របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
មន្ត្រីតុលាការខេត្តកំពង់ឆ្នាំងបានជម្រុញឱ្យជនជាប់ចោទដែលជាសកម្មជនដីធ្លីសហគមន៍ឡពាង ដាក់ពាក្យមកកាន់តុលាការដើម្បីស្នើសុំដកហូតយកសម្ភាររបស់ខ្លួនត្រលប់ទៅវិញ ខណៈប្រជាសហគមន៍បានចោទតុលាការថា មានចេតនាយករបស់ពួកគាត់ដោយមិនព្រមប្រគល់ឱ្យពួកគេវិញ។
ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្ដកំពង់ឆ្នាំង លោក ហុង គឹមហាក់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឱ្យជនជាប់ចោទទាំងនោះ ទាក់ទងទៅលោកដើម្បីដាក់ពាក្យស្នើសុំដកហូតយកសម្ភារដែលត្រូវបានចាប់យកត្រលប់មកវិញ។
យ៉ាងណាលោក ហុង គឹមហាក់ បានពន្យល់ថា កាលណាមានការដោះលែងជនជាប់ចោទនៅក្រៅឃុំហើយ មិនមែនមានន័យថា តុលាការត្រូវប្រគល់របស់របរដែលតុលាការរឹបអូសយកជាភស្ដុតាងទៅឲ្យជនជាប់ចោទវិញនោះទេ។ លោកថា ទាល់តែពួកគាត់ដាក់ពាក្យស្នើសុំដកយក ទើបអាចដកយកវិញបាន។ លោកថា មិនមែនចេះតែប្រគល់វិញនោះទេ។
លោកបន្ដថា៖ «បងសួរពួកគាត់មើលថា ដែលបានដាក់ស្នើសុំដករបស់របរហ្នឹងវិញនៅ? បើនៅទេ សុំឲ្យពួកគាត់ទាក់ទងមកខ្ញុំ និងថតលិខិតស្នើសុំមកឲ្យខ្ញុំមើលផង។ បើពួកគាត់មិនបានដាក់ពាក្យស្នើសុំទេ គឺមិនអាចប្រគល់ជូនវិញឡើយ»។
ប្រធានសហគមន៍ដីធ្លីឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី អាយុ ៤៤ឆ្នាំ បានពន្យល់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរបានរឹបអូសរបស់របរអ្នកស្រី រួមមាន ទូរស័ព្ទ៣គ្រឿង និងម៉ូតូអាសង់កូរ៉េតម្លៃ៦៥០ដុល្លារ១គ្រឿងតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ម្ល៉េះ។ ប៉ុន្ដែក្រោយពីតុលការសម្រេចដោះលែងអ្នកស្រីឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តុលាការមិនបានប្រគល់សម្ភារទាំងអស់នោះមកឲ្យអ្នកស្រីវិញទេ បើទោះបីជាមេធាវីរបស់អ្នកស្រី បានដាក់ពាក្យស្នើសុំរបស់របរទាំងនោះមកវិញហើយក៏ដោយ ក៏តុលាការមិនមានការឆ្លើយតបថាយ៉ាងមិចនោះដែរ។
អ្នកស្រីបន្ដថា តុលាការហាក់មានចេតនាក្នុងការធ្វើបាបគ្រួសារនិងគំរាមកំហែងចំពោះសកម្មភាពរបស់អ្នកស្រី ហើយពេលដែលតុលាការមិនព្រមប្រគល់របស់ទាំងអស់នោះមកវិញគឺមានការប៉ះពាល់ដល់គ្រួសារដូចជាមិនមានម៉ូតូឲ្យកូនជិះទៅរៀន និងពិបាកធ្វើដំណើរទៅណាមកណាដើម។
អ្នកស្រីបន្ដថា៖ «សម្រាប់ខ្ញុំ ការដែលតុលាការមិនព្រមប្រគល់របស់របរមកឲ្យខ្ញុំ គឺវាមិនយុត្តិធម៌ទេសម្រាប់ខ្ញុំ ពីព្រោះឧបករណ៍ទាំងនេះវាអត់មកប្រព្រឹត្តបទល្មើសឬក៏យកទៅធ្វើស្អីទេ ហីគ្រាន់តែទូរស័ព្ទសោះ ហេតុអីបានជាយករបស់ពួកខ្ញុំទៅ ហើយម៉ូតូពេលយកទៅ វេទនាអត់អីជិះ វេទនាចង់ងាប់ ហើយតុលាការបានដោះលែងពួកខ្ញុំហើយ គួរតែប្រគល់មកឲ្យពួកខ្ញុំវិញ»។
សកម្មជនដីធ្លីមា្នក់ទៀត លោក បា្រក់ សុភុំ អាយុ៦០ឆ្នាំ រស់នៅឃុំកោះថ្កូវ ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីមានការដោះលែងប្រជាពលរដ្ឋឲ្យនៅក្រៅឃុំហើយ តុលាការក៏គួរប្រគល់របស់របរដែលបានរឹបអូសមកឲ្យម្ចាស់វិញ។ ប៉ុន្ដែជាក់ស្ដែង តុលាការមិនព្រមប្រគល់នោះទេ។
សកម្មជនរូបនេះបន្ដអះអាងថា៖ «ខ្ញុំមើលឃើញដូចជាអយុត្តិធម៌ចំពោះប្រជាលរដ្ឋដែលទន់ខ្សោយហ្នឹងណាស់ មេធាវីក៏ទាមទារដែរ ប៉ុន្ដែនៅតែអត់ឲ្យរហូត ហើយម៉ូតូសម្ភារហ្នឹង វាអត់មានទោសអីត្រូវប៉ះពាល់និងច្បាប់ទេ បើមនុស្សអនុវត្តន៍ខុស គឺត្រូវទទួលទោសទៅ តែនេះសម្ភារហ្នឹង តុលាការគួរតែឲ្យមកកុំទុកចឹងអី»។
រីឯមេធាវីការពារក្ដីឱ្យសហគមន៍ដីធ្លីឡពាង លោក ជូង ជូងី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅព្រឹកថ្ងៃចន្ទនេះថា ចាប់តាំងពីលោកបានដាក់ពាក្យស្នើសុំដកយករបស់របរដែលតុលាការបានយកឲ្យវិញ មកដល់ពេលនេះ គឺមិនមានការឆ្លើយតបនោះទេ។ លោកថា ករណីនេះ ទំនងមិនមែនជាកំហុសរបស់តុលាការទេ តែវាអាចជាកំហុសរបស់ចៅក្រម និងព្រះរាជអាជ្ញា ដែលមិនព្រមចាត់ការ ហើយបន្ដទុកចោល។
លោកអះអាងថា៖ «ខ្ញុំដូចជាមិនយល់ទេថា គ្រប់រឿងដែលខ្ញុំបានស្នើសុំ គឺចៅក្រម និងព្រះរាជអាជ្ញា គឺមិនដែលបានចាត់ការទេ គឺទុកចោល បើនៅតែធ្វើចឹង គឺនឹងធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តប្រព័ន្ធតុលាការ ពីព្រោះវាមិនបានផ្ដល់ភាពយុត្តិធម៌ឲ្យពួកគាត់»។
ប្រធានសមាគមអាហុដ លោក នី សុខា បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅព្រឹកថ្ងៃចន្ទនេះដែរថា ការចាប់យករបស់របរណាមួយ វាគ្រាន់តែបម្រើជាភស្ដុតាងក្នុងដំណើរការនៃការកាត់ក្ដីតែប៉ុណ្ណោះ។ លោកថា ប្រសិនបើភស្ដុតាងនោះ វាបំផ្លាញ ដូចជា គ្រឿងញៀនជាដើម ទើបត្រូវកំទេចចោល ប៉ុន្ដែត្រឹមតែទូរសព្ទឬក៏ម៉ូតូ វាមិនមែនជាអ្វីដែលតុលាការត្រូវទុកនោះទេ ពីព្រោះតុលាការបានសម្រេចដោះលែងពួកគាត់ឲ្យនៅក្រៅឃុំហើយ ហើយរបស់របរទាំងនោះ តុលាការត្រូវប្រគល់ឲ្យម្ចាស់គេវិញ ក្រោយពីត្រូវបានដោះលែង។
លោកបន្ដថា៖ «ខ្ញុំគិតថា វាជារឿងមួយដែលកាន់តែធ្វើឲ្យបញ្ហាអ្នកឡពាងនេះ ទទួលរងអយុត្ដិធម៌ហ្នឹងជាយូរមកហើយ ហើយចុងក្រោយហ្នឹងបែរទៅជាចាប់ខ្លួនគាត់ ហើយឥឡូវរបស់ទ្រព្យគាត់ មិនត្រូវបានប្រគល់មកឲ្យគាត់ទៅទៀត អាហ្នឹងរឹតតែធ្វើឲ្យគាត់ឈឺចាប់ និងជាការធ្វើទុក្ខបុកម្នេញពួកគាត់ធ្ងន់ធ្ងរណាស់ខាងផ្លូវច្បាប់ក្ដី ផ្លូវស្មារតីក្ដី ចឹងរឿងនេះខ្ញុំគិតថា តុលាការគួរពិចារណាឡើងវិញ ក្នុងការឆ្លើយតប និងប្រគល់ទ្រព្យសម្បត្តិមកឲ្យគេវិញមក បាទ»។
កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២១ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី និងស្វាមីគឺលោក ស្ងួន ញឿន ព្រមទាំងអ្នកស្រី ទួន សេង ដែលជាអ្នកភូមិម្នាក់ទៀត ដោយចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ប៉ុន្ដែក្រោយមក អ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿនត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយពីតុលាការខេត្តកំពង់ឆ្នាំង រកមិនឃើញបទល្មើស ដូចការចោទប្រកាន់ ពីបទគំរាមសម្លាប់ ដើមបណ្តឹង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែក អ្នកស្រី សេង ត្រូវបានចោទប្រកាន់មួយករណីផ្សេងទៀត ពីបទលួចទ្រព្យសម្បត្តិពីដើមបណ្តឹងដែលជាអ្នកជិតខាង និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដែលត្រូវបានឃុំខ្លួន តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ក្រោយមក តុលាការកំពូលក៏សម្រេចដោះលែងអ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នផងដែរ បន្ទាប់ពីជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំ៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល