លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលគ្មានផែនការក្នុងការលក់ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុងឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍នោះទេ ខណៈរដ្ឋាភិបាលគ្រោងផ្ទេរប្រតិបត្តិការអាកាសចរណ៍ទៅកាន់ព្រលានយន្តហោះថ្មី នៅដើមខែកក្កដាខាងមុខ។
ក្នុងពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃបង្កើតនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតាំងពីដើមមក មិនដែលមានផែនការលក់ព្រលានយន្តហោះពោធិ៍ចិនតុងឱ្យឯកជនអភិវឌ្ឍន៍នោះទេ។ លោកបន្ថែមថា ព្រលានយន្តហោះចាស់នេះ នឹងបន្តបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយនៅតែជាកម្មសិទ្ធិរបស់រដ្ឋដដែលនៅពេលអនាគត។
លោក ហ៊ុន ម៉ាណែត ឱ្យដឹងដែរថា រដ្ឋាភិបាលក៏គ្រោងរក្សាទុកព្រលានយន្តហោះចាស់នេះសម្រាប់ការចុះចតក្នុងគ្រាអាសន្ន និងទុកជាទីតាំងប្រវត្តិសាស្រ្ត ឬកែលម្អឱ្យក្លាយជាប្រយោជន៍សាធារណៈ ឬត្រូវប្រើប្រាស់ប្រកបដោយចីរភាព ហើយទ្រព្យសម្បត្តិទាំងនេះនៅតែជារបស់រដ្ឋ។
លោក ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការលើកឡើងរបស់លោកនៅពេលនេះ ដើម្បីឆ្លើយតបចំពោះការជជែកដេញដោលនៅក្នុងបណ្តាញសង្គម អំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នេះ ទៅឱ្យក្រុមហ៊ុនឯកជន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកន្លងមកនេះ។
លោកថ្លែងថា៖ «សូមបញ្ជាក់ជាបឋមជូនពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញ សូមបញ្ជាក់ថា គ្មានការលក់ដូរ គ្មានការឯកភាព ឬគម្រោង នៅក្នុងការលក់ដូរដែលធ្លាប់រាជរដ្ឋាភិបាលបានសម្រេចពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬមួយទៅថ្ងៃអនាគតនោះទេ គឺគ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជនណាទេ គឺទៅជាទ្រព្យរបស់រដ្ឋ ការប្រើប្រាស់ដោយចីរភាព ផលប្រយោជន៍សាធារណៈ គឺជាទិសដៅសំខាន់ដែលយើងនឹងអនុវត្តកន្លែងនេះ ឬបម្រុងទុកទៅជាកន្លែងសម្រាប់ចុះព្រលានយន្តហោះក្នុងកម្រិតណាមួយ តែវានឹងនៅតែជាទ្រព្យរបស់រដ្ឋដដែល»។
បើតាមលោក ហ៊ុន ម៉ាណែត ការផ្ទេរប្រតិបត្តិការពីព្រលានយន្តហោះពោធិ៍ចិនតុង ទៅកាន់ព្រលានយន្តហោះថ្មី ដែលមានទីតាំងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១២យប់។
អាជីវករលក់ត្រីលម្អដែលមានទីតាំងនៅក្បែរព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង លោក ហេង គុយ វ័យ៥៧ឆ្នាំ និយាយថា លោកចង់ឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍ទីតាំងព្រលានចាស់នេះ ឱ្យក្លាយជាសួនច្បារសាធារណៈ សម្រាប់ការហាត់ប្រាណ ដោយសារជុំវិញនេះមិនមានទីធ្លាសាធារណៈនោះទេ។
លោកនិយាយថា៖ «បើសិនជាទៅជាសួនច្បារល្អដែរ ទៅជាសួនច្បារយកអាចហាត់កីឡា ហាត់លេងអីចឹង (នៅម្ដុំហ្នឹងអត់មានសួនច្បារសាធារណៈ?) ដូចជាអត់មានផង»។
ដោយឡែក លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា លោកមិនទាន់អាចកំណត់បានទេថា ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង នឹងរក្សាទុកទ្រង់ទ្រាយដើមដដែល ឬអភិវឌ្ឍន៍បែបណានោះទេ។
លោកបញ្ជាក់ថា៖ «ប្រមុខរដ្ឋាភិបាលបញ្ជាក់ហើយ ខ្ញុំគ្មានខ្លឹមសារអីលើសពីហ្នឹងទេ។ អនាគតក្លាយជាអ្វីក៏ខ្ញុំអត់ដឹងដែរ»។
បើតាមលោក ចាន់សិរីវុត្ថា ព្រលានយន្តហោះពោធិ៍ចិនតុង ដែលមានទំហំជិត ៤០០ហិកតានេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ១៩៥៦ និងបើកដំណើរការនៅឆ្នាំ១៩៥៩ ដោយបានឆ្លងកាត់សម័យកាលជាច្រើន។
លោកបន្តថា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំនេះ ព្រលានយន្តពោធិ៍ចិនតុង ព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះក្រុងព្រះសីហនុ បានដឹកជញ្ជូនភ្ញៀវបានជាង២លានកន្លះទាំងចេញនិងចូលមកកម្ពុជា។
ចំណែកអាកាសយានដ្ឋានអន្តរជាតិតេជោ លោកថា គ្រោងដឹកជញ្ជូនភ្ញៀវបានច្រើនបំផុតចំនួន ១៣លានលាននាក់ក្នុងមួយឆ្នាំ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បង្ហាញការគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តី ក្នុងការរក្សាទុកព្រលានចាស់មិនឱ្យវិស័យឯកជនប៉ះពាល់។
ទន្ទឹមនេះ លោកក៏សង្ឃឹមថា ព្រលានយន្តហោះចាស់ នឹងបន្តបម្រើប្រយោជន៍ប្រជាពលរដ្ឋដោយបម្រើឱ្យការហោះហើរក្នុងស្រុក ហើយលោកក៏សង្ឃឹមដែរថា នឹងមានការកែលម្អសួនច្បារនៅទីធ្លាខាងមុខ ដើម្បីសោភ័ណភាព និងប្រយោជន៍របស់ពលរដ្ឋផងដែរ។
លោកនិយាយថា៖ «ការលើកឡើងរបស់នាយករដ្ឋមន្រ្តីជារឿងដែលសាទរ ហើយក៏ជាបំណងប្រាថ្នារបស់ខ្ញុំ ក្នុងនាមជាពលរដ្ឋមួយរូបផងដែរ ហើយក៏សង្ឃឹមថា នឹងរក្សាជាប្រយោជន៍សម្រាប់ជាតិហើយនិងបម្រើឱ្យការហោះហើរ នៅក្នុងស្រុកឬក៏ការចុះចតនៅក្នុងគ្រាអាសន្នណាមួយ ដោយមិនចាំបាច់យកផ្លូវ៦០ម៉ែត្រចុះចតក្នុងគ្រាអាសន្នទេ»៕
អត្ថបទដោយ៖ វ៉ា សុភានុត