#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ស្ត្រីមានពិការភាពពីកំណើតម្នាក់តស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្រ កំពុងមានជីវភាពការខ្វះខាតក្នុងគ្រួសារ ព្រោះស្វែងរកការងារមិនបានធ្វើ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ នៅសាកលវិទ្យាល័យមួយក្នុង ខេត្តសៀមរាប ។
អតីតនិស្សិតខេត្តសៀមរាប អ្នកស្រី កួន សុណាន មានវ័យប្រមាណ ៣២ឆ្នាំ ដែលបច្ចុប្បន្នប្តូរមករស់នៅ ភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប បានអះអាងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តសៀមរាប នៅឆ្នាំ២០២១។ អ្នកស្រីថា ទោះបីខ្លួនមានពិការពីកំណើត ទាំងដៃនិងជើងសងខាងក៏ដោយ នៅតែតស៊ូមិនបោះបង់ការសិក្សាឡើយ តាំងពីថ្នាក់បឋមសិក្សា រហូតចប់មហាវិទ្យាល័យ គឺប្រើជើងជាមធ្យោបាយក្នុងការសរសេរអក្សរ ។
អ្នកស្រីបន្តទៀតថា ៖ «ខ្ញុំសរសេរអក្សរនឹងជើង ពេលទៅរៀនពិបាកធ្វើដំណើរ បានប្អូនរៀនថ្នាក់ជាមួយឌុបទៅ ហើយរៀនជាមួយតែម្តង» ។
ស្រ្តីរូបនេះបន្ថែមទៀតថា ចាប់តាំងពីរៀនចប់មកដល់ពេលនេះរកការងារមិនទាន់បានធ្វើនូវឡើងទេ ហើយជីវភាពគ្រួសារកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកស្រីបន្ថែមទៀតថា៖«ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យមកមិនមានការងារធ្វើ គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ គឺរស់នៅទាំងត្រដាប់ត្រដូស ខ្ទមដែលកំពុងរស់ នៅលើដីរបស់គេ ហើយកំពុងលិចទឹកពិបាករស់នៅខ្លាំង»។
អ្នកស្រីបង្ហើបប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងទៀតថា អ្នកស្រីចង់មានមុខរបរមួយជាក់លាក់ ហើយសូមអំពាវនាវសប្បុរសជន និងរដ្ឋាភិបាលជួយមានទីកន្លែងរស់នៅ និងមានមុខរបបសមរម្យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ។
គួរំលឹកផងដែរថា អ្នកស្រី កួន សុណាន ជាកូនទី៤ក្នុងចំណោមបងប្អូន ៦នាក់ ស្រី ២ មានម្តាយឪពុកចាស់ជរា។ អ្នកស្រីបានរៀបការអំឡុងរដូវកាលកូវីដ-១៩ ប្តីជាកម្មករសំណងនិងទទួលបានកូនម្នាក់ ។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហ៊ត គឹមហ៊ាត