CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សហគមន៍​ឧត្តម​ស្រែពស់​ថា ក្រុម​ទាហាន​នៅ​តែ​បន្ដកាប់​ព្រៃឈើ​បើ​ទោះបី​ជាអភិបាល​ខេត្ត​សន្យា​ឈប់​ឱ្យ​មាន​

Admin ដោយ Admin
August 19, 2022
ក្នុង បរិស្ថាន, សម្លេងសហគមន៍
0
សហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​បន្ត​ការពារ​ដីព្រៃ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ

ព្រះពុទ្ធបដិមាដែលនៅសេសសល់មួយអង្គក្នុងព្រៃសហគមន៍ឧត្តមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ពលរដ្ឋអ្នកសារព័តមាន)

0
ចែករំលែក
78
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាសហគមន៍​ឧត្តមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​អះអាង​ថា ក្រុម​ទាហាន ​(ង៧០) នៅ​តែ​បន្ដ​កាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្តមស្រែពស់ ឬ​ព្រៃមេត្តាធម្មជាតិ ដែល​នៅសេសសល់​ចុងក្រោយ​ជាង​៣០​ហិកតា បើ​ទោះបី​ជា​អភិបាល​ខេត្តកំពង់ស្ពឺ​លោក វ៉ី សំណាង បាន​សន្យាថា​ លែងឱ្យ​មានការ​កាប់​បំផ្លាញ​និង​រក្សាព្រៃឈើ​ទាំងនោះ​ជា​តំបន់​អភិរក្ស។

តំណាងប្រជាសហគមន៍ឧត្តមស្រែពស់លោក សយ សាត បាននិយាយទាំងអស់សង្ឃឹមថា ក្រោយពីលោកអភិបាលខេត្តចុះមក និងត្រឡប់ទៅវិញ អ្វីៗដែលលោកបានអះអាងនៅមុខប្រជាពលរដ្ឋ គឺខ្ទេចខ្ទីអស់រលីងគ្មានសល់នោះទេ។ ជាហេតុដែលលោកអះអាងថា លោកលែងមានជំនឿរលើអភិបាលខេត្តទៀតហើយ ពីព្រោះអ្វីៗដែលលោកបានសន្យានោះ គឺមិនមានប្រសិទ្ធភាពនោះទេ។

តំណាងសហគមន៍រូបនេះបន្ដថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំលែងជឿលើលោកអភិបាលខេត្តទៀតហើយ ពេលមានក្រុមទាហានចុះមកកាប់ ខ្ញុំតេទៅគាត់ គាត់ឱ្យខ្ញុំទាក់ទងទៅខាងបរិស្ថាន ពេលខ្ញុំតេខាងបរិស្ថានគេមិនលើកទូរសព្ទខ្ញុំ ខ្ញុំចង់សួរថា តើខាងណាអ្នកទទួលខុសត្រូវឱ្យពិតប្រាកដ?»។

ប្រជាសហគមន៍ឧត្តមស្រែពស់ម្នាក់ទៀត លោក ឃន សារិទ្ធិ  អាយុ៤១ឆ្នាំ បានថ្លែងយ៉ាងខ្លីថា លោកមិនដឹងត្រូវនិយាយអ្វីទៀតនោះទេ។ បើសម្ដីអភិបាលខេត្តហើយ នៅតែមិនអាចទប់ស្កាប់បានផង។ លោកបានរំលឹកថា កាលពីថ្ងៃមុនអភិបាលបានចុះមកដោយអះអាងដោយផ្ទាល់ថា មិនឱ្យមានការកាប់បំផ្លាញអ្វីបន្ដទៀតទេ ក៏ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក្រុមទាហាន (ង៧០) នៅតែកាប់ព្រៃដដែល។

លោកបន្ដថា៖ «សម្ដីគាត់ដូចជាគេអត់ខ្លាចមិចទេ សម្រាប់ខ្ញុំបើគាត់ [អភិបាលខេត្ត] អត់ចាត់វិធានការអីក្ដៅដល់អ្នកកាប់បំផ្លាញទេ គឺអស់ហើយព្រៃដែលនៅសល់តិចតួចហ្នឹង»។

សកម្មជនបរិស្ថាននិងជាអ្នកស្រលាញ់ធនធានធម្មជាតិ កញ្ញា  សូ មេត្ដា អាយុ៣៣ឆ្នាំ បានរៀបរាប់ថា បើអភិបាលខេត្តធ្វើការដោះស្រាយលំៗបែបនេះ គឺបញ្ហាមិនអាចដោះស្រាយបានទេ ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋលែងមានជំនឿចិត្ត ដូចប្រព័ន្ធតុលាការផងដែរ។

កញ្ញាបន្ដ៖ «ខ្ញុំសុំឱ្យលោកអភិបាលខេត្តកុំធ្វើការលំៗចឹងអី បើមិនចឹងទេ ប្រជាពលរដ្ឋលែងមានទំនុកចិត្ត ដូចប្រព័ន្ធតុលាការចឹង ប្រើសម្រាប់ការពារអ្នកមានលុយ មានអំណាច និងទុកបំភិតបំភ័យអ្នកទន់ខ្សោយដែលគ្មានអំណាច»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ដើម្បីធានាដល់ការការពារព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ជាបណ្ដោះអាសន្ន លោកស្នើសុំឱ្យលោកអភិបាលខេត្ត វ៉ី សំណាង គួរតែចេញលិខិតផ្លូវការណាមួយ ដើម្បីបញ្ជាក់និងធានាលើការអះអាងរបស់លោក។ លោកថា បើមិនអញ្ចឹងទេ បញ្ហានេះនៅតែបន្ដដដែល ហើយក្នុងនាមជាសង្គមស៊ីវិល លោកចង់ឱ្យមានបែបបទរដ្ឋបាលមួយ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន អាចអនុវត្តន៍បានយ៉ាងមានប្រសិទ្ធភាព។

លោកបន្ដថា «យើងមានការព្រួយបារម្ភចំពោះលោកអភិបាលខេត្តអំពីចំណាត់ការគ្មានប្រសិទ្ធភាពរបស់គាត់ ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋលែងមានជំនឿលើរូបលោក បើលោកនៅតែបន្ដវិធានការគ្មានប្រសិទ្ធភាពបែបនេះ»។

មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្ស ទទួលបន្ទុកផ្នែកអប់រំ និងការពារធនធានធម្មជាតិនៃអង្គការអាដហុក លោក រ័ត្ន ថាវី បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា ប្រសិនបើការសន្យារបស់អភិបាលខេត្តមិនត្រូវបានគោរពនោះទេ មានន័យថា បទបញ្ជារបស់អភិបាលខេត្ត គឺមិនមានតម្លៃនោះទេ។

លោកបន្ដថា៖ «ខ្ញុំយល់ថា ក្នុងនាមលោកអភិបាលខេត្ត គឺលោកជាមនុស្សម្នាក់ដែលមានអំណាចពេញទូទាំងខេត្ត ខ្ញុំមិនចង់ឱ្យគាត់និយាយហើយធ្វើមិនបានទេ វាធ្វើឱ្យទឹកមាត់គាត់សាបហើយខ្ញុំចង់ឱ្យនិយាយតែពាក្យពិតទេ»។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានបញ្ជាក់ប្រាប់CCIMថា លោកកំពុងស្នើសុំទៅក្រសួង ដើម្បីឱ្យក្រសួងផ្ដល់ផែនទីថា តើដីសហគមន៍ឧត្តមស្រែពស់នេះ ស្ថិតនៅត្រង់ចំណុចណា និងមាននិយាមការកន្លែងណាខ្លះ ដើម្បីស្នើសុំថវិកាសម្រាប់ដំណើរបោះព្រំ។ លោកថា បើមិនអញ្ចឹងទេ នៅតែចង្អុលមុខដាក់គ្នារវាងប្រជាពលរដ្ឋនិងក្រុមយោធា។

លោកបន្ដថ្លែងថា ពេលទទួលបានផែនទីពីក្រសួងហើយ លោកនឹងចាត់ក្រុមការងារដោះស្រាយរឿងទាំងអស់នេះ ដើម្បីបញ្ចប់កុំឱ្យនៅបន្ដទៀត។

អភិបាលរូបនេះបន្ដថា៖ «គាត់បានទាក់ទងមកខ្ញុំ ប៉ុន្ដែខ្ញុំបានប្រាប់គាត់ឱ្យទៅប្រាប់មន្ដ្រីប្រចាំការនៅកន្លែងហ្នឹង ពីព្រោះបើចាំតែខ្ញុំវាយូរការ។ រឿងខ្លះវាបានដូចការរំពឹងទុក រឿងខ្លះក៏វាមិនបានដូចការរំពឹងទុកទេ ប៉ុន្ដែយើងនឹងព្យាយាមដោះស្រាយវា»។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២ ០២២កន្លងទៅ អភិបាលកំពង់ស្ពឺលោក វ៉ី សំណាង បានចុះទៅមើលទីតាំងមានជម្លោះដោយផ្ទាល់ និងអះអាងនៅមុខប្រជាសហគមន៍ឧត្តមស្រែពស់ថា នឹងមិនបន្ដឱ្យមានការកាប់បំផ្លាញព្រៃឈើ ដែលនៅសេសសលបន្ដទៀតទេ និងស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាជួយសហការ និងអាជ្ញាធរមានខាងមន្ដ្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋានថា បើមានអ្នកណាហ៊ានបន្ដកាប់ទៀត សុំឱ្យរាយការណ៍ទៅលោក។ ប៉ុន្ដែពលរដ្ឋថាពេលមានហេតុការណ៍កើតឡើង ពលរដ្ឋបានហៅទូរសព្ទទៅសុំកិច្ចអន្ដរាគមន៍ពីលោកអភិបាលខេត្ត ប៉ុន្ដែគ្មានចំណាត់ការល្អនោះទេ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ ចំនួន ៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។ ចាប់តាំពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះបាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍  «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួកគេ អះអាងថា បានការពារជាង២០ឆ្នាំមកហើយ។

អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមាន ផ្ទៃដីទំហំជាង២ ០០០ ហិចតា  ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏មានក្រុមទាហាន បានចូលទៅរំលោភយកបន្ថែមទៀត ដែលបច្ចុប្បន្ននៅស់ដីព្រៃតែជាង ៣០ហិចតាប៉ុណ្ណោះ។ ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈសត្វ ព្រៃក៏រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាចិត្តថា ពួកគេនឹងបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា លោកនឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ៕

—————–
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

អ្នក​ប្រកប​របរ​ឡាន​ដឹក​ដី ថ្ម និង​ខ្សាច់​មួយ​ចំនួន​ថា ពួកគេ​ប្រឈម​លក់​ឡាន​ ខណៈ​ប្រេង​ឥន្ធនៈ​នៅ​តែ​ថ្លៃ

អត្ថបទបន្ទាប់

ស្រ្តីពិការម្នាក់រៀនចប់បរិញ្ញាបត្រសរសេរអក្សរនឹងជើងថា ពិបាករកការងារធ្វើ

អត្ថបទបន្ទាប់
ស្រ្តីពិការម្នាក់រៀនចប់បរិញ្ញាបត្រសរសេរអក្សរនឹងជើងថា ពិបាករកការងារធ្វើ

ស្រ្តីពិការម្នាក់រៀនចប់បរិញ្ញាបត្រសរសេរអក្សរនឹងជើងថា ពិបាករកការងារធ្វើ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង