CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

Admin ដោយ Admin
February 2, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

គ្រួសារផន ចាន់នី អាយុ៥៣ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលផ្ទះអ្នកស្រីបាន​រលំបាក់​ចូល​ទៅក្នុងព្រែក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
75
ចំនួនមើល

ពលរដ្ឋ​៧០​​គ្រួសារ​​រស់​ក្នុង​​សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្នើសុំអន្ដរាគមន៍​ពី​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ពួកគេ ក្រោយពី​លំនៅដ្ឋាន​របស់ពួកគេ​រលំបាក់​ចូល​ទៅ​ក្នុងព្រែក កាលពី​ពាក់កណ្តាល​ខែមករា។

អ្នកស្រី ផន ចាន់នី អាយុ៥៣ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលជាម្ចាស់ផ្ទះមួយក្នុងចំណោមផ្ទះផ្សេងទៀត ដែលផ្ទះរលំបាក់ចូលទៅក្នុងព្រែក បានរៀបរាប់ថា ផ្ទះអ្នកស្រីសាងសង់នេះ គឺខ្ចីប្រាក់ពីធនាគារសុទ្ធសាធ។ អ្នកស្រីបន្ដថា ត្រឹមតែមួយពព្រិចភ្នែកសោះ អ្នកស្រីត្រូវបាត់បង់ទីជម្រក ហើយត្រូវមករស់នៅក្នុងតង់និងគ្រែមួយក្បែរមាត់ព្រែកនេះ។

ស្រ្ដីវ័យ៥៣ឆ្នាំសម្បុរសរូបនេះបន្ដថា៖«រលាយអស់ហើយ កម្លាំងញើសឈាមខ្ញុំ ខំខ្ចីលុយធនាគារមកធ្វើផ្ទះ ដើម្បីបានទីជម្រកល្អ ទុកគ្រាន់រស់នៅ ឥឡូវរលាយអស់ហើយ ខ្ញុំគ្មានអ្វីពឹងទៀតទេ»។

អង្គុយលើគ្រែក្នុងទឹកមុខពោរពេញដោយក្ដីទុក្ខព្រួយ អ្នកស្រី ចាន់នី បានពន្យល់បន្ថែមថា មូលហេតុដែលនាំឱ្យរលំបាក់ផ្ទះរបស់អ្នកស្រីនិងប្រជាពលរដ្ឋ គឺដោយសារតែខាងអាជ្ញាធរកាយទំនប់ព្រែកខាងលើ ដើម្បីបញ្ជៀសទឹកជំនន់លិចការដ្ឋានសាងសង់ព្រលានយន្ដហោះថ្មី។ អ្នកស្រីរំលឹកហេតុការណ៍នោះថា ទឹកជំនន់ខែប្រាំងនេះ បានហូរត្របាញ់នាំយកផ្ទះរបស់ពួកគាត់ទៅជាមួយ ដោយពលរដ្ឋខ្លះរើឥវ៉ាន់ស្ទើតែមិនទាន់ ខណៈពលរដ្ឋខ្លះទៀត ទឹកបានហូរនាំយកផ្ទះនិងសម្ភារទៅទាំងអស់ដោយគ្មានសល់អ្វីនោះទេ។

អ្នកស្រីបញ្ជាក់ថា ផ្ទះដែលបាក់រលំចូលទឹកព្រែក មានជាង២០ខ្នង និងជាង៥០ខ្នងទៀត ត្រូវបានអាជ្ញាធរជួយរុះរើចេញទាន់ពេលវេលា។

អ្នកស្រីបន្ដថា៖«ខ្ញុំចង់បានលំនៅដ្ឋានពិតប្រាកដ មិនចង់ស្នាក់អាស្រ័យណា​ឱ្យ មិនទាន់ពិតប្រាកដទេ ចង់បានលំនៅដ្ឋានពិតប្រាកដ»។

អ្នកស្រីបន្ដត្អូញត្អែរពីទុក្ខលំបាកខ្លួនថា ចាប់តាំងពីផ្ទះអ្នកស្រីធ្លាក់ចូលព្រែកមក អ្នកស្រីដេកមិនលក់ ហូបបាយមិនកើត ដោយបារម្ភពីបញ្ហាផ្ទះ និងដីដែលខ្លួនអ្នកស្រីត្រូវជ្រក ដោយមិនដឹងត្រូវរស់នៅទីណានោះទេ។ អ្នកស្រីបន្ថែមថា មកដល់ពេលនេះមិនដឹងថា អាជ្ញាធរនឹងដោះស្រាយឱ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀតយ៉ាងនោះទេ។

អ្នកស្រីបន្ដថា៖«ចាប់តាំងបាក់ផ្ទះមក អារម្មណ៍ខ្ញុំគិតច្រើន សូម្បីតែក៏ហូបអត់កើត សម្រាន្ដៗក៏មិនលក់ ចង់ធ្លាក់ខ្លួនជាឈឺហើយរាល់ថ្ងៃនេះ។ ទាំងខ្ញុំ ទាំងគេ ចងតង់រស់នៅសិន។ខ្ញុំមិនដឹងថា ខាងអាជ្ញាធរគេគិតយ៉ាងមិចទេ»។

ស្ដ្រីរូបនេះបន្ដរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ខ្លួនចង់ឱ្យអាជ្ញាធរក៏ដូចជារដ្ឋាភិបាលគិតគូរដោះស្រាយ។ អ្នកស្រីថា រដ្ឋគួរតែផ្ដល់ទីតាំងជាក់លាក់សម្រាប់ពួកអ្នកស្រី ជាជាងផ្ដល់កន្លែងបណ្ដោះអាសន្ន ដោយអ្នកស្រីថា ពលរដ្ឋគ្មានលុយសម្រាប់ទិញដី និងសាងសង់ផ្ទះនោះទេ បើសិនជារដ្ឋាភិបាលមិនផ្ដល់ឱ្យពួកអ្នកស្រី។

អ្នកស្រីចាន់នីបានស្នើសុំថា៖«ខ្ញុំឱ្យរដ្ឋាភិបាលជួយរកដោះស្រាយឱ្យខ្ញុំមានគោលដៅពិតប្រាកដមក។ មានតែសម្ដេចទេ ដែលអាចជួយកូនចៅបាន»។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣មក ពលរដ្ឋនៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅជិត២០គ្រួសារបានបាក់ផ្ទះព្រែក និងជិត៥០ខ្នងផ្ទះត្រូវរុះរើចេញ ក្រោយពីអាជ្ញាធរបើកទំនប់ទឹកផ្នែកខាងលើ ដើម្បីបញ្ជៀសទឹកជំនន់ពីការដ្ឋានសាងសង់ព្រលានយន្ដហោះអន្ដរជាតិ តេជោក្រុងតាខ្មៅ។ ទឹកជំនន់ស្ទឹងព្រែកត្នោត បានកើតឡើងក្រោយពីអាជ្ញាធរបានបើកទ្វារបង្ហូរទឹកដោយសារភ្លៀងធ្លាក់នៅផ្នែកខាងលើ បណ្តាលឱ្យមានទឹកជំនន់ខែប្រាំង ដែលបណ្តាលឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវបានបាត់បង់ផ្ទះ និងពលរដ្ឋខ្លះផ្សេងទៀតត្រូវលិចលង់ផ្ទះជាង ១ ០០០ ខ្នងត្រូវលិច និងជាង២០ខ្នងផ្ទះ ត្រូវបានបាក់ចូលព្រែក។

ពលរដ្ឋរងគ្រោះម្នាក់ទៀត គឺអ្នកស្រី ស្រ៊ុន គឹមស្រេង អាយុ៤៤ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ បានឱ្យពលរដ្ឋអ្នកសារព័ត៌មានCCIMដឹងថា អ្នកស្រីមិនខុសពីពលរដ្ឋផ្សេងទៀតនោះទេ គឺត្រូវមករស់នៅក្រោមតង់ និងគ្រែឈើមួយ ដោយគ្មានជម្រើសណាល្អជាងនេះនៅឡើយ។ អ្នកស្រីថា ក្នុងបន្ទុកអ្នកស្រីមានសមាជិក៥នាក់។ តែក្នុងកាលៈទេសៈនេះ អ្នកស្រីឱ្យកូន និងប្អូនស្រីអ្នកស្រីសុំផ្ទះអ្នកជិតខាងស្នាក់អាស្រ័យសិន ពីព្រោះតែតង់មួយ និងគ្រែមួយមិនអាចដេកបានអស់គ្នានោះទេ។

អ្នកស្រីឆ្លើយដោយអារម្មណ៍ក្ដុកក្ដួលថា៖«មីងមិនដឹងនិយាយយ៉ាងម៉េចទេក្មួយ បើវាទៅជាចឹងអស់ហើយ ពេលដេកគឺសុំផ្ទះអ្នកជិតខាងដេកខ្លះចឹងសិនទៅ ទម្រាំគេ [អាជ្ញាធរ] ដោះស្រាយឱ្យ»។

យ៉ាងណាមិញ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាល និងអាជ្ញាធរគិតគូរពីបញ្ហារបស់ពួកអ្នកស្រីឱ្យបានឆាប់ ដើម្បីពួកអ្នកស្រីអាចមានទីតាំងស្នាក់អាស្រ័យនៅជាក់លាក់ដោយមិនចាំបាច់ត្រូវបន្ដរស់នៅក្រោមតង់បន្ដទៀតទេ។ អ្នកស្រីថ្លែងបន្ដថា ដោយសារតែជីវភាពក្រលំបាក ទើបអ្នកស្រីគ្មានថវិកាទិញដីដើម្បីរស់នៅបានល្អដូចគេដូចឯង ទើបមករស់នៅលើមាត់ព្រែកបែបនេះ។

អ្នកស្រី គឹមស្រេង និយាយថា៖«គ្មានអ្នកណាចង់មករស់នៅមាត់ព្រែកចឹងទេអូន តែគ្មានជម្រើស គ្មានលុយទិញដី គ្មានលុយធ្វើផ្ទះល្អៗដូចគេ។ ខ្ញុំសង្ឃឹមថា សម្ដេច ហ៊ុន សែននឹងជួយដោះស្រាយជូនពួកខ្ញុំផង ពួកខ្ញុំគ្មានអ្វីទៀតទេ»។

ពេលពលរដ្ឋអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅទីតាំងខាងលើនេះ មានពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាបោះតង់ពណ៌ខៀវ និងដាក់គ្រែតម្រៀមគ្នានៅលើមាត់ព្រែក ប្រៀបដូចជាជនភៀសខ្លួន។ អ្វីដែលគួរឱ្យព្រួយបារម្ភ ពីការរស់នៅរបស់ចាស់ជរា និងក្មេងៗ ខណៈគ្រឿងចក្រជាច្រើនគ្រឿងរបស់អាជ្ញាធរខេត្ដកណ្ដាលធ្វើសកម្មភាពកាយដីដើម្បីបង្ហូរទឹកចេញបន្ថែមទៀត។ រីឯពលរដ្ឋទាំងនោះ បាននាំអង្គុយក្រោមតង់ហាក់បង្ហាញពីភាពអស់សង្ឃឹម និងបាត់បង់ក្ដីសង្ឃឹមថា ខ្លួនមិនដឹងត្រូវទៅជ្រកទីណាបន្ដទៀតនោះទេ។

ជុំវិញរឿងនេះ ចៅសង្កាត់រងទី១ សង្កាត់រកាខ្ពស់ លោក នុត ស៊ីថន បានប្រាប់CCIMដោយផ្ទាល់ថា អាជ្ញាធរកំពុងតែគិតគូររកទីតាំងបណ្ដោះអាសន្នជូនពលរដ្ឋរងគ្រោះសិន ដោយផ្ដល់ទីទាំងនៅក្បែរគ្នានេះ សម្រាប់ពួកគាត់ស្នាក់អាស្រ័យសិន។ យ៉ាងណាលោកថា បើនិយាយពីទីតាំងជាក់លាក់ គឺមិនទាន់ដឹងនៅឡើយទេ ពីព្រោះជាការរៀបចំថ្នាក់ខេត្ដ ដូច្នេះលោកមិនអាចឆ្លើយបាននោះទេ។

ចៅសង្កាត់រងសង្កាត់រកាខ្ពស់បន្ដថា៖«ឥឡូវយើងដោះស្រាយបញ្ហារកទីតាំងឱ្យពួកគាត់នៅបណ្ដោះអាសន្នសិន រឿងអីផ្សេងទៀត ខាងខេត្ដគេជាអ្នកទទួលខុសត្រូវ ខ្ញុំដឹងថាយ៉ាងម៉េចដែរទេអូន ខ្ញុំអាចនិយាយបានប៉ុណ្ណឹង»។

ចំណែកឯអភិបាលរងខេត្ដកណ្ដាល លោក គ្រុយ ម៉ាឡែន បានលើកឡើងថា​ សម្រាប់ពលរដ្ឋដែលកំពុងរងគ្រោះ កន្លងមកអាជ្ញាធរបានជូនដំណឹងពួកគាត់ម្ដងរួចមកហើយ អំពីបញ្ហាឱ្យពួកគាត់រុះរើចេញ ពីព្រោះទីតាំងនេះ ត្រូវស្ដារដើម្បីធ្វើជាកន្លែងរំដោះទឹកចេញពីព្រលាន និងគិតគូរឱ្យពួកគាត់តាមគោលនយោបាយជាក់ស្ដែង ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការស្វែងរកទីតាំងថ្មីដោយខ្លួនឯង។ ​ប៉ុន្ដែលោកថា ហេតុការណ៍នេះ វាកើតឡើងលឿនពេក ទើបធ្វើឱ្យរដ្ឋបាលខេត្ដពិបាកដោះស្រាយ។ យ៉ាងណាលោកបន្ដថា ជាបណ្ដោះអាសន្នរដ្ឋបាលខេត្ដបានរៀបចំកន្លែងសម្រាប់ពលរដ្ឋឱ្យស្នាក់នៅក្បែរព្រែកនេះសិន​ ប៉ុន្ដែមានពលរដ្ឋខ្លះមិនព្រមចាកចេញទៅកន្លែងដែលរៀបចំជូនពួកគាត់។

អភិបាលរងរូបនេះបន្ដថា៖«យើងបានរៀបចំកន្លែងក្បែរហ្នឹងឱ្យពួកគាត់បណ្ដោះអាសន្នហើយ។ ខ្ញុំសុំឱ្យពួកគាត់មកទីតាំងថ្មីហ្នឹងកុំបន្ដរស់មាត់ព្រែកចឹង វាប៉ះពាល់ដល់ការរស់នៅពលរដ្ឋផ្សេងទៀត។ ខ្ញុំសុំចិត្ដបងប្អូនតែប៉ុណ្ណឹងទេ»។

ចំណែកឯរឿងថា ពលរដ្ឋស្នើសុំឱ្យរដ្ឋផ្ដល់ទីតាំងជាក់លាក់ជូនពួកគាត់លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ដនឹងសរសេររបាយការណ៍ជូនទៅខាងថ្នាក់ក្រសួងដើម្បីស្វែងរកដំណោះស្រាយឱ្យពួកគាត់ ប៉ុន្ដែលោកថា លោកមិនអាចឆ្លើយបានទេចំពោះបញ្ហានេះដោយត្រូវរង់ចាំមើលថ្នាក់លើរបស់លោកជាមុនសិន។

លោក​ ម៉ាឡែនថ្លែងថា៖«ខ្ញុំអត់ទាន់អាចឆ្លើយបានទេបង ព្រោះអីទាល់តែខ្ញុំស្នើទៅថ្នាក់លើសិន ទើបដឹងថាយ៉ាងម៉េចចំពោះបញ្ហាហ្នឹងបង»។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៥ ខែមករា​ បានឱ្យដឹងថា កម្លាំងនគរបាលជាតិ​ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងនោះមាន២៩ភូមិ ដែលមាន៩៥៣ខ្នងផ្ទះ និង ១ ០២៦គ្រួសារ ស្មើមនុស្ស ៤ ០៣៥នាក់។

ប្រភពដដែលឱ្យដឹងថា សង្កាត់ដែលប៉ះពាល់នោះ រួមមាន សង្កាត់សាក់សំពៅ, សង្កាត់ស្ពានថ្ម, សង្កាត់ក្រាំងពង្រ, សង្កាត់គងនយ, សង្កាត់ទៀន, សង្កាត់ព្រែកកំពឹស, សង្កាត់ជើងឯក, សង្កាត់ព្រៃស, សង្កាត់ដង្កោ, និងសង្កាត់ព្រៃវែង។

លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត បានសង្កត់ធ្ងន់ថា រដ្ឋគួរតែផ្ដល់ដីសម្បទានសង្គមកិច្ចឱ្យពលរដ្ឋដែលរងគ្រោះ ពីព្រោះរដ្ឋ គឺមានដីទាំងអស់នោះទុកហើយក្នុងពេលដែលពលរដ្ឋមិនមានលទ្ធភាពឬមិនមានដីសម្រាប់សាងសង់លំនៅដ្ឋានខ្លួន គួរយកចិត្ដទុកដាក់លើបញ្ហាអស់ហ្នឹង មុននឹងមានហេតុការណ៍ណាមួយកើតឡើង។ យ៉ាងណាលោកថា ពលរដ្ឋរស់នៅតាមដងព្រែកសុទ្ធតែជាក្រីក្រ ដូចនេះហើយរដ្ឋគួរតែផ្ដល់ជូនគាត់។

លោកបន្ដថា៖«ពួកគាត់សុទ្ធតែជាអ្នកមានបញ្ហាជីវភាព បានជាពួកគាត់មករស់នៅតាមដងព្រែកចឹង ដូច្នេះរដ្ឋគួរតែផ្ដល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ដើម្បីអាចសាងសង់លំនៅដ្ឋានបានល្អប្រសើរដូចពលរដ្ឋដ៌ទៃដែរ»។

កាលពីឆ្នាំ២០២១ ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញ​សេចក្ដីថ្លែងការណ៍មួយជំរុញ​​ទៅ​រដ្ឋាភិបាលឱ្យ​បង្ហាញ​វិធាន​ការ​ជាក់លាក់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ពី​ស្ទឹងព្រែកត្នោត។ គណបក្សនេះបន្តថា ដើម្បីដោះ​​ស្រាយ​​​បញ្ហា​ទឹកជំនន់នៅស្ទឹងព្រែកត្នោតបាន​ រដ្ឋាភិបាល​ចាំបាច់ត្រូវធ្វើទំនប់ ប្រឡាយរំដោះទឹក និង​អាងស្តុកទឹកផ្នែកខាងលើ ត្រូវធ្វើផ្លូវរំដោះទឹកនៅផ្នែកខាងក្រោម ជាពិសេស​នៅខណ្ឌដង្កោ និងស្រុកកណ្ដាល​​ស្ទឹង ខេត្តកណ្ដាល រួមទាំងផ្អាកការលុបបឹង ជាពិសេសនៅក្នុងខណ្ឌដង្កោ ជាដើម ដើម្បីអាចមានសមត្ថ​ភាព​ទប់ទឹកជំនន់ក្នុងរដូវវស្សាបាន៕

……………………
របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

អត្ថបទបន្ទាប់

កម្មករ​រោងចក្រ​សិនតៃហ្គាមិន ​​ប្រមូល​ផ្តុំគ្នា​តវ៉ា​​ឱ្យ​ក្រុមហ៊ុន​គោរព​កិច្ច​សន្យា​ការងារ

អត្ថបទបន្ទាប់
កម្មករ-កម្មការិនីរោងចក្រកាត់ដេរ សិនតៃហ្គាមិន បានប្រមូលផ្ដុំគ្នាតវ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

កម្មករ​រោងចក្រ​សិនតៃហ្គាមិន ​​ប្រមូល​ផ្តុំគ្នា​តវ៉ា​​ឱ្យ​ក្រុមហ៊ុន​គោរព​កិច្ច​សន្យា​ការងារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង