CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

CJs khmer ដោយ CJs khmer
March 27, 2025
ក្នុង បទយកការណ៍, បរិស្ថាន, ព័ត៌មាន
0
បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

ក្រុម​យុវជន និង​សង្គម​ស៊ីវិល ប្រារព្ធទិវា​ព្រៃឈើ​​អន្តរ​ជាតិ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ថតដោយ៖ ហុង សេរីហ្វុង

0
ចែករំលែក
58
ចំនួនមើល

សំឡេង​នៃ​​ការ​ជជែក​វែក​ញែក​អំពី​​​​បញ្ហា​​​ព្រៃ​ឈើ ការ​ប្រឈម​នានាក្នុងកា​រអភិរក្ស​ និងការ​ពារ​ព្រៃឈើ​នៅតំបន់​ការ​ពារ​​​ ក្នុង​​​​ចំណោម​​​ក្រុម​​យុវជន​​​​​​ជន​ជាតិ​ដើម​ភាគតិច​​ ​អង្គការ​សង្គម​​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល ​និង​​​​ព្រះ​សង្ឃជាដើម ត្រូវ​បាន​បន្លឺ​នៅ​ក្នុង​​វេទិកា​នៃការ​ប្រារព្ធ​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ ឆ្នាំ​២០២៥ កាលពីអំឡុង​សប្តាហ៍មុន។

តំបន់ការពារធំៗចំនួន២ ដែលសហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​លើកឡើង​នោះ គឺតំបន់​ព្រៃ​ឡង់​ និង​​ព្រៃ​ព្រះ​រការ ដែលមាន​វិសាលភាព​គ្រប​ដណ្តប់លើ​​ខេត្តចំនួន​៤ ក្នុងប្រទេស​កម្ពុជា នោះ​​​គឺខេត្តស្ទឹង​​​ត្រែង ព្រះ​វិហារ កំពង់ធំ​ និង​ខេត្តក្រចេះ​។

ក្នុង​វេទិកា​នោះ ក្រុម​យុវជន ​បាន​លើកឡើង​ពី​​​ទុក្ខ​លំ​បាក បញ្ហា​​ប្រឈម​ក្នុងការ​ចូលរួមអភិរក្ស​ព្រៃ​ឈើ​​ ការ​ដាក់​​គំនាបទៅលើ​សហគមន៍​ និង​ការស្នើសុំ​ឱ្យ​មាន​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់ផ្សេងៗជាដើម​ ​ដើម្បី​ការ​ពារ​តំបន់​​ព្រៃ​ឈើ​​ដែល​ជា​​​ទ្រព្យ​សម្បត្តិជាតិ​បន្សល់ទុក​​​​តាំង​ពី​ដូន​តា​មក​។

លោក ខាក់ ផារិទ្ធម៉ាស៊ី មាន​អាយុ២៥ឆ្នាំ ជា​ជន​ជាតិ​ដើមភាគ​តិច​​កួយ និង​ជាយុវជន​សកម្ម​​​មាន​ស្រុក​កំណើត​នៅ​ ស្រុក​ត្បែង​មានជ័យ​ ​ខេត្ត​ព្រះ​វិហារ​ បាន​លើកឡើង​​​ថា ស្ថាន​ភាព​​​នៅ​​តំប​ន់​ព្រៃព្រះរការ ​ដែល​ខ្លួន​បាន​​រស់​នៅ​ និង​អាស្រ័យ​ផល​អនុផល​ព្រៃ​ឈើនោះ បាន​បាត់បង់ព្រៃឈើ​កាន់​តែ​ខ្លាំង​ ​ដោយ​មន្ត្រី​ដែល​នៅ​ក្នុង​តំបន់ ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​​បទ​ល្មើសទ្រង់​ទ្រាយ​ធំទាំងនោះទេ។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ការកាប់​បែប​​លក្ខណៈ​គ្រួសារ​ទេ ព្រោះ​ការ​កាប់​នេះ​​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ បើ​តាម​ខ្ញុំ​សង្កេត ​គឺ​មាន​មន្រ្តី​ឧទ្យានុរក្ស​ជួយ​បើក​ដៃ​​ដើម្បី​ឱ្យ​ពួក​គាត់[ក្រុមហ៊ុន] ​ហ៊ាន​ចូល​កាប់​បំផ្លាញ។ តំបន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​មិន​ក្រោម ២០០ដើម​ ទៅ​ ៣០០ដើម​ទេ​។ ​ប្រភេទ​ឈើ​ភាគ​ច្រើន​ជា​ ឈើ​ទាល ប្រដាក់​ ប្រភេទ​គគីរជាដើម ដែល​ចំណាយ​ពេល​កាប់​​ចន្លោះពី​១០ ទៅ​ ១៥ថ្ងៃ​។ ឥឡូវ​នេះ ឈើមួយ​​ចំនួន​ដែល​នៅសេសសល់​ គេ​កាប់​តែ​ដើមប្រដាក់​និង​ដើម​ឈើទាល​ទេ​ ដោយ​សារ​ដើម​ប្រណិតៗ​អស់​ សឹង​តែ​បាត់​បង់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ»។​

បុរស​មាឌ​តូច​ សម្បុរ​ស្រអែម​រូប​នេះ​ បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នោះ​ថា៖ «បើ​សិន​ជា​យើង​ជួប​បទ​ល្មើស​ដោយ​ផ្ទាល់​ នាំ​ទៅមើលដល់​កន្លែង​​ហើយ​ ម៉េច​មិនទៅ​? ក្រែង​នេះ​ជា​កាតព្វ​​កិច្ចរបស់​ពួក​គាត់​។ តើ​ពួក​គាត់​ចង់​ការពារ​ឬបំផ្លាញ? »។

លោក​រៀប​រាប់​ពី​ផល​វិបាក​ជាច្រើននៅពេលរូបលោក និង​ប្រជាសហគមន៍​​​​ចុះល្បាតព្រៃ​ម្តង​ៗ ដោយ​មានពេល​ខ្លះ​ត្រូវ​មន្រ្តី​​ដែល​ធ្វើ​ការ​នៅ​តំបន់​នោះ​ដេញចេញ ​និង​ហាម​ឃាត់​មិន​ឱ្យ​យុវជន​ចូល​មើល​ស្ថាន​ភាព​ព្រៃឈើ​នោះទេ។

លោក ម៉ាស៊ី បន្ថែមទៀតថា ការកាប់ព្រៃឈើដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ បានចាប់​តាំងពី​ឆ្នាំ​២០១៩ មក​​ម៉្លេះ ហើយ​ក្នុង​មួយ​ឆ្នាំៗ​ឈើ​ដែល​បាត់​បង់​មិន​ក្រោម ​១០០០ដើម​ ទៅ ២០០០ដើម​​នោះទេ​។ ជនជាតិ​​ដើមភាគតិចកួយ​​រូបនេះ បានប្រដូចព្រៃ​ឈើថា​ជា​កុង​ធនាគារ​ និង​ប្រភព​ប្រាក់​ចំណូល​ដែលលោកនិងពលរដ្ឋ​បាន​អាស្រ័យ​ផល​តាំងពី​ដើម​មក​ហើយ។

លោក​ថ្លែងថា​៖ «សហគមន៍ជន​ជាតិ​ដើម​ភាគ​តិច​ខ្ញុំ​ អាស្រ័យផល​ទៅ​លើ​ព្រៃឈើ ដូចជា​ ទៅ​ដង​ជ័រ បោចវល្លិ៍ ដក​ផ្សិត​ ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​សហគមន៍»។

ចំណែកឯ លោក​ ហម ផាត ជា​យុវជន​សកម្មព្រៃឡង់​នៅ​ខេត្ត​ព្រះ​វិហារ បាន​ឱ្យ​ដឹង​ថា​ នៅ​តំបន់​ការ​ពារ​ព្រៃ​ឡង់ ក៏​មាន​បញ្ហា​​ច្រើនដែរ​ ដូច​ជា ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​កាប់​សឹង​រាល់​ថ្ងៃ ​ហើយជន​ល្មើស​​មិន​​​ខ្លាច​ប្រជាជន​ដែល​នៅ​តំបន់​របស់​លោក​​ឡើយ ខណៈពលរដ្ឋ​ក៏ពិបាក​ក្នុងកា​រចុះល្បាតព្រៃដោយសារ​តែ​មានការរឹត​ត្បិត​ពីសំណាក់​មន្ត្រីឧទ្យានុរក្ស​ និង​អាជ្ញាធរមូលដ្ឋាន​​​​​​​។

លោកបាន​​ឃើញបទ​ល្មើស​ទាំង​នោះ​ស្តែង​នឹងភ្នែក​ ដោយមានការប្រើ​រណារយន្ត ម៉ាស៊ីន​គោយន្ត​ និង​ក្រុម​អ្នក​អាឈើ​ជា​ដើម​ ​ហើយឈើ​ដែល​កាប់​បាន​​ភាគ​ច្រើន ជនល្មើស​បាន​​​លក់​ចេញ​ទៅ​ឱ្យប្រទេស​វៀត​ណាម ​និង​ចិន ។

លោក​ថ្លែង​ថា៖ «ពេល​ខ្ញុំ​ចុះ​ល្បាត​ព្រៃ​ មាន​ករណី​ដេញ​បាញ់​ខ្ញុំ​ជាក់​ស្តែង​ ពេល​នោះ​​គ្នា​ខ្ញុំ​មាន ​៣០នាក់ ​និង​​​ក្រុម​បទ​ល្មើស​មាន​ចំនួន​​៦នាក់ បាន​​ដេញ​កាប់​ពួក​ខ្ញុំ​។ មន្ត្រី​ភូមិ ឃុំ មិន​ដែល​អើ​ពើ​ទេ មាន​តែ​ស្អប់​យើង​​ថែម​ ព្រោះ​ពេល​ចុះ​ម្តងៗ​ពួក​យើង​តែង​តែ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញធរ​​ហើយ​បាន​ចុះ​ល្បាត តែ​បើ​ថា​ចូល​រួម​ជាមួយ​ពួក​យើង ​គឺគាត់​មិន​ដែល​ចូល​រួម​ទេ»។

ករណីនេះ លោក​អំពាវនាវ​ដល់រដ្ឋាភិបាល និងក្រសួង​បរិស្ថាន បើកទូលាយ​ដល់​សហគមន៍​មូលដ្ឋាន អាច​ចូលរួមចុះល្បាតព្រៃឈើ និង​សុំឱ្យមន្ត្រីថ្នាក់ក្រោម​​ ​ជួយ​សហការ​ក្នុងការ​​​​ចាប់​ជន​ល្មើស​ពិត​ប្រាកដ​ ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ជៀស​វាង​​ទទួលយកការ​សូកប៉ាន់ពីជនល្មើស​ ហើយបណ្តែត​បណ្តោយ​ឱ្យ​បទ​ល្មើស​បន្តកើត​មានឡើង។​​

លោក​ថ្លែង​ថា​៖ «ខ្ញុំ​មិន​មាន​អ្វី​ច្រើន​ដើម្បី​សុំ​ជំនួយ​ពី​អ្នក​ពាក់​ព័ន្ធ​ទេ គឺ​គ្រាន់​តែ​ចង់ឱ្យ​ការពារ​ព្រៃ​នៅ​តំបន់​ព្រៃឡង់ឱ្យ​បាន​គង់វង្ស​ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​»។

បើតាមគេហទំព័ររបស់អង្គការទិន្នន័យដើម្បីការអភិវឌ្ឍ(ODC) ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រៃឡង់​ ជា​ព្រៃ​ធំ​ជាងគេនៅតំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​មាន​ទំហំ​ ៥២៥០គីឡូ​ម៉ែត្រ​ការ៉េ ​ស្ថិត​នៅ​ប៉ែក​ខាង​លិចទន្លេ​មេគង្គ គ្របដណ្តប់ខេត្តចំនួន៤គឺខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំ​។

គេហទំព័រដដែលថា ព្រៃ​នេះមាន​អម្បូរសត្វ​ប្រមាណ​​ជាង ៤០០ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វនិង​រុក្ខជាតិ​ដែល​​ជិត​ផុត​ពូជមាន ១៧​ប្រភេទ​ ហើយត្រូវបាន​គេប៉ាន់ប្រមាណ​ថា​មានប្រជាជន ៧សែននាក់ កំពុង​រស់នៅ​​ក្នុង​បរិវេណ​ជុំវិញ​ព្រៃនេះចម្ងាយ​ ១០គីឡូម៉ែត្រ ដែលភាគច្រើន​ត្រូវ​បាន​ស្នាក់អាស្រ័យ​ដោយ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច។ ODC ឱ្យដឹងទៀតថា ឈ្មោះ «ព្រៃឡង់» នេះ​មានន័យ​ក្នុង​ភាសា​ជនជាតិ​ភាគ​តិចកួយ​ថា «ព្រៃ​របស់​យើង​ទាំង​អស់​គ្នា»។

ស្រដៀងនឹងយុវជនឯទៀតដែរ កញ្ញា ឆេង លក្ខិណា ជា​សកម្មជន​ការពារ​ព្រៃឡង់​​មក​ពីខេត្ត​ស្ទឹងត្រែង បានឱ្យ​ដឹង​ថា ​នាង​តែង​តែចូលរួម​ចុះ​​ល្បាត​ព្រៃឡង់​ជារៀង​រាល់​ខែជាមួយ​នឹង​ប្រជាសហគមន៍​ផ្សេង​ទៀត​។

យុវតី​​សម្បុរ​ស្រអែម រាងស្តើង​ រូប​នេះ​ ​សង្កេត​ឃើញថា ​បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​ជាបន្តបន្ទាប់ និង​មានការ​​​កាប់​ទន្ទ្រាន​ដី​ព្រៃក្នុង​ទ្រង់​ទ្រាយ​ធំផង​ដែរ​​ ដើម្បីយកដី​​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​ធ្វើឱ្យ​ព្រៃ​ឈើនៅតំបន់ព្រៃ​ឡង់កាន់តែ​អស់ទៅៗ។

កញ្ញា​​ថា៖ «សម្រាប់ខ្ញុំ នៅពេលដែលខ្ញុំឃើញទិដ្ឋភាពនៅក្នុងតំបន់ព្រៃឡង់ ដែលកាប់ដោយទ្រង់ទ្រាយធំហ្នឹងខ្ញុំមានអារម្មណ៍ថាស្រណោះព្រៃមែនទែន ពីអំឡុងពេលឆ្នាំមុនៗ ខ្ញុំទៅ គឺសុទ្ធតែព្រៃក្រាស់មែនទែន។ ប៉ុន្ដែដល់ចុងឆ្នាំ២០២៤ ចូលដើមឆ្នាំ២០២៥នេះ ឃើញថា ការកាប់មានលក្ខណៈទ្រង់ទ្រាយធំហើយស្រណោះព្រៃឡង់យើងមែនទែន ដែលក្នុងនាមយើងជាយុវជន និង​ជាអ្នកស្រឡាញ់បរិស្ថាន ក៏ដូចជាអ្នកដែលចូលរួមចុះល្បាតនៅក្នុងតំបន់ព្រៃឡង់ផ្ទាល់​»។

កញ្ញា លក្ខិណា ដែលមានវ័យ ២៨ឆ្នាំរូបនេះ​ ​ឱ្យដឹងទៀតថា នៅពេល​សហគមន៍ចុះល្បាតព្រៃ​ម្តងៗ ក៏ជួប​បញ្ហា​ប្រឈម​ផងដែរ ដោយសារ​តែ​មានការ​រឹតត្បិត​ពីសំណាក់អាជ្ញាធរ ហើយបើ​ទោះជាពួកគាត់​អាច​ចូល​ទៅ​ព្រៃ​ដើម្បីល្បាតបាន តែអាជ្ញាធរក៏មិន​ធានាពីសុវត្ថិភាពរបស់ពួកគាត់នោះដែរ។​

កញ្ញា​ថា៖ «ចូលបាន ក៏ប៉ុន្ដែរាល់ការចូលរបស់យើងវាអត់មានសុវត្ថិភាពសម្រាប់យើង នៅពេលដែលយើងចូល គេថាគេអត់អនុញ្ញាតឱ្យយើងចូលទេ ប៉ុន្ដែបើសិនជាយើងចូលទៅវាបានដូចគ្នា ប៉ុន្ដែគេអត់ធានាលើសុវត្ថិភាពអាយុជីវិតយើងទេ ហ្នឹងជាបញ្ហាប្រឈមធំមែនទែនរាល់ការប្រមាថលើអាយុជីវិតរបស់យើង»។

បន្ទាប់ពី​ការ​​រៀបចំទិវា​ព្រៃ​ឈើអន្តរជាតិនេះ​ដែរ នៅថ្ងៃទី​២៤ ខែមិនា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន​​៦ រួមមាន អង្គការអាក់សិនអេតកម្ពុជា(AAC) សមាគមបណ្តាញយុវជនកម្ពុជា(CYN) អង្គការសមធម៌កម្ពុជា(EC) mi Jesuit Service Cambodia(JSC) អង្គការភាពជាដៃគូរដើម្បីការអភិវឌ្ឍ និងបរិស្ថាន(PED) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) បានចេញសេចក្តីថ្លែងការណ៍រួមផង​ដែរ។

ក្នុង​សេចក្តីថ្លែងការណ៍រួមនោះ ក្រុមអង្គការសង្គមស៊ីវិល​ទាំងនោះ បាន​លើកឡើង​​ថា​ ការបន្តរឹតត្បិតសហគមន៍​ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន អង្គ​​​ការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន មិនឱ្យចុះល្បាត​​ព្រៃឈើ ហាក់ដូចបើកឱកាសដល់ការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំង ស្របពេលដែលចំនួន​​មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន នៅមាន​កម្រិត​តិច​តួច ដែល​មិនអាចការពារ និងទប់ស្កាត់បទល្មើសព្រៃឈើ​នៅក្នុងតំបន់ការពារធម្មជាតិទាំង ៧៣​តំបន់ ឬស្មើនឹងទំហំផ្ទៃដីព្រៃ ៧,៣លានហិកតា ឱ្យមានប្រសិទ្ធភាព​។

ក្នុងន័យ​នេះ ពួកគេបានស្នើ​ដល់រដ្ឋាភិបាល ចាត់ទុកសហគមន៍ជនជាតិដើមភាគតិច សហគមន៍​មូលដ្ឋាន ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ថាជាដៃគូដើម្បីរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ ហើយ​អនុញ្ញាតពួកគេ​​ចូលរួមចុះល្បាត ដើម្បី​ទប់ស្កាត់បទល្មើសព្រៃឈើឡើងវិញ ព្រមទាំង​​ទទួលស្គាល់ និងគោរពសិទ្ធិសហគមន៍ជនជាតិដើមភាគតិច។

ក្រៅ​ពីនោះ ពួកគេ​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​​ ឆ្លើយតបជាវិជ្ជមាន និងផ្ដល់ដំណោះស្រាយសមស្របទៅនឹងរាល់សំណើរ និង​សេចក្តីអំពាវ​នាវ​​របស់​ប្រជាពលរដ្ឋ ហើយ​ជំរុញ​ដល់ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹងការអនុវត្ត​​ការងាររបស់មន្ត្រី​នៅ​ថ្នាក់មូលដ្ឋានរបស់ខ្លួន ព្រមទាំង​ត្រូវ​ចុះ​ធ្វើអធិការកិច្ចវិជ្ជាជីវៈឱ្យ​​បាន​ជាទៀងទាត់ផងដែរ​។

លោក ងួន សែប អគ្គនាយករង​នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន មាន​ប្រសាសន៍ថា​ ក្រសួង​​បាន​និង​កំពុង​ធ្វើការ​ងារ​អភិរក្ស​ព្រៃឈើ​ តាម​រយៈ​ឧទ្យានុ​រក្ស តែ​លោក​ថា ការ​ងារនេះ នៅ​មានចន្លោះ​ប្រហោង ព្រោះចំ​នួន​ឧទ្យានុ​រក្ស​មាន​ចំនួន​តិច បើធៀបនឹងចំនួនផ្ទៃដីតំបន់ការពារ​ដែល​មានទំហំ​ជាង ៧លាន​ហិកតា​។

លោកថា៖ «ផ្ទៃដីរបស់ក្រសួងបរិស្ថាន វាមានរហូតដល់៧៣កន្លែង គេហៅថាតំបន់ការពារ បូកឧទ្យានជាតិ​៧៣ វាគ្របដណ្ដប់ទៅលើផ្ទៃដី ៧ ៣00 ០០០​ហិកតា​[…] ប៉ុន្តែឧទ្យានុរក្សរបស់យើង យើង​​មាន​តែ១៣០០​នាក់ យើង​យកទៅចែក​មើ​ល​ម្នាក់ៗគ្រប់គ្រងប៉ុន្មានហិកតា? នេះគឺជាចន្លោះប្រហោង»។

ជាមួយគ្នានេះ​ដែរ លោកថា​​ ក្រសួងក៏​បាន​សហការ​ជាមួយ​ប្រជាជន​នៅ​តាម​សហគមន៍ ដើម្បី​អភិរក្ស​ព្រៃឈើ។ លោកថា បច្ចុប្បន្ន​មាន​បទ​ល្មើស​បរបាញ់​សត្វ​ព្រៃ កាប់​ឈើ និងរុករានដីព្រៃ តែលោកមិនមានតួលេខ​ពាក់​ព័ន្ធ​បទល្មើសទាំងនោះឡើយ ព្រោះលោកមិនមានតួនាទីកត់ត្រាបទល្មើសទាំងនោះ។

លោកថា៖ «ប៉ុន្តែដោយ​សារ​យើង​មានកម្លាំងតិច យើងក៏ធ្វើការជាមួយសហគមន៍ដែលឱ្យឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិ គេហៅ CPA អ៊ីចឹងអាហ្នឹងវាមានរហូត​ដល់​ទៅ​១៩៣CPAដែរ។ ដែល​ប្រជាសហគមន៍ហ្នឹង ចូលរួមជាមួយយើងដើម្បីការពារ។ អ៊ីចឹងខ្ញុំនិយាយគឺរំលេចពាក់ព័ន្ធទៅនឹង​ការអភិរក្ស​ ខ្ញុំមិនរំលេចអំពីបទល្មើសទេ ព្រោះបទល្មើសមានច្រើន ប៉ុន្តែយើងសរុបមកសល់បទល្មើសបរបាញ់សត្វព្រៃ បទល្មើសកាប់ឈើ បទល្មើសដែលពិបាកបំផុត​គឺរុករានដីព្រៃ»។​

ចំណែក​ការងារ​​​ចុះល្បាតវិញ លោក ងួន សែប បានលើកឡើង​​​ថា ក្រសួង​បាន​បើកទូលាយ​ឱ្យ​​ប្រជាសហគមន៍ និង​ពលរដ្ឋ​ទូទៅ​ អាច​ចូល​​រួម​ចុះល្បាត​​ការ​ពារ​​ព្រៃឈើ​បាន​ ដោយពួកគេ​​​អាច​ដាក់​លិខិត ​និង​សហការ​ជាមួយ​ក្រសួងបរិស្ថាន​បាន​គ្រប់​ពេល​។

លោក​ថ្លែង​ថា៖ «រឿង​ចុះ​ល្បាត​ក្រសួង​មិន​ហាម​ទេ តែ​យើង​​ត្រូវ​យល់​ច្បាប់​ តែ​តំបន់​ស្នូល​គ្មាន​នរណា​ចូល​បាន​ទេ​ ព្រោះ​វា​ជា​ជម្រក​របស់​សត្វ ហើយ​យើង​ចេះ​តែ​បំពាន​ចង់ចូលៗ គឺមិន​បាន​ទេ ព្រោះ​ច្បាប់​គឺអ៊ីចឹង​។ ចំណែក​តំបន់​អភិរក្ស​ តំបន់​សហគមន៍ យើង​​អាច​ចូល​បាន​ មិន​បាច់​សុំ​ការ​អនុញ្ញាតទេ​។ តែតំបន់​ស្នូល​គឺ​ចូល​មិន​បាន​ទេ​ មាន​តែ​មួយ​គត់​ដែល​ពាក់​ព័ន្ធ​នឹង​សន្តិសុខជាតិ​អាហ្នឹងចូល​​បាន​»។

សម្រាប់​ ក្រសួងបរិស្ថាន កន្លង​មក ក៏ធ្លាប់បានដាក់ចេញនូវវិធានការចំនួន ៤ចំណុច ក្នុង​ការ​​ទប់ស្កាត់​បទល្មើសធន​ធាន​​ធម្មជាតិ ដោយទី​១ ការអនុវត្តច្បាប់១០០% គ្មានការលើកលែង ទី២ ពង្រឹងកិច្ចសហការជាមួយគណៈ​​បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត(គឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត) ទី​៣ បន្តសហការ​​ជាមួយបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ និងទី៤ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។

យោងតាមរបាយការណ៍របស់អង្គការ​ទិន្នន័យ​អំពីការ​អភិវឌ្ឍកម្បុជា (Open Development  Cambodia-​ODC) ចេញផ្សាយ​នៅថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២៤ និង​ត្រូវបានផ្សព្វផ្សាយ​ដោយ​វិទ្យុបារាំង (RFI) ឱ្យដឹងថា គម្រប​​ព្រៃឈើរបស់កម្ពុជា បើគិតជារួមបាន​ថយចុះ ពី៤៣.២១% ក្នុង​​ឆ្នាំ២០១៥ មកត្រឹម៣៩.៧៥% នៅក្នុង២០២៣។ ក្នុងចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ ពោល​គឺរយៈពេល៨ឆ្នាំចុងក្រោយនេះ ការថយចុះគម្របព្រៃឈើដែលគួរឱ្យកត់ស្គាល់ គឺកើតមានឡើងនៅតំបន់ភាគខាងកើត និងភាគពាយ័ព្យ ដោយសារតំបន់នេះមានព្រៃឈើច្រើនបំផុតក្នុងចំណោមតំបន់ធំៗទាំង៤។

ប្រភពដដែល បន្តថា កម្ពុជាមានតំបន់ព្រៃឈើធំៗចំនួន៤ គឺតំបន់​ជួរភ្នំក្រវាញ តំបន់ទំនាបទន្លេមេគង្គ តំបន់ភាគពាយ័ព្យ និងតំបន់ភាគខាងកើត។ តែទោះជាយ៉ាងណា មានតំបន់ចំនួន២ គឺតំបន់ជួរភ្នំក្រវាញ និងតំបន់ទំនាបទន្លេមេគង្គ គម្របព្រៃឈើ គឺមានការកើនឡើង ក្នុងចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៣។

ចំណែក​ទិន្នន័យសរុបប្រមូលដោយ Global Forest Watch ដែលចេញ​ផ្សាយ​​នៅ​​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០២៤ បង្ហាញថា នៅឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់ រងការកាប់​​បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់ ៧ ២៣២ ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលបាត់​បង់​​​អស់ ៦ ១២៥ ហិកតា។

ត្រឡប់ទៅ លោក ខាក់ ផារិទ្ធម៉ាស៊ី ជាយុវជនជនជាតិ​ដើម​ភាគតិច​​ ដែល​និយាយ​ភាសាខ្មែរ​ដោយ​​​រដឺនៗនោះវិញ បានអំពាវនាវ​ដល់រដ្ឋាភិបាលទប់ស្កាត់​​បទល្មើសព្រៃឈើ ឱ្យ​មានប្រសិទ្ធភាព ដើម្បី​​ទុកជាប្រយោជន៍​​​​​សម្រាប់មនុស្សជាតិ ជាពិសេស​សហគមន៍​ដែលនៅជុំវិញ និងក្បែរ​តំបន់អភិរក្ស ដែល​រស់​ពឹង​អាស្រ័យ​ទៅ​លើ​ផលអនុផលព្រៃឈើនេះ។ លោកបន្តថា បើ​ព្រៃ​ឈើ​បាត់​បង់ ​គ្រួសារ​លោក ​និង​សហគមន៍​នឹង​​ប្រឈម​នឹង​ការបាត់​បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ និងជាផ្នែក​មួយ​ដែល​​ធ្វើ​ឱ្យ​ភព​ផែនដីមានការ​ប្រែប្រួលអាកាសធាតុ។

លោក​ថ្លែងថា​៖ «ព្រៃឈើ​ប្រៀប​បាន​ដូច​ជា​ផ្ទះ​ និង​ជា​មុខ​របរ​ដែល​ធ្លាប់​អាស្រ័យ​ផលតាំង​ពី​ដូន​តាមក​​ហើយ សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ពួក​ខ្ញុំ​។ យើង​បាន​ប្រាក់​ចំណូលតិច​តួច​​ប្រចាំ​ថ្ងៃ​ តាម​រយៈ​ការ​លក់​ដូរ​ បន្លែ​ ផ្លែ​ឈើ​ អី​ជា​ដើម​។ បើ​ថ្ងៃ​ណា​មួយ​ព្រៃ​ឈើ​[អស់ទៅហើយ]ត្រូវ​បាន​គេ​អភិវឌ្ឍន៍ ឬក៏​បាត់​បង់​ដោយ​ក្រុម​​ហ៊ុន​​ណាមួយ ប្រជាជន​ពួក​យើង​នឹង​ត្រូវ​ចំណាក​ស្រុក​ច្រើនហ្នឹង​ឯង ព្រោះ​មុខ​របរ​បោចវល្លិ៍ ដងជ័រ​ហ្នឹង​ គឺ​ជា​ប្រពៃ​ណី​តាំងពី​ដូន​តា​មក​ហើយ​ បើ​សិន​បាត់​បង់​ទៀត​[ព្រៃឈើ] គឺ​មិនមាន​ប្រាក់​ចំណូល​នោះ​ទេ​»៕

អត្ថបទដោយ៖ ណឺ មិនា និង​ ហុង សេរីហ្វុង​

អត្ថបទមុន

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

អត្ថបទបន្ទាប់

មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

អត្ថបទបន្ទាប់
មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង