ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល
ជនជាតិដើមភាគតិចពូនងនៅសហគមន៍ឡៅកា ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យបានអះអាងថា ពួកគេអស់ជំនឿលើប្រព័ន្ធតុលាការខេត្តមណ្ឌលគិរីហើយ ក្រោយពីតុលាការខេត្តនេះ បានកោះហៅពួកគេឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺតាមបណ្តឹងរបស់អ្នកមានអំណាច ខណៈពាក្យបណ្តឹងរបស់ពួកគេបែជាតុលាការតម្កល់ទុកឥតចាត់ការទៅវិញ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី ផ្លឹក ភីរុំ អាយុ៤១ឆ្នាំ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ អ្នកស្រីរួមជាមួយតំណាងប្រជាពលរដ្ឋចំនួន៣នាក់ទៀត ត្រូវបានសាលាដំបូងខេត្ដមណ្ឌលគិរីកោះហៅ ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន (Village Development)របស់ភរិយាអភិបាលរងខេត្ដមណ្ឌលគិរីលោក យឹម លុច។ អ្នកស្រីបានចាត់ទុកការកោះហៅរបស់តុលាការនេះថា ជារឿងអយុត្តិធម៌ សម្រាប់អ្នកស្រលាញ់ និងការពារដីព្រៃឈើសហគមន៍ជនជាតិដើមភាគតិច បែរជាជាប់ទោសទៅវិញ។ អ្នកស្រីបន្ដថា ពួកអ្នកស្រី មានពាក្យបណ្ដឹងជាច្រើនដែលកំពុងជាប់នៅតុលាការ ហើយការកាត់ក្ដីរបស់តុលាការ គឺមិនមានតុល្យភាព ឬក៏យុត្តិធម៌ និងស្មើភាពគ្នាឡើយ។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថាពេលក្រោយៗ បើតុលាការនៅតែធ្វើអ៊ីចឹងៗ ប្រព័ន្ធតុលាការហ្នឹង គឺពួកយើងអត់ប្រើទៀតទេ យើងបញ្ឈប់ក្នុងការប្រើប្រព័ន្ធតុលាការ យើងសុខចិត្តប្រើស្អីខាងក្រៅវិញ អ៊ីចឹងបើប្រព័ន្ធតុលាការប្រជាជនទាំងអស់មិនប្រើប្រព័ន្ធតុលាការ តើតុលាការធ្វើអី? បើនៅតែកាត់ទោសប្រជាជនបែបហ្នឹង កុំមានតុលាការល្អជាង»។
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត គឺអ្នកស្រី ខ្លើង ទុំ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ បានថ្លែងដែរថា ដីការបស់តុលាការ គឺអយុត្តិធម៌ណាស់ សម្រាប់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ដោយសារខាងតុលាការជឿទៅលើអ្នកមានលុយ និងមានអំណាច តែខាងប្រជាសហគមន៍ គឺហាក់មិនអើពើអ្វីទាល់តែសោះ។
អ្នកស្រីបន្ដថា៖ «ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះរាល់ការកាត់ក្ដី គឺអត់ស្មើភាពផង គឺគាត់[តុលាការ] នៅតែកាន់ជើងគេអ្នកមានលុយ គេអ្នកមានអំណាច»។
ចំណែកឯអ្នកស្រី យន់ ម៉ាណេ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាបានមានប្រសាសន៍ថា រាល់ការសម្រេចតាមពាក្យបណ្តឹងណារបស់អ្នកប្តឹង ទាំងអាជ្ញាធរ និងតុលាការ ត្រូវតែចុះស៊ើបអង្កេតឲ្យស៊ីជម្រៅ ច្បាស់លាស់ មុននឹងសម្រេចថា សមាជិកសហគមន៍ជនជាតិដើមភាគតិចណាម្នាក់មានទោស ពីបទឧក្រិដ្ឋណាមួយ ពីព្រោះការសម្រចដែលមិនបានចុះស៊ើបអង្គេតឲ្យច្បាស់លាស់ តែងតែនាំឲ្យបាត់បង់ប្រយោជន៍សមូហភាព ឬសាធារណ។ ជាពិសេស គឺនាំឲ្យប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចលើដីធ្លី ធនធានធម្មជាតិ ដែលត្រុវបានច្បាប់ទទួលស្គាល់ និងការប្រតិបត្តិតាមប្រពៃណីដែលគាត់មានតាំងពីយូរលង់ណាមកហើយ។
អ្នកស្រីបន្ដថា៖ «អនុវត្តច្បាប់បែបហ្នឹង គឺមិនត្រឹមត្រូវទេ គឺកំពុងតែបង្ហាញអំពីសកម្មភាពដែលនាំគ្នាអនុវត្តច្បាប់ខុស ហើយនាំឲ្យបង្ករឲ្យមានបញ្ហាអយុត្តិធម៌សង្គម»។
ចំណែកព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគីរី លោក ស៊ាវ ងីឈាន់ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនេះ។
លោកថា៖ «វាអត់ត្រឹមត្រូវ ខ្ញុំសុំបដិសេធចោល»។
នាយកចាត់ការទូទៅនៃអង្គការលីកាដូលោក អំ សំអាត បានលើកឡើងថា ការលើកឡើងរបស់ប្រជាសហគមន៍ គឺជារឿងត្រឹមត្រូវដែលពួកគាត់បានបាត់បង់ជំនឿទៅលើប្រព័ន្ធតុលាការ ឬក៏អាជ្ញាធរ ដោយសារតែពាក្យបណ្ដឹងរបស់ពួកគាត់ មិនត្រូវបានចាត់ការនោះទេ។
លោក អំ សំអាត បានសង្កេតដែរថា អ្នកមានអំណាចមួយចំនួនក៏ដូចជាក្រុមហ៊ុនមួយចំនួន គឺតែងតែប្រើប្រាស់តាមប្រព័ន្ធតុលាការធ្វើជាបណ្ដឹង ក្នុងការប្ដឹងទាក់ទងនិងបទល្មើសផ្សេងៗ ដើម្បីធ្វើការគំរាមកំហែង បំភិតបំភ័យទៅដល់សហគមន៍ ដល់ប្រជាពលរដ្ឋដែលផលប៉ះពាល់ដោយសាររឿងដីធ្លីមិនព្រមធ្វើការដោះស្រាយដោយសន្ដិវិធីឡើយ តែបែរជាប្រើប្រព័ន្ធតុលាការដើម្បីគំរាមប្រជាពលរដ្ឋទៅវិញ។
លោកបន្ដថ្លែងទៀតថា៖ «ខ្ញុំតែងតែលើកឡើងថា ល្មមដល់ពេលឈប់យកតុលាការដើម្បីប្រើប្រាស់ជាឧបករណ៍នៅក្នុងការគំរាមកំហែងប្រជាពលរដ្ឋដែលលោកបានកាន់កាប់ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ ឬក៏រងនូវបណ្ដឹងបន្ដបន្ទាប់ទាក់ទងនិងបញ្ហាដីធ្លីរបស់ពួកគាត់»។
សូមជម្រាបជូនថា ជម្លោះដីធ្លីរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាង២០០គ្រួសារ ជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន បានកើតឡើងតាំងពីឆ្នាំ២០០៨មក ក្រោយពីក្រុមហ៊ុននេះ បានយកគ្រឿងចក្រទៅឈូសឆាយព្រៃឈើដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផល។ ក្រោយមកប្រជាសហគមន៍បានដាក់បណ្ដឹងទៅអាជ្ញាធរ និងតុលាការ ដើម្បីសុំឲ្យជួយដោះស្រាយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។
កាលពីឆ្នាំ២០១៣ សហគមន៍ឡៅកាបានប្ដឹងអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ឲ្យទទួលខុសត្រូវការឈូសឆាយដីសហគមន៍នេះដើម្បីយកដី និងកាប់បំផ្លាញដើមឈើជ័រទឹកអ្នកភូមិ ៣៦៧ដើម ក៏ប៉ុន្តែតុលាការសាលាដំបូងខេត្តមណ្ឌលគិរី បានតម្កល់មិនចាត់ការពាក្យប្ដឹងនេះឡើយ ដោយសារតែលោក យឹម លុច អះអាងថា លោកមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន នោះទេ ផ្ទុយទៅវិញ ភរិយាលោក គឺអ្នកស្រី កាន់ រតនា គឺជានាយិកាក្រុមហ៊ុន។
ក្រោយមក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ តុលាការបានចេញដីកាកោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចពូនងឲ្យចូលខ្លួនឆ្លើយបំភ្លឺវិញម្ដង ដោយដើមបណ្ដឹងអ្នកស្រី កាន់ រតនា ដែលជាភរិយារបស់អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច បានប្ដឹង ពីបទបរិហាកេរ្ដិ៍និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ ក្រោយមកក្រុមហ៊ុនដដែលបានយកគ្រឿងចក្រទៅឈូសឆាយសារជាថ្មីម្ដងទៀត ប៉ុន្ដែត្រូវបានប្រជាសហគមន៍នាំគ្នាទៅទប់ស្កាត់ ហើយក៏ត្រូវបានតុលាការខេត្តមណ្ដលគិរីចេញដីកាកោះហៅប្រជាពលរដ្ឋជាលើកទី២ ឲ្យចូលបំភ្លឺកាលពីសប្តាហ៍មុន (ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២) នេះ។ ជនជាតិភាគតិចពូនង៤នាក់ ដែលរងពាក្យបណ្តឹងនេះ រួមមាន អ្នកស្រី ផ្លឹក ភីរុំ លោក គ្រើង តុលា ឈ្មោះ ផ្លឹក ណាវី និងអ្នកស្រី ខ្លើង ទុំ។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងសុំការបំភ្លឺពីលោកស្រី កាន់ រតនា នាយិកាក្រុមហ៊ុន វីឡា ឌីវេឡុបមេន និងលោក យឹម លុច អភិបាលរងខេត្តមណ្ឌលគិរីបានទេនៅថ្ងៃអង្គារនេះ៕
—————————————
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល