របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្ដទាមទារស្វែងរកយុត្តិធម៌ពីថៅកែក្រុមហ៊ុនដដែល បើទោះបីជាមានការគំរាមកំហែងនិងការចាប់ខ្លួនជាថ្មីក៏ដោយហើយការធ្វើកូដកម្មបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយក្តី។
ប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករនិយោជិតខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា បុគ្គលិកណាហ្គាវើលដ៍បានរងការគំរាមកំហែងពីអាជ្ញាធរជាច្រើន។ ប៉ុន្ដែកញ្ញាថា វាបានក្លាយទៅជារឿងធម្មតាទៅហើយ ដែលកញ្ញាទទួលបានការគំរាមកំហែងពីអាជ្ញាធរដែលពួកគាត់តែងតែប្រើការគំរាមកំហែងអស់ហ្នឹងមកលើពួកកញ្ញា។ កញ្ញាបន្ដថា ភាគីដែលជាអ្នកដោះស្រាយ ហាក់គ្មានចេតនាក្នុងការដោះស្រាយដើម្បីបញ្ចប់បញ្ហានេះទេ ដែលជាហេតុឲ្យបុគ្គលិកណាហ្គាវើលដ៍បន្ដសកម្មភាពកូដកម្មបែបនេះ។
កញ្ញាបន្ដថា៖ «វាមិនមែនយើងអត់ខ្លាចទេ យើងវាសាំនិងអាការគំរាមកំហែងរបស់គាត់ [អាជ្ញាធរ] ហើយ ពីព្រោះមុននឹងពួកបងធ្វើកូដកម្មអីហ្នឹង បងមកពីខ្លាចមានការគំរាមកំហែង ខ្លាចខុសច្បាប់អីហ្នឹងបានជាយើងខំធ្វើនីតិវិធីឲ្យអស់នីតិវិធីតាំងពីចចារផ្ទៃក្នុងរហូតចប់ក្រុមបឹ្រក្សាអាជ្ញាកណ្ដាលអីហ្នឹង មកពីយើងគិតថា យើងខ្លាចខុសច្បាប់ តែឥឡូវយើងធ្វើត្រឹមត្រូវហើយ ក៏នៅតែមានការចោទប្រកាន់ អ៊ីចឹងអាការគំរាមកំហែងហ្នឹង វាធម្មតាទេ ហើយពួកបងនៅតែបន្ដតវ៉ារហូតមានដោះស្រាយ»។
អ្នកតវ៉ាម្នាក់ទៀតអ្នកស្រី ច័ន្ទ ស្រីរ័ត្ន អាយុ៣០ឆ្នាំ និងបានបម្រើការនៅក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល៤ឆ្នាំបានរៀបរាប់ថា បើទោះបីជាមានការគំរាមកំហែងពីខាងណាក៏ដោយ ក៏ពួកអ្នកស្រីអត់ខ្លាចដែរ ដោយសារតែពួកអ្នកស្រីបានធ្វើការតវ៉ាជាមួយនិងថៅកែក្រុមហ៊ុនតែប៉ុណ្ណោះ។
ស្រ្ដីរូបនេះបន្ដថា៖ «ទោះបីជាមានការគំរាមកំហែង ក៏ពួកខ្ញុំនៅតែព្យាយាមបន្ដធ្វើកូដកម្មរហូតទាល់តែមានដោះស្រាយបង»។
កូដករម្នាក់ទៀត អ្នកស្រី សុខ រតនា អាយុ៣៤ឆ្នាំនិងបានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលអស់រយៈពេល១៤ឆ្នាំ បាននិយាយទាំងឈឺចាប់ថា ពួកអ្នកស្រីនៅតែប្រកាន់គោលជំហរដដែល បើទោះបីមានការគំរាមកំហែង និងវាយដុំច្រំធាក់យ៉ាងណាក៏នៅតែបន្ដតវ៉ានិងទាមទាររហូត។
អ្នកស្រីបន្ដថា៖ «កន្លងមកមានការគំរាមពីអាជ្ញាធរនិងជនស៊ីវិលមកដល់ផ្ទះក៏ពួកខ្ញុំនៅតែតស៊ូធ្វើកូដកម្មអហិង្សានេះរហូតមានដំណោះស្រាយ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ដោយទូរសព្ទផង និងផ្ញើសារតាមតេឡេក្រាមផង ប៉ុន្ដែគ្មានការឆ្លើយតប។
បើតាមប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលពាក្យបណ្ដឹងសិទ្ធិមនុស្សនិងស៊ើបអង្កេតនិងអធិការកិច្ចលោក សរ ចម្រុង បានមានប្រសាសន៍ថា លោកមិនមានសមត្ថភាពអ្វីក្នុងការដោះស្រាយបញ្ហាវិវាទរបស់បុគ្គលិកណាហ្គាវើលដ៍នោះទេ។ លោកថា បើតាមច្បាប់ការងារ គឺនិយាយអំពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាអ្នកដោះស្រាយបញ្ហាវិវាទ។ លោកចោទប្រកាន់ថា បញ្ហានេះមិនអាចបញ្ចប់បាននោះទេដោយសារតែមានអ្នកនៅពីក្រោយនិងចិញ្ចឹមទំនាស់។
លោកបន្ដថា៖ «វាមានអ្នកអុចពីក្រោយ ដោះមិចកើត គេចិញ្ចឹមទំនាស់ គេទុកឲ្យវារ៉ាំរ៉ៃចឹង ដ៍ចឹងមិនងាយទេ»។
ចំណែកឯនាយកមជ្ឍមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានលើកឡើងថា វិវាទការងាររបស់បុគ្គលិកណាហ្គាវើលដ៍ គឺជារឿងរបស់បុគ្គលិកនិងក្រុមហ៊ុន ប៉ុន្ដែអាជ្ញាធរបានដើរតួជាអ្នកមានជម្លោះជាមួយកូដករទៅវិញ។
លោកបន្ដថា៖ «ជាការមើលឃើញរបស់ខ្ញុំ ក្រសួងការងារហាក់ដូចជាឆាកល្ខោនមួយសម្រាប់កំដរឆាក ហើយធ្វើខ្លួនដូចជាប្រឹងប្រែងក្នុងការដោះណាស់ ប៉ុន្ដែវាគ្រាន់តែធ្វើឲ្យល្អមើលទេ ពីព្រោះអ្នកដែលត្រូវដោះ គឺថៅកែណាហ្គាវើលដ៍មិនមែនអាជ្ញាធរនោះទេ»។
គួររំឭកផងដែរថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើកូដកម្មអស់រយៈពេលជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីកម្មករនិយោចំនួន ១.៣២៩នាក់ ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំក្រោមហេតុផលវិបត្តិនៃជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២១។
វិវាទការងារដ៏រាំរ៉ៃនេះ ចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកណាហ្គាវើលដ៍មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់៕
……………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន