CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋ​រស់​នៅ​​សង្កាត់​បឹង​ទំពន់​២​រាជធានី​ភ្នំពេញ​​ត្អូញត្អែរ​ពី​​បញ្ហា​ទឹក​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​

Admin ដោយ Admin
July 13, 2023
ក្នុង បរិស្ថាន, ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពពលរដ្ឋជិះម៉ូតូកាត់ទឹកលើកំណាត់ផ្លូវ៦៩បេតេ(69BT) ក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (លោក សុត បាន)

ទិដ្ឋភាពពលរដ្ឋជិះម៉ូតូកាត់ទឹកលើកំណាត់ផ្លូវ៦៩បេតេ(69BT) ក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (លោក សុត បាន)

0
ចែករំលែក
183
ចំនួនមើល

ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីទុក្ខលំបាកនៃផលប៉ះពាល់ជុំវិញបញ្ហាលិចទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយពួកគេស្នើឱ្យអាជ្ញាធរជួយចាត់វិធានការ​ដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដើម្បីធានាថា ពេលមានភ្លៀងធ្លាក់មកនឹងមិនមានការជន់លិចបន្តទៀត។

​ពលរដ្ឋរស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកស្រី សុំ សារ៉ា បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ស្របពេលផ្លូវនៅមុខផ្ទះគាត់ត្រូវជន់លិចផងនោះថា ការលិចទឹកនៅពេលមានភ្លៀងធ្លាក់នេះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរលក់ដូរនិងពិបាកក្នុងការធ្វើ​រស់នៅដោយសារទឹកលិចយូរផង។

លោកស្រីបន្តថា អ្នកធ្វើដំណើរដោយឡាន ម៉ូតូមួយចំនួនដែលជិះឆ្លងកាត់នៅទីនោះមិនបានបន្ថយល្បឿនបានធ្វើឱ្យជះទឹករលកខ្លាំងចូលទៅក្នុងផ្ទះលោកស្រីបណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់និងអីវ៉ាន់លក់ដូរជាច្រើនផងដែរ។

បញ្ហានេះ លោកស្រី សុំ សារ៉ា បានស្នើដល់អាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយ​បញ្ហាទឹកលិច​នេះជាយូរអង្វែង ដើម្បីជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនដែលរស់នៅទីនោះ ត្បិតឱ្យតែមានភ្លៀងធ្លាក់ម្តងៗ តំបន់ពួកគាត់រស់នៅតែងតែជន់លិចរហូត។

លោកស្រីបានបន្តថា៖«ធម្មតាយើងមិនអាចឃាត់មិនឱ្យភ្លៀង មិនឱ្យអីហេ ហើយក៏យើងមិនឃាត់ មិនឱ្យលិចដែរ ប៉ុន្តែយើងចង់ឱ្យគាត់សម្រួលឱ្យទឹកធ្វើម៉េចឱ្យស្រក់ទៅបានលឿន ចឹងណា ព្រោះអីកាលណាទុកយូរចឹងទៅវាពិបាកសម្រាប់ពួកយើងនៅទីហ្នឹង»។

ស្រដៀងគ្នានេះដែរ លោកស្រី មុំ លក្ខិណា មានអាយុ ៤៣ ឆ្នាំនិងជាអ្នករស់នៅសង្កាត់បឹងទំពន់២ ​ដែរនោះ ចាត់ទុកបញ្ហាទឹកលិចនេះថា បានធ្វើឱ្យ​លំបាកក្នុងការរប្រកបមុខរបរលក់ដូរនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ មួយវិញទៀតលោកស្រីថា បញ្ហាទឹកលិចនេះមិនងាយស្រក ដែលធ្វើឱ្យស្ទះចរាចរណ៍ និងពិបាកក្នុងការធ្វើដំណើរ ព្រមទាំងបណ្តាលឱ្យខាតទាំងសម្ភារៈនិងពេល​វេលាក្នុងការស៊ីទៀតផង។

លើសពីនេះ លោកស្រី មុំ លក្ខិណា បញ្ជាក់ផងដែរថា ទឹកលិចដែលស្ទះមិនព្រមស្រកលើកនេះអាចបណ្តាលមកពីការលុបបឹងធម្មជាតិ និងការ​ទុកដាក់សំរាម​ពាសវាលពាសកាលទើបធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកមិនអាចហូរចេញក្រៅបាន។

លោកស្រីបានបន្តថា៖«ខ្ញុំចង់សូមណូមពរឱ្យរដ្ឋាភិបាលយើងជួយក្រឡែកមើលម្តុំ បឹងទំពន់នេះផង ពីព្រោះភ្លៀងមកគឺដូចឃើញជាក់ស្តែងគឺទឹកខ្លាំងមែនទេន កន្លែងណាក៏អត់ដូចកន្លែងហ្នឹងដែរ  កន្លែងហ្នឹងគឺគ្រប់ពេលគ្រប់វេលាហ្មងឱ្យជួយសម្រួលអាហ្នឹង»។

មិនខុសគ្នានេះដែរ លោកស្រី សួន ស្រីនៅ មើលឃើញថា បញ្ហាទឹកលិចអាចបណ្តាលមកពីប្រព័ន្ធលូមានមិនគ្រប់គ្រាន់ ទើបទឹកហូរមិនទាន់ ខណៈតំបន់នោះមិនមានការទុកដាក់សំរាម​បានត្រឹមត្រូវទើបធ្វើឱ្យស្ទះចរន្តទឹក។ ប្រភពដដែលបន្តថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅបន្តប្រងើយកណ្តើយបែបនេះ​ទៀត អាចបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅទីនោះជាខ្លាំង​ ជាពិសេសពិបាកក្នុងរកទទួលទាន​ប្រចាំថ្ងៃ។

បន្ថែមពីនេះ លោកស្រី សួន ស្រីនៅ ស្នើទៅរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់គួរតែរៀបចំប្រព័ន្ធលូឱ្យបានធំទំលាយដើម្បីងាយស្រួលបង្ហូរទឹកចេញឱ្យបានលឿន ជៀងវាងការលិចលង់ក្នុងរដូវ​ភ្លៀងធ្លាក់ម្តងៗ។

លោកស្រី សួន ស្រីនៅ ស្នើថា៖«ចង់ឱ្យរាជរដ្ឋាភិបាលធ្វើលូឱ្យបានធំៗជាងហ្នឹងដើម្បីឱ្យស្រួលហូរទឹក កុំឱ្យអាពេលភ្លៀងមកមួយមេលិចៗ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីចៅសង្កាត់បឹងទំពន់២ លោក អ៊ុម ហ៊ុយឈុនហេង បានទេនៅថ្ងៃទី១២ ខែកក្កដា ខណៈអភិបាលខណ្ឌមានជ័យ ​លោក ហែម ដារិទ្ធ  ​ ​ ​ប្រាប់ថាលោកជាប់រវល់ប្រជុំ។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកក្កដា នៅពេលពលរដ្ឋសារព័ត៌មានចុះទៅថតរូបភាពនៅតំបន់លិចទឹកក្នុងភូមិក្បាលទំនប់ នៃបណ្តោយផ្លូវ៦៩បេតេ(BT) បុរសម្នាក់ដែលមានទាំងឧបករណ៍ទាក់ទងឬអាយកូមផងនោះ បានប្រាប់ថា​ចៅសង្កាត់ កំពុងធ្វើការងារ​ជាមួយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីដោះស្រាយបញ្ហានេះ។

យ៉ាងណា រហូតមកទល់ថ្ងៃទី១៣ ខែកក្កដា ស្ថានភាពលិចលង់នៅបណ្តោយផ្លូវ៦៩បេតេ(BT) បានវិលទៅរកភាពធម្មតាឡើងវិញ ប៉ុន្តែសម្រាប់ពលរដ្នរស់នៅទីនោះមួយចំនួននៅតែបារម្ភថា ស្ថានភាពលិចលង់នឹងត្រឡប់មកវិញនៅពេលណាដែលមានភ្លៀងធ្លាក់ទៀត។

​កាលពីថ្ងៃទី ១១ កក្កដា​ នៅលើបណ្តាញសង្គមទ្វីតធ័រ(Twitter) ដែលជាមធ្យោបាយថ្មីក្នុងការចែករំលែកសារឬព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីនោះ ​លោកហ៊ុន សែន បាន​បញ្ជាក់​ថា​ ជំនន់ទឹកភ្លៀងកំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយអំពីបញ្ហានេះ។ លោកថា ចម្លែកតែនៅស្រុកខ្មែរ​ភ្លៀង​ធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រ ដែលជាកម្រិតមិនធ្លាប់មាន បែរជានាំគ្នាយកធ្វើជាប្រធាន​បទ​វាយប្រហាររាជរដ្ឋាភិបាលទៅវិញ។

ការិយាល័យនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅកាត់ថាសង់ត្រាល់ ដែលជាទីតាំងតាមបណ្តោយផ្លូវ៦៩បេតេ តែងរងការលិចលង់នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពិសេសលិចលង់ផ្លូវខាងមុខនៃការិយាល័យមួយនេះ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក​ ឌី ថេហូយ៉ា ​ មានប្រសាសន៍ថា បញ្ហាលិចទឹកនៅរដូវភ្លៀងធ្លាក់ក្នុងសង្កាត់បឹងទំពន់នេះបណ្តាលមកពីប្រព័ន្ធលូមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការចំបាច់នៃប្រព័ន្ធទឹកដែលត្រូវហូរចេញទៅក្រៅក្រុងនៅឡើយ។ លោកបន្តថា ប្រព័ន្ធលូនៅមានទំហំតូចចង្អៀត ការទុកដាក់ឬបោះចោលសំរាមមិន​មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ​ ​ការលុបបឹងធំៗ នៅក្បែររាជធានីភ្នំពេញក៏ជាកត្តាបណ្តាលឱ្យទឹកលិចផងដែរ។

​លោកមានប្រសាសន៍ថា៖«ទី១ប្រព័ន្ធលូរបស់យើងនៅមិនទាន់ឆ្លើយតបនឹងទំហំនៃទឹកលិច ទី២ការលុបបឹងលុបបួរអ្វីផ្សេងៗក៏ជាផ្នែកមួយនៃការលិចទឹកហ្នឹងផងដែរ ហើយទី៣ ដូចខ្ញុំបានបញ្ជាក់ចឹងថាយើងមានទន្លេមានអីចឹង ប៉ុន្តែប្រព័ន្ធនៃការដំណើរចរន្តរផ្លូវទឹករបស់យើងមិនមានទេ មានតែលុបបឹងលុបបួរ ប៉ុន្តែអាចរន្តរនៃការធ្វើដំណើរតាមផ្លូវហាក់ដូចជាមិនមាន»។

លោក ឌី ថេហូយ៉ា ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលនិងមន្រ្តីអាជ្ញាធរត្រូវតែធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពិនិត្យមើលលើហេដ្ឋាចរនាសម្ព័ន្ធ ពិសេសប្រព័ន្ធលូនៅតាមរាជធានីភ្នំពេញឡើងវិញ។ បន្ថែមពីនេះ ត្រូវបញ្ឈប់ការលុបបឹង​ធម្មជាតិបន្តទៀត ជៀងវាងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាបន្តបន្ទាប់​។

លោកឌី ថេហូយ៉ា លើកឡើងថា៖«ទី១ប្រព័ន្ធលូត្រូវតែធ្វើឱ្យធំដើម្បីឆ្លើយបតទៅនឹងបញ្ហាប្រឈមនៃទឹកជំនន់ ទី២ការដែលបោះសំរាមបណ្តាលឱ្យស្ទះលូអីផ្សេងៗ ​ការអនាម័យក្រុងត្រូវតែដោះស្រាយនូវបញ្ហាហ្នឹងកុំឱ្យវាមានភាពកកស្ទុះនៅពេលមានភ្លៀង កាលណាវាមានសំរាមមានអីផងវាហូរចូលទៅវាស្ទុះលូ  ហើយទី៣ការលុបបឹងសម្រាប់ធ្វើការអភិវឌ្ឍអីនេះត្រូវមានការសិក្សាស្រាវជ្រាវពីផលប៉ះពាល់»៕

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា​ លេខ ការី និង លោក សុត បាន

អត្ថបទមុន

ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ​ឡី​៖​ ​សង្គម​ស៊ីវិល​​ថា​វប្បធម៌​និទណ្ឌភាព​នៅតែ​បន្ត​ ​ជា​សញ្ញា​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​

អត្ថបទបន្ទាប់

បទ​យក​ការណ៍​៖​ ​ពលរដ្ឋ​១៤​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ពិបាក​ចេញចូល​លំនៅ​ឋាន​ ​ក្រោយ​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួកគាត់​

អត្ថបទបន្ទាប់
ទិដ្ឋភាពចាក់ដី និងព័ទ្ធរបង ដែលអ្នកភូមិអះអាងថា ជារបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យពលរដ្ឋ១៤គ្រួសារពិបាកចេញចូលលំនៅឋានរបស់ពួកគាត់។ (ពលរដ្ឋអ្នកសារព័ត៌មាន)

បទ​យក​ការណ៍​៖​ ​ពលរដ្ឋ​១៤​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ពិបាក​ចេញចូល​លំនៅ​ឋាន​ ​ក្រោយ​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួកគាត់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង