ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរឹបអូសផ្ទះរបស់លោក លក់ដោយបង្ខំ ដើម្បីសងសំណងទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជារឿងធ្ងន់ធ្ងរសម្រាប់លោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែលោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ។
ការលើកឡើងនេះ គឺធ្វើឡើងក្រោយលោកទទួលបានដីការសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។
តាមរយៈដីកាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចៅក្រម យី សុខវួច បានបង្គាប់ឱ្យលក់ដោយបង្ខំនូវអចលនវត្ថុ ដែលជាកម្មសិទ្ធរបស់ លោក រ៉ុង ឈុន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ដើម្បីសងទៅម្ចាស់បំណុលដែលជាអតីតគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងបច្ចុប្បន្នជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ដីកាបញ្ជាក់ថា៖ «១-ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ។ ២-រឹបអូសអចលនវត្ថុដែលមានក្បាលដីលេខ ១២០៦០៧០៣-២១២៥ មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ រ៉ុង ឈុន ដើម្បីម្ចាស់បំណុលនៃការអនុវត្ត»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ មានប្រសាសន៍ថា វាជារឿងធ្ងន់ធ្ងរដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសផ្ទះលោកកំពុងរស់នៅទៅលក់ដោយបង្ខំ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ ហើយសំណើសុំបង់សំណងតាមលទ្ធភាពរបស់លោក ក៏តុលាការមិនបានឆ្លើយតប។
លោកថា៖ «ខ្ញុំគិតថា គេចង់ធ្វើយ៉ាងណា អាហ្នឹងវាទៅតាមការសម្រេចចិត្តរបស់តុលាការ ពីព្រោះអ្វីដែលយើងបានដាក់ យើងបានដាក់ហើយ សុំឱ្យបង់តាមលទ្ធភាពដែលយើងមាន ហើយតុលាការមិនបានឆ្លើយតបទៅនឹងអ្វីដែលយើងបានស្នើសុំ ហើយស្រាប់តែចេញដីកាសម្រេចបង្ខំ ចាប់ផ្ដើមលក់ដោយបង្ខំដល់ផ្ទះសំបែង អ៊ីចឹងវាជារឿងមួយធ្ងន់ធ្ងរមែនទែន»។
តែយ៉ាងណា ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះថា លោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ ដោយសារលោកមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកថា៖ «ហើយខ្ញុំគិតថាផ្ទះ ខ្ញុំវាគ្មានអ្វីដែលអស្ចារ្យអីទេ បើយើងគិតទៅវាប៉ុនសំបកគ្រំ ប្រសិនថាមិនអាចលើកលែងបាន អាហ្នឹងទៅតាមហ្នឹងទៅ ខ្ញុំក៏មិនមានថាត្រូវតវ៉ាផ្លូវច្បាប់បែបម៉េច ច្បាប់នៅស្រុកយើងដូចជាអត់មានអីទំនុកចិត្តអីទាំងអស់»។
ចំពោះការបរិច្ចាគថវិកាពីសំណាក់សមាជិកបក្ស និងសប្បុរសជននានាវិញ លោកថា បច្ចុប្បន្ននេះ លោកទទួលបានថវិកាប្រមាណជិត ២៣ ០០០ដុល្លារ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍យ៉ាងខ្លីថា តុលាការនឹងអនុវត្តតាមច្បាប់រដ្ឋប្បវេណី ក្នុងការលក់ដោយបង្ខំនូវផ្ទះរបស់ លោក រ៉ុង ឈុន។
លោកថា៖ «ជាទូទៅ នីតិវិធីទាក់ទងលក់អនុវត្តដោយបង្ខំ យើងអនុវត្តតាមនីតិវិធីរដ្ឋប្បវេណីយើងត្រឹមត្រូវ មិនមានអីទេ ព្រោះយើងធ្វើតែតាមច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត យល់ថា ដីកាបង្គាប់ឱ្យលក់ដោយបង្ខំនូវអចលនទ្រព្យនេះ បង្ហាញថា តុលាការហាក់មិនបានពិចារណាលើសំណើរបស់លោក រ៉ុង ឈុន ដែលស្នើសុំសងសំណងទៅដើមបណ្តឹងជាដំណាក់កាល ក្រោយលោក រ៉ុង ឈុន ថាគ្មានលទ្ធភាពសងសំណងម្ដងទាំងអស់។
លោកបន្តថា ការសម្រេចរបស់តុលាការនៅពេលនេះ អាចនាំឱ្យមានការរិះគន់ពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ ខណៈដែល លោក រ៉ុង ឈុន ជាសកម្មភាពជននយោបាយលេចធ្លោមួយរូបរបស់គណបក្សប្រឆាំងនៅកម្ពុជា។
លោកថា៖ «ករណីនេះ តុលាការគួរតែពិចារណា និងសម្របសម្រួលលើការបង់សំណង[តាមដំណាក់កាល]តាមសំណើររបស់លោក រ៉ុង ឈុន ដើម្បីកុំឱ្យមានការិះគន់បន្ថែមទៀត លើករណីលោក រ៉ុង ឈុន»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះដែរ សកម្មជន ២នាក់ទៀត រួមមាន កញ្ញា ស កណិការ និងលោក តុន និមល ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ ពីបទ ញុះញង់ ដូចលោក រ៉ុង ឈុន ដែរ។
តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោស លោក រ៉ុង ឈុន ពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន ៨ខែ ១៩ថ្ងៃ ត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។
អ្នកទាំង៣ ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់សំណងទៅដើមបណ្តឹង ដែលជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ គឺលោកស្រី យី សុខវួច បានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន២រូបនោះ បង់ប្រាក់សំណងទៅដើមបណ្តឹង ដោយទុករយៈពេលឱ្យ១ខែ ប៉ុន្តែដល់ថ្ងៃកំណត់ លោក រ៉ុង ឈុន បញ្ជាក់ថា ពុំមានលទ្ធភាពបង់គ្រប់ចំនួន ហើយបានស្នើទៅតុលាការ សុំបង់ជាដំណាក់កាលៗ។
ក្រៅពីសំណុំរឿងនេះ លោក រ៉ុង ឈុន ក៏កំពុងជាប់បណ្ដឹងនៅតុលាការមួយទៀត ក្រោមបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ដោយសារលោកនៅតែបន្តសកម្មភាពសង្គម និងនយោបាយ បន្ទាប់ពីចេញពីពន្ធនាគារ៕
អត្ថបទដោយ៖ ហុង សេរីហ្វុង