CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សហគមន៍​ឡពាង​ជាង​១០០​នាក់​នាំ​គ្នា​ហែរក្បួន​តាម​គោយន្ត​ដើម្បី​ឱ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគេ

Admin ដោយ Admin
October 7, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
សហគមន៍​ឡពាង​ជាង​១០០​នាក់​នាំ​គ្នា​ហែរក្បួន​តាម​គោយន្ត​ដើម្បី​ឱ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគេ

សហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហែក្បួនគោយន្តស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងដោះលែងតំណាងរបស់ពួកគេ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
88
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាសហគមន៍​ឡពាង​នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រមាណ​ជា​១៥០នាក់ បាន​នាំ​គ្នា​ដើរ​ដង្ហែរ​ក្បួន និង​ខ្លះជិះ​គោយន្ត​ដើម្បី​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​លោក រាជ សីម៉ា និង​ទម្លាក់​បទចោទ​លើ​សកម្មជន​ដីធ្លី​ផ្សេង​ទៀត ដែល​កំពុង​ជាប់ពាក្យ​បណ្ដឹង​នៅ​តុលាការ ខណៈអង្គការ​សង្គមស៊ីវិល​ថា តុលាការ​នៅ​តែ​ជា​ឧបករណ៍​មួយ​សម្រាប់​អ្នក​មាន​អំណាច​និង​អ្នក​មាន​លុយ។

កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រជាសហគមន៍ឡពាង១៥០នាក់បាននាំគ្នាដើរដង្ហែរជាក្បួនដោយលើកជាបដាថា សុំឱ្យដោះលែងលោក រាជ សីម៉ា និងសូមឱ្យតុលាការបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋដែលកំពុងតវ៉ាដីធ្លី ដែលសកម្មភាពនេះធ្វើឡើងនៅក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកខួបលើកទី៣៧ ក្រោមប្រធានបទ «បញ្ឈប់ការចោទប្រកាន់មកលើសកម្មជនដីធ្លីធនធានធម្មជាតិ»។

ប្រធានសហគមន៍ឡពាងដែលកំពុងជាប់បណ្ដឹងនៅតុលាការ អ្នកស្រី អុំ សុភី បានមានប្រសាសន៍ថា មូលហេតុដែលឈានដល់ការដង្ហែរក្បួននេះ ពីព្រោះតុលាការនៅកម្ពុជាបានផ្ដល់នូវភាពអយុត្ដិធម៌ឱ្យពួកអ្នកស្រី ដូចជា ការបន្ដឃុំខ្លួនលោក រាជ សីម៉ា ទាំងដើមបណ្ដឹងបានដកពាក្យបណ្ដឹងហើយក៏ដោយ ខណៈពួកអ្នកស្រីមួយចំនួនទៀត ក៏កំពុងជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងភាពអយុត្តិធម៌។ ម្យ៉ាងវិញទៀតអ្នកស្រីថា តុលាការ​គួរទម្លាក់បទចោទលើសកម្មជនឡពាង ដើម្បីឱ្យពួកអ្នកស្រីមានសិទ្ធិសេរីភាពឡើងវិញ។

អ្នកស្រី សុភី បានថ្លែងថា៖«ពួកខ្ញុំដើរដង្ហែរដើម្បីទាមទារឱ្យតុលាការនិងសាធាណជនដឹងថាពួកខ្ញុំនៅសហគមន៍ឡពាងនៅមិនទាន់ចប់នៅឡើយទេ»។

អ្នកស្រីបន្ដថា ក្នុងក្បួនដើរដង្ហែរនេះមានគ្នាប្រមាណ១៥០នាក់ ដោយដើរលើកបដាផង និងស្រែកជាសំឡេងផង មានទាំងអ្នកជិះម៉ូតូ ជិះគោយន្ដផង  ដើម្បីបង្ហាញពីការសម្រេចរបស់តុលាការកម្ពុជាមកលើសកម្មជនតវ៉ាដីធ្លី។ ការណ៍នេះអ្នកស្រីថា មិនមែនតែសហគមន៍ឡពាងនោះទេ គ្រប់សហគមន៍ដែលរងនូវភាពអយុត្ដិធម៌ពីប្រព័ន្ធតុលាការនិងបង្ហាញទៅអន្ដរជាតិថាពួកអ្នកស្រីមិនទាន់បានយុត្តិធម៌ណាមួយពីប្រព័ន្ធតុលាការនៅឡើយទេ។

ចំណែកឯប្រពន្ធលោក រាជ  សីម៉ា អ្នកស្រី ណាក់ កេន បាននិយាយថា អ្នកស្រីទទូចសុំឱ្យតុលាការដោះលែងប្ដីអ្នកស្រី ឱ្យមានសេរីភាពវិញ ដោយសារប្ដីអ្នកស្រីមិនបានប្រព្រឹត្ដដូចការចោទរបស់តុលាការនោះទេ។ អ្នកស្រីថា ដើមបណ្ដឹងដែលប្ដឹងប្ដីអ្នកស្រីបានដកពាក្យបណ្ដឹងរួចហើយ ដូច្នេះតុលាការគួរតែដោះលែងប្ដីអ្នកស្រី  ដើម្បីឱ្យប្ដីអ្នកស្រីជួយរកស៊ីសងបំណុលគេ ពីព្រោះក្នុងកំឡុងពេលប្ដីអ្នកស្រីជាប់ពន្ធនាគារ គឺអ្នកស្រីគ្មានប្រាក់ចំណូលនោះទេ។

អ្នកស្រីកេនបន្ដថា៖«ខ្ញុំសុំឱ្យតុលាការមេត្ដាដោះលែងប្ដីខ្ញុំវិញមក ពីព្រោះខ្ញុំអស់លទ្ធភាពហើយ​ ណាមួយត្រូវចិញ្ចឹមកូន ណាមួយត្រូវរកលុយសងបំណុលគេទៀត សុំដោះលែងគាត់មក ដើម្បីជួយរកលុយសងបំណុលគ្នា»។

លោក រាជ ​សីម៉ា តំណាងសហគមន៍ឡពាង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង ផ្ដន្ទាទោស កាលពីថ្ងៃទី៦ ខែកក្កដា ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទ ប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១។ បច្ចុប្បន្នលោកកំពុងជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំមកហើយ។

បើតាមមេធាវីការពារក្ដីសហគមន៍ឡពាង អ្នកស្រី ​ស៊ឹម សោភា បានថ្លែងថា ការទាមទាររបស់សហគមន៍ឡពាងដើម្បីឱ្យដោះលែងលោក រាជ សីម៉ា និងទម្លាក់បទចោទផ្សេងៗវាជារឿងត្រឹមត្រូវ ហើយតុលាការគួរតែដោះលែងកូនក្ដីអ្នកស្រីឱ្យមានសេរីភាព រួចចាំបន្ដនីតិវិធីតាមច្បាប់ផ្លូវណាមួយ ជាជាងតុលាការនៅតែបន្ដឃុំខ្លួនដោយមិនមានដោះស្រាយ។

អ្នកស្រីបន្ដ៖«កន្លងមកខ្ញុំបានដាក់ពាក្យស្នើសុំទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងនិងសាលាឧទ្ទរណ៍ដើម្បីឱ្យកូនក្ដីខ្ញុំនៅក្រៅឃុំ ប៉ុន្ដែតុលាការមិនព្រមដោះលែង ហើយខ្ញុំបានបន្ដទៅតុលាការកំពូល ប៉ុន្ដែមិនទាន់ដល់ថ្ងៃជំនុំជម្រះ»។

ជុំវិញរឿងខាងលើអ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំងលោក ហាក់ គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM នៅដើមសប្តាហ៍នេះថា លោកមិនបានដឹងថា សហគមន៍ឡពាងបានធ្វើក្បួនដង្ហែរដើម្បីស្នើសុំឱ្យមានការទម្លាក់បទចោទឬក៏ដោះលែងសកម្មជនឡពាងនោះទេ។ តែលោកថា ពួកគាត់គួរតែប្រើប្រាស់ផ្លូវច្បាប់​ ជាពិសេសបើសិនជាយល់ថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងវាបានផ្ដល់នូវភាពអយុត្តិធម៌ឱ្យពួកគាត់  ពួកគាត់អាចបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ ជាជាងចោទប្រកាន់តុលាការថា មិនបានដោះស្រាយឱ្យពួកគាត់។

អ្នកនាំពាក្យរូបនេះបន្ដថា៖«ខ្ញុំមិនបានដឹងថា ពួកគាត់ធ្វើអីនៅណាទេ ប៉ុន្ដែបើសិនជាពួកគាត់យល់ថា សាលាដំបូងខេត្តបានផ្ដល់នូវភាពអយុត្ដិធម៌ ពួកគាត់អាចប្ដឹងទៅសាលាឧទ្ធរណ៍បាន ជាជាងការចោទប្រកាន់មកប្រព័ន្ធតុលាការ ពីព្រោះផ្លូវច្បាប់គេទុកឱ្យពួកគាត់បន្ដបាន»។

តំណាងសហគមន៍ឡពាងអ្នកស្រី សុភី បានថ្លែងថា កន្លងមកតុលាការតែងតែគេចវេសនិងមិនបានផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍អ្នកស្រីនោះទេ ដែលអ្នកស្រីថា ពួកស្រីបានបន្ដទៅសាលាឧទ្ធរណ៍និងបានដាក់ញត្ដិទៅក្រសួងយុត្ដិធម៌រួចហើយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយឡើយ ហើយការកាត់ក្ដី គឺសម្រេចដូចសាលាដំបូងខេត្តកំពង់ឆ្នាំងដដែល។ អ្នកស្រីថា អ្នកស្រីហាក់អស់ជំនឿលើប្រព័ន្ធតុលាការស្រុកខ្មែរ និងចាត់ទុកថា ប្រព័ន្ធតុលាការស្រុកខ្មែរគាំទ្រតែអ្នកមានលុយនិងមានអំណាចដើម្បីដាក់បន្ទុកលើអ្នកតវ៉ាក្រីក្រឬសកម្មជនតវ៉ាដែលលេចធ្លោរគឺត្រូវរងគ្រោះដោយសារប្រព័ន្ធតុលាការហ្នឹងឯង។

យ៉ាងណាមិញអ្នកនាំពាក្យក្រសួងយុត្ដិធម៌លោក ជិន ម៉ាលីន បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា បើសិនជាពលរដ្ឋបានដាក់ញត្ដិមកក្រសួងយុត្តិធម៌ ក្រសួងនឹងទទួលពិនិត្យទៅតាមសមត្ថកិច្ច ប៉ុន្ដែជាគោលការណ៍ច្បាប់លោកថា ក្រសួងមិនអាចទៅជ្រៀតជ្រែកកិច្ចការរបស់តុលាការពាក់ព័ន្ធរឿងចោទឬក៏មិនចោទបានទេ។

លោកបន្ដថា៖«បើគាត់យល់ថា តុលាការចោទមិនមានភស្ដុតាង ចោទមិនត្រឹមត្រូវ គាត់អាចប្ដឹងទៅឧទ្ធរណ៍ទៀត ដើម្បីធ្វើការការពារខ្លួនតាមនីតិវិធីច្បាប់ដែលមានជាធរមាន បាទ»។

រីឯមន្ដ្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ​ ចាន់គា បានមើលឃើញថា ក្នុងនាមជាសង្គមស៊ីវិលមួយដែលបានឃ្លាំមើលបញ្ហារបស់សហគមន៍ឡពាង លោកមើលឃើញថា អ្នកភូមិឡពាងតែងតែរងនូវភាពអយុត្តិធម៌តាំងពីដើមឡើយមកហើយ។ លោកថា បើទោះបីជាពួកគាត់ព្យាយាមស្នើសុំតុលាការឱ្យទម្លាក់បទចោទក៏តុលាការនៅតែព្យាយាមមិនព្រមដោះលែងឱ្យពួកគាត់មានសេរីភាពឡើងវិញឡើយ ព្រមទាំងចេះតែរកលេសបន្ថែមទៀតដើម្បីដាក់បន្ទុកលើពួកគាត់។

លោក ចាន់គា និយាយថា៖«យើងសង្ឃឹមថា ទាំងតុលាការទាំងក្រសួងយុត្តិធម៌លោកនឹងផ្ដល់ភាពយុត្ដិធម៌ដល់ពួកគាត់ យ៉ាងហោចណាស់ក៏ជាគម្រូមួយឱ្យមហាជនក៏ដូចជាអន្ដរជាតិគេយល់ឃើញអំពីចេតនារបស់ខាងតុលាការក៏ដូចជាក្រសួងយុត្តិធម៌ក្នុងការស្វែងរកភាពយុត្ដិធម៌ឱ្យអ្នកក្រីក្រដែរ»។

លោកថា ប្រសិនបើតុលាការនៅតែព្រងើយកន្ដើយនិងរើសអើងចំពោះអ្នកភូមិឡពាងហ្នឹង ប្រព័ន្ធយុត្ដិធម៌កម្ពុជាហ្នឹងត្រូវបានគេមើលឃើញថា ជាតុលាការមួយដែលមិនអាចជឿទុកចិត្ដបាននិងមិនអាចរកយុត្ដិធម៌ឱ្យអ្នកក្របានទេ។

លោកបន្ដថា៖«ជាសំណូមពររបស់ខ្ញុំសុំឱ្យក្រសួងយុត្ដិធម៌ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ក៏ដូចជាចៅក្រមដែរ សុំលោកពិនិត្យនិងផ្ដល់យុត្តិធម៌ឱ្យភូមិឡពាងផង»។

ចំណែកឯនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា តុលាការគួរតែដល់ពេលដែលត្រូវពិចារណាក៏ដូចជាទម្លាក់បទចោទលើសកម្មជនតវ៉ាដីធ្លីឡពាងហើយ។ លោកថា ណាមួយដើមបណ្ដឹងបានដកពាក្យបណ្ដឹងទៀត ដូច្នេះតុលាការគួរតែគិតគូរពីបញ្ហានេះ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ ជាជាងបន្ដប្រើប្រព័ន្ធតុលាការទុកគំរាមកំហែងពួកគាត់។

លោកបន្ដថា៖«វាដល់ពេលហើយ ដែលតុលាការ គួរតែទម្លាក់ឬក៏ដោះលែងពួកគាត់ឱ្យមានសេរីភាពវិញហើយ បើសិនជាតុលាការនៅតែបន្ដទេ មានន័យថា តុលាការមានចេតនាក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះ ទុកសម្រាប់គំរាមកំហែងពលរដ្ឋណាដែលហ៊ានចេញមុខតវ៉ា ឬក៏ទុកសម្រាប់អ្នកមានអំណាចប្រើប្រាស់ប្រព័ន្ធនេះ។ ហើយក៏វាដល់ពេលត្រូវប្រើយន្ដការដោយសន្ដិវិធីដោះស្រាយ ជាពិសេសការដោះស្រាយដោយយន្ដការឈ្នះៗ​ ជាជាងដាក់បន្ទុកលើពួកគាត់»។

កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញក៏បានផ្តន្ទាទោសអ្នកភូមិឡពាង ៤នាក់រួម ទាំងអ្នកស្រី អ៊ុំ សុភី និងលោក រាជ សីម៉ា ដោយកំបាំងមុខដាក់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​​ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោយចេតនា និង​បទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២៕

………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

សកម្មជន​បឹងតាមោក​តស៊ូ​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ទោះ​ប្រឈម​សុវត្ថិភាព​រាងកាយ

អត្ថបទបន្ទាប់

កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

អត្ថបទបន្ទាប់
កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង