របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល
តុលាការកំពូលបានសម្រេចដោះលែងសកម្មជនដីធ្លីឡពាងខេត្តកំពង់ឆ្នាំង អ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅព្រលប់ថ្ងៃចន្ទ ទី២៧ ខែមិថុនានេះ ក្រោយពីឃុំខ្លួនដោយអយុត្តិធម៌អស់រយៈពេលជិតកន្លះឆ្នាំ។
អ្នកស្រី ទួន សេង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ»។
មេធាវីការពារក្តីអ្នកស្រី ទួន សេង គឺលោក ជូង ជូងី បាននិយាយប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅល្ងាចថ្ងៃចន្ទនេះថា កូនក្ដីរបស់លោកត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំ តាំងពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ។ ក៏ប៉ុន្ដែដោយសារមន្ត្រីពន្ធនាគាររៀបចំឯកសារមិនទាន់ ហើយចំថ្ងៃចុងសប្ដាហ៍ផងនោះ មន្ត្រីខាងពន្ធនាគារមិនធ្វើការទៀត ទើបត្រូវដោះលែងនៅល្ងាចថ្ងៃចន្ទនេះវិញ។
លោកបន្ដថា ការដោះលែងនេះ គឺជាបំណងរបស់សាម៉ីខ្លួនចង់ឲ្យដោះលែង ហើយនិងជាការទាមទារដែលលោកចាត់ចែងដំណើរការរឿងក្តីនេះ ហើយការដោះលែងនេះមិនទាន់សម្រេចស្ថាពរនៅឡើយទេ គ្រាន់តែដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នសិនប៉ុណ្ណោះ។
លោកបន្ដថា៖ «អាហ្នឹងជារឿងធម្មតាទេ ដូចថា យើងតវ៉ាអ៊ីចឹងទៅបានលទ្ធផលល្អ គឺតុលាការអនុញ្ញាតឲ្យកូនក្ដីយើងនៅក្រៅឃុំ អាហ្នឹងជារឿងធម្មតាទេ»។
លោក អឿង សារិទ្ធ ស្វាមីអ្នកស្រី ទួន សេង បានលើកឡើងថា ការដោះលែងប្រពន្ធលោកដែលត្រូវបានគេឃុំខ្លួនដោយអយុត្តិធម៌អស់រយៈពេលជាងកន្លះឆ្នាំមកនេះ គឺលោកសប្បាយចិត្តនិងការសម្រេចរបស់តុលាការកំពូលក្រុងភ្នំពេញ ដែលបានដោះលែង។ ប៉ុន្ដែការដោះលែងនេះ លោកក៏មិនសប្បាយចិត្តខ្លះដែរ ដោយសារតែវាទើបតែបាន៧០% ទៅ៨០% ទេ លោកស្នើសុំឲ្យតុលាការសម្រេច១០០%តែម្ដង កុំឲ្យនៅក្រៅឃុំ ប៉ុន្ដែទោសនៅមានដដែល។
លោកបន្ថែមថា៖ «ខ្ញុំសប្បាយចិត្ត និងសុំឲ្យតុលាការសម្រេចដោះលែងគាត់ឲ្យមានសេរីភាព១០០%មក កុំឲ្យគាត់នៅជាប់ទោសចឹងអី»។
ប្រធានសហគមន៍ឡពាងអ្នកស្រី អុំ សុភី បាននិយាយថា ការដែលតុលាការកំពូលសម្រេចដោះលែងអ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំ គឺអ្នកស្រីសប្បាយចិត្តណាស់។ ក៏ប៉ុន្ដែអ្នកស្រីថារឹតតែសប្បាយថែមទៀត បើសិនជាតុលាការទម្លាក់បទចោទចំពោះពួកអ្នកស្រីទាំង៣នាក់ កុំឲ្យនៅក្រោមការគ្រប់គ្រងរបស់តុលាការ។
អ្នកស្រីបន្ដថា៖ «ខ្ញុំសុំឲ្យតុលាការទម្លាក់បទចោទចំពោះពួកខ្ញុំទាំង៣នាក់មក កុំឲ្យពួកខ្ញុំនៅក្រៅឃុំ ប៉ុន្ដែមិនរួចពីទោសដដែល គឺពួកខ្ញុំចង់បានសេរីភាពពេញលេញដូចដើមវិញ»។
នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ករណីចាប់ឃុំខ្លួនអ្នកស្រី ទួន សេង គឺវាមិនត្រឹមត្រូវនោះទេ។ លោកថា ការចាប់ខ្លួនអ្នកស្រី ទួន សេង កន្លងមក គឺធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា អ្នកស្រីមានទោសនោះទេ។ លោក អំ សំអាត បានចាត់ទុកថា ការដោះលែងអ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំនេះដោយសារតែតុលាការរងនូវការរិះគន់ពេក ទើបធ្វើការដោះលែងបណ្ដោះអាសន្ន។ ហើយការដោះលែងនេះលោកអបអរសាទរ ប៉ុន្ដែលោកចង់ឲ្យតុលាការកុំចេះតែដើរចាប់មនុស្សគ្មានទោសហើយយកទៅឃុំឃាំងបន្ទាប់បានដោះលែងវិញបែបនេះ។
លោកបន្ដថា៖ «តុលាការវាដល់ពេលដែលត្រូវចាប់ផ្ដើមអនុវត្តន៍ទៅតាមតួនាទី និងក្រមសីលធម៌វិជ្ជាជីវៈ អ៊ីចឹងការសម្រេចការឃុំខ្លួនបណ្ដោះអាសន្នណាមួយ វាគួរតែអនុវត្តន៍ទៅតាមច្បាប់ប្រសិនបើមានភស្ដុតាង កុំអនុវត្តន៍អ្វីគ្មានមូលដ្ឋានក្នុងការចោទប្រកាន់និងការឃុំខ្លួន គឺវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គាត់ ហើយនឹងនាំឲ្យមានការរិះគន់ទៅដល់ប្រព័ន្ធតុលាការនោះ»។
គួរជម្រាបជូនថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី ក៏ដូចជាស្វាមីអ្នកស្រី គឺលោក ស្ងួន ញឿន រួមទាំងអ្នកស្រី ទួន សេង ដែលជាអ្នកភូមិម្នាក់ទៀត ដោយចោទថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ប៉ុន្ដែក្រោយមកអ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿនត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញក្រោយពីតុលាការខេត្តកំពង់ឆ្នាំងរកមិនឃើញដូចការចោទពីបទគំរាមសម្លាប់ដើមបណ្តឹង។
ដោយឡែក អ្នកស្រី សេង ត្រូវបានចោទប្រកាន់មួយករណីផ្សេងទៀត ពីបទលួចទ្រព្យសម្បត្តិដើមបណ្តឹងដែលជាអ្នកជិតខាង និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រហូតតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺអស់រយៈពេលជិតកន្លះឆ្នាំដោយអយុត្តិធម៌៕
………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល៖