CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

CJs khmer ដោយ CJs khmer
May 16, 2025
ក្នុង បទយកការណ៍, ព័ត៌មាន
0
លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

លោក ពិន យ៉ាថៃ អ្នកនិពន្ធ​រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ចុះហត្ថលេខាលើសៀវភៅ ក្នុង​ជំនួប​រវាង​អ្នកគាំទ្រ នៅមជ្ឈមណ្ឌលបុប្ផា​ណា នៃកម្មវិធី​មហោ​​ស្រព​ភាពយន្តអន្តរ​ជាតិ​កម្ពុជា កាល​ខែ​មីនា ឆ្នាំ​២០២៥។ រូបភាព៖ Bophana Center

0
ចែករំលែក
66
ចំនួនមើល

ចំណងជើងសៀវភៅដែលដាក់លើក្របថា «ជីវិតកូនថ្លៃ កូនត្រូវតែរស់ » គឺជាស្នាដៃដែលឆ្លុះ​ប​ញ្ចាំ​ង​​​ពីខ្សែជីវិតរបស់ប្រជាជនកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់​នៅ​ក្នុ​ង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ដ៏​​លំ​​​​បាកលំប៉ិន ទម្រាំនឹងមានដូចថ្ងៃនេះ។ តាមរយៈវណ្ណកម្ម​នេះ ចង់បញ្ជាក់ពីស្នាដៃរបស់អ្នកនិពន្ធ ដែលបាន​លា​ត​ត្រ​ដាង​ពីសោកនាដ​កម្ម​ដ៏​សែន​ជូរចត់ ដោយ​ប្រើ​​ជីវិត​ធ្វើ​ជាដើម​ទុន នៅ​ក្នុង​រ​បប​ខ្មែ​រ​ក្រ​​ហម អស់រយៈពេលប្រមាណ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

តាមពិតទៅ ស្នាដៃសៀវភៅដ៏ល្អឯកនេះ គឺប្រសូត្រចេញពីទឹកដៃ ផ្សាភ្ជាប់ទៅនឹងជីវិតរស់នៅ នៅ​ក្នុង​របបវាលពិឃាត ដែលចាយពេលអស់ជាង៣ទស្សវត្ស។ លោក ពិន យ៉ាថៃ  ជាអ្នក​​រួច​រស់ជី​វិត​​ម្នា​ក់ពីរបបខ្មៅងងឹតខ្មែរក្រហម និងជាអតីតវិស្វករ​សម័យ​ស​ង្គមរាស្រ្តនិយម​ បានត្រល​ប់មក​​កម្ពុ​​ជា​ជាថ្មី កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីរំឭករឿងវ៉ាវ ៥០ឆ្នាំនៃ​ការចង​ចាំ តាមរយៈ​សៀវភៅ​​របស់​​លោ​កគឺ «ជីវិតកូនថ្លៃ កូនត្រូវតែរស់»។ លោកថា ​ត្បិត​ពេ​លវេ​លា​កន្ល​ងទៅ​ និ​ងឆ្លងកា​ត់កា​​រផ្សះ​​ផ្សា​ផ្លូ​​វចិត្ត ការស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់ និងជ​នរងគ្រោះ​ក៏ពិត​​​មែ​​​ន ប៉ុន្ដែ​រឿ​ងរ៉ាវ​ខ្មែរ​ក្រហម នៅ​តែ​​ជាសុបិន្ត​ដ៏អាក្រក់ តាមលងបន្លាចប្រជាជនខ្មែរ និងរូ​ប​លោ​ក​មិនដែលលោះឡើយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ៖ «រយៈពេល​វា៥០ឆ្នាំមកហើយ ខ្ញុំក៏ចាស់ ការចងចាំក៏វាតា​មហ្នឹ​ង អ៊ីចឹងហើយទើបពេលរួចពីអាពតភ្លាមៗ ខ្ញុំសរសេរសៀវភៅ ព្រោះជាពេលខ្ញុំមានការ​ចងចាំល្អ ហើ​យបើខ្ញុំ​ស្លាប់បាត់ ក៏សៀវភៅនៅរហូត ឱ្យគេដឹង គេចងចាំ​ថាមានរឿងអី​កើតឡើង​នៅប្រ​ទេ​ស​យើង»។

ការរៀបរាប់ក្នុងសៀវភៅរបស់លោក ឱ្យដឹងថា ក្នុងរបបខ្មែរក្រហម លោក និងក្រុមគ្រួសារ ក៏មិន​ខុ​ស​ពីប្រជាជនផ្សេង​ទៀត​ដែរ គឺ​ត្រូវពួកខ្មែរក្រហម​ជម្លៀស​ឱ្យទៅធ្វើការតាមមូលដ្ឋាន និង​ត្រូ​វលា​ក់​​អ​ត្ត​ស​ញ្ញាណដើម្បីរស់ ដែលកាលនោះគ្រួសារលោកត្រូវឆ្លងកាត់ខេត្តកណ្ដាល តាកែវ និងចុង​ក្រោ​យ​ពួ​កខ្មែរក្រហមបញ្ជូនទៅតំបន់ជួរភ្នំក្រវាញ និងស្រុកវាលវែង​​ នៃខេត្តពោធិ៍​សាត់។

ទីនេះហើយដែលទុក្ខវេទនា​នានា​បាន​កើតឡើង​លើ​គ្រួសារ លោក យ៉ាថៃ ដែលបណ្ដា​លឱ្យសមា​ជិកគ្រួ​​សារស្លាប់ម្ដង​ម្នាក់ៗ។ លោក យ៉ាថៃ បានប្រថុយរត់​គេចពីរបបគុកឥតជញ្ជាំង ដោយ​​ក្នុ​ង​ដំ​ណើរដ៏មហាគ្រោះថ្នាក់នោះ លោកបានបង្ខំចិត្តទុកកូនប្រុសពៅរបស់លោកចោលនៅវាលវង់ ហើ​យ​​ក៏​ត្រូ​វវង្វេងបាត់ប្រពន្ធម្នាក់ទៀតនៅតាមផ្លូវ។ ទោះយ៉ាងណា លោកបានទៅ​​ដល់ជំរុំ​ក្នុងប្រទេ​ស​ថៃ​​តែ​ម្នាក់ឯងគត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

លោក ពិន យ៉ាថៃ និយាយ​ថា៖ «អត់មានអីទេ ចេញទៅមានតែខ្លួនទទេទេ អត់រលីងគ្រប់យ៉ាង ប៉ុន្ដែមានមួយ​ដែ​លសំខាន់ គឺមានសញ្ញាបត្រ(វិស្វករ)មកពីស្រុកគេ ដែលខ្ញុំរៀនបានពីស្រុក​កាណាដា។ សញ្ញា​បត្រ​ហ្នឹ​ង ជួយយើងឱ្យឆាប់រកបានការងារធ្វើ(នៅស្រុកបារាំង)»។

លោក ពិន យ៉ាថៃ បានទទួលសិទិ្ធជ្រកកោន និងទៅដល់ប្រទេសបារាំងក្នុងខែតុលា ឆ្នាំ១៩៧៧។ គ្រានោះហើយ ដែលសៀវភៅប្រវត្តិជូរជត់ នៃគ្រួសារលោកបានតាក់តែងឡើង ព្រមជាមួយ​ដំ​​​​​ណើ​​​​រធ្វើស​ន្និសីទកាសែតនៅប្រទេសនានា ដូចគ្នាប្រទេសនៅអឺរ៉ុប អាម៉េរិក និងកាណាដា ដើម្បីរ​កជំ​នួយមករំដោះប្រជាជនកម្ពុជា ដែលកាលនោះកំពុ​ងស្ថិតក្រោមកា​រគ្រប់គ្រង​របស់របប ប៉ុល ពត ពេ​ញទី ប៉ុន្តែប្រទេសទាំងនោះពុំបានជួយកម្ពុជាឡើយ ដែលការនោះត្រូវ​ លោក ពិន យ៉ាថៃ លើក​ឡើ​ង​​ថា​៖ «ពពួករដ្ឋបស្ចឹមប្រទេសមានតែទ្រឹស្ដី»។

២៧ឆ្នាំបន្ទាប់ពីរបបវាលពិឃាតខ្មែរក្រហមផុតរលត់ទៅ កម្ពុជាដែលត្រូ​វឆ្លងកាត់​ព្រឹតិ្តកា​រណ៍ប្រ​វត្តិ​សា​ស្ត្រ និងការររៀបចំប្រទេសក្នុងរបបដឹកនាំថ្មី នៅទីបំផុតទៅបា​នបង្កើត​សាលា​ក្ដីមួយ​កាត់​ទោ​ស​ពួ​ក​​ខ្មែ​រក្រហមឡើង នៅក្នុងឆ្នាំ២០០៦ ដើម្បីស្វែរកយុត្តិធម៌ដល់ជនរងគ្រោះ។ ជាថ្មីម្ដង​ទៀ​​ត​​ លោ​ក ពិ​ន យ៉ាថៃ បានក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណី និងជាសាក្សីម្នាក់ក្នុងចំ​ណោមសាក្សីជាច្រើ​ន​នាក់​​ទៀ​​ត​ ដែលធ្លាប់ឆ្លងកាត់របបអាវខ្មៅនេះ។

លោក ពិន យ៉ាថៃ ឱ្យដឹងយ៉ាងដូច្នេះ៖ «ខ្ញុំរស់មកហ្នឹង គឺថាករណីកិច្ចធំធ្វើ​ម៉េចឱ្យគេដឹ​ងនូវរឿង​អ​ស់​​យើង អ៊ីចឹងបានខ្ញុំសរសេរសៀវភៅ ជីវិតកូនថ្លៃ កូនត្រូវតែរស់»។

លោកបន្ថែមយ៉ាងដូច្នេះ៖ «យើងរស់មកដើម្បីអី បើយើងរស់មក យើងអត់ធ្វើអីសោះ ក៏វាមិនកើត​ដែរ​។ គ្រួសារខ្ញុំ ១៧នាក់ស្លាប់ទៅ ខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីឧទ្ទិសកុសលដល់គ្រួសារខ្ញុំ ដល់ប្រជា​ជ​ន​​យើ​ងទាំ​ងអស់គ្នា»។

​ក្រោមការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ សាលាក្ដី​កូន​កាត់មួយនេះ ប្រើពេល​ប្រមាណ​ ១៦​​ឆ្នាំ នៃ​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់ និង​​ចំណាយ​ប្រាក់​ជាង​៣៣០​​លាន​ដុ​ល្លា​រ​អាមេរិក ព្រមទាំងទទួល​ភ័ស្តុតាង​ពីជន​រង​គ្រោះ​ជាង​ ១០,៣០០នាក់ បាន​ចេញ​សេចក្តី​សម្រេ​​ច​ជាង​១,៣៤៥ ​និង​បាន​បង្កើត​កំណត់​ហេតុ​តាម​ផ្លូវ​តុលាការ​ និង​ប្រវត្តិ​សាស្ត្រ​​សម្រាប់​កម្ពុ​ជា​​​​​ចំនួន​ ៣លាន​ទំព័រ។ ក្នុងនោះក៏មានការកាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន​បី​រូបទៀត គឺ​មាន​លោក កាំង ហ្កេ​​​​ក​អ៊ាវ ហៅ​ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង និង​​​មេដឹកនាំ ​លោក នួន ជា ដែល​បាន​ស្លាប់។ ក្រៅ​ពីនោះ ក៏​មាន​អតីត​មេដឹកនាំ​ផ្សេង​ទៀត ដូច​ជា​អ្នកស្រី អៀង ធីរិទ្ធ និង​លោក​ អៀង សារី បាន​ស្លាប់ ក្នុង​អំឡុង​ពេ​ល​ដំណើរ​ការ នៃសវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម​។

សម្រាប់លោក ពិន យ៉ាថៃ កម្ពុជាមានសាលាក្ដីខ្មែរក្រហម គ្រាន់បើជាងអត់ ព្រោះជនរងគ្រោះ​ទាំ​ង​ឡា​យបានទៅចូលរួមផ្តល់សក្ខីកម្ម ហើយបើកចំហសម្រាប់សាធារណជន។ លោកបញ្ជាក់​ថា ទោះ​បី​ការ​កាត់ក្ដី មិនបានគ្រប់គ្រាន់​ក៏ដោយ ក៏វាជានិមិត្តរូបតំណាង​យុត្តិធម៌ ធ្វើឱ្យខ្មែរយើ​ងដឹងរឿ​ង ធ្វើ​ឱ្យ​ខ្មែ​រយើងអស់ចិត្តខ្លះដែរ​ ជាជាងអត់សោះ។

លោក យ៉ាថៃ បន្ថែមថា​​៖ «បើអត់មានសាលាក្ដីខ្មែរក្រហម គ្មានអ្នកណា ដឹងរឿងយើងដោយលម្អិត​​ទេ មានសាលាក្ដីខ្មែរក្រហម យើង​មានសក្ខីភាពដ៏លម្អិត ឱ្យដឹងច្បាស់ អ្នកណាខុសអ្នក​ណាត្រូវ»។

ទោះយ៉ាងណា លោកថា ការកាត់ក្ដីខ្មែរក្រហមប្រើពេលយូរពេក ដែលជនរងគ្រោះខ្លះស្លាប់ មុន​​បា​ន​ឃើញយុត្តិធម៏​ ហើយ​អ្នកទទួលទោសនោះក៏ស្លាប់​បន្ទាប់ ដូចជា លោក អៀង សារី និង​ប្រ​ពន្ធ​គា​ត់​​ជាដើមបានស្លាប់ មុនការកាត់ក្ដីជាដើម ប៉ុន្ដែក៏​នៅមានកា​រកាត់ក្ដី​មេដឹកនាំ​ខ្មែរក្រ​ហម​ធំ​ៗ ដូចជា​ ខៀវ សំផន និងនួន ជា ជាដើម។

គិតមកដល់ពេលនេះ កម្ពុជាបានបិទ​ «ទំព័រ​ប្រវត្តិសាស្រ្ត​ដ៏​ខ្មៅ​ងងឹត» ដោយ​ប្រកាស​សាលដីកា​ស្តី​ពី​​ការ​កា​ត់​​ទោ​ស​​មេដឹក​នាំ​ខ្មែរក្រហមចុងក្រោយតែម្នាក់គត់គឺ ​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ក្នុ​ង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ កាលពីខែកញ្ញា ២០២២។

លើស​ពីនេះ សភាកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះ បានអនុម័ត ច្បាប់ស្ដីពី​ការ​ប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​ការគ្រប់គ្រងដោយរបបកម្ពុជា ប្រជាធិ​បតេ​យ្យ​។ អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​​នឹង​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ ព្រមទាំ​​ង​​ពិ​ន័យ​ជា​ប្រា​ក់​ថែមទៀត។ បន្ថែមពីនេះ ក្នុងការរំឭកដល់​ខួប​៥០ឆ្នាំ នៃការចងចាំ កម្ពុ​ជា​​​គ្រោងដាក់​ទីតាំងបូជនីយដ្ឋា​នចងចាំ​ចំនួ​​នបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូ​ណេ​​ស្កូ​។

ទីតាំងទាំងបី មានដូចជាអតីតមន្ទីរឃុំឃាំង១៣ ឬម១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេ​ត្ត​​កំ​​ពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌល​ឧក្រិដ្ឋកម្មប្រល័​យ​​ពូ​ជសា​សន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

កន្លែងទាំងបីនេះ ដែលធ្លាប់ជាគុក កន្លែងធ្វើទារុណកម្ម និងសម្លាប់ ដែលបានកើតឡើងជា​ប្រព័ន្ធ និ​ង​​​មានការគ្រោងទុកជាមុន តាំងពីដើមទសវត្សឆ្នាំ១៩៧០ ជាពិសេសនៅគ្រាដែ​លបង្កើតម​ន្ទីរ១​៣ រហូតដល់ចំណុចចាប់ផ្ដើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលនាំឱ្យប្រជាជនកម្ពុ​ជារងទុក្ខ​វេ​​ទ​​នា​​អស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

បច្ចុប្បន្ន ត្បិតរកមិនឃើញកូនប្រុស លោក ពិន យ៉ាថៃ ចាត់ទុកសៀវភៅ «ជីវិតកូនថ្លៃ កូនត្រូវ​តែរ​ស់​» ប្រៀប​ដូចកូនប្រុសរបស់លោកនៅតែរស់រានមានជីវិតនៅឡើយ និង​ភស្តុតាងប្រ​វត្តិ​​សាស្ត្រមួ​យសម្រា​ប់ម​​នុ​​ស្សជាតិ ចំពោះសោកនាដកម្មរបស់ខ្មែរ ក្រោមស្នា​ដៃរប​ស់​​ពួកខ្មែរក្រហម។

លោក យ៉ាថៃ និយាយ​ថា៖ «អ្វីដែលត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ! ហើយ(សៀវភៅ)ជីវិតកូនថ្លៃកូនត្រូវតែរស់ ជាស​មា​ជិ​​កគ្រួសារមួយធំណាស់ក្នុងជីវិតខ្ញុំ ទោះខ្ញុំស្លាប់​ទៅ វានៅតែរស់បន្តទៅ​ទៀត»។

សៀវភៅ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» មានបកប្រែប្រមាណជាង ១០ភាសា​ ទូទាំងពិភពលោក ក្នុង​នោះ​មានភាសាចិន និងរស្ស៊ីជាដើម។ លើសពីនេះ សៀវភៅនេះ ក៏ត្រូវបានផ​លិត​ករ​​ភា​ពយ​ន្ត​​អាមេ​រិក​លោកស្រី Victoria Bousis បំឡែងជាខ្សែរឿងលើទម្រង់ថ្មី តាមរយៈបច្ចេ​កវិទ្យាក្នុ​ងពិភ​ពនិ​​ម្មិត ឬ Virtual Reality ដោយមានតម្កល់ទុកជាឯកសារនៅអង្គ​ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ​​ហៅ​​កាត់ថា អ.វ.ត.ក. ដើម្បីសារធាណជន​ ចូលទៅទទួលបទពិសោធ និងសិក្សាស្វែ​ងយល់​អំ​ពី​​ប្រ​​វត្តិ​ដ៏ជូរជត់របស់កម្ពុជានាសម័យនោះ។

តាមពិតទៅ វណ្ណកម្មដែលដាក់ថា«ជីវិតកូនថ្លៃ កូនត្រូវតែរស់» នេះដែលប្រសូត្រចេញពី ប្រវត្តិដ៏ជូរចត់របស់លោក ពិន យ៉ាថៃ នៅក្នុងរបបវាលពិឃាតនេះ មិនមែនជាស្នាដៃទីមួយរបស់​លោ​​ក​នោះទេ។ ក្នុងន័យនេះ មានន័យថា លោកក៏ធ្លាប់បាន​សរសេរសៀវភៅមួយក្បាលរួចទៅហើយដែរ ក្រោយពេលលោក ពិន យ៉ាថៃ បានរួចជីវិតពីរបបខ្មែរក្រហមនេះ។ស្នាដៃ​​ជាលើកដំបូងរបស់លោក គឺ«មនោគមវិជ្ជា មហាឃាតករ » ដែលនិពន្ធឡើងនៅចុងឆ្នាំ១៩៧៩។ ឯកសារនេះ ត្រូវបានបោះពុម្ភជា​ភាសាបារាំង និងតាក់តែងឡើង ២ឆ្នាំក្រោយបន្ទាប់​ពីលោក ពិន យ៉ាថៃ រត់រួចជីវិតចូលទៅដល់ទឹកដីថៃ និងប៉ុន្មានខែក្រោយ ក្នុងពេលរបបវាលពិឃាត ត្រូវដួលរលំនៅឆ្នាំ១៩៧៩។

យ៉ាងណាក៏ដោយចុះ សព្វថ្ងៃនេះ លោក ពិន យ៉ាថៃ បាន​ចូលនិវត្ត និងរស់ជាមួយនិងភរិយាក្រោ​យ​​រប​​ស់​លោក ព្រមទាំងកូនប្រុសបីនាក់ នាទីក្រុងបារីស៍ប្រទេសបារាំង។ ជាញឹកញាប់ លោក ពិន យ៉ាថៃ តែងប្រើ​ប្រា​ស់​វិសមកាលរបស់លោក មកសម្រាក និង​លំហែកាយនៅប្រទេសកម្ពុជា ក្នុង​ពេ​ល​ដែ​លប្រទេសបារាំងចូលដល់រដូវត្រជាក់៕

អត្ថបទ​ដោយ៖​ រ៉ាត់ ទី

អត្ថបទមុន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង