CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

CJs khmer ដោយ CJs khmer
March 12, 2025
ក្នុង សង្គម
0
លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ជុំវិញការ​បង្គាប់ឱ្យសងសំណងទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
54
ចំនួនមើល

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបញ្ជាក់ពីជំហរក្នុងការបង់ប្រាក់ពិន័យចំនួន  ៤០០​លាន​រៀល តាមការ​បង្គាប់របស់តុលាការ ទៅគណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន ពាក់​ព័ន្ធសំណុំរឿង​ ញុះញង់ ដោយកា​របង់នោះលោកស្នើសុំបង់ជាដំណាក់កាល​ៗទៅតាមលទ្ធភាព ហើយលោកសង្ឃឹមថាតុលាការ​នឹង​យល់ព្រមតាមសំណើរ។

នៅក្នុងសន្និសីទ​​សារព័ត៌មាន ស្តី​ពី «តុលាការបង្គាប់ឱ្យសងសំណងការខូចខាតទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន» នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី១២ ខែ​មិនានេះ លោក រ៉ុង ឈុន ប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកនឹងបង់ប្រាក់ពិន័យទៅតុលាការ តាមលទ្ធភាពដែលលោករកបាន ពីព្រោះឥឡូវនេះ​លោកគ្មានប្រាក់បង់គ្រប់ចំនួននោះទេ គឺ​មានតែផ្ទះតូចមួយទេ។

លោកបន្តថា៖ «ជំហរខ្ញុំនៅតែប្រកាន់ ជំហរម៉ឹង​ម៉ាត់ តម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ ដូច្នេះការសម្រេចចិត្តរបស់ខ្ញុំតាមរយៈការតម្កល់ផលប្រយោជន៍ ជំហរខ្ញុំនៅដដែល តែខ្ញុំអាចផ្លាស់ប្តូយុទ្ធ​សាស្រ្តខ្លះ […] ១០ម៉ឹន​ដុល្លារ​សម្រាប់៣នាក់ សម្បើមណាស់សម្រាប់ពួកខ្ញុំ យើងគ្មានចំណូល គ្មានមុខរបរ ព្រោះធ្វើកិច្ចកាងារសង្គម​រហូតមក អញ្ជឹងយើងអត់មានលទ្ធភាពទេ បញ្ជាក់ជំហរម្តងទៀតគឺយើងបង់ទៅតាមលទ្ធភាព[…] ខ្ញុំគិតថាតុលាការនឹងទុកផ្លូវ និងផ្តល់ឱកាសឱ្យខ្ញុំបង់តាមលទ្ធភាព»។

លោកប្រដូចការពិន័យជាប្រាក់ ៤០០​លានរៀលពីសំណាក់តុលាការថាដូចជា «អារកខ្យងយកឈាម»។

លោកថា៖ «ពាក្យថា«អារកខ្យងយកឈាម»មានន័យថា ខ្យង​​អត់មានឈាមទេ អាហ្នឹងដូចខ្ញុំអ៊ីចឹងដែរ បើអារកខ្ញុំ ខ្ញុំ​មានលុយឯណាមានតែផ្ទះតូចមួយហ្នឹង ហើយបើថាដេញខ្ញុំចេញហ្នឹងទៀត អាហ្នឹងទុកឱ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃទៅ»។

លោកបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមិនា មេធាវីរបស់លោកក៏បានយកប្រាក់មួយចំនួន ទៅបង់នៅតុលាការ ពេលនោះក្រឡាបញ្ចីប្រាប់ថា មិនអាចទទួលយកបានទេ ទាល់តែគ្រប់​ចំនួន ៤០០​​លានរៀល ទើបទទួល ពីព្រោះ ចៅក្រម យី សុខ​​វួច ជាប់បេសកម្មទៅក្រៅប្រទេស បានជាមិនបានឆ្លើយតបមកមេធាវីរបស់លោក។ តែយ៉ាងណា លោកថា បើតុលាការមិនទុកផ្លូវឱ្យលោក ហើយតម្រូវឱ្យបង់គ្រប់ចំនួននោះលោកមិនមានលទ្ធភាពនោះឡើយ។

លោក រ៉ុង ឈុន បានឱ្យដឹងទៀត​​​ថា លោកប្រមូលបានថវិកាពីសមាជិកបក្ស និងសប្បុរសជនចំនួន ២១៣៣នាក់ បានថវិកាចំនួន ២១ ០៣៧.៥៤ ដុល្លារសហរដ្ឋអាមេរិក និងចំនួន ៧ ៧៤៣ ៥១០រៀល។ លោកថា ការ​បរិច្ចាគនេះ​មានចំនួនពី ២៤០រៀល ទោះចំនួននេះតិចក្ដី តែវាបានបង្ហាញថាពលរដ្ឋចង់ផ្ដល់យុត្តិធម៌ជូនលោក។

លោក រ៉ុង ឈុន ស្នើឱ្យរដ្ឋាភិបាល និងតុលាការ ពិចារណាឡើងវិញ ចំពោះការដាក់សម្ពាធដល់លោក ឬការចាប់ខ្លួនលោក។

លោកថា៖«បើសិនជាមានការឃាត់ខ្លួន ចាប់ខ្លួនខ្ញុំ ស្ថានភាពវាពិបាកប៉ាន់ស្មានដែរ ដូចកាលពីកន្លងទៅឆ្នាំ២០២០អ៊ីចឹង មានចរន្តៗច្រើន ហើយឥឡូវនេះ ខ្ញុំមកចូលរួមជាមួយសកម្មភាពនយោបាយថែមទៀត មិនមិនអាចថាខ្ញុំមានឥទ្ធិពលអីបែបណាទេ[…] ខ្ញុំគិតថា ពេលវេលានេះ អ្នកដឹកនាំរដ្ឋត្រូវគិតពិចារណាថា មួយណាចំណេញមួយណាខាត បើចាប់ រ៉ុង ឈុន ទៅធ្វើឱ្យសេដ្ឋកិច្ចមានកំណើន៧-៨ក្បៀស ចាប់ទៅអត់បញ្ហាទេ។ ប៉ុន្តែបើសិនជាចាប់ រ៉ុង ឈុន ទៅធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ គួរតែពិនិត្យពិចារណាជុំវិញបញ្ហានេះ តុលាការដូចគ្នា បើសិនជាខ្ញុំមកសុំអង្វរតុលាការអីមកដល់ពេលនេះ គ្រាន់តែឱ្យតុលាការពិនិត្យពិចារណាឡើងវិញ ធ្វើម៉េចដើម្បីចំណេញដល់ជាតិ ធ្វើម៉េចរក្សាកេរ្តិ៍អ្នកដឹកនាំ»។

លោក ជា មុនី ប្រធានស្តីទីនៃគណបក្សកម្លាំងជាតិ សម្តែងការអរគុណដល់សមាជិកគណបក្ស និងអ្នកស្រឡាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ដែលបានចូលរួមបរិច្ចាគជួយ​ដល់ លោករ៉ុង ឈុន និ​ងសកម្មជននយោបាយ​ ២រូបទៀត ដែលរង​ការ​ចោទប្រកាន់។ តែយ៉ាងណា លោកនៅតែទទូចស្នើសុំឱ្យបន្តជួយបន្ថែមទៀត ដើម្បីគ្រប់ចំនួនទៅតាមការ​បង្គាប់របស់​តុលាការ។

លោកបន្ថែមថា៖«នៅពេលដែល​តុលាការបង្គាប់ឱ្យ លោក រ៉ុង ឈុន បង្គាប់ឱ្យបង់​ប្រាក់ ៤០០​​លានរៀល ស្មើ១០ម៉ឺនដុល្លារ ធំធេង​ណាស់សម្រាប់អ្នកដែលក្រក្សត់ យកជីវិតទៅធ្វើការងារសង្គម​សឹងតែលើសពាក់កណ្តាល​​ជីវិតទៅហើយ[…] យើងខ្ញុំសុំ​តុលាការ​ពិចាណាចំពោះ លោក រ៉ុង ឈុន និងអ្នកទាំង២ គឺគណបក្សបង់ មិន​គេចវេសទេ តែឱ្យបាន១០ម៉ឺន​ភ្លាមៗវាអត់បាន លេងប៊ិបៗ១០ម៉ឺន សូម្បីតែឧកញ្ញ៉ាក៏មិនមានឱ្យភ្លាមៗដែរក្នុងមួយខែ ក៏ពិបាករកលុយដែរ យើងអត់គេចវេសទេ យើងអនុវត្តៗទៅតាមសេចក្តីសម្រេចរបស់តុលាការ តែតុលាការត្រូវពិចារណាផងថា សាកសមដែរឬអត់?»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី សុំមិនអត្ថាធិប្បាយ ដោយ​​​លោក​ប្រាប់​​​ថា៖ «ចាំមើលខ្ញុំឆែកមើល​សិន ចាំមើលខ្ញុំសួរចៅក្រមទទួលបន្ទុកសិន»។

លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម​ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅ​​កាត់ថា អាដហុក (ADHOC) មាន​ប្រសាសន៍ថា ការដែល​តុលាការ​បង្គាប់​ លោក រ៉ុង ឈុន ឱ្យ​​សង​ប្រាក់​ទៅ​គណៈ​កម្មា​ធិការចម្រុះកិច្ចការ​​​ព្រំដែន ដោយទុករយៈពេល១ខែ គឺជាការបង្ខំឱ្យលោក រ៉ុង ឈុន ទាល់ច្រក។

លោកសង្កេតឃើញថា លោក រ៉ុង ឈុន មានឆន្ទៈក្នុងការផ្ដល់សំណងតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ទើបលោកស្នើសុំតុលាការបង់ប្រាក់ពិន័យជាដំណាក់កាល​​ៗ​តាមលទ្ធភាព។ តែយ៉ាងណា លោក ថា នេះជាសិទ្ធិរបស់តុលាការក្នុងការសម្រេចលើសំណើរនេះ។

លោក យី សុខសាន្ត បន្ថែមថា៖ «អ្វីដែលយើងសុំទទូចទៅ​រាជរដ្ឋាភិបាល ក៏ដូចជាតុលាការមេត្តាឈប់បង្ខំពលរដ្ឋ​តាមរយៈដីការទៅ ដោយសារតែ បើយើងចាត់ទុកប្រទេសកម្ពុជា​ប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គឺសេរីភាពនៃការបញ្ចេញមតិ ការរិះគន់របស់រដ្ឋាភិបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំង​ដើម្បីឱ្យរដ្ឋាភិបាលលោក​មើលឃើញឱ្យកាន់តែច្បាស់ ហើយលោកនឹងអាចកែប្រែទៅតាម គេហៅថាសំឡេងនៃម្ចាស់ឆ្នោត។ ហើយបើសិនជាអ្នកដែលរិះគន់ទៅ លោកតែងតែធ្វើការចោទប្រកាន់មានន័យថា ថ្ងៃក្រោយប្រទេសយើងលែងក្លាយជាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទញុះញង់ដោយសារការអត្ថាធិប្បាយ​​អំពីបញ្ហាព្រំដែន ដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ។

សាលាឧទ្ធរណ៍បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​​របស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ គឺលោក លោក យី សុខវួច បានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន២រូបផ្សេងទៀត បង់ប្រាក់សំណងចំនួន ៤០០​លានរៀល ឬស្មើនឹងប្រមាណជា១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យគណៈកម្មាធិការចម្រុះ​កិច្ចការព្រំដែន ពាក់ព័ន្ធនឹងបទញុះ​ញង់ ក្រោយលោក រ៉ុង ឈុន អត្ថាធិប្បាយអំពីបញ្ហាព្រំដែន។ ករណីនេះ គណបក្សកម្លាំងជាតិ បានដាក់លិខិតទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា និង​សហគមន៍អឺរ៉ុប ឱ្យជួយអន្តរាគមន៍​ទៅរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលបទចោទប្រកាន់ សំណង និងបម្រាមនានា ទៅលើលោក រ៉ុង ឈុន៕

…………………………………………

អត្ថបទដោ៖ នឿន ដាវីន និងហុង សេរីហ្វុង

អត្ថបទមុន

បទ​យក​ការណ៍៖ ស្ត្រី​ក្នុងវិស័យមួយចំនួន ស្នើឱ្យមាន​ថ្ងៃ​​​សម្រាក​​១ថ្ងៃ​​ក្នុង​១​ខែ​​កំឡុង​​​​​មក​​​​រដូវ​ ដោយ​​​មិន​​កាត់​​​​ប្រាក់​ខែ

អត្ថបទបន្ទាប់

សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

អត្ថបទបន្ទាប់
សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង