របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
កម្មករម្នាក់បម្រើការងារនៅរោងចក្រផលិតកង់ឈ្មោះ «សាយខលថេក» មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេ ក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ខ្លួនត្រូវបានមេការជាជនជាតិចិនប្រើអំពើហិង្សា និងពាក្យសម្ដីមិនសមរម្យមកលើខ្លួន។
កម្មកររូបនេះមានឈ្មោះ ឆាយ ចាន់នឿន អាយុ២៤ឆ្នាំរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ថា កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២ រូបគាត់ត្រូវបានមេការជាជនជាតិចិនម្នាក់បានប្រើហិង្សាមកលើខ្លួន ដូចជាយកសម្ភារៈសម្រាប់ផលិតកង់ យកមកជះលើខ្លួនគាត់ ហើយនៅពេលដែលគាត់កំពុងតែឪនរើសសម្ភារៈទាំងនោះទុកវិញនោះ ក៏ត្រូវបានជនជាតិចិននោះ រុញក្បាលលោក និងប្រើពាក្យសម្ដីស្រែកខ្លាំងៗដាក់គាត់ទៀតផង។
លោកបន្ថែមថា៖ «បងម្នាក់នោះគាត់ជាអ្នកបើកសម្ភារ:ហ្នឹងលើកសម្ភារ:ដាក់លើរទេះហើយគាត់រវល់គាត់ដូរខ្ញុំឱ្យទៅអូសរទេះជំនួសដល់ពេលចិនមកដល់និយាយថាខ្ញុំបើកសម្ភារ:ខុសហើយយកសម្ភារ:ទាំងនោះជះលើខ្ញុំនៅពេលខ្ញុំកំពុងអោនរើសសម្ភារ:ទុក្ខចិនយកដៃវាមករុញក្បាលខ្ញុំបន្ថែមទៀត»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការឆ្លើយតបពីបុរសជនជាតិចិនដែលរងការចោទនេះបានទេ។ ចំណែកប្រធានរដ្ឋបាលរោងចក្រ «សាយខលថេក» ក៏មិនអាចសុំការបកស្រាយបានទេ គិតត្រឹមនៅថ្ងៃទី៤ ខែសីហានេះ ដោយសារទូរសព្ទចុចចូលច្រើនដង ប៉ុន្ដែគ្មានអ្នកទទួល។
ដោយឡែក អនុប្រធានមន្ទីរការងារខេត្ដស្វាយរៀង លោក ជឹម ច័ន្ទថា ឆ្លើយតបពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយខ្លីថា លោកកំពុងជាប់រវល់ប្រជុំ ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ លើកឡើងថា ករណីជនជាតិចិនប្រើហិង្សាមកលើកម្មករខ្មែរជារឿងខុសច្បាប់ ហើយបើសិនជាមានភស្តុតាងដូចជា រូបភាពដែលគេអាចថតបាន ឬមានសាក្សីមើលឃើញនោះ កម្មករអាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌បាន។
លោកបន្ថែមថា៖ «អំពើហិង្សានៅកន្លែងការងារជាកំហុសធ្ងន់ធ្ងរ បើសិនជាគាត់សរសេរកំណត់ហេតុរឿងកើតនៅម៉ោងប៉ុន្មានមានសាក្សីផ្ដិតស្នាមមេដៃ មានរូបថតដែលគេអាចថតបាន នេះជាភស្តុតាងរឹងមាំមួយ គាត់អាចប្ដឹងទៅប៉ូលិសបាន។ ហើយបើគាត់អត់មានសហជីព យើងមានមន្ត្រីសហជីពប្រចាំនៅខេត្តស្វាយរៀងជួយប្រឹក្សាយោបល់ផ្នែកច្បាប់ជូនគាត់បាន បើគាត់ចង់ដាក់ពាក្យបណ្ដឹង»៕
———————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា