អ្នកឃ្លាំមើលបញ្ហាសង្គមបានលើកឡើងថា ការប្រើតួនាទីឬឈ្មោះថ្នាក់ដឹកនាំដើម្បីទៅរត់ការយកតួនាទី តំណែងឬរកស៊ី ប្រសិនបើមិនមានវិធានការទប់ស្កាត់ និងដោះស្រាយឱ្យមានប្រសិទ្ធភាពទេ នឹងធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ព្រមទាំងជាវប្បធម៌បំផ្លាញនីតិរដ្ឋ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងមិនល្អឡើយ នៅពេលវប្បធម៌យកតួនាទីឬឈ្មោះថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ ឬថ្នាក់កណ្តាលដើម្បីទៅរត់ការយកតួនាទីឬតំណែង ឬរកស៊ីជាដើមនោះ ជាទម្រង់អំពើពុករលួយ ដែលជាវប្បធម៌ បំផ្លាញនិតីរដ្ឋនៅកម្ពុជា។
លោក សេក សុជាតិ លើកឡើងថា៖« ជាទូទៅវប្បធម៌នេះ ជាវប្បធម៌បំផ្លាញនីតិរដ្ឋ និងជាវប្បធម៌បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។ បុគ្គលដែលប្រព្រឹត្តអំពើមិនល្អទាំងនេះ គួរតែមានវិធានការច្បាស់លាស់មួយ ហើយបើរកឃើញមិនគួរយោគយល់មិនគួរលើកលែងឱ្យពួកគាត់នោះទេ។ ដោយសារពួកគាត់ជាអ្នកបំផ្លាញឫសគល់សុច្ចរិតភាព និងយុត្តិធម៌នៅក្នុងសង្គម»។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានបង្ហោះវីដេអូរបស់លោកមួយ ដែលបានលើកឡើងថា ពីពេលនេះទៅរាល់ការចុះធ្វើអធិការកិច្ចនៅតាមបណ្តារោងចក្រនៅក្នុងទឹកដីខេត្តនេះត្រូវមានលិខិតឬអធិការពីលោកផ្ទាល់។ បើមិនមានលិខិតអធិការកិច្ចពីលោកទេ សកម្មភាពរបស់មន្ត្រីមន្ទីរការងារខេត្ត លោកចាត់ទុកថាជាការខុសឆ្គងផ្នែករដ្ឋបាល។
លោកអភិបាលខេត្តនិយាយទៀតថា មានករណីមន្ត្រីខ្លះបានចុះទៅយកលុយនៅតាមរោងចក្រ ដោយប្រាប់ថាលោកជាអ្នកយក។ បន្ថែមពីនេះ លោកក៏ទទួលបានពាក្យចចាមអារ៉ាមថា រាល់អ្នកវិយោគដែលចង់មករកស៊ីនៅខេត្តនេះ ទាល់តែបង់ប្រាក់ទៅចៅហ្វាយខេត្តរាប់ម៉ឺនដុល្លារ ប៉ុន្តែរឿងទាំងនេះលោកបានបដិសេធ និងថា កំពុងស្រាវជ្រាវផងដែរ។
លោក មានប្រសាសន៍ថា៖ «ហើយបើថាយកខ្ញុំរាប់ម៉ឺនមែន ថាតើខាងវិនិយោគទុនហ្នឹងសុខព្រមឱ្យខ្ញុំទេ? ហើយថាតើប្រសិនបើខ្ញុំយករាប់ម៉ឺនមែនថាតើក្នុងខែមករា យើអាចទទួលបាន១៧គម្រោងទេ? យើងនិយាយអីចេះ។ អីចឹងចំណុចនេះ ខ្ញុំចាប់ផ្តើមបើកការស៊ើបអង្កេត បាទ គ្រប់រោងចក្រទាំងអស់ ថាតើមានបុគ្គលណាទៅទំនាក់ទំនងឬយកឈ្មោះខ្ញុំទៅឬយ៉ាងម៉េច? ខ្ញុំខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីអ្នកកំពង់ស្ពឺ ខិតខំខ្លាំងណាស់ធ្វើយ៉ាងម៉េចដើម្បីទាក់ទាញអ្នកវិនិយោគទុនឱ្យគេមករកទទួលទានច្រើននៅក្នុងខេត្តរបស់យើង»។
អភិបាលខេត្តកំពង់ស្ពឺថ្មីរូបនេះ ក៏បានអះអាងដែរថា មានក្រុមអ្នករកស៊ីចាក់ដីមួយបានអះអាងប្រាប់គេថា ខ្លួនជាចៅហ្វាយខេត្តកំពង់ស្ពឺ ហើយលោកក៏បានកំណត់មុខសញ្ញាបានហើយដែរ គឺប៉ូលិសនៅសាលាក្រុងច្បារមន។ បញ្ហានេះ លោកបញ្ជាទៅស្នងការខេត្ត និងអភិបាលក្រុងឱ្យចាត់វិធានការ ដោយត្រូវជួបលោកនិងសូមទោសលោកជាលាយលក្ខណ៍អក្សរ បើពុំដូច្នេះលោកនឹងប្តឹងតាមច្បាប់តែម្តង។
ក្រោយការប្រកាសបែបនេះ មិនបានប៉ុន្មានថ្ងៃ អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត វុទ្ធី និងបក្ខពួកត្រូវបានចាប់ខ្លួន ដោយចោទពីបទចោទបោកប្រាស់ជនជាតិចិន២នាក់បានប្រាក់ជាង១លានដុល្លារអាមេរិក រឿងសុំអាជ្ញាប័ណ្ណរុករករ៉ែក្នុងខេត្តប៉ៃលិន។ ក្រុមនេះ ក៏បានរៀបចំគម្រោងបោកប្រាស់យកប្រាក់៥លានដុល្លារផ្សេងទៀត ពីការធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តព្រះវិហារ និងខេត្តផ្សេងទៀត ពីជនជាតិចិនផ្សេងទៀតផងដែរ។
អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានប្រាប់កាសែតក្នុងស្រុកឱ្យដឹងថា ACUពិតជាបានកសាង សំណុំរឿង លោក ទិត វុទ្ធី និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ក្រោយពីបានបើកការស៊ើបអង្កេតរួច។ ប្រភពបន្តថា ករណីនេះ អយ្យការនិងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី អ្នករត់ការជាមន្រ្តីយោធា លោកវរៈសេនីយ៍ត្រី ហ៊ាវ ខន និង អ្នកបកប្រែភាសាចិន អ៊ឹង សារឿន ពីបទពុករលួយ ឬរំលោភអំណាច សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ។ ជនទាំង៣នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកាលពីថ្ងៃទី៩ ខែមីនា។
ដោយឡែកការឈ្មោះអ្នកដឹកនាំកំពូលៗទៅរត់ការតំណែងតួនាទីឬការរកស៊ីវិញ កាលពីចុងឆ្នាំ២០២៤ តុលាការបានឃុំខ្លួន ទីប្រឹក្សា និងជំនួយការ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមមាន លោក លី សាម៉េត លោក ដួង តារា រួមទាំងមនុស្សមួយចំនួនទៀត ពាក់ព័ន្ធសំណុំរឿងសូកលុយរាប់សិបម៉ឺនដុល្លារដោយប្រើឈ្មោះ អតីតនាយករដ្ឋមន្ត្រី ជាថ្នូរនឹងការបានតំណែង រួមការងាររកស៊ីផងដែរ។
លោក សេក សុជាតិ បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលត្រូវចាត់វិធានច្បាប់ដោយគ្មានការយោគយល់ ឈរនៅលើគោលការណ៍ស្មើភាពគ្នា តម្លាភាព និងប្រកបដោយឆន្ទៈខ្ពស់៕
………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ