ក្រសួងមហាផ្ទៃ បានណែនាំទៅអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសថៃឱ្យវិលត្រឡប់មកប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធកើតឡើង។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតមួយណែនាំទៅអាជ្ញាធរជាប់ព្រំដែកម្ពុជា-ថៃទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រងសភាពការណ៍តានតឹងក្នុងពេលបច្ចុប្បន្ន ក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយសំដៅដល់ការថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្រសួងថា ត្រូវរក្សាឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយចិរភាព។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានកំណត់ចំណុចជាច្រើនដូចជា បញ្ជាដល់កងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ឱ្យតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់ នូវរាល់សកម្មភាពឯកតោភាគីរបស់ថៃ។ បន្ថែមពីនេះ ត្រូវរក្សាទំនាក់ទំនងជាមួយភាគីថៃ ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុត។ ក្នុងការណីបញ្ហាកើតឡើងហួសពីដែនសមត្ថកិច្ចរបស់ខ្លួនត្រូវស្នើសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
លិខិតដដែលក៏បានប្រាប់ទៅអាជ្ញាធរ កងកម្លាំងជាប់ព្រំដែនថៃថា ត្រូវត្រៀមលក្ខណៈជាមុនក្នុងការជួយជម្លៀសពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ ក្នុងករណីឈានដល់ការប្រើប្រាស់កម្លាំង។
លិខិតក្រសួងមហាផ្ទៃបន្តថា៖ «ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលរកស៊ី ធ្វើការ និងរស់នៅក្នុងទឹកដីប្រទេសថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសថៃឱ្យវិលត្រឡប់មកប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមគ្នានេះ សូមអប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់»។
លិខិតក្រសួងមហាផ្ទៃ ឱ្យដឹងទៀតថា ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ និងហាមឃាត់មិនឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀង ឬច្រកតូចៗ មិនផ្លូវការ ដោយត្រូវមានវិធានាការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះអ្នកល្មើស។ បន្ថែមពីនេះក្រសួងបានប្រាប់ទៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់មិនត្រូវចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារ នានាជាមួយភាគីថៃ រហូតដល់មានការណែនាំថ្មីពីក្រសួងមហាផ្ទៃ។
អ្នកសិក្សាច្បាប់មួយរូប លោក វ៉ន ចាន់ឡូត លើកឡើងថា ស្ថានភាពប្រទេសទាំងពីរគឺផុសស្រួលណាស់ ក្នុងការឈានទៅប៉ះទង្គិចគ្នាក្នុងពេលណាមួយ ខណៈប្រទេសទាំងពីរក៏បានត្រៀមខ្លួនខ្លះៗហើយដែរ។ លោករង់ចាំមើលពីលទ្ធផលនៃការចរចាទ្វេភាគីនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ ប្រសិនបើការចរចានោះបរាជ័យ ហើយកម្ពុជានឹងរុញករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិបន្ត ខណៈភាគីយោធាថៃអាចនឹងបញ្ជេះកំហឹងឈានទៅមានសង្គ្រាម ដោយសារដឹងច្បាស់ពីការចាញ់ប្រៀបក្នុងដំណាក់កាលតុលាការយុត្តិធម៌អន្តរជាតិផងដែរ។ លោកបន្តថា វិធានការជូនដំណឹងដល់អាជ្ញាធរជាប់ព្រំដែនពីវិធានការជម្លៀសពលរដ្ឋ និងប្រាប់ទៅពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការចេញចូលប្រទេសថៃនេះ ក៏បានបង្ហាញឱ្យឃើញពីស្ថានភាពផុយស្រួយរបស់ប្រទេសទាំងពីរ។ លោកថាការត្រៀមខ្លួនជាមុនរបស់កម្ពុជាដោយគិតគូរពីសុខសុវត្ថិភាពរបស់ពលរដ្ឋដើម្បីបញ្ចៀសពីផលប៉ះពាល់ពិសេសអាយុជីវិត គឺជារឿងចាំបាច់។
លោកបណ្ឌិត សេង សារី កាលពីអង្គារ៍ បានធ្វើការវិភាគស្ថានការណ៍ថ្មីៗដែលបានកើតឡើងរវាងកម្ពុជា-ថៃ ដោយថា ប្រសិនបើវិវាទប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសថៃត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដើរហើរ។ ជាមួយគ្នានេះលោកថា បញ្ហាព្រំដែនកម្ពុជា-ថៃ នេះ នឹងមិនអាចដោះស្រាយទ្វេភាគីបានឡើយ ហើយរដ្ឋាភិបាលកម្ពុជាក៏មិនគួរស្ទាក់ស្ទើរក្នុងការការពារបូណៈភាពទឹកដី អធិបតេយ្យភាពរបស់ខ្លួននោះដែរ។
លោកបណ្ឌិត សេង សារី លើកឡើងថា៖ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាមិនគួរស្ទាក់ស្ទើរ ក្នុងការដោះស្រាយករណីទាំងអស់នេះ ទោះបីជាយ៉ាងណាក៏ដោយ ការការពារទឹកដី ការរក្សានូវបូរណភាពទឹកដីជារឿងចាំបាច់ ជារឿងអាទិភាពបំផុតសម្រាប់កម្ពុជា។ រឿងផ្ទៃក្នុងកម្ពុជាយើងអាចដោះស្រាយក្នុងចំណោមខ្មែរនិងខ្មែរបាន ប៉ុន្តែរឿងព្រំដែន រឿងបូរណភាពទឹកដីនេះ គឺខ្មែរនិងខ្មែរមិនអាចដោះស្រាយបានទេ។ ហើយយន្តការទ្វេភាគីរវាងថៃកម្ពុជា កាន់តែមិនអាចដោះស្រាយបញ្ហាបាន ព្រោះយើងប្រើប្រាស់ស្តង់ដារមាត្រដា្ឋនពីរផ្សេងគ្នា យើងមិនអាចទៅជជែកគ្នាបានទេ»។
លោក សេង សារី នៅតែយល់ឃើញថា យន្តការតុលាការយុត្តិធម៌អន្តរជាតិគឺដំណោះស្រាយល្អបំផុតក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ទាំងព្រំដែនគោក និងព្រំដែនទឹកពេលនេះ។
ស្របពេលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាទៅកងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែននេះ ខាងរាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ សមាសភាពគណៈកម្មការថ្មីនេះ មានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាប្រធាន និងមានអនុប្រធានចំនួន៥រូប ព្រមទាំងសមាជិកចំនួន៩រូប។
បើតាមសេចក្តីសម្រេចដែលមានហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតនេះ គឺមានភារកិច្ចក្នុងការពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី តាមសំណើក្រុមការងារកិច្ចការច្បាប់។ បន្ថែមពីនេះ មានភារកិច្ចពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រង ដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។
សេចក្តីសម្រេចបន្តថា៖ «ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូតតាមការចាំបាច់។ ធ្វើការទំនាក់ទំនងជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្តឹង រហូតដល់បញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ»។
ក្រុមការងារថ្មីនេះ ក៏ត្រូវមានភារកិច្ចមួយទៀត ដោយត្រូវរាយការណ៍ ពីលទ្ធផលការងារ និងស្នើសុំការណែនាំ តាមការចាំបាច់ ពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងកិច្ចការផ្សេងទៀតតាមការប្រគល់ជូនពីរាជរដ្ឋាភិបាល។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី១០ ខែមិថុនាថា បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ។
លោកឱ្យដឹងថា គណៈកម្មការថ្មីនេះ មានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោកថា នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់យើង។
លោកបន្តថា ៖«បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល»។
លោកក៏ស្នើឱ្យពលរដ្ឋស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។
ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ផ្តើមកក្រើកកាន់តែខ្លាំងឡើងវិញ ក្រោយមានការប៉ះទង្គិចដោយកម្លាំងយោធាមួយប្រាវរវាងភាគីទាំងពីរ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់នៅចំណូចមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយកើតហេតុ កម្ពុជាបានហៅសកម្មភាពយោធាថៃនោះ ថាជាអំពើលួចវាយឆ្មក់ ឈ្លានពាន និងមិនថ្លៃថ្នូរក្នុងនាមប្រទេសមានអរិយធម៌ជឿនលឿន៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ