CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

CJs khmer ដោយ CJs khmer
February 6, 2025
ក្នុង សង្គម, សិទ្ធិមនុស្ស
0
ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ ចូលរួមក្នុង​ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
111
ចំនួនមើល

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោ​យ​ពេលដែ​ល​សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និងអង្គ​ការ​យូ​នី​ស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) លោក អំ សំអាត យ​ល់​ឃើ​​ញ​ថា ការដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និ​​​​​​​​​ង​​អង្គការយូនីស្កូ(UNESCO)វាធ្វើ​ឱ្យប៉ះពាល់អង្គការទាំងនេះ ព្រោះបានទទួលជំនួយច្រើនពីប្រទេ​​​សមហាអំ​​ណាច​​មួយនេះ។

លោកបន្តថា៖«ទី១គឺការប៉ះពាល់ថវិកាទៅលើអង្គការទាំងអស់នេះព្រោះអាមេរិកបានបង់វិភាគទានច្រើនស​ម្រា​​​ប់អង្គការទាំងនេះ ទី២ ឥទ្ធិពលអាមេរិកអាចថយចុះចំពោះកិច្ចការអន្តរាគមន៍លើវិស័យសិទ្ធិមនុស្ស និងល​ទ្ធិ​​ប្រជាធិបតេយ្យ និងទី៣ អាមេរិកមិនសូវខ្វល់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយបណ្តាប្រទេសផ្សេងៗ ។ ដូច្នេះកម្ពុជាយើងជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងកំពុងអភិវឌ្ឍន៍ ដែលត្រូវកា​​រ​អភិវឌ្ឍន៍ទាំងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អាចនឹងរងផលប៉ះពាល់បន្ថែមទៀតពីស្ថានភាពសិទ្ធិមនុស្ស គឺស្ថា​នភាពសិទ្ធិមនុស្សអាចបន្តធ្លាក់ចុះ» ។

លោក អំ សំអាត បន្តថា ទោះអាមេរិកដកខ្លួនពីអង្គការអន្តរជាតិទាំងនេះក្តី សម្រាប់រដ្ឋាភិបាលកម្ពុជានៅតែមានកាតព្វកិច្ចគោរព និ​​ងអនុវត្តតាមបទដ្ឋានសិទ្ធិមនុស្សទាំងអស់នោះដើម្បីធានាថាពលរដ្ឋគ្រប់រូបអាចអនុវត្ត​​​សិទ្ធិពេញលេញតាមបទដ្ឋានអន្តរជាតិទាំងនោះ និងរដ្ឋធម្មនុញ្ញ ព្រោះកម្ពុជាបានផ្ដល់សច្ចាប័នទៅលើប​ទដ្ឋា​នសិទ្ធិមនុស្សសំ​ខាន់​​ៗ​ជាច្រើនរួចទៅហើយ។

លោកបន្តថា៖ «កាតព្វកិច្ចរដ្ឋមាន៣ គឺ ទី១ គោរព បានន័យថារដ្ឋត្រូវធ្វើយ៉ាងណាគោរពតាមបទដ្ឋានអន្តរជា​តិស្តី​ពីសិទ្ធិមនុស្ស និងធានាថាពលរដ្ឋអាចអនុវត្តសិទ្ធិបានពេញលេញ ទី២ការពារបានន័យថារដ្ឋត្រូវចាត់វិ​ធា​ន​ការទាំងឡាយទៅលើអ្នកដែលបានបំពានសិទ្ធិរបស់ពលរដ្ឋ និងទី៣ បំពេញបន្ថែម គឺរដ្ឋត្រូវបង្កើតច្បាប់ គោ​ល​នយោបាយ និងយន្តការ ដើម្បីការពារ និងធានាក្នុងការអនុវត្តន៍សិទ្ធិរបស់ពលរដ្ឋ» ។

មិនខុសគ្នាទេ លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) មានប្រសាន៍ថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រ​​ជាជាតិនេះ  គឺនឹងធ្វើឱ្យសហរដ្ឋអាមេរិក ខ្លួនឯងនេះបាត់បង់ឥទ្ធិពលនៅក្នុងការរិះគន់អំពីបញ្ហាសិ​ទ្ធិ​មនុ​ស្ស និងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា តែការដកខ្លួនរបស់អាមេរិកនេះមិនមែនមានន័យថាកម្ពុជា អស់កា​​ត​ព្វ​កិ​ច្ច​​​ក្នុងការគោរពសិទ្ធមនុស្សឡើយ។

លោកបន្តថា៖ «ចំពោះប្រទេសកម្ពុជា ប្រទេសកម្ពុជាគឺជា រដ្ឋហត្ថលេខីនៃ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មានដូចជា កតិកាសញ្ញាសិទ្ធិមនុស្សស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាស្តីពី សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ និងមានកតិកាសញ្ញា អនុសញ្ញាផ្សេងៗទៀត ដែលយើងបានផ្តល់សច្ចាប័ន ទោះបីជាសហរដ្ឋអាមេរិក ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក៏ប្រទេសកម្ពុជានៅតែជាប់កាតព្វកិច្ចនៅក្នុងការគោរព និងលើកកម្ពស់ សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែរ» ។

គិតពីថ្ងៃដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៤ ស្ថាប័នអន្តរជាតិធំៗ នៅលើពិភពលោក ដែលប្រទេសមហាអំណាចមួយនេះ ធ្លាប់ផ្តល់លុយ អា​មេ​​រិ​​ក​ដកខ្លួនចេញ​​ជាបន្តបន្ទាប់​​​។ការិយាល័យ នៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (U​​S​​​​A​ID) នៅ​តា​​ម​ប​​​ណ្តា​ប្រ​​ទេ​​សមួយចំនួន រួមទាំងទីស្នាក់ការកណ្តាលនៅទីក្រុង ញូវយ៉ក ក៏ត្រូវបង្ខំ​ចិត្តបិ​ទទ្វារ​ដូចគ្នាដែរ។នៅថ្ងៃ​​ដំ​បូង នៃការប្រកាសចូលកាន់តំណែងជាលើកទី២របស់លោក នៅក្នុងអាណត្តិនេះ លោក ត្រាំ បានចុះលើក្រឹ​ត្យនៃបទប​​​ញ្ជា​​​ភ្លាមៗ ដោយតម្រូវឱ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីការបម្រែបម្រួ​ល​​​​​អាកាសធាតុ និ​ងអង្គការសុ​ខ​​ភាពពិភពលោក(WHO)។ជាជំហានបន្តបន្ទាប់ទៀត អាមេរិ​កគំរាមកា​ន់កា​ប់​ព្រែ​​កជីក ប៉ាណា​ម៉ា និងផែនការដំឡើងពន្ធនាំចូលពីប្រទេសចិន កាណាដា និងម៉ិកស៊ិកថែមទៀត។

អង្គការសុខភាពពិភពលោក បានចេញរាយការណ៍ដោយបង្ហាញ ក្នុងមួយឆ្នាំៗ អង្គការអន្តរជាតិមួយនេះ ត្រូវរ​ក​​លុ​យមកបង្រ្គប់ការចំណាយ ក្នុងខ្ទង់២០០លានដុល្លារអាមេរិក។ក្នុងចំណោម​ប្រទេសជាសមាជិករប​ស់អ​ង្គ​​កា​​រ​សុខ​ភាពពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាមូលនិធិដែលធំជាងគេ។សម្រាប់ជំនួយពីទីភ្នាក់ងារ​សហរដ្ឋ​​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (U​​S​​​​A​ID)វិញ បើគិតក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាទទួល​បា​ន​ក្នុ​​​​ងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។

ដោយឡែក សម្រាប់ឆ្នាំ២០២៤នេះ USAID បាន​ប្រ​កា​​​​សផ្តល់ជំនួយបន្ថែមប្រមាណ ៥៥លានដុល្លារអាមេ​រិក​​ទៀ​ត។ទំហំទឹកប្រាក់នេះ មិនទាន់គិតដល់បណ្តាប្រ​​ទេ​​សផ្សេងៗទៀត ដែលទទួលបានជំនួយពីUSAID នៅ​ឡើ​​យផង។

រីឯមន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅ​​កាត់ថា អាដហុក(ADHO​C​) លោក យី សុខសាន្ត ឱ្យដឹងថាអង្គការរបស់លោកទទួលផលប៉ះពាល់ពីការសម្រេចរបស់អាមេរិកក្នុង​ក​ម្រិ​ត​​​មួយដែលមិនខុសគ្នាពីស្ថាប័នជាតិ និងអន្តរជាតិប៉ុន្មានដែរ។ តែយ៉ាងណាអង្គការលោកនៅតែបន្តសក​ម្ម​​ភា​ព​​​ជាធម្មតាទោះគ្មានថវិកាក៏ដោយ។

 លោកបន្តថា៖«សម្រាប់ អាដហុក យើងទទួលស្គាល់ថាប៉ះពាល់មែន ប៉ុន្តែអាដហុកសុខចិត្តលះបង់ ទោះបីគ្មា​​ន​ថវិកាគ្រប់គ្រាន់ក៏ដោយ អាដហុកនៅតែធ្វើសកម្មភាពដដែលសម្រាប់រយៈពេល ៣ខែនេះ ហើយសង្ឃឹមថា​​ស​​ហរដ្ឋអាមេរិក អាចនឹងពិចារណា និងមិនបោះបង់ចោលពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិប្បតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថា ប្រហែលថាគាត់មានគោលនយោបាយថ្មីធ្វើម៉េច ឱ្យការចំណាយរបស់សហរដ្ឋអាមេរិកហ្នឹងឱ្យមានលទ្ធផលល្អ ពីព្រោះអីមានតែប្រទេសអាមេរិកទេដែលជាប្រទេសដែលមានគុណធម៌ក្នុងការជួយគិ​ត​គូរដល់សិទ្ធិរបស់មនុស្សជាតិ» ។

ស្ថិតក្នុងស្ថានភាព នៃសង្រ្គាមពាណិជ្ជកម្ម ដែលនៅមិនទាន់ផុតនៅឡើយផង មកដល់ពេលនេះ លោក ដូណា​ល់ ត្រាំ មានមហិច្ចតាចង់ក្រសោបតំបន់កាហ្សាទ្រីបបន្តទៀត។បណ្តាញព័ត៌មានធំៗនៅលើពិភពលោក បា​​ន​​ប​​​ន្ត​​​ផ្សាយកាលពីថ្ងៃទី៥ កុម្ភៈថា ការប្រកាសជំហរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ បាននាំឱ្យពិ​​ភពលោ​កមា​ន​​ភា​ព​ស្រ​​​ឡាំ​ងកាំងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។យ៉ាងណាសង្រ្គាមនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីន និងអ៊ី​ស​​​​​ស្រាអ៊ែល នាំឱ្យតំបន់កាហ្សាទ្រីប និងទីតាំងផ្សេងទៀត ត្រូវរង់ការខ្ទេចខ្ទាំ។តាមរយៈ​សន្និសីទរួមគ្នា​​រវាង​លោ​​ក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន នីតាន់យ៉ាហ៊ូ កាលពីថ្ងៃទី៤ កុម្ភៈ ប្រធា​នា​​​ធិតបីអាមេរិកទី៤៧ រូបនេះ អះអាងថាដោយមោទកភាពថា សហរដ្ឋអា​មេរិកនឹងកសាងតំ​បន់កាហ្សា​ទ្រី​ប​នេះ ឱ្យក្លាយទៅជាទីក្រុងថ្មីមួយ និងទំនើប។

ដោយឡែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លើកឡើងថា ការដកខ្លួនជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ក្នុងអាណាត្តិរដ្ឋបាល លោក ដូល ណាត្រាំ នេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាជាទេ គឺប៉ះពាល់ដល់អាមេរិកខ្លួនឯង និងពិភពលោកទាំងមូល។

លោកបន្តថា៖ «ការដកខ្លួនជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកគឺនឹងធ្វើឱ្យ ខ្លួនឯង កាន់តែដកខ្លួនចេញពីសក្តានុពល កិត្យានុភាពអាមេរិក នៅចំពោះមុខអង្គការអន្តរជាតិ ក៏ដូចជា ពិភពលោក ហើយអាមេរិកដែលធ្លាប់ជាប្រទេសចម្បង ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ជេញមតិ និងការការពាបរិស្ថាន អាចធ្វើឱ្យមានភាពថមថយ នៅភាពសកម្មរបស់ខ្លួន ដែលជាចំណុចមួយ យើងមានការព្រួយបារម្ភខ្លាំងមែនទែន។ ហើយអ្វីដែលយើងកាន់តែពិបាកទៀត គឺ អាចធ្វើឱ្យស្ថានភាព ជារួមនៃការរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ហើយស្ថានភាពបម្រែបម្រួលអាកាសធាតុ មានល្បឿនលឿនជាងមុន ហើយធ្វើឱ្យភាគីពាក់ព័ន្ធផ្សេងទៀត អា​​ច​នឹងបាត់បង់ នៃការយកចិត្តទុកដាក់ក្នុងការគោពសិទ្ធិមនុស្សដែរ» ។

លោកបន្ថែមថា លោកនៅតែសង្ឃឹមថា ប្រជាជនអាមេរិក ក៏ដូចជាប្រព័ន្ធតុល្យភាពអំណាចអាមេរិក នឹងពិនិត្យអំពីការសម្រេចចិត្ត របស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាប៉ះពាលដល់គុណតម្លៃស្នូលរបស់អាមេរិក ហើ​​​យអា​ច​ពិចារណាគិតគូរអំពីការចូលរួមឡើងវិញ។ជាងនេះទៀត រដ្ឋបាលថ្មីរបស់អាមេរិកអា​​ច​នឹងពិចារណាកំ​ណ​​ត់​អា​ទិភាពឡើងវិញ  ក្នុងកាចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចការពារបរិស្ថាន ស​ម្រា​​ប់​ពិភពលោក។

ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្រ្តី បដិសេ​ធ​​ក្នុ​​ងការផ្តល់ការអត្ថាធិប្បាយ អំពីស្ថានភាពសិទ្ធិមនុស្សនេះ ដោយលោកស្នើឱ្យសួរបញ្ហានេះទៅគណៈកម្មាធិកា​រសិទ្ធិមនុស្សកម្ពុជាវិញ។

លោកបន្តថា៖ «សួរទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសិនទៅប្អូន។ ចង់ឱ្យគេនិយាយវិញត្រូវជាង» ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ប្រាប់គេហទំព័រ New​​s​​r​​​oom Cambodia ថាក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាយន្តការមួយ ហៅថាជាយន្តការ ៤ឆ្នាំកន្លះទៅ៥ឆ្នាំ ដើ​​ម្បី​​ពិនិ​​ត្យ និងផ្តល់អនុសាសន៍ ឱ្យយោបល់លើស្ថានភាពសិទ្ធិមនុស្សទៅវិញទៅមក ដូចនេះបើអាមេរិកដកខ្លូនគឺមិ​​ន​​បានប៉ះពាល់ដល់កម្ពុជាឡើយ។

លោកបន្តថា៖ «ខ្ញុំសូមជម្រាបនៅក្នុងយន្តការសិទ្ធិមនុស្សរបស់UN មានតែយន្តការមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សយើងហើយថា យន្តការពិនិត្យឡើងវិញជាសកល សម្រាបការកំណត់ ឬហៅកាត់ថា UPR យន្តការមួយដែលប្រទេសទាំងអស់ដែលជាសមាជិក របស់អង្គការសហប្រជាជាតិទាំង១៩៣ប្រទេស រៀងរាល់៤ឆ្នាំកន្លះទៅ៥ឆ្នាំ ម្តងត្រូវតែដាក់ការអនុវត្តន៍សិទ្ធិមនុស្សរបស់ខ្លួនទៅក្រុមប្រឹក្សានេះ ហើយប្រទេសដ៏ទៃទៀតចូ​​​លរួមពិនិត្យ ចូលរួមផ្តល់មតិយោបល់ ហើយដោយអាមេរិកគាត់ចង់ដកខ្លួនដោយសារគាត់យល់ថា គាត់ជួយឧបត្ថម្ភក៏ដោយយន្តការច្រើនពេក វាអយុត្តិធម៌ អានេះវាជាសិទ្ធិរបស់សហរដ្ឋអាមេរិក»។

បញ្ហាស្មុគស្មាញ ដែលនាំឱ្យពិភពលោកកំពុងតែឈឺក្បាល ចំពោះឥរិយាបថនយោបាយរបស់លោក ដូណាល់ ត្រាំ នេះមិនត្រឹមតែប៉ះពាល់ទៅដល់ជំនួយមនុស្សធម៌ ដែលសហរដ្ឋអាមេរិក ធ្លាប់ផ្តល់ទៅប្រទេស​កំពុងអភិវ​​ឌ្ឍ​ន៍ និងដៃគូជាមិត្តទេ កត្តាសំខាន់នៅក្នុងរដ្ឋបាលលោក ត្រាំ នេះក៏បានបញ្ចប់កា​ររួមចំណែ​​ករប​ស់​ពិភ​​ព​លោ​ក​រួ​ចមកហើយដែរ ដូចជាបានផ្តាច់ខ្លួនចេញពី តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ជាដើម​។ហើយចុងក្រោ​យ​​នេះ​ រដ្ឋការរបស់លោក ដូណាល់ ត្រាំ ក៏បានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជា​ជាតិ​ថែ​ម​ទៀ​ត។​

បើទោះជាបែបណា ទាំងសហគមន៍អឺរ៉ុប និងបណ្តាប្រទេស BRICS ទាំង១០ ក៏កំពុងរង់ចាំមើលពីជំ​ហររបស់​ស​ហ​រដ្ឋអាមេរិកបន្តទៀតថាតើលោក ដូណាល់ ត្រាំ និងគណៈរដ្ឋមន្រ្តីរបស់លោ​កនឹងបន្តវិធានការ​រឹតបន្តឹ​ង​ព​ន្ធ​​​គ​​យ​ និងសម្រេចដកខ្លួនចេញពីអង្គការ ណាតូ(NATO) ទៀតឬយ៉ាងណា។ចំពោះជំ​ហររបស់ប្រទេ​សដែ​​ល​​មា​​នសេដ្ឋកិច្ចជឿនលឿន BRICS ទាំង១០ ធ្លាប់រង់ការព្រមានពីលោក ត្រាំ ក្នុងការដំឡើង​ពន្ធគ​យបន្ថែម​​​ម្តងរួ​​ច​​ម​ក​​ហើ​យដែរ ជាថ្នូរនឹងពួកគេ​​កៀរ​​គ​រ​ចង់បោះពុម្ភលុយ​​ចាយ នៅក្នុងប្រទេសទាំង១០ ជំនួសដោ​យលុ​​យដុ​​ល្លា​​​​រអា​មេ​រិ​ក​វិញ។ដោយឡែក លោក សេឡេនស្គី(Zelensky) ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន បានព្រ​មា​ន​ថា ប្រ​​សិនបើសហរដ្ឋអាមេរិក ពិតជាត្រូវដកខ្លួនចេញពីអង្គការ ណាតូ មែន នោះវាសនារបស់​សហគមន៍អឺ​រ៉ុប​​ទាំ​ង​​មូ​​លនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីទាំងស្រុង។

ស្ថិតក្នុងស្ថានភាពសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ហាក់មានភាពមិនប្រាកប្រជានេះ អង្គការអន្តរជាតិ ហ្វ្រីឌឹ​​ម​​​​​ហៅ​​ស៍ (Freedom Hou​​se) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន ដែលបង្ហាញថា នៅក្នុងឆ្នាំ២០​​២​​៤ ក​ម្ពុ​​​​ជា​​​​ទទួលបាន ២៣ពិ​ន្ទុ លើ​ពិន្ទុសរុប១០០ពិន្ទុ ដែលក្នុងនោះកម្ពុជាបាន ៤ពិន្ទុ លើ៤០ពិន្ទុផ្នែក​សិទ្ធិន​​យោ​បា​​​​យ​ និងសិទ្ធិ​​នយោ​បា​​​​​​យ​​​។ក្រៅពីនេះ១៩ពិន្ទុ លើ៦០ពិន្ទុផ្សេងទៀត លើសេរីភាពពលរដ្ឋ៕

…………………………………………..

អត្ថបទដោយ៖ នឿន ដាវីន

អត្ថបទមុន

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

អត្ថបទបន្ទាប់
ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង