ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់យកការចំណាកស្រុកទៅធ្វើការនៅតំបន់ផ្សេងៗ ដោយសារសហគមន៍របស់ពួកគេជាសហគមន៍ក្រីក្រ និងមិនមានការងារធ្វើនៅក្រោយរដូវធ្វើស្រែចម្ការ។
ពលរដ្ឋម្នាក់រស់នៅភូមិថ្មី ឃុំថ្មី ស្រុកចិត្របុរី អ្នកស្រី ធី សុខទី អាយុ ២៥ឆ្នាំ ជាជនជាតិដើមភាគតិចគួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពីរនាក់ប្ដីប្រពន្ធគាត់តែងតែចេញទៅរកការងារធ្វើនៅក្នុងខេត្តនេះ និងទៅរាជធានីភ្នំពេញ ដូចជា ការងារមើលថែផ្ទះឱ្យគេ ដោយមួយខែ អាចរកប្រាក់ចំនួន ១៥០ដុល្លារ។
បើតាមប្ដីប្រពន្ធដែលទើបតែរៀបការមួយគូនេះ ការចាកចេញទៅរកការងារធ្វើនៅតំបន់ផ្សេង គឺក្រោយពេលអ្នកភូមិចប់ការងារធ្វើស្រែចម្ការ ពោលគឺនៅចម្លោះខែធ្នូ រហូតដល់ខែឧសភា ដែលពួកគេមិនមានការងារអ្វីធ្វើនោះឡើយ។ ពួកគេថា ប្រសិនបើអាជ្ញាធរបង្កើតការងារ និងអភិវឌ្ឍសហគមន៍របស់ជនជាតិដើមភាគិតិច វានឹងកាត់បន្ថយចលនាចំណាកស្រុកបានមួយភាគធំ។
អ្នកស្រី ធី សុខទី រៀបរាប់ថា៖ «មកពីជីវភាពខ្វះខាត អត់ចំណូលចូលផ្ទះ។ ធ្វើការនៅភ្នំពេញ គឺធ្វើការតាមផ្ទះ មួយខែបានចំណូល ១៥០ដុល្លារ ដើម្បីផ្ញើមកផ្ទះដោះស្រាយជីវភាពគ្រួសារ។ ហើយក្នុងភូមិអត់មានការងារអីធ្វើផងទាល់តែដល់ខែធ្វើស្រែវិញ ទើបស្រែទៀត តែបើឥឡូវនៅទំនេរ មិនមានធ្វើអី។ បើសិនបើក្នុងសហគមន៍ មានការងារអីផ្សេង អាចរកចំណូលឱ្យគ្រួសារ ឬក៏សហគមន៍ ប្រហែលជាល្អជាង ប៉ុន្ដែ ឥឡូវ វាអត់ទាន់មាន អញ្ចឹងបានត្រឹមតែគិត»។
ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគិតិតគួយ លោក ព្រឿង ខ្លូ អាយុ៥៧ឆ្នាំ ប្រាប់ថា ដោយសារបញ្ហាជីវភាពគ្រួសារ រូបគាត់បានបង្ខំចិត្តឱ្យកូន ៣នាក់ក្នុងចំណោមកូន៦នាក់ ក្នុងនោះ ប្រុស២នាក់ និងស្រីម្នាក់ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេ និងធ្វើការជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ។
បើតាមពលរដ្ឋជាជាតិដើមភាគតិចគួយរូបនេះ លោកមានក្ដីបារម្ភពីសុវត្ថិភាពរបស់កូនៗ ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ ដោយសារពួកគេនៅឆ្ងាយពីខ្សែភ្នែករបស់ឪពុកម្ដាយ និងខ្លាចឆ្លងជំងឺផ្សេងៗ អំឡុងពេលកើតជំងឺកូវីដ-១៩។
លោកបន្ដថា៖ «កូនទៅចំណាកស្រុក៣នាក់ នៅម្នាក់នៅអាពៅម្នាក់។ ជួនកាលបាន ជួនកាលណាអត់ដែរ ព្រោះគ្នារកខ្វះខាតដែរ ជួលបានមួយខែ១០ម៉ឺន ឬ២០ម៉ឺនអីទៅមួយខែ ជួលកាលណាអត់ដែរទៅគ្នាវាខ្វះ។ ហ៊ឹម ព្រួយបារម្ភខ្លាំងណាស់ កាលពីកូវីដ-១៩ នៅភ្នំពេញផ្ទុះ ខ្ញុំគ្មានបានដេកពួនស្អីទេ គិតថា ខ្លាចកូនឆ្លងជំងឺហ្នឹង។ មិនដឹងធ្វើម៉េចបើមិនទៅ មិនពុះពារឧបសគ្គ មិនមានលុយប្រាក់កាសទប់ទល់ជីវភាព»។
លោក ព្រឿង ខ្លូ រៀបរាប់បន្ដថា នៅតំបន់នេះ អ្នកភូមិភាគច្រើនតែងចូលកាប់ឆ្ការព្រៃ និងធ្វើឡធ្យូង ដែលលោកថា វាបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ព្រៃឈើ ហើយពួកគេទាំងនោះក៏បង្ខំចិត្តធ្វើចំណាកស្រុកតែម្ដង ដោយសារមិនអាចធ្វើឡធ្យូងបានដូចមុន។
លោកបន្ដថា៖ «បើធ្វើតែធ្យូរនៅឆ្នាំក្រោយៗអីអស់ហើយព្រៃឈើលែងមានធ្យូងដុត។ ហើយមានតែធ្វើស្រែ បើធ្វើស្រែប៉ះឆ្នាំណាវាកើតទៅបានផល បើឆ្នាំណាអត់កើត អត់កើត វាស្ងួតហួតហែង។ បើអស់ព្រៃ ធ្វើតែស្រែ អញ្ចឹងមានតែចំណាកស្រុកហ្នឹង»។
ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគតិចគួយដូចគ្នា គឺអ្នកស្រី សេន វឿន អាយុ៣៩ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់ក៏ជាអតីតកម្មាការិនីបម្រើការងាររោចក្រនៅរាជធានីភ្នំពេញតាំងពីឆ្នាំ២០១២មក។ អ្នកស្រីបានសម្រេចចិត្តបញ្ឈប់ការងារចំណាកស្រុកនៅឆ្នាំ២០២១ ដោយសារមានគ្រួសារ និងមើលថែទាំកូនតូច។
អ្នកស្រីសង្កេតឃើញថា ភាគច្រើនគឺក្នុងភូមិដែលគាត់រស់នៅ ពុំមានការងារធ្វើឡើយ ដោយអ្នកភូមិនៅតែផ្ដោតលើការងារស្រែចម្ការ ដាំបន្លែ និងដំឡូង ហើយពេលចប់ការងារអស់ទាំងនេះ ពួកគេក៏ចំណាកស្រុកទៅទីក្រុង ឬទៅក្រៅប្រទេស។
អ្នកស្រីរៀបរាប់បន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំសុំដកខ្លួនចេញពីចំណាកស្រុកហើយ ព្រោះខ្ញុំឆ្អែតឆ្អន់ហើយ ល្វីងជូរចត់ប្រៃយ៉ាងណា ក៏ខ្ញុំធ្លាប់ជួបប្រទះ ហើយស្នើសុំឱ្យការងារក្នុងស្រុកល្អជាង ពិសេសការងារក្នុងសហគមន៍»។
មេឃុំថ្មី ស្រុកចិត្របុរី លោក មុំ ខាំ មានប្រសាសន៍ថា នៅឃុំថ្មី ស្រុកចិត្របុរីនេះ ក្រោយពីការងារស្រែចម្ការ អ្នកភូមិដែលភាគច្រើនជាជនជាតិដើមភាគតិចគួយ តែងតែចាកចេញទៅតំបន់ ឬខេត្តផ្សេង ដើម្បីរកការងារធ្វើ ដូចជា ការងារស៊ីឈ្នួលគេ និងការងាររោងចក្រជាដើម។ ប៉ុន្ដែ លោកមិនអាចបញ្ជាក់លម្អិតពីចំនួនអ្នកធ្វើចំណាកស្រុកក្នុងមួយឆ្នាំៗបាននោះទេ។
លោកបន្ដថា៖ «ទី១ ដោយរដូវ រដូវចាប់ពីខែ១២ ខែ១ ពលរដ្ឋគាត់ទំនេរហើយ គាត់ចាប់ផ្ដើមចំណាកស្រុកទៅរកការងារក្រៅ ដើម្បីរកផល រកថវិកាមកជួយដោះស្រាយក្នុងសង្គមគ្រួសារ។ ព្រោះប្រជាពលរដ្ឋនៅស្រុកនេះគាត់ធ្វើតែស្រែទេ យើងធ្វើស្រែក្នុងខែ១២ យើងអស់ហើយ អញ្ចឹងចាប់ពីខែ១២ ចូលដល់ខែ៤ គាត់ចាប់ធ្វើចំណាកស្រុក»។
បើតាមមេឃុំរូបនេះ នៅឃុំថ្មី ស្រុកចិត្របុរី មានភូមិចំនួន១២ ពោលគឺស្មើនឹង ៣១៨៣គ្រួសារ ឬ១៥១៥៣នាក់ ដោយក្នុងនោះ ៨៥ភាគរយ ជាជនជាតិដើមភាគតិចគួយ ពូនង និងខោញ៕
—————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តក្រចេះ កញ្ញា ឆែន រ៉ាទី