រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជិត១០០ហិកតា នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីបង្កើតជារោងចក្រផលិតស៊ីម៉ងត៍។
ក្នុងអនុក្រឹត្យមួយដែលចេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលទើបផ្សព្វផ្សាយនៅខែមេសានេះ បានឱ្យដឹងថា ផ្ទៃដីជំហំ៩៩ ហិកតាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអនុប្បយោគពីទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានផ្តល់ដីនោះក្រោមលក្ខខណ្ឌជួលមិនឱ្យលើសពី៥០ឆ្នាំទៅឱ្យក្រុមហ៊ុន ខេភីស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក សម្រាប់វិនិយោគធ្វើជារោងចក្រផលិតស៊ីម៉ងត៍។
អនុក្រត្យបន្ថែមថា៖ «ផ្ទៃដីដូចដែលមានចែងនៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវស្ថិតនៅក្រោមការចាត់ចែងនីតិវិធី ដោយក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍របស់រាជរដ្ឋាភិបាល»។
ពាក់ព័ន្ធការសម្រេចនេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការធ្វើអនុប្បយោគសទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាឯកជនរបស់រដ្ឋ ហើយជួលឬផ្តល់ទៅឱ្យឯកជនមិនមែនជារឿងខុសច្បាប់ទេ។ ប៉ុន្តែលោកថា បញ្ហាគឺយកដីតំបន់ព្រៃឡង់ទៅធ្វើអនុប្បយោគ ដើម្បីជួលទៅឱ្យឯកជននឹងធ្វើឱ្យមានការរិះគន់ជាមិនខាន។ បន្ថែមពីនេះ អ្វីដែលជាការព្រួយបារម្ភនោះ គឺកន្លងមកការផ្តល់ការវិនិយោគដល់ក្រុមហ៊ុន តែងបណ្តាលឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាសហគមន៍ ពិសេសជម្លោះដីធ្លីជាមួយពលរដ្ឋម្ចាស់ស្រុក។ លោកថា នៅពេលមានជម្លោះជាមួយម្ចាស់ស្រុក ពលរដ្ឋនៅមូលដ្ឋានកម្រទទួលបានយុត្តិធម៌ណាស់។
លោកបន្តថា៖ «ដូច្នេះក្តីព្រួយបារម្ភកើតចេញពីបញ្ហានេះ អាចថាបង្កើតឱ្យមានការរិះគន់ចំពោះការរក្សានូវធនធានធម្មជាតិរបស់កម្ពុជា ទី១។ ហើយទី២ គឺពាក់ព័ន្ធទៅនឹងការខ្លាចកើតមានជម្លោះរវាងក្រុមហ៊ុនឯកជន ដែលទទួលបានដីអនុប្បយោគពីរដ្ឋាភិបាល ហើយនឹងប្រជាពលរដ្ឋនៅតំបន់នោះ តាមរយៈការដោះស្រាយដែលមិនឈរលើគោលការណ៍តម្លាភាពរបស់ភាគីទាំងពីរឬភាគីពាក់ព័ន្ធ»។
លោក សេក សុជាតិ លើកឡើងទៀតថា ការសម្រេចនេះក៏បណ្តាលឱ្យមានបញ្ហាប្រឈមដែរ ជុំវិញការកាត់ឆ្វៀលដីតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាហានិភ័យមួយ ធ្វើឱ្យមានគម្រូអាក្រក់ដល់អ្នកផ្សេងទៀត ដែលនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានដីតំបន់ព្រៃឡង់សម្រាប់វិនិយោគ ជាហេតុធ្វើឱ្យតំបន់ព្រៃឡង់កាន់តែរួមតូចទៅៗ ហើយវិនាសកម្មធនធានធម្មជាតិផ្សេងៗ ពិសេស សត្វព្រៃ ព្រៃឈើក៏កើតមានកាន់តែច្រើន។
លោកមានប្រសាសន៍ថា៖ ដូច្នេះកម្ពុជា គួរតែពិចារណាទៅលើគម្រោងអភិវឌ្ឍន៍ ប្រកបទៅដោយតម្លាភាព ហើយប្រកាន់យកនូវការអភិឌ្ឍដោយរក្សាឱ្យបាននូវការរក្សាឱ្យគង់វង្សនូវព្រៃឈើ ឬអាចជំនួសមកវិញនូវព្រៃឈើ ដោយធ្វើយ៉ាងម៉េចកុំឱ្យមានការបាត់បង់ច្រើនពេកនូវព្រៃឈើ ដែលនាំឱ្យមានការបម្រែបម្រួលអាកាសធាតុនៅកម្ពុជាកាន់តែធ្ងន់ធ្ងរនៅថ្ងៃអនាគត»។
យោងតាមរបាយការណ៍សហគមន៍ព្រៃឡង់ បានឱ្យដឹងថា ព្រៃឡង់ដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ប្រមាណជាង ២សែននាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ។ កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់តំបន់ព្រៃឡង់ ជាដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានផ្ទៃដីទំហំជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ។ ប៉ុន្តែ ជាច្រើនឆ្នាំមកនេះ ព្រៃឡង់រងការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជនដោយក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចយ៉ាងអនាធិបតេយ្យ។
ជាក់ស្តែង បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាប្រមាណជាង ១០ ម៉ឺនហិកតា បានបាត់បង់កាលពីឆ្នាំ ២០២២ នៅក្នុងតំបន់អភិរក្សចំនួនបីដែលជាព្រៃឈើសំខាន់របស់ប្រទេសកម្ពុជា។ តំបន់អភិរក្សទាំង៣នោះ រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ។
បើតាមរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ក្នុងចន្លោះពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ ពោលគឺរយៈពេល ២០ ឆ្នាំ កម្ពុជាបាត់បង់គម្របព្រៃឈើសរុបប្រមាណ ២លាន ៧សែនហិកតា ឬស្មើនឹង ៣១% នៃគម្របព្រៃឈើសរុបក្នុងប្រទេស៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ