CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​ខេត្តកណ្តាល​ជិត​២០០​នាក់​តវ៉ា​នៅ​មុខ​សាលាខេត្ត​ក្រោយ​​ក្រុមហ៊ុន​ព្រលាន​​យន្ដហោះ​ភ្នំពេញ​​ថ្មី​បង្ខំ​​ឱ្យ​រុះរើ​​ផ្ទះ

Admin ដោយ Admin
December 28, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពលរដ្ឋ​ខេត្តកណ្តាល​ជិត​២០០​នាក់​តវ៉ា​នៅ​មុខ​សាលាខេត្ត​ក្រោយ​​ក្រុមហ៊ុន​ព្រលាន​​យន្ដហោះ​ភ្នំពេញ​​ថ្មី​បង្ខំ​​ឱ្យ​រុះរើ​​ផ្ទះ

ប្រជាពលរដ្ឋមកពីពីរឃុំនៃខេត្តកណ្តាលលើកគ្នាមកតវ៉ានៅមុខសាលាខេត្តដើម្បីស្នើសុំជួយដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
100
ចំនួនមើល

ប្រជាពលរដ្ឋជិត​២០០​នាក់​ដែល​រស់នៅ​លើ​ទំនប់៩៤ ស្ថិត​នៅ​ឃុំចំនួន២ គឺ​ឃុំកណ្តោក នៃស្រុក​កណ្តាលស្ទឹង និង​សង្កាត់កំពង់សំណាញ់​នៃក្រុង​តាខ្មៅ ខេត្ដកណ្ដាល បាន​លើក​គ្នា​មក​តវ៉ានៅមុខ​សាលាខេត្តកណ្តាល​កាលពី​ព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូម្សិលមិញនេះ ដើម្បីស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ដីលំនៅដ្ឋាន​របស់​ពួកគេ ក្រោយ​ពី​ក្រុមហ៊ុនព្រលាន​យន្ដហោះ​ភ្នំពេញ​ថ្មី​បាន​ឱ្យចុះ​មកជូន​ដំណឹង​ឱ្យ​ពួកគាត់​រុះរើ​លំនៅដ្ឋាន​ចេញ ដោយអះអាង​ថា ពួកគេ​រស់នៅលើ​ទំនប់៩៤​ដោយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ និង​ប៉ះពាល់​ដល់គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។

អ្នកស្រី ម៉ុត ចាន់សុផាន់នី អាយុ៣៥ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំកណ្ដោក បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅមុខសាលាខេត្ដកណ្ដាលកាលពីថ្ងៃម្សិលមិញថា កាលពីដើមខែធ្នូនេះ អាជ្ញាធរមូលដ្ឋាននិងក្រុមការងាររបស់ក្រុមហ៊ុន (CAIC)  បាននាំគ្នាចុះមកបោះលេខរៀងតាមខ្នងផ្ទះនីមួយៗ ដោយអះអាងថា ដើម្បីពង្រីកផ្លូវចូលទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី។ ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះទៀត ក្រុមការងារដដែលបានចុះមកបញ្ជាក់ជាថ្មីឱ្យពលរដ្ឋត្រូវតែរុះរើលំនៅដ្ឋានចេញតែម្តង។

អ្នកស្រី ម៉ុត ចាន់សុផាន់នី បន្តថា គោលបំណងដែលអ្នកស្រីឡើងមកដាក់ញត្ដិនៅសាលាខេត្ដ គឺចង់ឱ្យអាជ្ញាធរបើកវេទិកាសាធារណៈមួយ ដើម្បីឱ្យពលរដ្ឋបានដឹង កុំចេះតែធ្វើស្ងាត់ៗហើយពលរដ្ឋបន្ដរងគ្រោះ។

អ្នកស្រី បន្តថា៖«ពួកខ្ញុំមានបញ្ហា ពួកខាងព្រលានគាត់មកបាញ់ស្លាកលេខផ្ទះ បង់លេខផ្ទះបានប៉ុន្មានថ្ងៃ គាត់មកឱ្យប្រជាជនរុះរើ ហើយគាត់ដើរថតផ្ទះ ថតអីអត់មានមូលហេតុអីបង។ ចឹងហើយបានជាពួកខ្ញុំហ្នឹង មកដើម្បីស្នើសុំឱ្យលោកអភិបាលគាត់បើកជាវេទិកាសាធារណៈដើម្បីបង្ហាញប្រជាជនថា តើមានមូលហេតុអី?»។

អ្នកស្រី​ សុផាន់នី បន្ថែមថា ការដែលចុះដាក់លេខរៀងតាមផ្ទះវាបានបង្កការព្រួយបារម្ភជាច្រើនដល់ពលរដ្ឋ ដូចជា ការបណ្ដេញចេញដោយបង្ខំ ទាំងដែលពួកអ្នកស្រី បានរស់នៅជាង២០ឆ្នាំមកហើយ។ អ្នកស្រីថា ក្រៅតែពីចង់ឱ្យលោកអភិបាលខេត្ដបើកវេទិកាសាធារណៈ ពួកអ្នកស្រីក៏ចង់ឱ្យអាជ្ញាធរមេត្ដាចេញប្លង់ស្របច្បាប់ដល់ពលរដ្ឋ ខណៈអ្នកស្រីថា ការរស់នៅរបស់ពលរដ្ឋត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់នឹងបានចេញសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្ដសញ្ញាណបណ្ណឱ្យរួចមកហើយ។

ស្រី្ដវ័យ៣៥ឆ្នាំបានបញ្ជាក់ថា៖«បើអាចធ្វើជាបត្រកម្មសិទ្ធិឱ្យប្រជាជន ព្រោះពួកខ្ញុំរស់នៅ២០ឆ្នាំ៣០ឆ្នាំមកហើយ។ ខ្ញុំអត់ចង់ចេញទៅណាទេបង គឺពួកខ្ញុំចង់នៅហ្នឹង»។

កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ មានការប៉ះទង្គិចគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី និងប្រជាពលរដ្ឋមានជម្លោះដីធ្លី នៅចំណុចភូមិតាព្រហ្ម ឃុំប្រឹងខ្សាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលនាំឱ្យមានអ្នករងរបួសស្រាលមួយចំនួន។ ភាគីពលរដ្ឋអះអាងថា ករណីនេះបង្កឡើងដោយកងអន្ដរាគមន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី ដែលចេះតែព្យាយាមយកគឿងចក្រទៅឈូសឆាយកាយផ្ដាច់ផ្លូវ ហើយពលរដ្ឋបានព្យាយាមរារាំង និងទប់ស្កាត់។ ករណីនេះ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា ការអូសបន្លាយមិនរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនេះ គឺជាកត្តាជំរុញឱ្យការប៉ះទង្គិចគ្នាអាចនឹងកើតមានជាថ្មីទៀត ហើយអាចឈានដល់ការផ្ទុះអំពើហិង្សា និងការចាប់ខ្លួនផងដែរ។

ស្រដៀងគ្នានេះដែរ តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ឃន ស្រី អាយុ៣៤ឆ្នាំ រស់ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានលើកឡើងថា ពួកអ្នកស្រីមានការព្រួយបារម្ភជាខ្លាំងពីសកម្មភាពរបស់ក្រុមហ៊ុនព្រលានយន្ដហោះ  ពីព្រោះពេលដែលពលរដ្ឋសាងសង់អ្វីក៏គេមកហាមឃាត់ ដោយមិនឱ្យពលរដ្ឋធ្វើអ្វីបានឡើយ។ អ្នកសី្រថា ជាទូទៅពលរដ្ឋដែលកំពុងមានជម្លោះនឹងក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី គឺស្ថិតនៅប្រឡាយ៩៤ និង២ឃុំ គឺឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាលដែលមានប្រជាពលរដ្ឋ៤៧៣គ្រួសារ។

អ្នកស្រីនិយាយថា៖«ព្រួយបារម្ភណាស់រាល់ថ្ងៃដេកអត់លក់ សាងសង់ក៏គាត់ [ខាងព្រលាន] អត់ឱ្យយើងសាងសងបន្ដដែរបង។ ខ្ញុំអត់ចេញទេ ព្រោះខ្ញុំរស់នៅកន្លែងហ្នឹងសុខស្រួល ហើយខ្ញុំរស់នៅយូរហើយតាំងពីម៉ែឪខ្ញុំមក»។

ពេលដែលពលរដ្ឋអ្នកសារព័ត៌មានCCIMចុះយកព័ត៌មាននេះ សង្កេតឃើញថា មានពលរដ្ឋជាច្រើនគ្រួសារដែលរងផលប៉ះពីក្រុមហ៊ុនព្រលានយន្ដហោះបាននាំគ្នាប្រមាណជិត២០០នាក់មកដាក់ញត្ដិនៅសាលាខេត្ដកណ្ដាល មានអ្នកខ្លះមានបីកូនតូចៗ អ្នកខ្លះទៀតជិះម៉ូតូ អ្នកខ្លះជិះកង់បី។​ នៅមុខសាលាខេត្ដក៏មានកងកម្លាំងប៉ូលិស និងខាងមន្រ្ដីរដ្ឋបាលខេត្ដបានមកសួរនាំនឹងឱ្យពលរដ្ឋចូលទៅក្នុងបរិវេណសាលាខេត្ដ ដោយពួកគាត់បានអះអាងថា ​ខ្លាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងអសន្ដិសុខសង្គម។ យ៉ាងណាក៏មានមន្ដ្រីអង្គការសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិមនុស្សក៏បានចូលរួមអង្កេត និងឃ្លាំមើលពីសកម្មភាពរបស់ពលរដ្ឋផងដែរ។

ចំណែកឯស្រ្ដីវ័យចំណាស់ម្នាក់ទៀតដែលមានទឹកមុខស្រពោនពោរពេញដោយក្ដីទុក្ខព្រួយ និងមានមុខរបរជាអ្នកលក់ត្រី មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង អ្នកស្រី សែម មាស មានប្រសាសន៍ថា អ្នកស្រីចង់បានតែប្លង់កម្មសិទ្ធិស្របច្បាប់ ដើម្បីអាចបន្ដរស់នៅកន្លែងដដែល ដោយអ្នកស្រីបានអះអាងថា មិនចង់ចាកចេញទៅណានោះទេ។

ស្រី្ដចំណាស់វ័យ៥៤ឆ្នាំថ្លែងថា៖«ខ្ញុំចង់បានតែប្លង់កម្មសិទ្ធិទេ ព្រោះខ្ញុំរស់នៅយូរហើយ»។

ជុំវិញរឿងនេះ អភិបាលរងខេត្ដកណ្ដាល លោក គ្រុយ ម៉ាឡែន បានថ្លែងថា ខាងរដ្ឋបាលខេត្តបានទទួលយកញត្ដិរបស់ពលរដ្ឋហើយ ប៉ុន្ដែការសម្រេចយ៉ាងណា គឺមិនទាន់ដឹងនោះទេ។ លោកថា សាលាខេត្តត្រូវពិភាក្សាជាមួយក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មជាមុនសិន។

អភិបាលរងខេត្ដកណ្តាលរូបនេះបន្ដថា៖«បានទទួលញត្ដិពួកគាត់ ប៉ុន្ដែការសម្រេចយ៉ាងណា ពួកខ្ញុំឆ្លងក្រសួងសិនបង»។

យោងតាមការអះអាងរបស់ប្រជាពលរដ្ឋថា ខាងរដ្ឋបាលខេត្ដកណ្ដាល បានសន្យាផ្ដល់ចម្លើយមកកាន់ប្រជាពលរដ្ឋវិញ នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដូច្នេះហើយបានពួកគាត់សម្រេចចិត្ដត្រឡប់ទៅផ្ទះវិញនឹងរងចាំដើមខែមករាដើម្បីតាមដានលទ្ធផលពីរដ្ឋបាលខេត្ដ។

ពាក់ព័ន្ធនឹងបញ្ហាចុះឱ្យពលរដ្ឋរុះរើនេះ ពលរដ្ឋអ្នកសារព័ត៌មានCCIMមិនអាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី លោក  ជីវ កុកសាយ បានទេមុននឹងការចេញផ្សាយនេះ។ ប៉ុន្ដែលោកក៏ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា វាជាការអភិវឌ្ឍរបស់រដ្ឋទេ ខាងក្រុមហ៊ុនគ្រាន់តែទទួលការសាងសង់ប៉ុណ្ណោះ ហើយថា រាល់ការដោះស្រាយ គឺខាងរដ្ឋជាអ្នកទទួលខុសត្រូវ។

លោកថា៖«ខាងខ្ញុំទទួលសាងសង់ទេ ការដោះស្រាយគឺខាងរដ្ឋ»។

ក្រៅតែពីប្រជាពលរដ្ឋនៅក្នុងឃុំចំនួន២ខាងលើនេះ កន្លងមកក៏មានប្រជាពលរដ្ឋនៅ៤ឃុំក្នុងស្រុកចំនួន២ គឺស្រុកណ្ដាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្ដតាកែវ និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត បានរងផលប៉ះពាល់ដីជាច្រើនហិកតា និងផ្ទះសំបែងចំនួនរាប់សិបខ្នងពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះដែរ។ ពលរដ្ឋទាំងនោះតែងតែនាំគ្នាតវ៉ា និងរហូតដល់មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងពលរដ្ឋ និងមានការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាដើម។

បើតាមមន្ត្រីស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក លោក យី សុខសាន្ដ ដែលបានចុះទៅអង្កេតនៅមុខសាលាខេត្ដកណ្ដាលដោយផ្ទាល់ បានចាត់ទុកថា ករណីខាងក្រុមហ៊ុនចុះឱ្យពលរដ្ឋរុះរើផ្ទះសំបែងរបស់ខ្លួននេះ វាការរំលោភសិទ្ធិលំនៅឋាន និងសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា អាជ្ញាធរគួរក៏គួរបើកកិច្ចប្រជុំណាមួយដល់ពលរដ្ឋឱ្យបានច្បាស់ ដើម្បីឱ្យពួកគាត់បានដឹងពីព័ត៌មាននឹងបានត្រៀមខ្លួនជាមុន។

លោកថ្លែងថា៖«វាជាការគំរាមកំហែងផ្លូវចិត្ដធ្ងន់ធ្ងរមួយដែលក្រុមហ៊ុន និងជាអាជ្ញាធរបានរំលោភបំពាន។យ៉ាងហោចណាស់ក៏គួរជូនដំណឹងឱ្យពលរដ្ឋបានដឹងជាមុន មិនមែននៅសុខៗឱ្យពួកគាត់រុះរើចឹងទេ»។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលតែងតែលើកពីបញ្ហាផ្លូវច្បាប់យកមកអនុវត្ដ ដូច្នេះករណីនេះរដ្ឋាភិបាលគួរតែប្រើប្រព័ន្ធច្បាប់ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ លោកថា បើនិយាយពីផ្លូវ​ច្បាប់មុននឹងមានការអភិវឌ្ឍ រដ្ឋត្រូវតែទូទាត់សំណងជាមុនសិន។

លោកបន្ថែមថា៖«តាមច្បាប់មុននឹងអភិវឌ្ឍន៍រដ្ឋត្រូវទូទាត់សំណងជាមុនសិន»។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា ដោយគម្រោងសាងសង់មាន៣ដំណាក់កាល។ ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

……………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM

អត្ថបទមុន

ពលរដ្ឋសង្កាត់​​ព្រែកថ្មី​ជិត​​២០០​​គ្រួសារ​​ផ្ទុះ​ការ​​តវ៉ា​​ក្រោយ​​គម្រោង​​ពង្រីក​ផ្លូវ​​៦០​​ម៉ែត្រ​​ធ្វើ​ឱ្យ​​ប៉ះពាល់​​ដី​​លំ​នៅ​ដ្ឋាន

អត្ថបទបន្ទាប់

ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​​ដីធ្លី​​នៅ​​ឡពាង​​ឱ្យ​​ជាប់ពន្ធនាគារ​​១០​​ខែ​​និង​​២៧​​ថ្ងៃ

អត្ថបទបន្ទាប់
សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​​ដីធ្លី​​នៅ​​ឡពាង​​ឱ្យ​​ជាប់ពន្ធនាគារ​​១០​​ខែ​​និង​​២៧​​ថ្ងៃ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង