របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋចំនួន២ឃុំក្នុងស្រុកកណ្ដាលស្ទឹងបានអះអាងថា ឡានដឹកដីប្រភេទធំៗ បានធ្វើឲ្យខូចផ្លូវនិងមិនមានការជុសជុលនិងស្រោចទឹកនោះទេ ដែលជាហេតុធ្វើឱ្យផ្លូវខូចនិងពិបាកធ្វើដំណើរ ជាពិសេសពេលសិស្សចេញពីសាលារៀន។
ពលរដ្ឋម្នាក់រស់នៅភូមិត្បូងក្ដី ឃុំបារគូរ ស្រុកកណ្ដាលស្ទឹង អ្នកស្រី ខែម ចាន់នី អាយុ៦២ឆ្នាំនិងជាអ្នកលក់ចាប់ហ៊ួយ បានរៀបរាប់ថា ពីមុនផ្លូវមុខផ្ទះអ្នកស្រីជាផ្លូវកៅស៊ូ ពេលធ្វើដំណើរម្ដងៗ គឺងាយស្រួល។ ប៉ុន្ដែពេលមានក្រុមហ៊ុនមកកាយដីនិងប្រើបា្រស់ផ្លូវមុខផ្ទះអ្នកស្រីជាហេតុ ធ្វើឲ្យផ្លូវខូចហើយក្រុមហ៊ុនមិនបានជុសជុលទេ។
អ្នកស្រីបន្ដថា មិនមែនរថយន្ដតូចៗទេ សុទ្ធតែប្រភេទរថយន្តដឹកដីធំៗ ហើយមួយថ្ងៃៗមានរាប់រយគ្រឿង។
អ្នកស្រី ចាន់នី បន្ដថា៖«អូនអើយ ផ្លូវនេះពីមុនមិនចឹងទេ ស្រួលជិះណាស់អ្នកភូមិចង់ទៅផ្សារអីតែមួយភ្លែតដល់ ប៉ុន្ដែឥឡូវនេះ ឡានដឹកដីវាធំៗហើយរាប់រយគ្រឿងមួយថ្ងៃៗហុយចង់ងាប់ហើយ ពេលភ្លៀងពិបាកជិះ ពេលរាំងហុយ។ ខ្ញុំស្នើសុំដល់អាជ្ញាធរមេត្តាគិតគូរដោះស្រាយផង បើមិនចឹងទេ ខូចសុខភាពពួកខ្ញុំអស់ហើយ»។
ចំណែកឯពលរដ្ឋម្នាក់ទៀត លោក ជុំ ណារិទ្ធិ អាយុ៦៥ឆ្នាំ រស់ឃុំបារគូរ ស្រុកកណ្ដាលស្ទឹង បានលើកឡើងថា លោកមិនដឹងជាត្រូវនិយាយយ៉ាងមិចឱ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះទេ។ លោកថា ពេលភ្លៀងម្តងៗ គឺពិបាកធ្វើដំណើរ ពេលរាំងហុយដោយសារតែរថយន្តដឹកដីធំៗបើករាប់រយគ្រឿងក្នុងមួយថ្ងៃៗ។
លោកថា លោកឧស្សាហ៍ឃើញអាចម៍ដីធ្លាក់ណាស់ លោកខ្លាចតែប៉ះពាល់ដល់អ្នកធ្វើដំណើរនិងសិស្សសាលា ដូច្នេះអាជ្ញាធរស្រុក អាជ្ញាធរខេត្តអីមេត្តាជួយមើលផង។
លោកបន្ថែមថា៖«ខ្ញុំមិនដឹងថា អាជ្ញាធរគេគិតមិច ឡានដឹកចេះតែដឹកទៅ ផ្លូវខូចក៏ខូចទៅ ហើយប្រជាពលរដ្ឋពិបាកធ្វើដំណើរមិចក៏តាមហ្នឹងទៅ ខ្ញុំធ្លាប់សួរខាងឃុំដែរគេថា ផ្លូវហ្នឹងជាគម្រោងរបស់ខាង [ក្រសួង] អភិវឌ្ឍន៍ជនបទ ដូច្នេះឃុំមិនដឹងធ្វើមិចដែរ»។
មិនខុសពីពលរដ្ឋឯទៀតនោះទេ លោក ម់ៅ ម៉ាច អាយុ៤២ឆ្នាំ រស់នៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង បានលើកឡើងថា មុខផ្ទះលោកជាផ្លូវបេតុង ហើយប្រជាពលរដ្ឋតែងតែប្រើប្រាស់ផ្លូវនេះ សម្រាប់ធ្វើដំណើររាល់ថ្ងៃ ប៉ុន្ដែក្រោយពីមានក្រុមហ៊ុនជាច្រើនបានមកបើករណ្ដៅដីជាច្រើនកន្លែងហើយមានឡានដឹកដីដូចជាប្រភេទ៥តោន យីឌុប បានធ្វើឲ្យខូចផ្លូវបេតុងអស់ និងមិនមានការជុសជុលនោះទេ។
លោកបន្ដថា៖«មួយថ្ងៃៗឡានវាដឹកសឹងតែរកពេលសម្រាកគ្មានទេ មិនដឹងថាគេគិតយ៉ាងមិច ខ្ញុំមិនដឹងនិយាយថាមិចទេ បើខាងអាជ្ញាធរគេមិនអើពើផង ខ្ញុំជាប្រជាពលរដ្ឋមិនធ្វើមិចដែរ មានតែហ្នឹងទៅ»។
អភិបាលរងស្រុកកណ្ដាលស្ទឹង លោក ស៊ិន សម្បត្ដិ បានថ្លែងយ៉ាងខ្លីប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា លោកមិនបានទទួលខុសត្រូវរឿងហ្នឹងឡើយ លោកឲ្យពលរដ្ឋអ្នកសារព័ត៌មានទាក់ទងទៅលោកអភិបាលស្រុកផ្ទាលតែម្ដង។
លោកថា៖«សុំទោសក្មួយ ពូមិនអាចឆ្លើយជាមួយក្មួយបានទេ ដោយសារតែពូមិនបានទទួលខុសត្រូវរឿងហ្នឹងទេ ក្មយអាចទាក់ទងទៅលោកអភិបាលស្រុកផ្ទាល់ទៅក្មួយ»។
ចណែកឯអភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន មានប្រសាសន៍ថា ខាងស្រុកបានទទួលគម្រោងពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយពីការស្ថាបនាផ្លូវហ្នឹងឡើងវិញ។ ប៉ុន្ដែដោយសាររដូវនេះរដូវភ្លៀង ចឹងមិនអាចធ្វើអ្វីបានទេ។
លោកបន្ដថ្លែងថា៖ «អូអារឿងផ្លូវហ្នឹងខាងស្រុកបានទទួលនិងពិភាក្សាគ្នារួចហើយ ចាំតែពេលរាំងចាប់ផ្ដើមធ្វើហើយ បើធ្វើឥឡូវយើងធ្វើមិចកើត បើភ្លៀងរហូតចឹង បើយើងធ្វើមានតែខាតលុយ ចឹងសុំប្រជាពលរដ្ឋមេត្តាយោគយល់ផងចុះ ឲ្យតែរាំងធ្វើភ្លាម ពីព្រោះយើងបានគម្រោងហើយ»។
បើតាមប្រធានអង្គការតម្លាភាកម្ពុជា លោក ប៉ិច ពិសី បានសង្កត់ធ្ងន់ថា ជាទូទៅក្រុមហ៊ុនដែលជាអ្នកទៅរកស៊ីកន្លែងណាមួយ គឺមានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងមានកិច្ចព្រមព្រៀងអ្វីមួយជាក់លាក់ ហើយថា ពេលផ្លូវខូចត្រូវទទួលខុសត្រូវជុសជុលឡើងវិញ មិនមែនត្រូវទុកបណ្ដោយឲ្យខាងក្រុមហ៊ុនធ្វើអីតាមតែអំពើចិត្តនោះទេ ជាពិសេសទាល់តែប្រជាពលរដ្ឋស្រែកបានធ្វើ បើប្រជាពលរដ្ឋមិនស្រែកទេ គ្មានអើពើ។ លោកបន្តថា អាជ្ញាធរស៊ីប្រាក់ខែរាស្រ្ដ ចឹងត្រូវមានតួនាទីបម្រើរាស្រ្ដ។
លោក ពិសី បន្ដថា៖ «អាជ្ញាធរគួរតែតាមដាននិងត្រួតពិនិត្យបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋថា ពួកគាត់ចង់បានអី ជាពិសេសបញ្ហារឿងផ្លូវតែម្ដង ពីព្រោះពួកគាត់ត្រូវធ្វើដំណើររាល់ថ្ងៃទៅប្រកបមុខរបរចិញ្ចឹមជីវិត ដូច្នេះអាជ្ញាធរត្រូវតែគិតគូរបញ្ហាផ្លូវនេះជូនពួកគាត់ផង»។
បើតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ផ្លូវមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹងពិបាកធ្វើដំណើរដោយសារតែមានជង្ហុកធំៗ និងផ្លូវខូចជាច្រើនពីព្រោះតែក្នុងស្រុកកណ្ដាលស្ទឹងមានក្រុមហ៊ុនបើករណ្ដៅដីធំៗជាច្រើន ហើយក្រុមហ៊ុនទាំងនោះបានយកផ្លូវរដ្ឋប្រើប្រាស់ជាការដឹកជញ្ជូនផ្ទាល់ខ្លួននិងមិនបានជុសជុលឡើងវិញទេ ហើយក៏មានកន្លែងខ្លះក៏មានមនុស្សស្លាប់ផងដែរដោយសារបញ្ហាផ្លូវនេះ៕
————————
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន