របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
កូដករណាហ្គាវើលដ៍បានអះអាងថា ការលូកដៃរបស់អាជ្ញាធរនិងថៅកែក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍នៅក្នុងវិវាទការងាររបស់ពួកគេ គឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពធ្ងន់ធ្ងរមកលើពួកគេ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករនិយោជិតខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម សុខន ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បុគ្គលិកណាហ្គាវើលដ៍បានរងការគំរាមកំហែងពីអាជ្ញាធរជាច្រើន។ ប៉ុន្ដែកញ្ញាថា វាបានក្លាយទៅជារឿងធម្មតាទៅហើយ ដែលកញ្ញាទទួលបានការគំរាមកំហែងពីអាជ្ញាធរដែលពួកគាត់តែងតែប្រើការគំរាមកំហែងអស់ហ្នឹងមកលើពួកកញ្ញា។ កញ្ញាបន្ដថា ភាគីដែលជាអ្នកដោះស្រាយ ហាក់គ្មានចេតនាក្នុងការដោះស្រាយដើម្បីបញ្ចប់បញ្ហានេះទេ ដែលជាហេតុធ្វើឲ្យបុគ្គលិកណាហ្គាវើលដ៍បន្ដសកម្មភាពកូដកម្មបែបនេះ។
កញ្ញាបន្ដថា៖«ការគំរាមកំហែងរបស់អាជ្ញាធរ និងការមិនដោះស្រាយរបស់ថៅកែក្រុមហ៊ុន វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយមិនគួរកើតមានបន្ដទៀតនោះទេ»។
អ្នកតវ៉ាម្នាក់ទៀតអ្នកស្រី ច័ន្ទ ស្រីរ័ត្ន អាយុ៣០ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល៤ឆ្នាំបានរៀបរាប់ថា ការដែលអាជ្ញាធរលូកដៃក្នុងវិវាទការងាររបស់អ្នកស្រី វាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីថា បន្ទាប់ការចុះអង្កេតរបស់តំណាងអង្គការសហប្រជាជាតិអន្ដរជាតិមក អាជ្ញាធរហាក់មិនសូវជាហ៊ានរារាំងការធ្វើកូដកម្មរបស់ពួកអ្នកស្រីដូចមុនទេ ប៉ុន្ដែការដោះស្រាយនៅតែគ្មានលទ្ធផលដដែល។
អ្នកស្រីបន្ដថា៖«សម្រាប់ខ្ញុំ វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ ដែលអាជ្ញាធរមិនគួរលូកដៃក្នុងជម្លោះរវាងបុគ្គលិកនិងថៅកែ។ ខ្ញុំថាអាជ្ញាធរនិងថៅកែណាហ្គាវ៉ើល គឺសហការគ្នាជាប្រព័ន្ធតែម្ដង ទើបបញ្ហារបស់ពួកខ្ញុំមិនត្រូវបានបញ្ចប់»។
អ្នកស្រីបានបន្ថែមថា ការដែលមានបុគ្គលិកខ្លះព្រមទទួលយកការដោះស្រាយពីក្រសួងការងារ ដោយសារតែបញ្ហាជីវភាពនិងមិនមានប្រាក់ចំណូល ទើបពួកគាត់បង្ខំចិត្តព្រមទទួលយកទាំងចិត្តមិនចង់ ។
ជុំវិញរឿងនេះ អ្នកស្រីថា៖«បើមិនដោយសារបញ្ហាជីវភាពទេ ពួកគាត់មិនព្រមទទួលយកការដោះស្រាយរបស់ក្រសួងការងារទេ អ្នកខ្លះបង្ខំចិត្តយកទាំងដឹងថា គិតមិនត្រឹមត្រូវ»។
កូដករម្នាក់ទៀត អ្នកស្រី សុខ រតនា អាយុ៣៤ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលអស់រយៈពេល១៤ឆ្នាំ បាននិយាយទាំងឈឺចាប់ថា ពួកអ្នកស្រីនៅតែប្រកាន់គោលជំហរដដែល គឺបន្ដតវ៉ារហូតដល់មានដំណោះស្រាយ។
អ្នកស្រីថា៖«និយាយពីរឿងរំលោភសិទ្ធិមនុស្សវិញ វាលើសនិយាយទៅទៀត»។
អ្នកស្រីបានសង្កត់ធ្ងន់ថា បើទោះបីជាមានវត្តមានអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏អាជ្ញាធរនិងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបំពានដដែល។ កាលពីមានវត្តមានរបស់អ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សគ្រាន់ធ្វើឱ្យល្អមើលទេ រីឯដំណោះស្រាយគឺគ្មានអ្វីទេ។
អ្នកស្រី រតនាបន្ដថា៖«ខ្ញុំនៅតែបន្ដតវ៉ា ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ខ្ញុំ ខ្ញុំតវ៉ារហូតមានដំណោះស្រាយបានខ្ញុំឈប់ បើទោះបីជានៅគ្នាតិចតួចក៏ដោយ»។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយបដិសេធជុំវិញការលើកឡើងរបស់កូដករណាហ្គាវើលដ៍ថា អាជ្ញាធរមិនបានលូកដៃឬក៏រំលោភសិទ្ធិមនុស្សដូចការលើកឡើងរបស់កូដករនោះទេ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចក្នុងការសម្របសម្រួលសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ រីឯការដោះស្រាយគឺមានក្រសួងការងារជាសាម៉ីភាគីចាំដោះស្រាយបញ្ហាវិវាទហើយ។
លោកបន្ដថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមដោះស្រាយដោយយកច្បាប់ការងារជាធំ មិនមែនងាកទៅយកការតវ៉ាបិទផ្លូវជារឿងដែលត្រូវបានដោះស្រាយនោះទេ។
អ្នកនាំពាក្យរូបនេះបន្ដថា៖«រាល់បញ្ហាវិវាទទាំងអស់គឺត្រូវដោះស្រាយតាមរយៈច្បាប់ការងារ ដែលមានក្រសួងការងារជាអ្នកសម្របសម្រួលក្នុងការដោះស្រាយ ហើយអាជ្ញាធរគ្រាន់តែការពារនិងរក្សាសណ្ដាប់ធ្នាប់ប៉ុណ្ណោះ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
យ៉ាងណាមិញកន្លងមកក្រសួងការងារបានចេញរបាយការណ៍និងលទ្ធផលសម្របសម្រួលវិវាទការងាររបស់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា មានអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន២៣៩នាក់ហើយ បានទទួលយកការដោះស្រាយដោយក្រសួងការងារ ក្នុងចំណោម៣៧៣នាក់ និងអ្នកមិនព្រមទទួលយកនៅសល់១៣៤នាក់ទៀតដែលនៅសល់។
ក្នុងលិខិតនោះដែរថា ទីភ្នាក់ងារមុខរបរនិងការងារ(NEA)នៃក្រសួងការនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឪកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។
ចំណែកនាយកនៃអង្គការអាដហុក លោក នី សុខា បានចាត់ទុកវិវាទនេះថា ការរារាំងនិងលូកដៃរបស់អាជ្ញាធរទៅលើកូដករណាហ្គាវើលដ៍ជាការរំលោភសិទ្ធិមនុស្ស ហើយលោកមិនគាំទ្រដាច់ខាតចំពោះសកម្មភាពបែបនេះ។
លោកសុខាបន្ដថា៖ «ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល យើងមិនគាំទ្រដាច់ខាតចំពោះការបិទសិទ្ធិសេរីភាពរបស់កូដករណាហ្គាវើលដ៍ក្នុងការតវ៉ាស្វែងរកដំណោះស្រាយសមសម្របមួយ ប៉ុន្ដែត្រូវបានអាជ្ញាធរប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ យើងមិនគាំទ្រដាច់ខាត»។
ជាមួយគ្នានេះដែរ នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា ការមិនគោរពច្បាប់របស់ថៅកែណាហ្គាវើលដ៍ បានបង្ហាញថា ច្បាប់កម្ពុជាគ្មានប្រសិទ្ធភាពចំពោះអ្នកមានអំណាច អ្នកមានលុយ ហើយវាក៏មិនបានបង្ហាញថា មនុស្សគ្រប់គ្នាដែលរស់នៅក្រោមច្បាប់ ត្រូវបានច្បាប់ការពារបានដែរ ពីព្រោះតែលុយធំជាងច្បាប់។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ច្បាប់ជាទូទៅគឺត្រូវបានអនុវត្តឱ្យសិទ្ធិស្មើៗចំពោះមុខ ដោយមិនត្រូវមានភាពលម្អៀងណាមួយនោះទេ ប៉ុន្ដែជាក់ស្ដែងយើងឃើញថា ច្បាប់របស់យើងហាក់មានភាពលម្អៀងទៅលើអ្នកមានលុយ អ្នកមានអំណាច ជាពិសេសអាជ្ញាធរផ្ទាល់តែម្ដង គឺមិនបានអនុវត្តតាមតួនាទីរបស់ខ្លួនទេ បែរជាអាជ្ញាធរខ្លះចេញមុខការពារអ្នកមានអំណាចនិងមានលុយទៅវិញ»។
កន្លងទៅនេះ ក៏មានវត្តមានរបស់អ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោក vitit muntarbhorn បានចុះមកអង្កេតការផ្នែកសិទ្ធិមនុស្សក្នុងប្រចាំកម្ពុជារយៈពេល១១ថ្ងៃនិងបានជួបនិងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយបានពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស និងបានចុះឃ្លាំមើលផ្ទាល់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។
កាលពីថ្ងៃទី១១ ខែសីហា កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
ករណីហិង្សានេះកើតឡើងប្រមាណ ៤ ម៉ោងប៉ុណ្ណោះ ក្រោយជំនួបរវាងសហជីពណាហ្គាវើលដ៍ សមាគម សហភាព ព្រមទាំងសហព័ន្ធសហជីព ជាមួយមន្ត្រីក្រសួងការងារ ក្នុងន័យស្នើជួបរដ្ឋមន្រ្តីក្រសួងការងារដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។ គួររំលឹកដែរថា កម្មករណាហ្គាវើលដ៍បានចេញតវ៉ាជាង១ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ មក។ ពួកគេទាមទារឲ្យក្រុមហ៊ុនទទួលបុគ្គលិក ដែលភាគច្រើនជាសមាជិកសហជីព ចូលបំពេញការងារវិញ, ភាគីក្រុមហ៊ុនត្រូវគោរពសិទ្ធិស្រី្ត រួមទាំងអត្ថប្រយោជន៍កម្មករផ្សេងទៀត៕
………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន