របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ រអ៊ូរទាំនិងធុញទ្រាំនឹងកំណាត់ផ្លូវមួយខ្សែ ស្ថិតនៅចំណុចផ្លូវ៤១ ត្រង់ទៅទិសខាងលិចផ្សារស្រង់ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៣តភ្ជាប់ទៅ ខេត្តកំពង់ស្ពឺ ថាបានរងការខូចខាតអស់រយៈពេលច្រើនឆ្នាំមកហើយ តែមិនមានការជុសជុលនោះទេ។
លោក ទូច សាឯម អាយុ ៧១ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim ថា ផ្លូវមួយខ្សែនេះ ចេញពីផ្លូវ ៤១ ទៅខាងលិចផ្សារស្រង់ រហូតទៅជាប់ជាមួយនឹងផ្លូវទៅខេត្តកំពង់ស្ពឺ។
លោកបន្តថា ផ្លូវនេះបានរងការខូចខាតអស់រយៈពេលច្រើនឆ្នាំមកហើយ ពោលគឺតាំងពីមុនមានការឈូសឆាយឱ្យផ្លូវធំម្តងបានរយៈពេលខ្លី ហើយក៏បាត់ឈឹងចាប់តាំងពីពេលនោះមក។
លោកបន្តថា៖ «ផ្លូវនេះហុយទ្រលោមនៅពេលខែប្រាំង ហើយចូលដល់រដូវវស្សាផ្លូវនេះ ផុងឡានម៉ូតូ រឺម៉ក ជាពិសេរោងចក្រដឹកកម្មករទៅធ្វើការមានផលវិបាកខ្លាំងណាស់ ហើយព្រះសង្ឃវត្តត្រពាំងក៏បានជួសជុលម្តងដែរ ហើយពីនោះមកបានតែប៉ុន្មានឆ្នាំគាត់ទៅជាកាលុកតូចធំផុងពិបាកធ្វើដំណើរទៀត ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវចាំមើលតែរដ្ឋគេធ្វើអោយ ហើយអត់ឃើញធ្វើគេថា ធ្វើ តែឥឡូវគេថា ខែ ១១ ដល់១២ បានគេធ្វើទៀត»។
លោកបន្តថា៖ «ឃើញខាងអាជ្ញាធរគេមកត្រួតពិនិត្យមើលដែរប្រជាពលរដ្ឋសួរថា តើផ្លូវនេះកាលណាធ្វើ គេឆ្លើយថា ខែ ១១ ឬខែ១២ បានចាប់ផ្ដើមធ្វើផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតកាលពីមុនទៅដល់ចំការវាល តែឥឡូវប្រហែលជាជាង៣គីឡូ មានការរងខូចខាតខ្លាំងពិបាកធ្វើដំណើរ»។
លោក ទូច សាឯម បានបន្តថា លោកស្នើសូមឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយសំរួល ធ្វើយ៉ាងណាឱ្យផ្លូវមួយខ្សែនេះបានស្អាតល្អ ស្រួលធ្វើដំណើរផង ពីព្រោះផ្លូវនេះ មានការប្រើប្រាស់ច្រើន ជាពិសេសរថយន្តដឹកកម្មកររោងចក្រ និងសិស្សសាលាធ្វើដំណើរជាច្រើនលើដងផ្លូវមួយនេះ។
លោកថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតចំនួន ៤ ភូមិ គឺ១.ភូមិស្រង់ ២.ភូមិថ្មបាំង ៣.ភូមិត្រពាំងត្រាច និងភូមិត្រពាំងថ្ម ជាដើម។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវម្នាក់ទៀតឈ្មោះ នួន វី អាយុ ៥០ ឆ្នាំបានលើកឡើងថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតមកជាយូរឆ្នាំហើយ ពោលគឺប្រហែល១០ឆ្នាំហើយ។ អ្នកស្រីថា ដំបូងឃើញមានការឈូសឆាយពង្រីកឲ្យធំដែរ ដោយការដាក់ថ្មខ្មៅៗ តែឥឡូវវាខូង បែកផុកអស់វិញទៅហើយ។
អ្នកស្រីបានបន្តថា៖ «ផ្លូវខាងលិចទៅជាប់នឹងស្ពឺគេបានធ្វើអស់ហើយ នៅឡើយតែមួយកំណាត់មកកើតឮតែគេធ្វើ ធ្វើប្រាំងហ្នឹង តែខ្ញុំចង់ឲ្យតែគេធ្វើប្រាំងហ្នឹងឲ្យបានឆាប់ស្រួលធ្វើដំណើរ បើផ្លូវខាងលិចគេស្អាតអស់ហើយនៅតែយើង»។
លោក សាយ រ៉េត មេភូមិស្រង់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺយើងថា ផ្លូវមួយខ្សែនេះបើតាមខាងអាជ្ញាធរឃុំគេប្រកាសប្រជុំប្រាប់ថា ចាប់ផ្ដើមធ្វើក្នុងខែធ្នូ ខាងមុខនេះ ឬដើមឆ្នាំ២០២៣ ពោលគឺនៅអំឡុងពេលរដូវប្រាំងខាងមុខនេះ។
លោកថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតខ្លាំង តែប្រហែលជា ៥គីឡូម៉ែត្រ ចេញពីពីផ្លូវជាតិលេខ៤១ ទៅលិចតភ្ជាប់ផ្លូវទៅខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «ផ្លូវមួយខ្សែនេះ កាលពីមុន ខូចខាតផ្លូវដោយសារតែឡានធំៗរត់តាមផ្លូវហ្នឹងធ្វើឱ្យក្រលុកធំៗ ឡានធំៗដែលធ្វើផ្លូវថ្នល់ជាតិលេខ៣ វារត់តាមហ្នឹង ធ្វើឲ្យដាច់ផ្លូវអស់រហូតមកដល់សព្វថ្ងៃហ្នឹង»។
ចំណែកលោក អូន ប៉េង មេឃុំស្រង់ បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា បញ្ហាផ្លូវមួយខ្សែនេះ ខ្ញុំក៏បានដឹងព័ត៌មានបន្តដែរថា ផ្លូវនេះមិនមែនជាផ្លូវមូលនិធិរបស់ឃុំទេ គឺជាផ្លូវរបស់រដ្ឋ គេហៅថាផ្លូវលេខ ១៤៣។ ផ្លូវមួយខ្សែនេះ បើគិតពីផ្លូវជាតិលេខ៤១ ទៅលិចរហូតដល់ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ២៣ គីឡូម៉ែត្រ ដោយគេធ្វើបានខ្លះហើយ ដោយផ្តើមចេញពីខេត្តកំពង់ស្ពឺមក ហើយនៅសល់តែខាងឃុំស្រង់នេះតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «ផ្លូវមួយខ្សែនេះគេធ្វើបានដល់សាលាឃុំហើយជិតដល់ផ្លូវ៤១ហើយ ពីសាលាស្រុកគងពិសី ទៅថ្នល់ជាតិលេខ៣ ប៉ុន្មានថ្ងៃទៀតខាងមុខនេះគេចាប់ផ្ដើមធ្វើទៀតហើយ ខ្ញុំអាសាពន្យល់ប្រាប់ពួកគាត់ខ្លះដែរ ហើយអោយពួកគាត់ទ្រាំបន្តិចសិនទៅ ព្រោះអីផ្លូវនេះជាផ្លូវលេខ១៤៣ របស់រដ្ឋ គេមានគម្រោងរបស់គេយើងមិនអាចធ្វើកើតទេ»។
លោកថា បើផ្លូវរបស់មូលនិធិរបស់ឃុំ លោកមិនទុកដល់ថ្នាក់បែកផុកដូចនេះនោះទេ។ លោកបានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមេត្តាយោកយល់ និងអះអាងថា រដ្ឋជិតធ្វើឲ្យស្អាតជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាសហើយ៕
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺលោក សួស ចាន់ឌឿន