ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់សូមកុំពង្រីកទំនាស់រឿងព្រំដែនកម្ពុជា-ថៃ ពេលនេះទៅដល់វិស័យផ្សេងៗ បង្កជាការស្អប់ខ្ពើមជាតិសាសន៍។
ការអំពាវនាវនេះ ក្រោយពេលមានពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះសារពីការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃតទៅទៀត។
ប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។បញ្ហានេះ លោកថា មិនគួររាលដាលដល់វិស័យផ្សេងៗទៀតឡើយ ដ្បិតនាំឱ្យមានការរើសអើងជាតិសាសន៍។
ប្រធានព្រឹទ្ធសភា បានលើកឡើងថា៖ « នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍»។
នៅថ្ងៃទី៧ ខែមិថុនា កងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ ក្រោយជូនដំណឹងថានឹងមានការបិទច្រកព្រំដែនជាមួយកម្ពុជានៅច្រកមួយចំនួន។
ប្រធានព្រឹទ្ធសភាកម្ពុជាបន្តថា ការបិទច្រកព្រំដែនប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាលោកថា ត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជាដដែលបន្តថា លោកគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។
លោកបន្តថា៖ «ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ»។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតវិញ បានលើកនៅថ្ងៃទី៧ខែមិថុនា បញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។
លោកបន្តលើកឡើងថា៖ « ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី »។
បន្ថែមពីនេះ កម្ពុជានឹងបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីតំបន់ទាំង៤ខាងលើ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ព្រមទាំងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ បានលើកឡើងលើគណនីហ្វេសប៊ុកថា ប្រជាជន អ្នកនយោបាយ និងកងទ័ពថៃគួរតែអគុណនាយករដ្ឋមន្រី្តកម្ពុជាក្នុងការបញ្ចប់ជម្លោះតាមច្បាប់អន្តរជាតិព្រោះអ្នកដែលខាតបង់ទាំងសេដ្ឋកិច្ចទាំងអាយុជីវិតប្រជាជនគឺភាគីជម្លោះចំណែកអ្នកចំណេញគឺភាគីទីបី។
លោកលើកឡើងថា៖«ថៃបិទព្រំដែនគឺភាគីថៃខាតជាងកម្ពុជា ប៉ុន្តែភាគីកម្ពុជាគួរតែ ១-ក្រសួងកាបរទេសកម្ពុជាកោះហៅប្រមុខការទូតថៃប្រចាំកម្ពុជាមកបំភ្លឺ ២-កងទ័ពត្រូវត្រៀមជើងការ»។
តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទំនិញទៅប្រទេសថៃមានទំហំជាង ១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាវិញមានទំហំជាង ៥ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង៤ពាន់លានដុល្លារ។ ដោយឡែក សម្រាប់៥ខែដើមឆ្នាំ២០២៥នេះ កម្ពុជានាំទំនិញចេញទៅថៃក្នុងទំហំទឹកប្រាក់ ជាង២០០លានដុល្លារ ឯថៃនាំទំនិញចូលមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង១ពាន់៥រយលានលានដុល្លារ។
ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ផ្តើមកក្រើកកាន់តែខ្លាំងឡើងវិញ ក្រោយមានការប៉ះទង្គិចដោយកម្លាំងយោធាមួយប្រាវរវាងភាគីទាំងពីរ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់នៅចំណូចមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយកើតហេតុ កម្ពុជាបានហៅសកម្មភាពយោធាថៃនោះ ថាជាអំពើលួចវាយឆ្មក់ និងមិនថ្លៃថ្នូរក្នុងនាមប្រទេសមានអរិយធម៌ជឿនលឿន។ កម្ពុជាក៏បានទាមទារឱ្យស្វែងរកយុត្តិធម៌ក្នុងករណីនេះ ហើយកម្ពុជាក៏បានសម្រេចបញ្ជូនសំណុំរឿងតានតឹងព្រំដែននៅតំបន់មុំបី តំបន់ប្រាសាទតាមាន់ តូច តាមាន់ធំ និងតាក្របី ទៅតុលាការអន្តរជាតិតែម្តង៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ