុមកម្មករ អះអាងថា រោងចក្រទាំងពីរនេះមានម្ចាស់គ្រប់គ្រងតែមួយ។ ក្រៅពីនេះ ក្រុមកម្មករឱ្យដឹងថា ក្រោយពីរោងចក្រ ឃែនធើរេន បានរត់ចោលពួកគាត់ ក្រុមថៅកែទាំងនោះ បានបង្ខំឱ្យកម្មករធ្វើការច្រើនម៉ោងស្ទើរគ្មានពេលសម្រាក ទាំងមិនបានបើកប្រាក់ឈ្នួលប្រចាំខែឱ្យកម្មករ៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន