ប្រជាពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀងចោទថា ក្រុមហ៊ុន លោក សួស សម្បត្តិ បានជីកស្រះទឹកផ្តាច់ផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។
តំណាងប្រជាពលរដ្ឋលោក សួន វុត្ថា អាយុ ៣៥ឆ្នាំ ពលរដ្ឋនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនលោកសួសសម្បត្តិនៅតែបន្តជីក និងកាយស្រះទឹកផ្តាច់ផ្លូវសាធារណៈមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងបានបង្ហូរទឹកស្រះដែលប្រជាពលរដ្ឋប្រើប្រាស់ថែមទៀត។
លោក សួន វុត្ថា បានឱ្យដឹងថា កន្លងមកអាជ្ញាធរបានចុះដោះស្រាយដោយបានវាស់វែងទុកជាដីសហគមន៍ និងហាមមិនឱ្យក្រុមហ៊ុនឈូសឆាយរំលោភយកនោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះ ពុំបានអនុវត្តតាមឡើយ ដោយក្រុមហ៊ុនមួយនេះ នៅតែបន្តកាយផ្ដាច់ផ្លូវ និងរំលោភយកដីស្រះទៀត។
ជុំវិញបញ្ហានេះ លោក សួន វុត្ថា ស្នើដល់អាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ដោះស្រាយជូនដល់សហគមន៍នៅភូមិតាអី ដើម្បីទុកជាប្រយោជន៍រួម និងរក្សាជាដីសាធារណៈរបស់រដ្ឋ។
ពលរដ្ឋម្នាក់ទៀត លោក ពេជ្រ ភក្រ្តា អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី និយាយថា ស្រះទឹក និងផ្លូវនោះជារបស់រួមសហគមន៍ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានចាក់ដីលប់ជុំវិញធ្វើជាផលប្រយោជន៍របស់ខ្លួន។
លោក ពេជ្រ ភក្រ្តា បានស្នើដល់អាជ្ញាធរឃុំដោះស្រាយករណីជម្លោះនេះ ដោយសាងសង់ផ្លូវ និងស្តារស្រះសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
លោកបន្ថែមថា៖« ក្រុមហ៊ុននេះបានយកលេសមួយថា ជីដាក់ត្រយោទឹកនេះគ្រាន់តែជាលេសមួយមានចេតនាជីកមិនឱ្យពលរដ្ឋឆ្លងកាត់ផ្លូវតែប៉ុណ្ណោះ នេះជាទង្វើយ៉ាងច្បាស់ក្រឡែបសម្រាប់ក្រុមហ៊ុន លោកសួស សម្បត្តិ ដែលមានចេតនាមកលើប្រជាពលរដ្ឋមិនចង់ឲ្យដើរឆ្លងកាត់ផ្លូវមួយនេះ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីក្រុមហ៊ុន លោក សួស សម្បត្តិ បានទេពាក់ព័ន្ធករណីនេះ។
ចំណែកឯមេឃុំព្រៃតាអី លោក នុត ផល្លា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពុំមានការឈូសឆាយស្រះទឹកបិទផ្លូវដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ។
លោកថា ករណីក្រុមហ៊ុនលោក សួស សម្បត្តិ ឈូសឆាយផ្លូវ និងជីកស្រះទឹក គឺរដ្ឋបាលឃុំបានចុះពិនិត្យ មើលរួចហើយ។ លោកថា ក្រុមហ៊ុនគ្រាន់តែកាយ ដើម្បីដាក់ទុយោទឹកប៉ុណ្ណោះ មិនប៉ះពាល់ផ្លូវសាធារណៈនោះទេ។
លោកបន្ថែមថា៖«បញ្ហាដែលពលរដ្ឋថាក្រុមហ៊ុនបានឈូសឆាយកាយផ្ដាច់ផ្លូវនោះមិនមែនជាការពិតទេព្រោះខាងអាជ្ញាធម៌ឃុំជាពិសេសគឺប្រធានភូមិគាត់បានចុះទៅមើលរៀងរាល់ពេលដែលក្រុមហ៊ុនបានធ្វើការឈូសឆាយ ឬការអភិវឌ្ឍន៍»។
នាយកប្រតិបត្តិអង្គការលីកាដូ លោក អ៊ំ សំអាត មានប្រសាសន៍ថា បើផ្លូវស្រះទឹកជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋគឺ មិនអាចបុគ្គលឯកជនណាទៅរំលោភបំពានយកបានទេ ព្រោះវាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ។ លោកថា ប្រសិនបើមានករណីរំលោភបំពានយកដីសាធារណៈរបស់រដ្ឋដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតមែន គឺអាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានការតាមផ្លូវច្បាប់។
លោកបន្ថែមថា៖« បើមានបុគ្គលឯកជនណា ឬក៏ក្រុមហ៊ុនមួយណារំលោភបំពានយកផ្លូវយកស្រះទឹកសាធារណៈវាគឺជាទង្វើមួយខុសច្បាប់។ ផ្លូវមានតែពង្រីកឱ្យធំយើងមិនត្រូវធ្វើឲ្យរួមតូចនោះទេ។ ហើយជាពិសេស គឺអាជ្ញាធរត្រូវតែពិនិត្យមើលហើយចាប់ពិធានការសម្រាប់បុគ្គល ឬក្រុមហ៊ុនឯកជនដែលបានរំលោភយក»។
បើតាមពលរដ្ឋ កាលឆ្នាំ២០២៣ អ្នកភូមិតវ៉ាទាមទារឱ្យអាជ្ញាធរចុះបញ្ជីស្រះទឹកនេះក្នុងទំហំ១៤៧៧០ម៉ែត្រការេ ប៉ុន្តែពេលដែលរដ្ឋាភិបាលចុះធ្វើប្លង់ដីជាប្រព័ន្ធនាពេលថ្មីៗនេះ គឺអាជ្ញាធរមូលដ្ឋានបានធ្វើឱ្យបាត់ដីខ្លះដោយនៅសល់១៧០០០ម៉ែត្រការេប៉ុណ្ណោះ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន