ប្រជាពលរដ្ឋនៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្នើដល់អាជ្ញាធរជួសជុលផ្លូវ១ខ្សែឡើងវិញ ដែលតភ្ជាប់ពីភូមិកោះពងសត្វ ទៅក្រុងសិរីសោភ័ណ ក្រោយផ្លូវនោះរងការខូចខាតពិបាកធ្វើដំណើរឆ្លើងកាត់។
កញ្ញា សុខ ឃីម ពលរដ្ឋនៅភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ប្រាប់មកពលរដ្ឋសារព័ត៌មានថា ផ្លូវមួយខ្សែនេះ គឺតភ្ជាប់ពីភូមិកោះពងសត្វ ទៅក្រុងសិរីសោភ័ណ បានរងការខូចខាត និងពិបាកធ្វើដំណើរជាខ្លាំង។
កញ្ញា សុខ ឃីម ឱ្យដឹងថា ផ្លូវមួយខ្សែនេះបានខូចខាតជាច្រើនឆ្នាំហើយ ដោយអាជ្ញាធរមិនជួសជុលឱ្យបានល្អឡើយ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិបាកធ្វើដំណើរជាខ្លាំង។ កញ្ញាថា ដោយសារផ្លូវ១ខ្សែនេះ ពិបាកធ្វើដំណើរខ្លាំងពេក កញ្ញាសម្រេចចិត្តធ្វើដំណើរផ្លូវវាងវិញ។
កញ្ញាបន្ថែមថា៖« នៅពេលភ្លៀងធ្លាក់ វាជាប់កង់ទៅមុខអត់រួច។ ពេលយើងជិះត្រូវឈប់ឆ្កឹះម៉ូតូរហូត ហើយពេលខ្លះរអិលខ្លាំងដែលយើងពិបាកធ្វើដំណើរ»។
អ្នកស្រី ហួត ម៉ាឡា ពលរដ្ឋនៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ បានលើកឡើងថា នៅរដូវវស្សា បើចង់ធ្វើដំណើរទៅផ្សារស្វាយស៊ីសុផុន ក្នុងក្រុងសិរីសោភ័ណ គឺពលរដ្ឋត្រូវដេកផ្លូវមួយយប់បានទៅដល់ ដោយសារផ្លូវរអិល និងជាប់ផុងផង។ អ្នកស្រីថា ជារៀងរាល់ឆ្នាំនៅរដូវភ្ជុំបិណ្ឌ គឺពលរដ្ឋពិបាកធ្វើដំណើរទៅវត្តណាស់ ដោយពេលរអិលដួលកំពុបម្ហូបអាហារជាដើម ខណៈសិស្សសាលាវិញ ពេលទៅរៀនម្ដងៗ បានដួលប្រឡាក់ខោអាវក៏មានដែរ។
អ្នកស្រី ហួត ម៉ាឡា បន្តថា កន្លងមកពលរដ្ឋធ្លាប់ស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយជុលឡើងវិញផងដែរ ប៉ុន្តែអាជ្ញាធរបានត្រឹមសន្យាធ្វើប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖«និយាយពីអ្នកស្រុកនេះសុំហើយ លួងហើយឡើងទៅសុំហើយមិនឱ្យសោះ។ មិនមែនថាមិនឱ្យទេគេឱ្យចាំ២អាទិត្យ កន្លះខែ ១០ថ្ងៃ តាំងពីឆ្នាំ១៩៧៩មកមិនធ្វើឱ្យសោះ»។

ទិដ្ឋភាពពលរដ្ឋនៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែ ដែលមានស្ថានភាពពិបាកកាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)
លោក ភឿន សុយទី ពលរដ្ឋនៅភូមិកោះពងសត្វម្នាក់ទៀតបានលើកឡើងថា ផ្លូវខូចនេះប្រវែងសរុប៤គីឡូម៉ែត្រហើយសងខាងផ្លូវគេបានចាក់ប៉េតុងរួចហើយ ដោយនៅសល់តែប្រឡោះកណ្ដាល៤គីឡូម៉ែត្រនេះទេ ដែលពុំធ្វើ។ លោកថា ឆ្នាំមុនអាជ្ញាធរ បានធ្វើឱ្យដែរ គឺចាក់ជាដីឥដ្ឋ ប៉ុន្តែពលរដ្ឋមិនពេញចិត្តនោះទេ ដោយបានស្នើធ្វើម្តងទៀត ដោយសារការចាក់ដីឥតធ្វើឱ្យបែកភកពេលភ្លៀងធ្លាក់មកម្តងៗ។
លោក ភឿន សុយទី បន្តថា ពេលភ្លៀង គឺបែកភក់ស្អិតជាប់កង់ឡាន ជាប់កង់ម៉ូតូ ខណៈខែប្រាំងមានក្រឡុក តាមដានរថយន្តផ្សេងៗ ដែលធ្វើដំណើរឆ្លងកាត់។ លោកថា ផ្លូវនេះមានពលរដ្ឋច្រើនណាស់ដែលឆ្លងកាត់ ជាពិសេសសិស្សសាលា។
លោកបន្ថែមថា៖ «និយាយរួមទៅ ផ្លូវនេះឆ្លងកាត់ច្រើន។ មកពីអង្គារបុស្សក៏កាត់ មង្គលបុរីក៏កាត់ឆ្លងកាត់ច្រើន។ ហើយសិស្សសាលាពីនេះទៅច្រើន ហើយគ្នាជិះទៅឱ្យតែខែភ្លៀងជិះមិនកើតទេ។ស៊ូជិះវាងទៅផ្លូវមង្គលបុរីទៅវិញ។ វាងពីកំព្រីងទៅវិញ»។
ចៅសង្កាត់កោះពងសត្វ លោក ឆាយ រឿង បានប្រាប់មកពលរដ្ឋសារព័ត៌មានថា ផ្លូវទីនោះមិនបានខូចទេ គឺគ្រាន់តែពិបាកធ្វើដំណើរពេលមេឃភ្លៀង ហើយថា ផ្លូវនោះមានគ្រឹះរួចហើយ ដោយគ្រាន់តែមិនទាន់បានចាក់គ្រួសតែប៉ុណ្ណោះ។
លោកបន្តថា ជុំវិញបញ្ហានេះ លោកបានសំណូមពរទៅកាន់អាជ្ញាធរថ្នាក់ខេត្តរួចហើយ កាលដើមខែមិថុនានេះ ដើម្បីឱ្យចុះពិនិត្យ និងធ្វើបន្ថែមទៀត។
លោកបន្ថែមថា ៖«ខ្ញុំធ្វើមេគេក្នុងមូលដ្ឋានឃើញកូនចៅពិបាកខ្ញុំក៏ពិបាកដូចគ្នា ព្រោះការធ្វើដំណើរផ្ទះខ្ញុំនៅជិតកន្លែងនឹងដែរ។ ទុកលំបាកពលរដ្ឋក៏ជាទុកលំបាកខ្ញុំដែរ។ ពេលអង្គប្រជុំទទូចសួរគាត់។ គាត់ថាគាត់ធ្វើឱ្យ។ ខ្ញុំអង្គុយចាំទាំងកូនចៅ ទាំងប្រជាពលរដ្ឋនឹងឯង»។

- ទិដ្ឋភាពពលរដ្ឋរុញម៉ូតូតាមបណ្តោយផ្លូវមួយខ្សែ នៅចំណុចភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដោយសារជិះឆ្លងកាត់មិនកើតកាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)
មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាស៍ថា បញ្ហាខូចផ្លូវបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅប្រជាពលរដ្ឋ។ លោកថា ពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីទៅបំពេញការងារ ដូចជាការធ្វើកសិកម្ម អាជីវកម្ម និងការធ្វើពាណិជ្ជកម្មជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយបញ្ហាផ្លូវខូចនេះជូនពលរដ្ឋទេ វានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់សិស្សសាលា ការជួយសង្គ្រោះផ្សេងៗ និងការប្រកបរបររកស៊ីផ្សេងៗឬសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ដោយសារតែផ្លូវពិបាកធ្វើដំណើរ។
លោកបន្ថែមថា៖« បើបញ្ហាសេដ្ឋកិច្ចក្នុងសហគមន៍វិញអីវ៉ាន់ដែលជាផលិតផលត្រូវបានលក់ថោក។ ថោកដោយសារទី១អត់សូវមានអ្នកទៅទិញ។ បើគេទៅទិញគេបញ្ចុះតម្លៃព្រោះគេគិតលើកការធ្វើដំណើរពិបាក។ ចំពោះការសិក្សាអប់រំវិញ សិស្សដែលធ្វើដំណើរមករៀននៅក្រុង គាត់ត្រូវប្រើរយៈពេលយូរ។ ហើយមធ្យោបាយប្រើប្រាស់ក៏ប្រឈមនឹងការឆាប់ខូចខាតដែរ។ បើកាសង្រ្គោះបន្ទាន់ក្នុងករណីមានស្រ្តីមានផ្ទៃពោះ គាត់ទៅជួបពេទ្យ ឬធ្វើដំណើរក៏មានហានិភ័យខ្ពស់ដែរ»។
លោក អ៊ិន គង់ជិត បានជំរុញដល់អាជ្ញាឱ្យវាតម្លៃលើកគម្រោង ស្នើសុំថវិកាពីរដ្ឋ ហើយចាត់ចែងធ្វើផ្លូវឱ្យបានស្អាត ដោយថា ផ្លូវជាផ្នែកមួយជួយលើកកម្ពស់តម្លៃផលិតផលក្នុងសហគមន៍។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីឆ្នាំ២០១៦ បានស្តីបន្ទោស និងព្រមានដកតំណែងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយលោកថា លោកប្រធានមន្ទីររូបនេះ មិនសកម្មក្នុងការជួសជុលផ្លូវក្នុងរាជធានីភ្នំពេញ ហើយបណ្ដោយឱ្យផ្លូវខូចកាន់តែធ្ងន់ធ្ងរ។
ចំណែកអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោកបានស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបន្ថែមថា៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស។ ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»។
បើតាមពលរដ្ឋ គឺពួកគាត់ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវនេះឱ្យបានឆាប់ ដោយចាក់ជាបេតុង ឬក្រាលគ្រួសក្រហម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់៕
………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ