CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

បទយក​ការណ៍៖ កម្មករ​​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​ពី​​ប្រា​ក់​​​ឈ្នួល​​​​តិច​ហើយ​​​ទំនិញ​ឡើង​​ថ្លៃ​ ​​​​ធ្វើ​​ឱ្យ​​ពួកគា​ត់​​ធ្លាក់​​​​ក្នុង​​​បំណុល​​​​វ័ណ្ឌក

CJs khmer ដោយ CJs khmer
May 16, 2025
ក្នុង បទយកការណ៍, ព័ត៌មាន
0
បទយក​ការណ៍៖ កម្មករ​​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​ពី​​ប្រា​ក់​​​ឈ្នួល​​​​តិច​ហើយ​​​ទំនិញ​ឡើង​​ថ្លៃ​ ​​​​ធ្វើ​​ឱ្យ​​ពួកគា​ត់​​ធ្លាក់​​​​ក្នុង​​​បំណុល​​​​វ័ណ្ឌក

កម្មកររោងចក្រកាត់​ដេរ​មួយ​កន្លែង​នៅរាជធានីភ្នំពេញ កំពុងចេញពីធ្វើការនាពេលសម្រាកថ្ងៃត្រង់ ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
69
ចំនួនមើល

នៅម៉ោង​១១ព្រឹក នាដើមសប្តាហ៍នេះ កម្មករ​កម្មការិនីជាច្រើន បាននាំគ្នា​ដើរ​ចេញពីរោង​ចក្រមួយ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ​អ្នក​ខ្លះបានដើរ​សំដៅ​ទៅកាន់​តូប​លក់​អាហារ និង​ខ្លះ​ទៀត​បានទៅបន្ទប់ជួលរបស់ពួកគេ​ដែលនៅក្បែរនោះ ដើម្បី​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់។

កំពុង​ទទួលបាន​បាយ​​​ថ្ងៃ​ត្រង់​​​ជាមួយក្រុមការ​ងារក្បែរ​រោង​ចក្រ​ នូវ​​​​​កញ្ចប់​​​បាយនិង​ម្ហូប ដែលមាន​​តម្លៃ​​ ​៣ពាន់​​​​រៀល​​ អ្នក​ស្រី ​​ឈួន​ នឿន ​ជា​កម្មការិនីធ្វើការ​នៅ​​រោង​​ចក្រ​​កាត់​ដេរ​​ Trax Apparel ក្នុ​ង​​សង្កាត់​​សែន​​​សុខ​ ឱ្យ​ដឹង​ថា ប្រាក់ឈ្នួល​កម្មករ​ក្នុងវិស័យវានភណ្ឌ​​កាត់ដេរ បច្ចុប្បន្ន ទទួលបាន ២០៨ដុល្លារ ដែលមានការ​កើនឡើង​ជាង​ឆ្នាំ​មុន ៤ដុល្លារ។ អ្នកស្រីបន្តថា ត្បិតប្រាក់ឈ្នួល​មានការ​កើនឡើងចំនួន ៤ដុល្លារ​​​ ប៉ុន្តែតម្លៃ​​បន្ទប់​ជួល និង​ទំនិញ​នៅលើ​ទីផ្សារ ​​ក៏​មាន​ការ​កើន​ឡើងស្ទើរ​គ្រប់មុខ​ផងដែរ ដែលធ្វើអ្នកស្រីមិនអាចទប់ទល់នឹងការ​ចំណាយ​ប្រចាំថ្ងៃនោះទេ។ ​

អ្នក​ស្រី​​​​​​ថា​៖ «ប្រាក់​ខែ​ពីមុន​និង​ឥឡូវ​​គ្មាន​​ខុស​គ្នា​​​អី​​ប៉ុន្មាន​​ទេ បើ​​​ទោះ​​​បី​​គ្រាន់​​បើ​ជាង​​មុន​​បន្តិច តែ​ឥវ៉ាន់​​ឡើង​​ថ្លៃ ទំនិញ​​ឡើង​​ថ្លៃ​ ឡើង​ថ្លៃ​ទាំង​អស់។ អ៊ីចឹង​ប្រាក់​ខែប៉ុណ្ណឹង​[២០៨ដុល្លា​] ​ក៏​វា​អត់​សម​រម្យ​ដែរ​។ វាពិបាក​រស់​ ហើយ​ទំនិញ​ឡើង​ថ្លៃ​គ្រប់​កន្លែង​»។

មានមាឌតូច សម្បុរស្រអែម អ្នក​ស្រី នឿន ឱ្យដឹងថា បច្ចុប្បន្ន​ អ្នកស្រី​ធ្វើការ​ថែម​ម៉ោង ដោយ​ទទួលបាន​ប្រាក់ឈ្នួល ៣០០ដុល្លារ​ក្នុ​ងមួយខែ ហើយ​ប្រាក់ឈ្នួលដែល​រកបាន​នេះ អ្នកស្រី​​ត្រូវ​ចំណាយ​ទៅលើថ្លៃ​​ម្ហូប​អាហារ​ប្រចាំថ្ងៃ ការ​ចំណាយឱ្យ​​កូន​​រៀន មើល​ថែ​ម្តាយ​​ឈឺ និង​​បង់ធនាគារ​ផងដែរ។

ស្ត្រីវ័យ ៤១ឆ្នាំ​រូបនេះ បាន​​ខ្ចីលុយ​ពី​ធនាគារ​មួយ​ចំនួន កាល​ពីអំ​ឡុង​២០១៩ មុន​មានវិបត្តិ​កូវីដ-១៩ ដើម្បី​​​សាង​សង់ផ្ទះ ប៉ុន្តែខ្ចីមិនបានប៉ុន្មាន​ខែផង កម្ពុជា​ក៏​ជួប​បញ្ហានៃកា​រឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ រហូត​​​​ដល់មានការ​បិទខ្ទប់​តំបន់​មួយ​ចំនួន។ អ្នកស្រី នឿន បន្តថា​ អំឡុង​​ពេលនោះដែរ​​ ខាង​រោង​ចក្រដែលគាត់ធ្លាប់​​ធ្វើ​ការ បានបិទទ្វារ ខណៈកន្លែងការ​ងារ​ថ្មីមានប្រាក់ខែតិច​​ ដែលធ្វើឱ្យប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះខ្លាំង មិន​អាចរកប្រាក់​​​បង់​​សង​​ត្រឡប់​ទៅធនាគារ​បានទាន់ពេល​ រហូត​ដល់មានការ​ពិន័យ​ជា​ហូរហែរ ធ្វើឱ្យ​គាត់​​បន្ត​ជំពាក់បំណុល​មកដល់បច្ចុប្បន្ន។

អ្នកស្រីថ្លែង​ថា៖ «កូវីត​ធ្លាក់​មក​ ខ្ញុំ​ពិបាក​តែម្តង​ ធ្លាក់​ក្នុង​អន្លង់​បំណុល​។ រោង​ចក្រចាស់​ក៏បិទទ្វារ​ ដែល​តម្រូវ​​ឱ្យ​ខ្ញុំ​រក​ការងារ​ថ្មី​ធ្វើបន្ទាន់​ ហើយ​ការងារ​កន្លែង​ថ្មី​នេះ​​ដែរ ប្រាក់​ខែតិច​ ការថែម​ម៉ោង​ក៏​មិន​សូវ​មាន​»​។

រដ្ឋាភិបាល​​បាន​​​ផ្ដល់​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ជូន​​កម្មករ​​រោង​ចក្រ​​ចំនួន ២០៨​​ដុល្លារ ចាប់​​​ពី​​ខែ​មករា ឆ្នាំ​២០២៥​ ​ដែល​​កើន​​ឡើង ៤​ដុល្លារ ​បើ​​ធៀប​​នឹង​​ឆ្នាំ​២០២៤។

កម្មការិនីម្នាក់​ទៀត ​ធ្វើការ​នៅ​រោង​ចក្រមួយក្នុ​ងខេត្តកំពង់ស្ពឺ អ្នកស្រី សារិន ម៉ាឌី ​អាយុ៣៦ឆ្នាំ បានត្អូញ​ត្អែរ​ដែរ​ពីបញ្ហាប្រាក់ឈ្នួលតិច ដែលធ្វើឱ្យគាត់​មិន​អាចទប់ទល់នឹងការ​ចំណាយ​ប្រចាំថ្ងៃបាន ស្រប​ពេល​ដែល​ទំនិញនៅលើ​ទីផ្សារ​ក៏ឡើង​ថ្លៃ។

ស្ត្រីវ័យ ៣៦ឆ្នាំ​រូបនេះ ក៏បានឱ្យដឹង​ដែរថា បច្ចុប្បន្ន អ្នកស្រីក៏ជំពាក់បំណុលធនាគារ​ដែរ ក្រោយពីស្វាមី​របស់​អ្នកស្រីជួបគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រី​បន្តថា ក្រៅពីខ្ចីបុលធនាគារ​ហើយ អ្នកស្រី​ត្រូវ​ខ្ចីលុយ​ពី​ខាង​ឯកជនបន្ថែមទៀត ដើម្បី​ទប់ទល់នឹងការ​ចំណាយ​ ព្រោះអ្នកស្រីត្រូវ​រ៉ាប់រងការ​ចំណាយ​ទាំង​អស់​ក្នុង​គ្រួសារតែម្នាក់ឯង។

អ្នក​ស្រី​ថា​៖ «ប្រាក់​ខែ​មួយ​ខែៗចាយ​​អត់​គ្រប់​ទេ​ ចំណាយ​យើងបង់​ទៅ​រដ្ឋផង ជំពាក់​​ឯក​ជនខ្លះ អី​ខ្លះ​ផង​​អ៊ីចឹង​​​ចំណាយ​ក្នុង​មួយខែៗច្រើន​ ចាយ​មិន​គ្រាន់​។ ហើយ​ណាមួយ​ពី​មុន​ប្តី​ធ្វើ​ការ ជួយ​គ្នា​​​ខ្លះ​​​ទៅ​​វា​អាច​​រត់​រួច ហើយឥឡូវ​ហ្នឹង​ប្តី​គ្រោះ​ថ្នាក់​ គាត់​មាន​​ធ្វើ​ការ​​ឯណា​ ដើរ​អត់​កើត​​រយៈពេល​ ៤ខែ​​មក​​ហើយ​ យើង​​អត់​មាន​​លុយ​​គ្រប់​​គ្រាន់​។ ខ្ញុំ​មិន​ដឹង​ថា​ទៅ​មុខ​យ៉ាង​ម៉េចទេ ​រឿង​ជំពាក់​គេហ្នឹង តែ​ឥឡូវ​នេះ​កំពុង​តែ​ពិបាក​ដោយ​​សារ​​យើង​​ធ្លាប់​តែ​ធ្វើ​ការ​ពី​រ​នាក់​ដល់​ធ្វើ​តែ​ម្នាក់​ឯង​ រត់​អត់​រួច»។​

ករណីនេះ អ្នកស្រី សារិន ម៉ាឌី ស្នើដល់រដ្ឋាភិបាល និង​រោង​ចក្រ ដំឡើង​​ប្រាក់​ឈ្នួល​​​គោល​បន្ថែមដល់​កម្មក​រ​និយោ​ជិត ព្រោះប្រាក់ឈ្នួល​បច្ចុប្បន្ន​នៅមានកម្រិត​ទាប ​ដែលធ្វើឱ្យកម្មករ​មិន​អាចដោះស្រាយជីវភាព​ និង​រស់នៅ​សមរម្យ​បាននៅឡើយ។​

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ពឹង​លើ​រោង​ចក្រ​ហ្នឹង​​ហើយ​រាល់​ថ្ងៃ ព្រោះ​​គ្មាន​ការងារ​អ្វី​ផ្សេងក្រៅ​ពី​ហ្នឹង​ទេ​។ បើ​ឡើង​បាន​ ២៥០ដុល្លារ ទៅ​​យើង​​អាច​រត់​រួច​ តែ​ឥឡូវ​ហ្នឹង​យើង​បាន​ប្រាក់​ខែតែ ២១០ដុល្លារ យើង​រត់​អត់​រួច​ទេ​។ ព្រោះ​ឥឡូវ​ទំនិញ​អ្វី​ក៏​ថ្លៃ​ ​​​ប្រាក់ប៉ុណ្ណឹង​​ចាយ​អត់​គ្រប់​ទេ​ ហើយ​យើង​ត្រូវ​ការលុយ​ទៅ​លិចកើត វា​រត់​អត់​រួច​តែម្តង​ហ្នឹង​ណា​។ យើង​ដឹង​ស្រាប់​ហើយ កម្ចី​ឯក​ជន​​ថ្លៃ ១០០ដុល្លារ ការប្រាក់​ ២០ដុល្លារ​​ហើយ​ហ្នឹង​​ យើង​​រត់​​ម៉េច​រួច បើ​យើង​​អត់​ខ្ចីគេ​ ​មិនដឹង​បាន​អី​យក​លុយ​មក​ប្រើ​ប្រាស់​ អ៊ីចឹង​ចេះតែ​ខ្ចី​គេ​តិចតួចៗ​​រហូត»​។

កម្មការិនីម្នាក់ទៀត​ដែល​ធ្វើការ​នៅ​រោង​ចក្រ​មួយក្នុង​ស្រុកមុខ​កំពូល ខេត្តកណ្តាល​ អ្នកស្រី ណុន សុខលាង បានឱ្យ​ដឹង​ដែរ​ថា ដោយ​សារ​តែជាប់បំណុលធនាគារ អ្នកស្រី​ត្រូវ​បង្ខំចិត្ត​​ធ្វើការ​​ប្រមាណ​ជា​១០​ម៉ោង ក្នុង​មួយ​ថ្ងៃ ដើម្បី​រកប្រាក់ចំណូល​​​បន្ថែម​លើ​ប្រាក់​ខែ​គោល។ អ្នកស្រីបន្តថា ក្រៅពីសងបំណុលធនាគារ អ្នកស្រីក៏ត្រូវ​ចាយ​វាយ​ត្បិតត្បៀត ព្រោះតែ​ប្រាក់ឈ្នួលតិច តែការចំណាយច្រើន ក្នុងនោះ​អ្នកស្រីត្រូវ​ចំណាយ​លើ​ថ្លៃធ្វើដំណើ​រពីផ្ទះដែលនៅខេត្តកំពង់ចាម មកកាន់រោង​ចក្រដែលអ្នកស្រីធ្វើការ​​នៅខេត្តកណ្តាល ការ​ហូបចុក​ប្រចាំ​ថ្ងៃ និង​បង់សាលា​សម្រាប់កូន​តូច​២នាក់ផងដែរ។  

អ្នកស្រីនិយាយថា៖ «ខាងវិស័យកាត់ដេររោងចក្រហ្នឹង វាពិបាកខ្លាំង ប្រាក់ឈ្នួលវាតិច ធ្វើដំណើរអស់លុយ​​ច្រើន ជិះឡានទៅមក ៧ម៉ឺនរៀល​ ហើយ​ធ្វើការ​មាន​ប្រធាន​ចិន ប្រធានខ្មែរគៀបសង្កត់កម្មករ ស្រែកឱ្យគាត់ដាក់ពីមុខពីក្រោយ[…]គ្នាធ្វើការទាំងភ័យខ្លាចដោយសារចិនសម្លក់​ពីមុខពីក្រោយ»។

បច្ចុប្បន្ន អ្នកស្រី សុខលាង ជំពាក់បំណុលធនាគារចំនួន ២ម៉ឺន​ដុល្លារ ដែល​គាត់បានខ្ចីកាលពី​​ឆ្នាំ២០១៥ ហើយ​បំណុលនេះ មិនបានបូកបញ្ចូលទាំងបំណុល​ដែលគាត់បានខ្ចីពីភ្នាក់ងារកម្ចីក្រៅផ្លូវការ​ និង​ការចង​ការ​ប្រាក់​អ្នក​ស្គាល់​គ្នា​នោះ​ទេ​។ បញ្ហាបំណុលនេះ ធ្វើ​ឱ្យ​អ្នក​ស្រី​បារម្ភ​ពី​ការ​មិន​អាច​សង​ត្រឡប់ និងប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​បញ្ចាំ​របស់​អ្នក​ស្រីផងដែរ។

អ្នកស្រីថា៖ «មីង​បារម្ភថា​អស់​ទឹក​អស់​ដី ខ្លាច​រក​លុយ​សង​គេ​អត់​បាន​ ខ្លាច​គេ​រឹប​អូស​យក​ដី ធម្មតា​បើយើង​អត់​មាន​លុយ​សង គេត្រូវការយកប្លង់ដីប្លង់អីយើងហើយ ហើយណាមួយកូននៅរៀនអត់ទាន់បានការងារធ្វើ ខ្ញុំគិតអ៊ីចឹង​ ខ្ញុំពិបាកចិត្តរាល់ថ្ងៃ»។

​យោងតាមរបាយការណ៍របស់​ការិយាល័យ​​ឥណទាន​កម្ពុជា ហៅកាត់ថា CBC ចេញផ្សាយកាលពី​ចុង​ខែ​មិនា ឆ្នាំ​២០២៤ បាន​ឱ្យដឹង​ថា គិតត្រឹម​ដំណាច់​​​ឆ្នាំ២០២៣ ប្រជាជន​កម្ពុជា​​​ដែលរស់នៅក្នុងស្ថានភាពជំពាក់​បំណុល​របស់ស្ថាប័ន​ហិរញ្ញវត្ថុនានា គឺមានប្រមាណ ៥,០៤លាននាក់ នៅទូទាំងប្រទេស ដែល​មានទំហំ​ទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ ៥៧,៦ពាន់លានដុល្លារ។

វិស័យ​ការ​ងារ នៅតែ​ជា​វិស័យ​ចម្បង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ស្រូប​យក​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៩,២៣លាន​នាក់ ក្នុងនោះផ្នែកវាយនភណ្ឌ​កាត់ដេរ​ ផលិត​ស្បែក​ជើង និង​ផលិត​ផល​ធ្វើដំណើរ​និង​កាបូប មានកម្មករ​និយោជិត​បម្រើ​ការងារ​សរុប​ប្រមាណ ៩២៥ ០០០នាក់។

យោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គមស៊ីវិល ​នៅក្នុង​ខួប​លើកទី១១៤ ​នៃ​ទិវា​នារីអន្តរជាតិ​​៨​មីនា​ ឆ្នាំ​​២០២៥ ដែល​មានស្រង់របាយ​​ការណ៍ស្តីពី​ ​«សម្ពាធ​​​ក្រោម​​​ថ្នេរ​​​សាច់​ក្រណាត់» ​ឱ្យ​ដឹងថា កម្មករកាត់​ដេរប្រមាណ​ ៩១ភាគ​រយ​ កំពុង​​ជាប់​បំណុល​ ក្នុងនោះ ​​​៧០​ភាគ​រយ​​នៃ​កម្មករ​ មាន​ការ​កើន​​ឡើង​​​​បំណុល ​​ចាប់​តាំង​ពីការ​រាតត្បាត​នៃជំងឺកូវីដ-១៩មក​​។ ប្រភព​ដដែល​​​បន្ត​ថា កម្មករ​​​ជាស្ត្រី​ ត្រូវ​បាន​បង្ខំ​ចិត្ត​​ខ្ចី​បំណុល​​ ដែល​មាន​អត្រាការ​ប្រាក់​ខ្ពស់ ​ដែល​​​ធ្វើ​ឱ្យ​ពួក​គេ​​ធ្លាក់​​ខ្លួន​​​កាន់​​​តែ​ជ្រៅ​នៅ​​ក្នុង​​អន្ទាក់​បំណុល​។

ជាង​នេះទៀត ​ក្រុម​ហ៊ុ​ន​​ម៉ាក​​យីហោ​ ​និង​​ក្រុម​​ហ៊ុន​​ផ្គត់​​ផ្គង់ ​ពុំ​​បាន​​បើក​​ប្រាក់​​ឈ្នួល និង​​នៅ​​ជំពាក់​​អត្ថប្រយោជន៍​​នានារបស់​កម្មករ​​កាត់​ដេរ​ ចាប់តាំង​ពី​អំឡុង​ពេល​នៃ​ការ​រាត្បាត​ជំងឺ​កូវីដ-១៩​ ដែល​​នាំ​​ឱ្យ​កម្មករ​ជា​ច្រើន​​ពាន់​​គ្រួសារ ​ធ្លាក់​ខ្លួន​​ក្នុង​​បំណុល ​​និង​​មាន​​អារម្មរណ៍​​តាន​​តឹង​​ក្នុង​​ការ​​រ​ក​ប្រាក់​​សង​បំណុល​។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា CATU មានប្រសាសន៍ថា កម្មកររោងចក្រកាត់ដេរបច្ចុប្បន្ន ភាគច្រើនលើសលប់ធ្វើការជាង ១០ម៉ោង ក្នុងមួយថ្ងៃ និងធ្វើការថែមម៉ោងនៅថ្ងៃបុណ្យ​ជាតិ អន្តរជាតិ ដើម្បីអាចទ្រទ្រង់នឹងការចំណាយរបស់ជាប្រចាំ ខណៈតម្លៃទំនិញលើទីផ្សារមានតម្លៃ​ខ្ពស់។

អ្នកស្រីបន្ត​ថា ទោះបី​​ជា​រដ្ឋាភិបាល​បាន​តំឡើង​ប្រាក់​ខែកម្មករជារៀងរាល់ឆ្នាំក្ដី តែប្រាក់ទាំងនោះ​នៅតែមិនអាច​បំពេញតម្រូវការក្នុងការរស់នៅរបស់កម្មករឱ្យបានសមរម្យនោះទេ ជាហេតុធ្វើ​ឱ្យកម្មករស្ទើរតែទាំងអស់​បាននឹង​កំពុងជាប់បំណុល។

អ្នកស្រីថា៖ «យើងអាចនិយាយបានថា ៩០ភាគរយ ដែលគាត់ជំពាក់បំណុលគេ។ អ៊ីចឹង​វាធ្វើឲ្យគ្រួសារពួក​គេ​កាន់តែដុន​ដាបទៅ ហើយកន្លងមកយើងឃើញ​មានស្ថានភាពកូវីត ស្ថានភាពអីហូហែរ អ៊ីចឹង​វាធ្វើឱ្យពួកគាត់អាចថាកាន់តែពិបាកទៅៗ ហើយបច្ចុប្បន្នអ្នកខ្លះមួយចំនួន ត្រូវបានគេរឹបអូសយកដីស្រែដីអីផ្សេងៗក៏មានដែរ។ អ្នកខ្លះមួយចំនួនក៏ធ្លាប់មានផ្ទះនៅអីផ្សេងៗ គាត់រហូតដល់អត់មានផ្ទះនៅ អ៊ីចឹង​ទៅធ្លាក់ខ្លួនទៅជួលផ្ទះគេក៏មានដែរ នេះជាស្ថានភាពសមាជិករបស់ខ្ញុំ ដែលខ្ញុំជួបប្រទះផ្ទាល់ខ្លួនឯង»។

ប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះ ប្រមើរ​មើល​ថា ស្ថានភាព​របស់​កម្មករ​កម្មការិនី​រោងចក្រ​នៅ​ថ្ងៃខាងមុខ​ អាច​នឹង​ធ្លាក់​លង់​ខ្លួន​កាន់​តែជ្រៅនៅ​ក្នុង​បំណុល និង​អាច​ប្រឈមនឹងការបាត់បង់ដីធ្លី និងផ្ទះសំបែងដែល​​ជា​ទ្រព្យបញ្ចាំដើម្បីបានកម្ចី ខណៈបញ្ហា​បំណុល​នេះ ក៏នឹង​ធ្វើ​ឱ្យ​កូនៗរបស់ពួកគេ​ប្រឈម​នឹង​ការ​បោះ​បង់​ចោលការ​សិក្សា ហិង្សា​ក្នុង​គ្រួសារ និង​ការធ្វើ​​​ចំណាកស្រុក​ទៅប្រទេសជិតខាង ដើម្បីរកការងារ​ធ្វើជាដើម។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ស្នើរដ្ឋាភិបាល​មើល​​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​ថៃ​ជាដើម ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​ផ្អាក​បំណុល​ក្នុង​អំឡុង​ពេល​វិបត្ត​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ស្រី​ថា គោល​នយោបា​យរបស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នោះ គ្មាន​ប្រសិទ្ធិ​ភាព​សម្រាប់​រយៈ​ពេល​វែ​ង​នោះ​ទេ។

អ្នកស្រីថា៖ «ខ្ញុំគិតថា កន្លងមក​ធ្លាប់​ចេញ​គោល​នយោបាយ​ក្នុង​អំឡុង​ពេល​កូវីដ​ហើយ  ប៉ុន្តែ​គោល​នយោបាយ​ហ្នឹង​អត់​អាច​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ជូន​គាត់​បាន​ទេ ព្រោះ​គោល​នយោបាយ​ហ្នឹង​គ្រាន់​តែ​រួម​ចំណែក​ក្នុង​ការ​ជួយ​គាត់​លក្ខណៈ​បណ្តោះ​​អាសន្ន ប៉ុន្តែ​ខ្ញុំ​គិត​ថា​ជា​ការ​បង្កើន​បន្ទុក​ដល់​គាត់​វិញ ហេតុ​អី? ព្រោះ​ថា​បំណុល​ក៏​នៅ​តែ​បំណុល វា​ទៅ​ជា​គាត់​បង់​ការ​ប្រាក់​ឱ្យ​គេ​កើន​ឆ្នាំ​ទៀត»។

អ្នកស្រីបន្ថែមថា រដ្ឋាភិបាលក៏គួរតែអនុវត្ត​របបនិកម្មភាព​ការងារ​ដែល​រដ្ឋ​ត្រូវ​ធានា​រាប់​រង​លុយ​មួយ​ផ្នែក ដើម្បី​ជួយ​ដល់​កម្មករ​ក្នុង​កំឡុង​ពេល​ដែល​គាត់​អត់​មាន​​ការ​ងារ​ធ្វើ។ អ្នក​ស្រី​ក៏​ស្នើ​ដល់​កម្មករ​ឱ្យ​រៀប​ចំ​ផែន​ការ​ចំណូល​ចំណាយ​មួយ​ច្បាស់​លាស់ ដោយ​ត្រូវ​សន្សំ​ប្រាក់​មួយ​ចំនួន ទោះ​ចំណូល​តិច​ក៏​ដោយ ដើម្បី​ជៀស​វាង​ធ្លាក់​ខ្លួន​នៅ​ក្នុង​បំណុល។

ក្នុងទិវា​ពលកម្ម​អន្តរ​ជាតិ កាលពីថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រុមអង្គការ សមាគម​ សហជីព និង​​​សហគមន៍​ចំនួ​ន​៦២ ក៏​បាន​ចេញសេចក្តីថ្លែងការណ៍រួម ដោយ​​លើក​ឡើ​​ងថា វិស័យ​វាយ​នភណ្ឌ​កាត់​ដេរ  ផលិត​ស្បែក​ជើង និង​ផលិ​តផល​ធ្វើ​ដំណើរ​ និង​កាបូប គឺជា​វិស័យ​តែ​មួយ​គត់​ដែល​មាន​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា តែយ៉ាងណា​ក្តី ប្រាក់ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​​នេះ នៅ​​​មានកម្រិត​ទាប​មិន​​​ឆ្លើយ​តប​ទៅនឹង​ការ​កើន​ឡើង​​យ៉ាង​ឆាប់​រហ័ស​នៃ​តម្លៃ​ទំនិញ​​នៅ​លើ​ទីផ្សារ​ឡើយ។​

ប្រភពដដែលបន្តថា ប្រាក់ឈ្នួល​​អប្ប​បរមា​​​ដែលបានដំឡើងត្រឹមតែ ២០៨ដុល្លារ​ក្នុ​ងមួយ​ខែ ក្នុង​ឆ្នាំ​២០២៥ នៅ​មាន​គម្លាត​ខ្លាំង​ជាមួយ​នឹង​របាយការណ៍​របស់​សម្ព័ន្ធ​​ប្រាក់​ឈ្នួល​អាស៊ី ដែលបង្ហាញ​ថា ប្រាក់ឈ្នួល​សម្រាប់​ជីវភាព​សមរម្យ​​នៅ​កម្ពុជា គឺប្រមាណ ៦៤៤.១២​ដុល្លារ​អាមេរិក​ឬស្មើ​ប្រមាណ ២.៦៤១.៨៩០,៨៦ រៀល។

ដើម្បី​នាំ​មកនូវ​វិបុល​ភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ និង​សុខមាល​ភាព​របស់​កម្ម​ករ​និយោ​ជិត និងប្រជាពលរដ្ឋ​កម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ស្នើ​ដល់​រាជ​រដ្ឋាភិបាល ពិចារណា និង​ដោះស្រាយ​នូវ​សំណូមពរ និង​តម្រូវ​ការ​ជា​អាទិភាព​មួយ​ចំនួន ក្នុងនោះ​ក៏មាន ការ​ស្នើ​ឱ្យ​ធ្វើ​កំណែទម្រង់​រច​នា​សម្ព័ន្ធ​ប្រាក់ឈ្នួល និ​ងពង្រីការ​កំណត់​ប្រាក់​ឈ្នួល​គោល​នៅក្នុង​វិស័យវាយ​នភណ្ឌ និង​វិស័យ​​ផ្សេង​ៗ រួមទាំង​ជំរុញ​ការ​សិក្សា​ពីសេចក្តី​ត្រូវ​ការ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម ដើម្បី​កំណត់​ប្រាក់​ឈ្នួល​​សមរម្យ​ថ្នាក់​ជាតិ​មួយ។

ក្រៅពីនោះ ពួកគេ​ក៏ស្នើ​ឱ្យ​មានការ​សម្រប​សម្រួល​កិច្ច​ចរ​ចា​រវាង​កម្មករ សហជីព និង​និយោជក ឬក្រុមហ៊ុន​​​​ម៉ាក​យី​ហោ​ក្នុង​ការ​ដោះ​ស្រាយ​ករណី​កេង​បន្លំ​ប្រាក់​ឈ្នួល​ និង​ការ​មិន​ផ្តល់​​អត្ថប្រយោជន៍​ផ្សេង​ៗ តាម​ច្បាប់ ក្នុ​ងអំឡុង​ពេល​នៃ​ការ​រាត​ត្បាត​​ជំងឺកូវីដ-១៩ ដោយ​ធានា​ថា​កម្មករ​នឹង​ទទួល​បាន​ប្រាក់ឈ្នួល និង​អត្ថ​ប្រយោជន៍​​​ដែលពុំ​ទទួល​បាន ជាពិសេស​ករណី​រោង​ចក្រ​បញ្ឈប់​ប្រតិបត្តិ​ការ​។

ចំណែក លោក​ អំ សំអាត​ នាយកទទួលបន្ទុកកិច្ចការ​ទូទៅ​​នៃ​​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ សង្កេត​ឃើញ​ថា​ ​ទោះបីកន្លងទៅ រាជរដ្ឋាភិបាល តាមរយ:ធនាគារជាតិកម្ពុជា​ បានចេញគោលការណ៍​ និង​ស្នើសុំទៅគ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ និងធនាគារជួយសម្រួល និងអនុគ្រោះដល់អ្នកខ្ចីក៏ដោយ ប៉ុន្តែក្រុមគ្រួសារ​កម្មករខ្លះ នៅតែធ្លាក់ក្នុងបំណុលវ័ណ្ឌកដដែល។

លោកបន្តថា​​៖ «បញ្ហាបំណុល អាចនឹងក្លាយជាបំណុលវ័ណ្ឌកបន្ថែមទៀតសម្រាប់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ប្រសិនបើគ្រួសារពឹងលើតែកម្លាំង​ពលកម្មរបស់កម្មករ ដែលជាសមាជិកគ្រួសារក្នុង​ការរកចំណូល[…] ប្រសិនបើសេដ្ឋកិច្ចគ្រួសាររបស់កម្មករ នៅតែមានភាពប្រឈម និងភាពមិនច្បាស់លាស់អំពីការ​តម្លើងពន្ធរបស់សហរដ្ឋអាមេរិក ដូច្នេះភាពប្រឈមសេដ្ឋកិច្ចគ្រួសាររបស់​កម្មករខ្លះ នៅតែអាចកើតមាន​ឡើង»។

បើតាម លោក អំ សំអាត រាជរដ្ឋាភិបាល គួរគិតគូជួយសម្រួលបន្ថែមទៀត​ លើបំណុលកម្ចីមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យកម្មករនិយោជិត​អាចដោះស្រាយបាន និងមាន​លទ្ធភាពសងត្រឡប់ ជា​ពិសេស​ពិនិត្យមើល​លើការ​​ដំឡើង​​ប្រាក់​ខែ​គោល​របស់កម្មករ នៅឆ្នាំក្រោយ ដើម្បីឱ្យកម្មករ​អាច​មានជីវភាពរស់នៅ​សមរម្យ។​

លោក​ថ្លែង​ថា​៖ «ប្រាក់ខែគោលរបស់កម្មករ យើងឃើញថា រាជរដ្ឋាភិបាលមានការដំឡើង​​​​ជារៀងរាល់ឆ្នាំ ប៉ុន្តែកម្រិត​នៃការដំឡើង​​គឺតិចតួច ដែលមិនទាន់ឆ្លើយតបទៅហ្នឹងការ​ចង់​បាន​របស់​កម្មករ ដែ​ល​ត្រូវចំណាយ​​​ប្រចាំ​ថ្ងៃ និង​ប្រចាំខែ។ ដូច្នេះកម្មករបានធ្វើការការថែមម៉ោង ដើម្បីទទួលបានប្រាក់បន្ថែមម៉ោង ។ ម្យ៉ាងវិញទៀតកម្មករ និងក្រុមគ្រួសាររបស់ពួកគេបាន​ជំពាក់បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ ដែល​ត្រូវ​បង់​សងត្រលប់​​វិញ ហើយបំណុល​ខ្លះក្លាយ​ជាបំណុលវ័ណ្ឌក ដោយពួក​គាត់​ជំពាក់ច្រើនស្ថាប័ន និងឯកជន ។ ក្រុមគ្រួសារកម្មករខ្លះបានលក់ដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដើម្បីសងបំណុល»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា កន្លងមក​​ ​រាជ​​រដ្ឋាភិបាល​​តែង​តែ​​​គិត​​គូ និង​​លើក​​កម្ពស់​ជីវភាព​រស់នៅ​​របស់​​កម្មករនិយោជិត​ តាម​​រយៈ​​ការ​ដំឡើង​​​ប្រាក់​​ឈ្នួល​​អប្បបរិមា​​ផ្នែក​វាយភណ្ឌ ​ជា​រៀង​រាល់​ឆ្នាំ​ បើ​ទោះ​បីបច្ចុប្បន្ន​សេដ្ឋកិច្ចពិភពលោក ​រង​ផល​អវិជ្ជ​មាន​​​ក៏​ដោយ​។ លោក​បន្ត​ថា ​ប្រាក់​ឈ្នួល​​អប្បបរិមារបស់កម្មករ​និយោជិត បានកើន​ពី ៤០​ដុល្លារ​ក្នុង​មួយ​ខែ កាលពី​​ឆ្នាំ​១៩៩៧ ដល់ ២០៨​ដុល្លារក្នុង​មួយខែ​​ ​នៅ​​ឆ្នាំ​២០២៥នេះ​ និង​​​មាន​​ប្រាក់​អត្ថប្រយោជន៍​​ផ្សេង​ៗ​​ទៀត​​​ ដែល​កម្មករ​និយោជិត​អាចរកប្រាក់ចំណូលបាន​ពីចន្លោះ​​ ២២៥ដុល្លារ ទៅ​ដល់​ ២៣៦ដុល្លា​រ​ក្នុង​​មួយ​ខែ។

លោក​ថ្លែង​ថា៖ «បើប្រៀប​ធៀប​ប្រាក់​​ចំណូល​​​នៅ​​​កម្ពុជា​បច្ចុប្បន្ន​​ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត កម្ពុជា​​យើង​​មាន​​អាត្រា​​ប្រាក់​​ចំណូល​​ខ្ពស់​​ជាង​ប្រទេស​ស្រីលង្កា ឡាវ ឥណ្ឌា បង់​ក្លាដេស​ និង​​វៀតណាម​​ជា​ដើម​។ លើស​ពី​នេះ​​​​ទៅ​​ទៀត ​រដ្ឋាភិបាល​កម្ពុជា​​បាន​​ពង្រីក​វិសាល​ភាព​ ​ប.ស.ស ដល់​​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុកប.ស.ស។ ជាពិសេស​​មាន​ការ​ផ្លាស់​ប្តូរ​ធ្វើ​ដំណើរ​ជាបណ្តើរៗនិងលទ្ធភាព​ផ្សេងៗទៀត​​ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ​និយោជិត​»។​

ត្រឡប់ទៅរកកម្មការិនី​ ឈួន​ នឿន វិញ អ្នកស្រី​បាន​​ទទូច​​​​​ដ​ល់​រដ្ឋាភិបាល និង​ខាង​រោង​ចក្រ​​ដំឡើង​ប្រាក់​​ឈ្នួល​​​គោល​ដល់​​កម្មក​រ​​​​​ឱ្យ​​​បាន​​សម​រម្យជាង​នេះ ​និង​​បញ្ចុះ​ពន្ធលើការនាំចូល ដូចជា​ ​ចំណី​អាហារ​ និង​ផលិត​​​ផល​​ប្រើប្រាស់​ផ្សេងទៀតគ្រប់​​សារពើ ដើម្បី​ឱ្យ​កម្មករ​​អាច​​មាន​ជីវភាពរ​ស់​នៅ​​​សមរម្យ និងដោះបំណុល​បាន។

អ្នកស្រីថ្លែង​ថា​​​៖ «ខ្ញុំ​មាន​តែលើក​ម្រាម​​ដៃ​ដប់​ឱ្យ​រដ្ឋាភិបាល​ជួយ​បញ្ចុះពន្ធ ព្រោះ​តែ​​ពន្ធ​ឡើង​អ៊ីចឹង ទំនិញ​អី​ក៏​ថ្លៃ​តាម​ហ្នឹង​ដែរ​។​ បើ​ស្លាប់​ ស្លាប់​តែ​ពួក​ខ្ញុំ​កម្មករ​ហ្នឹង​ឯង មាន​តែអ្នក​ក្រ​ហ្នឹង​។ ខ្ញុំចង់ឱ្យ​​​ទំនិញ​ចុះ​ថោកបាន​​​កម្មករ​រស់​ស្រួល​បន្តិច បើ​មិន​អ៊ីចឹង​កម្មករ​នៅ​តែ​ជាកម្មករ​ហ្នឹង​។ ថា​កាល​កូវីត​​ទៅ​ពិបាក តែ​ឥឡូវ​នេះ​វា​ពិបាក​​ដូច​កូវីត​ដែរ ទំនិញ​អី​ក៏​ថ្លៃ​ ប្រាក់​ខែ​បើក​មក​ក៏​តិច​។ ពួក​ខ្ញុំ​រាល់​ថ្ងៃ​ហូប​ក៏​មិន​សូវ​ដិត​ដល់​ដែរ ហូបត្បិត​ត្បៀត​​ ហើយ​បើ​កាលណា​យើង​ហូប​ច្រើន​ យើង​គ្មាន​លុយ​បង់​ធនាគារ​ អត់​មាន​លុយ​ឱ្យ​កូន​រៀន​»៕

អត្ថបទដោយ៖ ណឺ​ មិនា និង ហុង សេរីហ្វុង

អត្ថបទមុន

សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​

អត្ថបទបន្ទាប់

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

អត្ថបទបន្ទាប់
នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង