CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

CJs khmer ដោយ CJs khmer
March 25, 2025
ក្នុង បទយកការណ៍, ព័ត៌មាន
0
លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

លោក រ៉ុង ឈុន កំពុងអង្គុយអានឯកសារនៅលើតុក្នុងសមាគមន៍គ្រូបង្រៀនឯករាជ្យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅភ្នំពេញ។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
93
ចំនួនមើល

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រលូកក្នុងការ​ងារ​សង្គម​ប្រមាណជា ២៥ឆ្នាំមកហើយ។ កត្តាដែលបានជំរុញឱ្យលោកចូលរួមកិច្ចការសង្គម គឺដោយសារលោក​សង្កេតឃើញមានបញ្ហាលក្ខខណ្ឌការងារមិនល្អ នៅប្រទេសកម្ពុជា កាលពីជាង២០ឆ្នាំមុន តួយ៉ាងដូចជាបញ្ហាប្រាក់ឈ្នួលកម្មករកម្មារិនីរោងចក្រ និងប្រាក់បៀវត្សន៍គ្រូ​បង្រៀន​​​ទាបជាដើម ដែលធ្វើឱ្យពួកគេមានបញ្ហាជីវភាព។

ក្នុងរយៈពេលជាង២០ឆ្នាំ​ក្នុងការងារសង្គម លោក រ៉ុង ឈុន ដែល​បច្ចុប្បន្នមានតួនាទី​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា​ផង​នោះ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ២លើក និងត្រូវ​បាន​ឃាត់​ខ្លួន​ម្ដង ដោយ​សារ​ការ​តវ៉ា និងការ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍នានា​​ជាដើម។

ជាប់ពន្ធនាគារ​​លើកទីមួយ កាល​​ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ ដែលពេលនោះ​ លោក រ៉ុង ឈុន ត្រូវបានចាប់​ខ្លួន និងដាក់ពន្ធនាគារព្រៃសរ រយៈពេល ៩៦​ថ្ងៃ ក្រោមបទចោទប្រកាន់ពី​ “បទបរិហារកេរ្តិ៍”​ និង​ “បទញុះញង់”​ ក្រោយពីលោករិះគន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្រោយ​លោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា- វៀតណាម។

ក្រោយ​មកនៅឆ្នាំ​២០១៤ លោកត្រូវបានអាជ្ញាធរចាប់ឃាត់​ខ្លួន​​ម្ដងទៀត ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​ឱ្យ​ដោះ​លែងប្រធាន​សមាគម​សេដ្ឋកិច្ចប្រជាធិបតេយ្យឯ​ក​រាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ នៅម៉ោងប្រមាណ៩ព្រឹក មុខស្ថានទូតអាមេរិក ហើយដោះលែងវិញនៅម៉ោង៧យប់ថ្ងៃដដែល។ និងលើកចុងក្រោយ នគរបាល​បានចាប់​ខ្លួន លោក រ៉ុង ឈុន នៅគេហដ្ឋានរបស់លោក នៅយប់ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២០២០​ បន្ទាប់ពី​លោក​បានអត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច​របស់លោក​នៅ​ខេត្ត​ត្បូង​ឃ្មុំ ត្រង់ព្រំដែន​រវាង​ប្រទេសកម្ពុជា​ និង​​​វៀត​​​​ណាម​។

បន្ទាប់​មក​​នៅថ្ងៃទី១៨​ខែសីហា ឆ្នាំ​២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យ​​​ជាប់​ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»​ ពិន័យជាប្រាក់ចំនួន​២លានរៀល និងសងទៅគណៈកម្មាធិការចម្រុះកិច្ចការ​​ព្រំដែនចំនួន ៤០០លានរៀល។ តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​​​​របស់​តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។

ក្នុងសំណុំ​រឿង​នេះដែរ​ លោក រ៉ុង ឈុន​ និង​គណបក្ស​កម្លាំងជាតិ បាននិងកំពុងអំពាវនាវដល់​​​​សប្បុរសជន​ និងអ្នកគាំទ្រ​ជួយ​ដល់​លោក រ៉ុង ឈុន និងសកម្មជន​នយោបាយ​២នាក់ទៀត ក្នុងកា​របង់ប្រាក់សំណង​ទៅដើម​បណ្តឹង។

តើលោក រ៉ុង ឈុន មានប្រវត្តិសិក្សា និងឆ្លងកាត់ការងារយ៉ាងណាខ្លះ?

លោក រ៉ុង ឈុន កើតនៅថ្ងៃទី១៥ ខែកកដ្កា ឆ្នាំ១៩៦៩ នៅភូមិចុងកោះតូច ឃុំតាលុន ស្រុកស្អាង ខេត្ត​កណ្តាល ក្នុង​គ្រួសារដែលមានជីវភាពមធ្យម។ លោកមានឪពុកម្តាយជាកសិករ តែបច្ចុប្បន្ន​ពួកគាត់បានលាចាកលោក​ហើយ។ លោក រ៉ុង ឈុន ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) តែជាអកុសលបងប្រុសទី៣​របស់​លោក បានស្លាប់កាលពីសម័យខ្មែរក្រហម។

លោកចូលរៀនថ្នាក់​បឋមសិក្សា​ ឬកាលនោះហៅថាមធ្យម​សិក្សា​កម្រិត១ នៅឆ្នាំ១៩៨០ នៅភូមិ​តាលុន ឃុំតាលុន ស្រុកស្អាង ដែលពេលនោះលោកមានវ័យប្រមាណជា១០ឆ្នាំទៅហើយ។ លោកបានចាកឆ្ងាយពីផ្ទះទៅបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ ឬមធ្យមសិក្សាកម្រិត២ កាលពីឆ្នាំ១៩៨៤ នៅព្រែកតាដួង ស្រុកកោះធំ ខេត្តកណ្ដាល ដោយស្នាក់នៅវត្ត សាំប៉ាង។ នៅឆ្នាំ១៩៨៨ លោក រ៉ុង ឈុន បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា​នៅ​សកលវិទ្យាល័យ​​ភ្នំពេញ ឬជាសកលវិទ្យាល័យភូមិន្ទភ្នំពេញបច្ចុប្បន្ន ដោយបានចាប់យកជំនាញគណិតវិទ្យា។

ក្រោយបញ្ចាប់ថ្នាក់ឧត្តមសិក្សានៅឆ្នាំ១៩៩៣ លោកក៏បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យស្អាង ឬបច្ចុប្បន្នជាវិទ្យាល័យហ៊ុន សែន ស្អាង ផ្នែកគណិតវិទ្យា នៅថ្នាក់ទី១០ និងទី១១ ដែលជាថ្នាក់ប្រឡងបាក់ឌុប កាល​ជំនាន់នោះ។ ទោះ​មានប្រាក់ខែតែ ៦​ទៅ ៧ម៉ឺនរៀល លោកនៅតែជ្រើសរើសរបរជាគ្រូបង្រៀន ដោយលោកបានគិតថា ការងារនេះអាចជួយសង្គមជាតិបាន​។

លោកថា៖ «ធ្វើគ្រូក៏មានតម្លៃ យើងបានផ្ទេរចំណេះដឹងឱ្យសិស្ស បង្កើតនូវធនធានមនុស្ស»។

លោក រ៉ុង ឈុន​ បានចាប់ផ្ដើមប្រឡូកកិច្ចការសង្គមពីឆ្នាំ១៩៩៦ ដោយលោកតែងតែឆ្លៀតពេលទំនេពីការបង្រៀនឡើងមកភ្នំពេញ ជួយកម្មករ ក្នុងកាងារសហជីព ជាមួយលោក ជា វិជ្ជា ដើម្បីទាមទារឱ្យមានលក្ខ​ខណ្ឌ​ការ​ងារ​ប្រសើរ ព្រោះថា​កម្មករនៅ​ជំនាន់នោះមានប្រាក់ខែតែ ២៦ដុល្លារក្នុង​មួយខែ។

ដោយសារ លោក រ៉ុង ឈុន ជាគ្រូបង្រៀន ហើយឃើញទុក្ខ​លំបាករបស់គ្រូបង្រៀនដែរនោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០០០ លោកជាមួយ លោក ជា វិជ្ជា បាន​សម្រេច​​បង្កើត​សមាគម​គ្រូបង្រៀនកម្ពុជាឯក​រាជ្យ​ ដោយ​​លោកបានជាប់ឆ្នោតជាប្រធានសមាគម និង​​បាន​ទាមទារ​ឱ្យ​​​មាន​ការ​​តំឡើងប្រាក់ខែគ្រូបង្រៀន​ជាបន្តបន្ទាប់។

នៅចុងឆ្នាំ២០០១ លោក រ៉ុង ឈុន បានចូល​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងនាយកដ្ឋាន​ស្រាវជ្រាវ វិទ្យាសាស្ត្រ។

រហូតដល់ឆ្នាំ២០០៦ សហភាពសហជីពកម្ពុជា បានបង្កើតឡើង ដែលជាការចងក្រងគ្នារវាងសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ ជាមួយនឹងសហជីពសេរីកម្មករកម្ពុជា​នៃព្រះរាជាណាចក្រកម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងបានបង្កើតនូវសហភាពសហជីពកម្ពុជា សមាគមគ្រូចងជាមួយនឹងសហជីពសេរីកម្មករកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បង្កើតបានជាសហភាពសហជីព​កម្ពុជា ពីព្រោះយើងមើលឃើញ​លក្ខខណ្ឌការងារកម្មករអាក្រក់ពេក ហើយប្រាក់ខែរបស់គាត់តិចតួច ហើយយើងឃើញកត្តាមួយទៀតដែរ​ ឃើញនិយោជកធ្វើបាប​​កម្មករដូចជាគប់ស្បែក​ជើង ជេរប្រមាថសព្វបែបយ៉ាង អាហ្នឹងហើយដែលយើងចង់ឃើញនិយោជកគោរពកម្មករ»។

នៅឆ្នាំ២០១៥ លោក រ៉ុង ឈុន បានព្យួរពីមន្ត្រីក្រសួងអប់រំ ហើយបានចូលធ្វើសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ឬហៅកាត់ថា គ.ជ.ប។ ប៉ុន្តែ​ក្រោយពី​​មានការរំលាយគណបក្សសង្គ្រោះជាតិ លោកបានលា​ឈប់ពីសមាជិក គ.ជ.ប នៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ​​២០១៧។ នៅពេលដែលលោកលាឈប់ពី គ.ជ.ប រួច លោក​ក៏ស្នើចូលជាមន្ត្រីក្រសួងអប់រំវិញ ក៏ប៉ុន្តែលោកត្រូវបានក្រសួងបណ្តេញ​ចេញ​​ពី​ក្របខណ្ឌ​ កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោម​ហេតុផល​ថាលោកអវត្តមាន​ដោយ​គ្មាន​ច្បាប់​​អនុញ្ញាត​។

លោកថា៖ «យើងបានដាក់ពាក្យភ្ជួរ​តាមច្បាប់ទម្លាប់ត្រឹមត្រូវ​ហើយ ប៉ុន្ដែត្រឡប់មកវិញនៅពេលដែលយើងដាក់​ពាក្យចូលជាមន្ដ្រីវិញហ្នឹង​ ត្រូវបានគេបញ្ឈប់ ហើយបញ្ឈប់ហ្នឹងខុសនឹងនីតិវិធីទាំងស្រុង បំពានហ្មង គេហៅ​ថាការបញ្ឈប់ដោយបំពានដោយបង្ខំ»។

លោក រ៉ុង ឈុន បានចូលកិច្ចការនយោបាយកាលចុងឆ្នាំ២០២២ ដោយនៅថ្ងៃទី៩ ខែវិច្ឆិកា លោក​បានចូលជាមួយគណបក្សភ្លើងទៀន។ ប៉ុន្តែ​​ដោយសារ​គណបក្សភ្លើងទៀន មិន​ត្រូវ​បាន​ចូល​រួម​ការ​បោះឆ្នោ​ត​នៅ​ថ្ងៃទី​​២៣ ខែកក្កដា ឆ្នាំ​២០២៣ ក៏មានការផ្ដួចផ្ដើម​ឱ្យមានការបង្កើតគណបក្សកម្លាំងជាតិឡើង ហើយលោក រ៉ុង ឈុន ក៏បានចូលរួមជាមួយគណបក្សកម្លាំងជាតិ ក្នុងតួនាទីជាទីប្រឹក្សាបក្ស​រហូតដល់ពេលបច្ចុប្បន្ន។

នៅក្នុងដំណើរ​​ជីវិត លោក រ៉ុង ឈុន អ្វីដែល​ជា​ឧបសគ្គធំជាងគេរបស់លោក គឺការរឹតត្បិតសេរីភាពពីសំណាក់​រដ្ឋាភិបាល និង​តុលាការ​។

លោកថា៖ «អ្វីដែលជាឧបសគ្គធំបំផុតហ្នឹង វាជាការរិតត្បិតនូវសេរីភាព ដូចបច្ចុប្បន្នហ្នឹង​អញ្ចឹង អ្វីដែលយើងធ្វើ​ការងារមិនបានពេញលេញ ដូចជា ការចាប់ខ្លួន​ ចាប់ដាក់ពន្ធ​នាគារហ្នឹង រហូតមកដល់បច្ចុប្បន្ននេះ ត្រូវតែជាប់​បំរាម ហើយនៅមានជាប់បណ្ដឹង បំរាមហ្នឹងគេហាមមិនឱ្យចេញក្រៅប្រទេស ទីលំនៅត្រូវជូនដំណឹង ហើយ​ត្រូវបង្ហាញខ្លួននៅប៉ុស្ដ៏៍នគរបាលរៀងរាល់សប្ដាហ៍ទី៤​នៃខែនីមួយៗ ហើយមានដាក់ពេលវេលាកំណត់ទៀត អាហ្នឹងហើយជាឧបសគ្គរឹតត្បិតសេរីភាព ទៅណាមកណាគេតាម តាមថត តាមឃ្លាំមើល តាមអីហ្នឹង»។

តែទោះជាលោកជួបឧបសគ្គ និងធ្លាប់ជាប់ពន្ធនាគារម្ដងជាពីរដងហើយក្ដី ក៏លោកមិនបានសោកស្ដាយនូវអ្វីដែលលោកបានធ្វើកន្លងមកដែរ។

លោកនិយាយ​​ថា៖ «អញ្ចឹងវាអត់មានអ្វីដែលយើងត្រូវធ្វើហើយយើងសោកស្ដាយ យើងសប្បាយចិត្តនឹងធ្វើក្នុងការជួយប្រជាពលរដ្ឋក៏ជួយសង្គមជាតិ ជាពិសេសយើងចង់ឃើញក្មេងជំនាន់ក្រោយ យុវជនអីហ្នឹងរៀនចប់ពីមហាវិទ្យាល័យ បានប្រាក់ឈ្នួលសមរម្យអាចរស់នៅបាន ទាំង​ធ្វើការងារឯកជន ក្រុមហ៊ុនសម្បូរការងារ ទាំងធ្វើ​ការងាររដ្ឋ ក៏ដូចជាធ្វើការងារក្រុមហ៊ុនទទួលបានប្រាក់ខែអាចរស់បាន សមរម្យ»។

ជាមួយគ្នានេះ លោក រ៉ុង ឈុន ថាកិច្ចការដែលលោកបានធ្វើកន្លងទៅនេះ ក៏បង្កើតឱ្យមាននូវសមទ្ធផលមួយចំនួនដែរ តួយ៉ាង ការចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនពីសំណាក់កម្មករកម្មការិនី និងគ្រូបង្រៀន ប្រាក់ឈ្នួលកម្មករ និងប្រាក់ខែគ្រូបង្រៀនមានការឡើង និងការបណ្ដុះទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជាទាំងក្នុងស្រុក និងពលរដ្ឋកម្ពុជានៅក្រៅស្រុក។

លោកថា៖ «យើងមានការសាបព្រួស មានការបញ្ជ្រាបហូរហែរមកដល់ពេលនេះ យើងឃើញយុវជនមានការចាប់​អារម្មណ៍ច្រើន ទោះបីយុវជននៅក្នុងស្រុកក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុក គាត់មិនហារមាត់ស្ដី ប៉ុន្ដែក្នុងបេះ​ដូង​គាត់ គាត់​កង្វល់ណាស់ ហើយបើសិនជាគាត់មានឱកាសគាត់នឹងចូលរួមសំដែងមតិ ប៉ុន្ដែអ្វីដែលយើង​ធ្វើការកត់សម្គាល់ អ្នកដែលប្អូនៗ យុវជននៅជប៉ុន នៅកូរ៉េមានអ្នកទឹកចិត្តស្នេហាជាតិខ្ពស់ណាស់ គាត់ចេញធ្វើការទាមទារម្ដងហើយម្ដងទៀតទាក់ទងរឿងទឹកដីហ្នឹង»។

ចំពោះការបង្កើតគ្រួសារវិញ លោក រ៉ុង ឈុន ថាមិនមានបំណងក្នុងការបង្កើតជាគ្រួសារឡើយ លោកថា «លុះត្រាតែប្រទេសកម្ពុជាទទួលបានសុខសាន្តត្រាន» ដោយលោកយល់ថា អ្នកធ្វើកិច្ចការសង្គមដូចលោកអាចជួបមានបញ្ហា និងឧបសគ្គ​​ច្រើន។

លោក ជា មុនី ប្រធានស្តីទី​គណបក្សកម្លាំងជាតិ ឱ្យដឹង​ថា រូបលោក និងលោក រ៉ុង ឈុន បានស្គាល់គ្នានៅឆ្នាំ១៩៩៣ ក្រោយលោកទាំងពីរបានរៀនចប់ថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យភ្នំពេញ។

ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​​នោះ លោក ជា លោក មុនី​ បន្តរៀបរាប់​ថា លោក រ៉ុង ឈុន បានចំណាយពេលវេលាអស់ជាងពាក់កណ្ដាលជីវិតរបស់លោក ក្នុងការធ្វើកិច្ចការសង្គម ដោយគ្មានប្រាក់ខែ។ លោកបន្ថែមថា បើលោក រ៉ុង ឈុន យកពេលវេលា​​ទាំងនេះទៅចំណាយទៅលើការរកស៊ី ការធ្វើគ្រូបង្រៀន ឬធ្វើជាមន្ត្រីនោះ លោកពិតជាមានបានពុំខាន។

លោកថា៖ «បើគិតថាយកពេលវេលាហ្នឹងជាគ្រូបង្រៀន យកពេលវេលាហ្នឹងទៅរកស៊ី ឬក៏យកពេលវេលាហ្នឹងទៅធ្វើ គ.ជ.ប ប្រហែលជា​លោក រ៉ុង ឈុន ហ្នឹង អត់ក្រទេ មានលុយណាស់។ ប៉ុន្តែសូម្បីតែគ្រូបង្រៀនក៏គាត់​បោះបង់ចោល សូម្បីតែជាមន្ត្រីនៅ គ.ជ.ប ក៏គាត់បោះបង់ចោលគឺដើម្បីអី? ដើម្បីបុព្វហេតុ សិទ្ធិ សេរីភាព ចង់​បាននូវយុត្តិធម៌ក្នុងសង្គម ចង់ឱ្យមនុស្សមានតម្លៃស្មើៗគ្នា ចង់ឱ្យទឹកដីនៃប្រទេសកម្ពុជាហ្នឹងកុំឱ្យមានបាត់បង់ ឬកុំឱ្យមានការឈ្លានពានពីបរទេស»។

លោក ជា មុនី សង្កេតឃើញ​ថា លោក រ៉ុង ឈុន ជាបុគ្គលមួយរូបដែលស្រឡាញ់សង្គមជាតិ និងប្រជាពលរដ្ឋ ហើយ​ការស្រឡាញ់នេះ បានធ្វើឱ្យលោក រ៉ុង ឈុន ភ្លេចគិតពីខ្លួនឯង។

លោកមានប្រសាសន៍ថា៖ «គាត់ស្រឡាញ់យុត្តិធម៌ គាត់ចង់បានសេរីភាពជូនពលរដ្ឋទាំងអស់ គាត់ចង់បានយុត្តិធម៌ជូនពលរដ្ឋទាំងអស់ ហើយគាត់ស្រឡាញ់គេហៅថាធនធានធម្មជាតិ ស្រឡាញ់ទឹកដីនៃប្រទេសកម្ពុជា[…] រហូតដល់គាត់ចូលរួមជាចលនាឱ្យ​មានប្រជាធិបតេយ្យ​ ឱ្យមានសេរីភាព​ពេញលេញ តាំងពីគាត់ធ្វើគ្រូបង្រៀន​រហូតដល់បច្ចុប្បន្ន រហូតដល់គាត់ហ្នឹងភ្លេចភ្លាំងយកប្រពន្ធយកកូនអីទៀតហ្នឹងណា»។

រីឯអ្នក​ស្រី អ៊ុក ឆា​យ៉ាវី ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា អ្នកស្រីស្គាល់​ លោក រ៉ុង ឈុន តាំងពីឆ្នាំ២០០០ មកម្លេះ។ អ្នកស្រីសង្កេតឃើញថា លោក រ៉ុង ឈុន ជាមនុស្សដែលលះបង់សូម្បីតែជីវីតដើម្បីជាតិ មាតុភូមិ ដើម្បីយុត្តិធម៌ ដើម្បីទាមទារប្រយោជន៍ជូនគ្រូបង្រៀន កម្មករ និងពលរដ្ឋគ្រប់រូប។

អ្នកស្រីបន្ថែមថា៖ «លោករ៉ុង ឈុន ជាមនុស្ស​លះបង់ខ្ពស់​ណាស់ សូម្បីតែមួយជីវិតរបស់គាត់[…] លោក រ៉ុងឈុន ជាមនុស្សម្នាក់ដែលចង់ឱ្យជីវិតគ្រូបង្រៀន កម្មកររោងចក្រ និយាយទៅទាំងប្រជាពលរដ្ឋទាំងអស់រស់នៅដោយមានស្នាមញញឹម មានសេចក្តីសុខសាន្ត ហើយរស់នៅក្នុងប្រទេសខ្លួនឯង​ដោយសប្បាយចិត្ត[…] បើគាត់គិត​ពីលុយ ឃើញហើយថាកន្លងមកគាត់បានធ្វើជាគណកម្មការ គ.ជ.ប ដែលមានលុយ ប្រាក់ខែរាប់ពាន់ មាន​អង្គរក្ស មានឡានជិះ មានគ្រប់យ៉ាង ទាំងកិត្តិយស តែគាត់លះបង់ អញ្ចឹងហើយគាត់លះបង់ទាំង​អស់គឺគាត់លះបង់ដើម្បីជាតិតែម្តង»។

អ្នកស្រី​ថា លោក រ៉ុង ឈុន លះបង់ជាច្រើនដើម្បីជាតិ ដូច្នេះអ្នកស្រីស្នើឱ្យរដ្ឋាភិបាល កុំដាក់សម្ពាធដល់លោក ហើយលើកលែងបទចោទប្រកាន់​​ផ្សេងៗនៅតុលាការផងដែរ ព្រោះអ្នកស្រីយល់ថា លោក រ៉ុង ឈុន មិនបានធ្វើឱ្យខូចខាតអ្វីដល់សង្គមឡើយ។

លោកស្រីបន្តថា៖ «ខ្ញុំសួរថាខូចខាត តើខូចខាតស្អី?គ្រាន់តែគាត់ទៅមើលព្រំដែន គ្រាន់តែមើលព្រំដែនតើ[…]មានតែសុំឱ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណា លើកទឹកចិត្តដល់ពលរដ្ឋដែលគាត់ខ្វល់ខ្វាយ ដែលគាត់ចូលរួមដើម្បីជាតិ មាតុភូមិ ជាពិសេស បូរណភាពទឹកដី ឱ្យបន្សល់ទុកនូវកេត្តិឈ្មោះដល់កូចចៅជំនាន់ក្រោយ បើមិនមានពាន់រង្វាន់សម្រាប់លោកគ្រូរ៉ុងឈុនទេ គួតែកុំដាក់បន្ទុកគាត់»។

នៅថ្ងៃអនាគត លោក រ៉ុង ឈុន មិនគិតថាចង់ផ្លាស់ប្ដូររបរ ឬការងារអ្វីឡើយ ដោយលោកចង់ឃើញប្រទេសកម្ពុជាមានអ្នកដឹកនាំល្អ មានយុត្តិធម៌សង្គម និងប្រជាធិបតេយ្យពេញលេញ។

លោកថា៖ «បើរឿងការងារ ដូចជាមិនមានអីប្រែប្រួលទេ ប៉ុន្ដែអាក្ដីស្រម៉ៃយើងគិតថានឹងមានថ្ងៃមួយ យើងនឹងទៅ​ដល់​គោលដៅ នៅពេលដែលយើង​បន្ដដំណើរ ទោះបីយឺតក្ដី​ លឿនក្ដី នឹង​ទៅដល់​គោលដៅ ទៅដល់គោល​ដៅ មានន័យថា ពលរដ្ឋខ្មែរក៏ដូចជាប្រទេសកម្ពុជាហ្នឹង ទទួល​បាន​នូវ​អ្នក​ដឹកនាំល្អ និងមានយុត្តិធម៌សង្គម ប្រជាធិបតេយ្យពេញលេញហើយ»៕

អត្ថបទដោយ៖ ហុង សេរីហ្វុង

អត្ថបទមុន

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

អត្ថបទបន្ទាប់

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

អត្ថបទបន្ទាប់
រូបភាព ខ្យងម្យ៉ាងដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញនៅតំបន់ភ្នំបាណន់ នៃខេត្តបាត់ដំបង។ (ហ្វេសប៊ុកក្រសួងបរិស្ថាន(Ministry Of Environment)

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង