នារាត្រីរំលងអាធ្រាតម៉ោង ២ទៀបភ្លឺ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ថ្មីនេះ មានករណីចោរកម្មមួយបានកើតឡើងនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនេះ ក្រុមចោរ បានលួចម៉ូតចំនួន ៤គ្រឿង នៅទីតាំងតែមួយ។ នេះបើតាមការអះអាងរបស់និស្សិតស្រីមួយរូប ឈ្មោះ ហ៊ឹម រត្ថា អាយុ ២៣ឆ្នាំ ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ក្នុងចំណោមម៉ូតូ ៤គ្រឿង ដែលត្រូវបានក្រុមចោរលួចទៅបាត់ស្រមោល។
ជាកូនកសិករ មានស្រុកកំណើតនៅខេត្តកណ្តាល កញ្ញា ហ៊ឹម រត្ថា បានចាត់ទុកករណីចោរកម្មនេះថា វាជាបន្ទុកបំណុលមួយសម្រាប់គ្រួសារកញ្ញា ដែលកំពុងមានស្ថានភាពលំបាកស្រាប់ ព្រោះឪពុកម្តាយរបស់កញ្ញា ត្រូវបង្ខំចិត្តខ្ចីបុលធនាគារ ដើម្បីទិញម៉ូតូថ្មីមួយទៀតតម្លៃ ១៣០០ដុល្លារ ឱ្យកញ្ញាប្រើប្រាស់សម្រាប់ទៅសិក្សា និងសរសេរសារណាបិទបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម។
កញ្ញារៀបរាប់ថា៖ «ពួកគាត់ត្រូវបង្ខំចិត្តយកប្រាក់កម្ចីធនាគារ ដើម្បីទិញម៉ូតូថ្មី ខ្ញុំពិតជាពិបាកចិត្ត និងខូចចិត្តណាស់ដែលរឿងនេះបានបង្ករការលំបាកដល់ពួកគាត់ទាំងពីរ […] សម្រាប់ខ្ញុំ មិនមែនជាកូនអ្នកធូរធារ ដែលត្រូវមករស់នៅ បន្តការសិក្សានៅក្រុងភ្នំពេញ មិនមានបងប្អូនណាដែលជាខ្នងបង្អែក សម្រាប់ការសិក្សាក្រៅពីឪពុកម្ដាយ ហើយខ្ញុំដឹងថា ឪពុកម្ដាយខ្ញុំក៏ពុំមានលទ្ធភាពដែរ គាត់មានត្រឹមតែប្រាក់សម្រាប់ផ្គត់ផ្គង់កូនរៀនជាប្រចាំខែ គាត់មិនបានសល់ហិរញ្ញវត្ថុអ្វីធំដុំឡើយ»។
លោក ឈូក ប៊ុនថៃ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យន័រតុន ដែលបាត់ម៉ូតូHonda Dream ឆ្នាំ២០១៧ នៅទីតាំងតែមួយជាមួយកញ្ញា ហ៊ឹម រត្ថា បានបង្ហាញអារម្មណ៍សោកសៅ នៅពេលដែលបាត់ម៉ូតូ ព្រោះគាត់ពឹងអាស្រ័យទៅលើតែម៉ូតូនេះហើយ សម្រាប់ធ្វើដំណើរទៅរៀន និងទៅលេងស្រុកកំណើត។ លោកបន្តថា នៅពេលដែលជួបរឿងចោរកម្មបែបនេះ ធ្វើឱ្យរូបគាត់ និងគ្រួសារ ជួបការលំបាកក្នុងជីវភាពមួយកម្រិតទៀត។
និស្សិតដែលជាកូនកសិករ មានស្រុកកំណើតនៅស្រុកជីក្រែង ខេត្តសៀមរាបរូបនេះ រៀបរាប់ថា៖ «រឿងធ្វើដំណើរ វាពិបាក ដោយសារខ្ញុំនៅរៀន។ ពេលបាត់អ៊ីចឹងទៅ អត់មានអីជិះទៅរៀន ព្រោះមានតែម៉ូតូមួយហ្នឹងក្នុងគ្រួសារ។ បាត់ភ្លាមៗ យើងពិបាក យើងអត់លុយ ហើយទាល់តែចូលឆ្នាំខ្ញុំទៅស្រុកវិញ ទើបគាត់និយាយជាមួយខ្ញុំ [រឿងទិញម៉ូតូមួយទៀត] តែទាល់តែខ្ចីលុយគេ ដោយសារតែគាត់[ធ្វើស្រែ]ពិបាករកលុយ»។
យុវជនរូបនេះ មិនរំពឹងថា ម៉ូតូដែលបាត់ទៅនោះ អាចរកឃើញវិញនោះទេ ព្រោះលោកថារហូតមកដល់ពេលនេះ មិនទាន់ទទួលបានដំណឹងអ្វីសោះឡើយពីខាងសមត្ថកិច្ច បើទោះជារូបគាត់បានដាក់ពាក្យបណ្តឹងភ្លាមៗក្រោយបាត់ម៉ូតូក៏ដោយ។
និស្សិតស្រីម្នាក់ទៀត ដែលជាជនរងគ្រោះដោយសារអំពើចោរកម្មដែរនោះ កញ្ញា រ៉ាយ ឡាង អាយុ២២ឆ្នាំ ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ កញ្ញាក៏ត្រូវបានចោរលួចម៉ូតូHonda Beat មួយគ្រឿងផងដែរ នៅទីតាំងបន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កញ្ញាបន្តថា ក្រោយចោរលួចម៉ូតូតម្លៃជាង ១០០០ដុល្លារនេះ គឺកញ្ញាមានសម្ពាធផ្លូវចិត្ត និងប៉ះពាល់ការសិក្សា ដោយសារត្រូវចំណាយលុយច្រើនលើការធ្វើដំណើរ តាមកង់បី ឬហៅថាPassApp។
ជាកូនទីពីរ ក្នុងចំណោមបងប្អូន៤នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ កញ្ញា រ៉ាយ ឡាង រៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លាចហើយខ្ញុំភ័យ ខ្ញុំមានអារម្មណ៍ថា អត់មានសុវត្ថិភាពសម្រាប់ខ្លួនឯង ឬក៏និស្សិតដទៃទៀត។ ពិបាកមួយទៀត ពេលខ្ញុំបាត់ម៉ូតូហ្នឹង ខាតពេលរៀនខាតពេលជិត៣ថ្ងៃ ដោយសារតែខ្ញុំអត់មានអីជិះទៅរៀនទេ។ មួយទៀត ខ្ញុំត្រូវទៅធ្វើការអ៊ីចឹងអត់មានម៉ូតូ ខ្ញុំពិបាកក្នុងការធ្វើដំណើរទៅដែរ ព្រោះកន្លែងទៅបង្រៀនខ្លះផ្លូវឆ្ងាយត្រូវជិះម៉ូតូ តែអត់ម៉ូតូខ្ញុំអត់អាចជិះ PassApp បានទេ ព្រោះត្រូវចំណាយលុយច្រើនក្នុងការជិះ PassApp ទៅដែរ»។
យុវតីរូបនេះ បញ្ជាក់ថា កញ្ញាបានដាក់ពាក្យបណ្តឹង នៅប៉ុស្តនគរបាលរដ្ឋបាលភ្នំពេញថ្មី តាំងពីថ្ងៃទី១៩ ខែមីនាផងដែរ ក៏ប៉ុន្តែរហូតមកដល់ដើមខែមេសានេះ គឺកញ្ញាមិនទាន់ទទួលបានតម្រុយ ឬដំណឹងអ្វីឡើយពីអាជ្ញាធរ ពាក់ព័ន្ធ ម៉ូតូ Honda Beatរបស់កញ្ញា ។
កញ្ញាស្នើសមត្ថកិច្ចចាត់វិធានការឱ្យមានប្រសិទ្ធភាព និងស្មើភាពគ្នា ដូចទៅនឹងករណីចោរឆក់កាបូបជនបរទេស ដែលត្រូវបានចោរឆក់នាពេលថ្មីៗនេះ។
កញ្ញាបញ្ជាក់ថា៖ «បើធៀបនឹងព័ត៌មានថ្មីៗ ដែលចោរឆក់កាបូបបរទេសថ្មីៗ គ្រាន់តែប៉ុន្មានម៉ោងរកឃើញចោរ។ ចុះប្រជាពលរដ្ឋដូចយើង និស្សិតអី ពេលគាត់បាត់ម៉ូតូអ៊ីចឹងរកអត់ឃើញ។ ខ្ញុំអត់ដឹងថា ប៉ូលិសគាត់ធ្វើការម៉េច»។
មិនមែនមានតែយុវជន និងយុវតីខាងលើនេះទេ ដែលជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ ស្របពេលបច្ចុប្បន្ន គេសង្កេតឃើញមានករណីចោរកម្មផ្សេងៗទៀតបានកើតឡើង ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដូចជា ករណីចោរឆក់កាបូប និងទូរស័ព្ទ ករណីចោរលួច និងចោរប្លន់ជាដើម។ នេះបើតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាហូរហែ ពីសំណាក់ជនរងគ្រោះ និងការផ្សព្វផ្សាយលើផេកបណ្តាញសារព័ត៌មានមួយចំនួន។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីចោរកម្មមួយបានកើតឡើងលើ ជនបរទេស ដែលគេស្គាល់ថា ជាអ្នកផលិតមាតិកាល្បីលើបណ្តាញសង្គម ទាំងFacebook និងYoutube ដែលមានឈ្មោះ Travelwithchris នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ច ចាប់ជនល្មើសដែលធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីជនជនបរទេសនោះ បានភ្លាមៗ និងបានប្រគល់សម្ភាសន៍ទាំងអស់ទៅជនបរទេសនោះវិញ។
ចំណែក កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ ក៏មានករណីក្រុមចោរប្លន់រថយន្តរបស់ពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុផងដែរ ហើយក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ក៏បានតាមចាប់ក្រុមចោរបានភ្លាមៗផងដែរ។
ករណីចោរកម្ម បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព។
រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១០ បានដាក់ចេញនូវផែនការណែនាំ ស្តីពី ការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដើម្បីជំរុញ និងលើកកម្ពស់ចលនាការពារសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈនៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រ ស្តីពី ការអនុវត្តគោលនយោបាយ «ភូមិ ឃូំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ផងដែរ។
ក្នុងនោះ លក្ខណៈសម្បត្តិ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» មានចំនួន៧ចំណុច ដែលរួមមាន ទី១ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ។ ទី៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
Newsroom Cambodia មិនទាន់សុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បាននៅឡើយទេ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៩ ថា រដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតលើការងារអាទិភាពចម្បងៗ ជាពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរួមមានការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង បទល្មើសខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានជាដើម។
លោកថ្លែងថា៖ «គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង បទល្មើសខុសច្បាប់គ្រប់ប្រភេទ[…] ទាំងនេះជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល សួរថាយើងសម្រេចបាន១០០%ឬនៅ? នៅទេ។ ប៉ុន្តែវាជាទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងជាប់ជាប្រចាំ ដាក់ចេញវិធានការជាប់ជាប្រចាំ ដើម្បីយើងឈានទៅរកការសម្រេចភារកិច្ចជាអតិបរមាជូនប្រជាពលរដ្ឋ ទាំងការផ្តល់សេវា ទាំងការរក្សាស្ថិរភាពសន្តិសុខសង្គម»។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ថា គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺល្អ ក៏ប៉ុន្តែការដោះស្រាយបញ្ហាចោរកម្ម គឺមិនទាន់ឃើញមានប្រសិទ្ធិភាពនៅឡើយ។ លោកថា បញ្ហាចោរកម្ម បានក្លាយជាបន្ទុកសេដ្ឋកិច្ច និងសម្ពាធផ្លូវចិត្តដល់ពលរដ្ឋ ដូច្នេះបញ្ហានេះ ទាមទារឱ្យថ្នាក់ដឹកនាំប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងធ្វើសកម្មភាពជាប់ជាប្រចាំ។
លោកបន្ថែមថា បើសិនជាមិនមានយន្តការ និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានេះទេ នោះប្រជាពលរដ្ឋនឹងកាន់តែបាត់បង់ជំនឿជឿជាក់លើអាជ្ញាធរ ក្នុងការការពារសុខសុវត្ថិភាពជូនពួកគេ។
លោកថា៖ «យើងចង់ឃើញការប្តេជ្ញាចិត្តជាក់លាក់មួយពីថ្នាក់ដឹកនាំ ហើយអនុវត្តឱ្យស្មើភាពគ្នា ដើម្បីធានាបាននូវតម្លាភាព សុចរិតភាព ហើយនឹងមានប្រសិទ្ធិភាពនៅក្នុងការអនុវត្តច្បាប់ ដោយធ្វើ[សកម្មភាព]ឱ្យដូចភ្លៀងរលឹម»។
បើតាមលោក សេក សុជាតិ នៅពេលមានពិធីបុណ្យជាតិធំៗម្តងៗ ក្រុមចោរកម្ម តែងតែធ្វើសកម្មភាពលួច ឬគាស់ផ្ទះប្រជាពលរដ្ឋ នៅពេលដែលពលរដ្ឋចាកចេញពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត។
ចំណែក លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត លើកឡើងថា ដើម្បីដោះស្រាយបញ្ហាចោរកម្មឱ្យមានប្រសិទ្ធិភាព គឺលុះត្រាតែលុបបំបាត់ទីផ្សារងងឹតជាមុនសិន ដោយត្រូវផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ ចំពោះទាំងអ្នកលួច និងអ្នកទទួលផលពីចោរកម្ម។ លោកបន្តថា ការដោះស្រាយបញ្ហានេះ មិនស្មុគស្មាញខ្លាំងនោះទេ ព្រោះអ្នកទទួលទិញផលចោរកម្ម ប្រាកដជាដឹងថាជារបស់ចោរ ព្រោះរបស់របរទាំងនោះ មិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។
លោកលើកឡើងថា៖ «បើបិទផ្សារចោរបាន កុំឱ្យចោរមានទីផ្សារ ខ្ញុំមើលទៅមិនមានចោរច្រើនទេ វាអាចកាត់បន្ថយច្រើន។ យើងមើលឬសគល់ទៅ បើសិនជាទីផ្សារគាត់ឈប់មាន គាត់ប្រហែលជារកអីផ្សេងហើយ គាត់មិនបន្តឆក់ទូរស័ព្ទ ឆក់កាបូបទៀតទេ»។
ត្រឡប់មករក និស្សិតជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហ៊ឹម រត្ថា វិញ កញ្ញាប្រាប់ថា រហូតមកដល់ពេលនេះ ទាំងកញ្ញា និងនិស្សិតប្រុស ៣នាក់ផ្សេងទៀត ដែលបាត់ម៉ូតូដូចគ្នានោះ នៅមិនទាន់ទទួលបានដំណឹងអ្វីពីសមត្ថកិច្ចនៅឡើយ។
ករណីនេះ កញ្ញាក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យមានប្រសិទ្ធិភាពចំពោះអំពើចោរកម្មនេះ។
និសិ្សតស្រីរូបនេះលើកឡើងថា៖ «ខ្ញុំចង់សំណូមពរឱ្យបងៗសមត្ថកិច្ចជួយខ្នះខ្នែង លើរឿងនេះឱ្យបានលឿន ព្រោះឃើញមានច្រើនករណីដែលដាក់ពាក្យប្ដឹង ហើយដូចជាស្ងាត់មិនបានដំណឹងអីសោះ។ យូរៗវានឹងធ្វើឲ្យឱ្យចោរបានចិត្តនឹងធ្វើឲ្យការលួចនេះ កើនឡើងជាមិនខាន»៕
…………………………..
អត្ថបទដោយ៖ លាស់ លីបលីប និងមាស ដា