CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

កម្មករ​រោងចក្រមួយ​ក្នុងស្រុកបាទី ​ខេត្ដតាកែវ ​ផ្ទុះការតវ៉ា​ក្រោយ​រោងចក្រ​ព្យួរ​ការងារបន្ត

Admin ដោយ Admin
January 24, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សង្គម
0
កម្មករ​រោងចក្រមួយ​ក្នុងស្រុកបាទី ​ខេត្ដតាកែវ ​ផ្ទុះការតវ៉ា​ក្រោយ​រោងចក្រ​ព្យួរ​ការងារបន្ត

រោងចក្រកាត់ដេរ ជេឌី និងតូយូស៊ីម៉ា ខូអិលធីឌី (JD & TOYOSHIMA CO. Ltd) ស្ថិតក្នុងស្រុកបាទី ខេត្ដតាកែវ ផ្ទុះការតវ៉ាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
176
ចំនួនមើល

កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ ជេឌី និងតូយូស៊ីម៉ា ខូអិលធីឌី (JD & TOYOSHIMA CO. Ltd) ស្ថិត​ក្នុង​ស្រុកបាទី ខេត្ដតាកែវ ប្រមាណ២០០​នាក់ បាន​ផ្ទុះការតវ៉ា​ក្រោយពី​រោងចក្រ​ព្យួរការងារ​អស់រយៈពេល​២ខែ​ថា បាន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព និង​ធ្លាក់ខ្លួន​ក្នុង​បំណុល។

បើតាមការបញ្ជាក់របស់កម្មការិនីម្នាក់កំពុងតវ៉ាកាលពីថ្ងៃម្សិលមិញ អ្នកស្រី ម៉ី សម្ផស្ស អាយុ៤២ឆ្នាំ រស់នៅភូមិ ហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវបានថ្លែងថា អ្នកស្រីបានធ្វើការងារខាងផ្នែកបោកអ៊ុតនៅក្នុងរោងចក្រនេះអស់រយៈពេល៨ឆ្នាំមកហើយ។ ប៉ុន្តែអ្នកស្រីត្រូវរោងចក្រសម្រេចព្យួរការងារអស់រយៈ២ខែដោយលើកមូលហេតុថា គ្មានការងារឱ្យធ្វើ ហើយក្នុង១ខែ រោងចក្របានបើកប្រាក់ឧបត្ថម្ភឱ្យត្រឹមតែ២៥ដុល្លារប៉ុណ្ណោះ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា សូម្បីតែប្រាក់៥០%នៃប្រាក់ខែគោល ក៏អ្នកស្រីមិនទទួលបាននោះទេ។

អ្នកស្រីថា អំឡុងពេលដែលសម្រាកអ្នកស្រីត្រូវរស់ពឹងផ្អែកលើប្ដី និងខ្ចីលុយគេ ដើម្បីបង់ធនាគារ ពីព្រោះអ្នកស្រីគ្មានប្រាក់ចំណូលអ្វីក្រៅតែពីធ្វើការងាររោងចក្រនេះទេ។ អ្នកស្រីបន្តថា មូលហេតុដែលផ្ទុះការតវ៉ាពេលនេះ ដោយសារតែខាងថៅកែរោងចក្របានព្យួរការងារពួកគេចំនួន២ខែបន្តទៀត។

កម្មការិនីរូបនេះបាននិយាយថា៖«គេ [រោងចក្រ] ព្យួរខ្ញុំ២ខែហើយ។ ពេលគេព្យួរលំបាកបង អត់មានលុយបង់ធនាគារ។ គេឱ្យតែ២៥ដុល្លារថ្លៃស្នាក់នៅ ក្រៅពីហ្នឹងគេអត់ឱ្យហ្មង។គេថាអត់ការងារធ្វើ គេឱ្យយើងឈប់សិន ឥលូវពួកខ្ញុំដល់ថ្ងៃចូលហើយ​ គេព្យួរ២ខែបន្ថែមទៀត បានពួកខ្ញុំតវ៉ា»។

កម្មការិនីម្នាក់ទៀត អ្នកស្រី ម៉េង ម៉ាលីស អាយុ៣៥ឆ្នាំ រស់នៅភូមិចំបក់​ ឃុំពត់សរ ស្រុកបាទីដែលបានបម្រើការងារផ្នែកបោកអ៊ុតអស់រយៈពេល៥ឆ្នាំ បានប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា​ អ្នកស្រីមកតវ៉ានេះ ពីព្រោះតែខាងរោងចក្របានបន្ដព្យួរការងារអ្នកស្រី២ខែបន្ថែមទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងបំណុលផងដែរ។ ការតវ៉ាថ្ងៃនេះ គឺចង់ឱ្យខាងរោងចក្រផ្ដល់លុយប្រាក់ខែគោលខ្លះៗ ដើម្បីឱ្យពួកអ្នកស្រីអាចកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ខ្លួនបានខ្លះ។ ម្យ៉ាងវិញទៀត អាចឱ្យពួកអ្នកស្រីចូលធ្វើការធម្មតាដូចដើម បើមិនដូច្នេះទេ ពួកអ្នកស្រីនឹងនៅតែបន្ដតវ៉ាដដែល រហូតមានដំណោះស្រាយ។ យ៉ាងណាមិញ អ្នកស្រីស្នើសុំឱ្យខាងក្រសួងការងារ មេត្ដាជួយដោះស្រាយបញ្ហាទាំងអស់នេះផង។

អ្នកស្រីបន្ដថា៖ «ឱ្យខាងរោងចក្រព្រមទទួលយកពួកខ្ញុំធ្វើការវិញ តែបើព្យួរបន្ដត្រូវតែឱ្យពួកខ្ញុំ៥០%នៃប្រាក់ខែគោល ដើម្បីបានលុយខ្លះដោះស្រាយជីវភាពរបស់ពួកខ្ញុំ។ យ៉ាប់អូន ពេលអត់ការងារធ្វើចឹង វាអត់ចំណូល ហើយយើងត្រូវចាយរាល់ថ្ងៃ។ សុំឱ្យក្រសួងការងារជួយមើលពួកខ្ញុំផង ជួយអន្ដរាគមន៍ផង»។

ពេលពលរដ្ឋអ្នកសារព័ត៌មានចុះយកព័ត៌មាននៅកន្លែងផ្ទុះការតវ៉ាសង្កេតឃើញថា មានខាងរដ្ឋបាលរោងចក្របានមកប្រកាសប្រាប់កម្មករ-កម្មការិនីរោងចក្រថា រោងចក្រសុំព្យួរការងារ២ខែបន្ថែមទៀតដោយអះអាងថា គ្មានការងារធ្វើ ខណៈកម្មករទាំងអស់មិនសុខចិត្ដទ ដោយសារមិនមានដំណោះស្រាយសមស្របណាមួយឱ្យពួកគាត់។ ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្តាល មិនអាចសុំការបំភ្លឺពីតំណាងរោងចក្រជេឌី និងតូយូស៊ីម៉ា ខូអិលធីឌី (JD & TOYOSHIMA CO. Ltd) ទាក់ទងការតវ៉ារបស់ក្រុមកម្មករនេះ ហើយផ្ទុយទៅវិញ ក្រុមសន្តិសុខបានបណ្តេញអ្នកកាសែតចេញពីកន្លែងតវ៉ាផងដែរ។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបដិសេធមិនឆ្លើយសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឡើយ ដោយបានបង្វែសំណួរឱ្យទៅអានច្បាប់ ស្ដីពី ការងារជំនួសវិញ។

លោកបន្ដថា៖«ប្អូនទៅមើលច្បាប់ការងារចុះ ខ្ញុំមិនមានអីនិយាយទេ»។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៨៨)។

ក្នុងលិខិតដដែលបានបញ្ជាក់ថា មានរោងចក្រសហគ្រាសចំនួន១២បានព្យួរកម្មករនិយោជិត៨៦៦នាក់ ដែលបានព្យួរការងារអាចបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ លិខិតដដែលបានបញ្ជាក់ថា ការព្យួរការងារចាប់ពី១១ថ្ងៃ ទៅ២០ថ្ងៃ គឺទទួល១២ម៉ឺនរៀល ឬស្មើ៣០ដុល្លារ។ ការព្យួរការងារចាប់ពី២១ថ្ងៃ ទៅ១ខែ ត្រូវទទួលបានប្រាក់១៦២០០០ម៉ឺនរៀល ស្មើនឹង៤០ដុល្លារ។ 

បើតាមប្រធានសហជីពកម្ពុជា អ្នកស្រី​  យ៉ាង សុភ័ណ្ឌ បានឱ្យCCIMដឹងថា ជាទូទៅថៅកែរោងចក្រមួយចំនួនធំតែងតែប្រើប្រាស់មធ្យោបាយព្យួរការងាររបស់កម្មករ ដើម្បីបានកាត់បន្ថយការចំណាយផ្សេងៗតាមផ្លូវច្បាប់ការងារ។ អ្នកស្រីថា បើសិនជាថៅកែបញ្ឈប់កម្មករតែម្ដង គឺខាងរោងចក្រត្រូវទូទាត់សំណងដល់កម្មករ ដូច្នេះការព្យួរការងារនេះ ជាអ្វីដែលថៅកែ អាចគេចវេសបាន។

ប្រធានសហជីពរូបនេះបន្ដថ្លែងថា៖ «មួយរយៈនេះមាននិយោជិតមួយចំនួនកើតទុក្ខមិនសុខចិត្ដ ដោយសារតែរោងចក្រខ្លះបិទទ្វារ រោងចក្រខ្លះព្យួរការងារមិនបានគិតសំណង ដោយកាត់បន្ថយម៉ោងការងារ និងយកលេសថា គ្មានការងារធ្វើ ដើម្បីគេចវេស ជាហេតុធ្វើឱ្យមានការតវ៉ាច្រើន តាមខ្ញុំដឹង»។

យោងតាមច្បាប់ស្ដីពីការងារ មានត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈ​ផ្ទាល់​នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទាម​ទារសំណងសោហ៊ុយជម្ងឺចិត្តបាន។

ចំណែកឯប្រធានសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ បានមើលឃើញថា មូលហេតុដែលបញ្ហាទាំងអស់កើតឡើងដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងបញ្ហាជំងឺ និងសង្គ្រាមផង ធ្វើឱ្យការបញ្ជារទិញឥវ៉ាន់មានការថយចុះខ្លាំង។ លោកថា ទោះបីគេព្យួរការងារនិយោជិត ក៏ត្រូវគិតប្រាក់៥០%ឱ្យកម្មករដែរ ប៉ុន្ដែបើសិនជារោងចក្រមិនគិតប្រាក់៥០%ឱ្យកម្មករទេ នោះវាមិនត្រឹមត្រូវតាមច្បាប់ការងារនោះទេ។

លោកអាទិត្យបន្ថែមថា៖«បើគេ [រោងចក្រ] ព្យួរគេឱ្យ៥០% អាហ្នឹងគឺគ្រាន់បើហើយ ប៉ុន្ដែបើអត់ឱ្យសោះអាហ្នឹងពួកគាត់តវ៉ាត្រូវហើយ»។

សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រកាសឱ្យដឹងដែរថា ក្រុមហ៊ុន លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន (Lim Line International (Cambodia) Garment Co.,Ltd.) ស្ថិតនៅរាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីបម្រើការងារ ចំនួន៨៨៥នាក់ បានបិទទ្វារអាជីវកម្មរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុនបានអះអាងថា « គ្មានអ្នកបញ្ជាទិញ»។ បន្ថែមលើនេះ កម្មកររោងចក្រនៅខេត្ដកំពង់ឆ្នាំងមួយក៏បានផ្ទុះការតវ៉ាផងដែរ កាលពីថ្ងៃម្សិលមិញនេះ ក្រោយពីថៅកែរបានព្យួរការងារកម្មករកម្មការិនីប្រមាណជិត២០០០នាក់។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានសំដែងការសោកស្តាយចំពោះការព្យួរការងារកម្មករខាងលើនេះ ដោយថា ការព្យួរការងារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់កម្មករ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមសហជីព និងកម្មករនៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងបានអះអាងថា មានរោងចក្រជាច្រើនបានព្យួរការងារកម្មករ និងរោងចក្រខ្លះទៀតបានបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ ហើយថា ការព្យួរការងារពួកគេនេះ បានធ្វើឱ្យពួកគេជួបការលំបាកជាខ្លាំងលើការចំណាយក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។

បើតាមប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងតាមរបាយការណ៍ពីសមាជិករបស់ខ្លួនថា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ហើយ បានបិទទ្វារ និងរោងចក្រចំនួន២០បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក៕

………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

អង្គការ​សង្គមស៊ីវិល​រិះគន់​ការឃាត់ខ្លួន លោក ស្ងួន ញឿន នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង​ថា​ជា​រឿង​មិន​គួរ​កើត​មាន

អត្ថបទបន្ទាប់

កសិករនៅ​ខេត្តពោធិ៍សាត់​សប្បាយចិត្ត​បន្តិច​ដោយ​សារ​ស្រូវប្រាំង​ឡើងថ្លៃ​បើធៀប​នឹង​ឆ្នាំមុន

អត្ថបទបន្ទាប់
កសិករនៅ​ខេត្តពោធិ៍សាត់​សប្បាយចិត្ត​បន្តិច​ដោយ​សារ​ស្រូវប្រាំង​ឡើងថ្លៃ​បើធៀប​នឹង​ឆ្នាំមុន

កសិករនៅ​ខេត្តពោធិ៍សាត់​សប្បាយចិត្ត​បន្តិច​ដោយ​សារ​ស្រូវប្រាំង​ឡើងថ្លៃ​បើធៀប​នឹង​ឆ្នាំមុន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង