CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​និទាន​៖​ ស្រ្តី​រស់​នៅ​តំបន់​បឹង​តាមោក​ម្នាក់​តស៊ូ​ឡើង​បេះ​ផ្លែ​អំពិល​ទឹក​និង​បេះ​ឈូក​លក់​ដើម្បី​ចិញ្ចឹម​សមាជិក​គ្រួសារ​ជិត​១០​នាក់​

Admin ដោយ Admin
March 21, 2024
ក្នុង រឿងនិទាន - Oxfam Project
0
អ្នកស្រី ទឹម សាវួន កំពុងឡើងបេះផ្លែអំពិលទឹកសម្រាប់យកទៅលក់ចិញ្ចឹមជីវិត នៅតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (អ្នកស្រី នឿន ដាវីន)

អ្នកស្រី ទឹម សាវួន កំពុងឡើងបេះផ្លែអំពិលទឹកសម្រាប់យកទៅលក់ចិញ្ចឹមជីវិត នៅតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (អ្នកស្រី នឿន ដាវីន)

0
ចែករំលែក
117
ចំនួនមើល

ដំណើរជីវិតពឹងលើបឹងតាមោក

បើទោះបីជាមានវ័យជាងពាក់កណ្តាលជីវិតទៅហើយក្តី ព្រមទាំងមានសុខភាពនិងរាងកាយមិនសូវមាំមួនក៏ដោយ ប៉ុន្តែស្រ្តីចំណាស់រូបនេះមិនបណ្តោយឱ្យរាងកាយដែលមិនសូវមាំមួន​រារាំងដំណើរជីវិតរបស់ខ្លួនដែលមានភារកិច្ចរកប្រាក់មកទំនុកបម្រុងគ្រួសារដែលមានសមាជិកទាំងចាស់ និងក្មេងចំនួនសរុបជិត១០នាក់នោះឡើយ។

ជាគ្រួសារមួយក្នុងចំណោមគ្រួសារផ្សេងទៀតដែលរស់នៅផ្ទះជួលនៅតំបន់បឹងទំនប់កប់ស្រូវ ឬបឹងតាមោក ដែលកំពុងប្រឈមនឹងការបណ្តេញចេញផងដែរ។ ការបណ្តេញពលរដ្ឋចេញពីតំបន់បឹងតាមោក មិនត្រឹមតែប៉ះពាល់ពលរដ្ឋរាប់រយគ្រួសារផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែ​គ្រួសារអ្នកស្រី ទឹម សាវួន ក៏ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ត្បិតគ្រួសារមួយនេះរស់នៅដោយពឹងអាស្រ័យលើទិន្នផលនៃបឹងមួយនេះទាំងស្រុងនាពេលបច្ចុប្បន្ន។

ផលិតផលក្នុងបឹងតាមោកដែលគ្រួសារអ្នកស្រី ទឹម សាវួន កំពុងរស់ពឹងអាស្រ័យនោះ រួមមានផ្លែឈូក ផ្កាឈូក លៀស ខ្ចៅ ខ្យង ត្រី ជាដើម។ លើសពីនេះដើមអំពិលទឹក ដែលដុះនៅតាមមាត់បឹងមួយនេះ ក៏ជាផលដែលគ្រួសារគាត់បានទទួលតាមរយៈការបេះផ្លែយកទៅលក់សម្រាប់ចិញ្ចឹមជីវិតផងដែរ។

ដោយឡែក ផ្ទះជួលដែលអ្នកស្រី និងពលរដ្ឋ៧គ្រួសារផ្សេងទៀត ដោយមានសមាជិក​ចាស់ក្មេងកំពុងរស់នៅបច្ចុប្បន្ន​ប្រមាណ៤០នាក់​។ ផ្ទះជួលនេះមានទីតាំងនៅលើផ្ទៃបឹងតាមោក ហើយពួកគាត់ទាំងអស់ត្រូវចំណាយប្រាក់១៥ម៉ឺនរៀលក្នុង១ខែសម្រាប់បង់ទៅម្ចាស់ផ្ទះ។

ជីវភាពកាន់តែលំបាក​

ចាកចេញពីស្រុកកំណើតនាស្រុកកំចាយមារ ខេត្តព្រៃវែង មករស់នៅផ្ទះជួលតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អស់រយៈពេលប្រមាណ២៥ឆ្នាំមកហើយ។ មករស់នៅ​ដំបូង អ្នកស្រី ទឹម សាវួន និងស្វាមី បានប្រកបរបរនេសាទលើបឹងមួយនេះ ហើយប្តីរបស់គាត់រត់ម៉ូតូឌុបជាដើម។ ត្បិតតែជីវភាពរស់នៅតំបន់បឹងតាមោកកន្លងមក មិនទាន់ធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធា​ក៏ដោយ ប៉ុន្តែក៏មិនលំបាកពេកដូចពេលបច្ចុប្បន្ននោះដែរ។

យ៉ាងណា គ្រួសារអ្នកស្រី សាវួន ចាប់ផ្តើមកាន់តែធ្លាក់ខ្លួនលំបាកខ្លាំង ​ក្រោយពេល​ប្តីរបស់គាត់​ធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ដែលអាចជួយការងារបានតិចតួចប៉ុណ្ណោះ ខណៈអ្នកស្រីក៏មានភារកិច្ចត្រូវមើលថែម្តាយចាស់ជរាម្នាក់ផង។ អំរែកក្នុងគ្រួសារកាន់តែធ្ងន់ថែមទៀត នៅពេលក្មួយៗបង្កើតចំនួន ៥នាក់ ត្រូវមករស់នៅ​​ជាមួយអ្នកស្រី តាំងពីឆ្នាំ២០១៦  ក្រោយពេលឪពុកម្តាយរបស់ក្មេងៗទាំងនោះបានស្លាប់ដោយសារជំងឺ។

អ្នកស្រីនៅចងចាំបានច្បាស់ថា ម្តាយរបស់កុមារទាំងប្រាំនាក់បានស្លាប់ដោយសារទាស់សរសៃ ដោយនៅពេលនោះគេទើបមានកូនខ្ចីប្រាំខែ ហើយបានចុះបេះឈូក ដកព្រលឹត ពេលត្រឡប់មកវិញសម្រាន្តលែងដឹងខ្លួនតែម្តង។ ចំណែកឪពុករបស់ក្មេងៗទាំងនេះវិញ ​មានជំងឺប្រចាំកាយច្រើន ដូចជាជំងឺរបេង កូនកណ្តុរចំនួន២៣ក្នុងពោះ និង ​ជំងឺអេដស៍។ ការចងចាំរបស់អ្នកស្រី សាវួន នៅតែបន្តនិយាយអំពីឪពុកម្តាយរបស់ក្មេងៗទាំង៥នាក់ដដែល។ ក្រោយពេលប្រពន្ធស្លាប់ចោល ហើយកូនតូចត្រូវការមឹមទឹកដោះគោ និងមានជីវភាពខ្វះខាតខ្លាំងផង  បុរសដែលផ្ទុកមេរោគអេដស៍ដដែលនេះ បានព្យាយាមទៅលើកលប វៃអួនឱ្យគេ ដើម្បីបានប្រាក់ខ្លះ ប៉ុន្តែការប្រឹងលើសកម្លាំង ទើបបណ្តាលឱ្យជំងឺលោកកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់បាត់បង់ជីវិត​។

សព្វថ្ងៃអ្នកស្រី ទឹម សាវួន ប្របករបរ ជាអ្នកឡើងបេះផ្លែអំពិលទឹក បេះផ្កាឈូក ផ្លែឈូក ដកក្រអៅឈូក រាវខ្មៅ ខ្យង យកទៅលក់ដើម្បីផ្គត់ផ្គង់ការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ខណៈស្វាមីអ្នកស្រីបច្ចុប្បន្នអាចត្រឹមជួយការងារផ្ទះបានតិចតួចប៉ុណ្ណោះ មិនអាចចេញរកប្រាក់ជួយគ្រួសារបានទេ។

ត្រឡប់មកមើល ដើមអំពិលទឹកដែលមានកម្ពស់ខ្ពស់ដុះតាមដងផ្លូវ ជាប់មាត់បឹងតាមោកវិញ។ ដើមអំពិលទឹកទាំងនោះ មនុស្ស​មានវ័យជាងពាក់កណ្តាលជីវិត ពិសេសស្ត្រី គឺគេកម្រឃើញហ៊ានឡើងណាស់ត្បិតវាខ្ពស់  ប៉ុន្តែសម្រាប់អ្នកស្រី សាវួន បានឡើងស្ទើរជារៀងរាល់ថ្ងៃព្រោះតែដើម្បីក្រពះសមាជិកគ្រួសារ ពិសេសក្មួយៗ។

អ្នកស្រីបន្ថែមថា៖«ទៅបេះអំពិលទឹក បើមេឃខ្យល់ភ័យយកតែមែនទែន តែតាំងចិត្តកុំភ័យធ្វើម៉េចឱ្យបេះបានផ្លែចុះមកឱ្យបានដាក់លក់ មកចិញ្ចឹមក្មួយៗ»។

ស្រ្តីវ័យចំណាស់ដដែលនេះ មានកូនម្នាក់ និងមានចៅម្នាក់ ប៉ុន្តែពួកគេបានរស់នៅបែកគ្រួសារ ឬបរិភោគអាហារបែកពីគ្រួសារអ្នកស្រី ខណៈជីវភាពពួកគេក៏ជួបការលំបាកផងដែរ។

ក្នុងមួយថ្ងៃចំណូលដែលអ្នកស្រី សាវួន ទទួលបានពីការលក់ផ្លែអំពិលទឹកក្តី ឈូកក្តី ឬខ្មៅ ខ្យងក្តី គឺទទួលបានចន្លោះពី២០ ០០០រៀល ទៅ៣០ ០០០រៀលប៉ុណ្ណោះ។ ចំណូលនេះ គឺមិនទៀងទាត់ឡើយ ដោយថ្ងៃខ្លះអាចរកបានដល់ ៥០ ០០០រៀល ហើយក៏ជាថ្ងៃគាត់សប្បាយចិត្តដែរ ប៉ុន្តែថ្ងៃខ្លះទៀតរកមិនបានសូម្បីតែមួយរៀល។  ថ្ងៃដែលរកចំណូលមិន​បាន​ គឺជាពេលវេលាដែលគ្រួសារមួយនេះត្រូវបរិភោគអាហារមិនបានឆ្អែតឡើយ ហើយក្មេងៗដែលត្រូវទៅរៀនក៏មិនអាចទៅបានដែរ។  ​

អ្នកស្រី​រៀបរាប់ថា៖«រាល់ថ្ងៃខំរកមិនខ្លាចដាច់ង្ហើមទេ អត់មានពេលសម្រាកទេ ព្រោះខ្ញុំរកតែឯង គ្រួសារខ្ញុំជួយបានតិចតួច ចំណាយច្រើន ណាម្តាយចាស់ ណាក្មួយវេទនាមែនទែន»។

មានសម្បុរសណ្តែកបាយ សក់ស្កូវស្ទើរតែទាំងស្រុង ម្រាមដៃ កំភួនដៃក្រិន និងមានរមាស់ដោយសារជ័រឈូកកាត់ អង្គុយចំមាត់ទ្វារផ្ទះ ពេលនិយាយអ្នកស្រី សាវួន តែងតែមានអាការៈ ញ័រតិចៗ។  ​អ្នកស្រីព្យាយាមរកប្រាក់ដើម្បីចិញ្ចឹមក្មួយ ឱ្យបានទៅរៀន និងមើលថែក្មួយម្នាក់ក្នុងចំណោម៥នាក់ដែលមានជំងឺប្រចាំកាយបន្តពីឪពុក។

ក្មួយរបស់អ្នកស្រីដែលតូចជាងគេមានអាយុ ៧ ឆ្នាំនៅមិនទាន់ចេះនិយាយនៅឡើយ និងក្មួយទីពីរមានផ្ទុកមេរោគអេដស៍ និងមានជំងឺរបេងកូនកណ្តុរ ​ជាជំងឺបន្តពីឪពុក ដែលត្រូវលេបថ្នាំជាប្រចាំ។ ​

អ្នកស្រីរៀបរាប់ថា៖ «ទៅរកខ្ញុំភ័យខ្លាចដែរ ទៅយប់ខ្លាចពស់ ខ្លាចក្អែប តែទៅចេះតែបានសុខបានស្រួលមិនដែលមានបញ្ហាអី។ ក្នុងចិត្តមួយខ្លាច ក្នុងចិត្តមួយគិតថាតស៊ូ ដើម្បីយកលុយចិញ្ចឹមក្មួយៗ»។

ទុក្ខថ្មីមកដល់ 

ស្របពេលបន្ទុកក្នុងគ្រួសាររបស់អ្នកស្រី សាវួន កាន់តែធ្ងន់ រីឯផ្ទៃបឹង​តាមោកដែលគ្រួសារគាត់ រួមទាំងពលរដ្ឋផ្សេងទៀតរស់ពឹងអាស្រ័យ​នោះ ​ក៏កាន់តែរួមតូចទៅៗ ហើយទិន្នផលត្រី លៀស ខ្យង ខ្មៅ និងផ្ទៃបឹងដែលឈូកអាចដុះបាន ក៏ចេះតែថយចុះទៅៗជាលំដាប់។ មិនតែប៉ុណ្ណោះ ពលរដ្ឋជាច្រើនរយគ្រួសារក៏កំពុងប្រឈមមុខនឹងការបណ្តេញចេញពីលំនៅឋានចាស់ដែលធ្លាប់រស់នៅថែមទៀតផង។

បឹង​តាមោកមានទំហំជាង៣២០០ហិកតា ​​ជាបឹងធម្មជាតិដែល​ត្រូវបានគេចាត់ទុកជាអាងស្តុកទឹកធំមួយជាងគេនៅ​រាជធានីភ្នំពេញ ​មានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥។

បើតាមរបាយការណ៍របស់សមាគមធាងត្នោត ចាប់តាំងពី​ឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០២៣ បឹងធម្មជាតិមួយនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ​កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយប្រគល់ឱ្យបុគ្គលឯកជន អ្នកមានលុយ មានអំណាច និងស្ថាប័នសាធារណៈជាបន្តបន្ទាប់សរុបចំនួន ៧៩លើក ខណៈផ្ទៃបឹងនេះ​នៅសល់មិនដល់១០០០ហិកតាផង។

សម្រាប់អ្នកស្រី ទឹម សាវួន កាន់តែព្រួយបារម្ភប្រសិនបើមានការបណ្តេញពួកគាត់ចេញពីផ្ទះជួលបច្ចុប្បន្ន ព្រោះអ្នកស្រីមិនមានផ្ទះ ហើយក៏មិនមានដីធ្លីកន្លែងផ្សេងសម្រាប់ស្នាក់ ឬត្រូវទៅរស់នៅឡើយ។  ​

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំជួលផ្ទះគេទេ តែបើគេរុះរើទៅក៏ខ្ញុំមិនដឹងជាជួលគេនៅឯណាទេ ព្រោះអត់មានដីធ្លីអីនឹងគេ។ ខ្ញុំជួលកន្លែងនឹងស្រួលជាង ព្រោះនៅនឹងមានមុខរបរនៅជិតផ្ទះ គ្រាន់បានពីរ បីម៉ឺន គ្រាន់បានចិញ្ចឹមគ្រួសារ មានសាលាជិត ហើយក្មួយបានដើរទៅរៀនដល់ បើគេដេញចេញទៅយើងបារម្ភខ្លាចរកអ្វីអត់បានហូបផង ខ្លាចសាលារៀនមិនដឹងជានៅណានៅណី ទៅមិនស្រួលដូចកន្លែងយើងចាស់ទេ។ បើរស់នៅកន្លែងចាស់យើងធ្លាប់ដឹង ទឹកដី ដើរកស៊ីពីកន្លែងនេះ កន្លែងនោះយើងដឹង»។

តំណាងសហគមន៍សំរោងត្បូង អ្នកស្រី សឿន ស្រីសុទ្ធ បានរៀបរាប់ពីការលំបាករបស់គ្រួសារអ្នកស្រី ទឹម សាវួន នាពេលបច្ចុប្បន្ន។ ការលំបាកទាំងនោះ ​ព្រោះអ្នកស្រី ទឹម សាវួន មានបន្ទុកចិញ្ចឹមក្មួយៗ និងម្តាយចាស់ ហើយប្តីក៏មិនសូវរឹងមាំ។ បន្ថែមពីនេះ ការលុបបឹងជាបន្តបន្ទាប់ ​បណ្តាលឱ្យផ្ទៃបឹងកាន់តែរួមតូច ហើយជីវៈចម្រុះក្នុងបឹងនេះកាន់តែបាត់បង់ ដែលធ្វើឱ្យពលរដ្ឋរស់ពឹងអាស្រ័យបឹងតាមោកកាន់តែជួបការលំបាកដូចគ្នា។

អ្នកស្រីថា៖«រាល់ថ្ងៃតាំងពីគាត់មិនទាន់មានចៅ រហូតដល់ចៅគាត់ធំហើយ គាត់មិនធូរធាតែគាត់អាចរកស៊ី និងបានផលពីបឹង តាមរយៈការនេសាទ អាស្រ័យផលលើបឹងតាមោក។ ឥឡូវគេលុបអស់បឹងហើយ គាត់អត់មានត្រីរកដូចពីមុនទេ គាត់បានត្រឹមតែដកកាអៅឈូក បេះផ្កាឈូក បេះអំពិលទឹកលក់ជាប្រចាំ»។

ក្តីស្រមៃចង់ឃើញក្មួយៗមានអនាគតល្អ

ត្រឡប់មកការខិតខំប្រឹងប្រែងរបស់អ្នកស្រី សាវួន វិញ។ ទោះបីជារស់នៅក្នុងភាពក្រីក្ររកព្រឹកខ្វះល្ងាចក៏ដោយ ប៉ុន្តែសម្រាប់អ្នកស្រី ទឹម សាវួន នឹងខិតខំប្រកបមុខរបរដែលមាននាពេលបច្ចុប្បន្ន​ ប្រសិនបើពួកគាត់អាចរស់នៅកន្លែងចាស់បានបន្តទៀត ដោយសង្ឃឹមថា ថ្ងៃណាមួយក្មួយៗ និងចៅរបស់អ្នកស្រីអាចមានចំណេះដឹង និងមានអនាគតជាងល្អអ្នកស្រី។

ក្តីស្រមៃអ្នកស្រី ទឹម សាវួន៖ «រាល់ថ្ងៃនាងអើយពិបាកណាស់ គ្រួសាររបស់ខ្ញុំពិបាកសឹងតែរកបាយហូបសឹងមិនបាន។ ចិញ្ចឹមក្មួយទៅរៀនបីនាក់ រកតែខ្ញុំម្នាក់ឯងហើយចិញ្ចឹមម្តាយចាស់ទៀត។ រាល់ថ្ងៃផ្ទះជួលគេពិបាកសឹងតែដាច់ដង្ហើម តែស៊ូទ្រាំដើម្បីចិញ្ចឹមក្មួយ វានៅតូចៗពេកឱ្យវាមានចំណេះចេះដឹងខ្លះទៅ ខ្ញុំងាប់ទៅក៏បិទភ្នែកជិតហើយ»៕

​…………………………………………

អត្ថបទនិទានរៀបរៀងដោយ អ្នកស្រី នឿន ដាវីន

អត្ថបទមុន

ពលរដ្ឋ១២គ្រួសារប្តឹងស្នងការរងខេត្តបាត់ដំបងម្នាក់ពាក់ព័ន្ធរឿងរំលោភយកដីជាង៦០ហិកតា

អត្ថបទបន្ទាប់

ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្ដ​ស្វាយរៀង​នាំ​គ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​

អត្ថបទបន្ទាប់
ពលរដ្ឋជួបជុំតវ៉ានៅលើដីស្រែស្ថិតនៅភូមិទួលចំបក់ ឃុំសង្កែស្រុករំដួល ខេត្ដស្វាយរៀង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្ដ​ស្វាយរៀង​នាំ​គ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង