CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

CJs khmer ដោយ CJs khmer
February 11, 2025
ក្នុង សង្គម
0
បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

ការគូសបង្ហាញទង់សហគមន៍ LGBTQI+ លើមុខរបស់យុវជននៅរាជធានីភ្នំពេញ ក្នុងកម្មវិធីខែមោទនភាព ដើម្បីគាំទ្រដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ រ៉ាត់ ទី)

0
ចែករំលែក
112
ចំនួនមើល

ការរើសអើង និងការបដិសេធផ្ដល់ឱកាសការងារ នៅតែជាបញ្ហាចោទចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស​​អ្នកបង្ហាញអត្តសញ្ញាណជាខ្លួនឯង​ជាសាធារណៈ តាមរយៈការតុបតែងរាងកាយខាងក្រៅ(Transgender)។ នៅ​កម្ពុជា គេសង្កេតឃើញមានស្ថានប័នរដ្ឋ និង​ឯកជនមួយចំនួន​ ដែល​ផ្ដល់​ឱកាស​ការ​ងារ​សម្រាប់​គ្រប់​គ្នា ដោយ​មិន​ផ្អែក​លើ​ការ​កំណត់​អត្ត​សញ្ញាណ​​ភេទ តែយ៉ាងណា ក៏នៅមានស្ថាប័ន​មួយចំនួនតូច នៅមាន​ការ​រើស​អើង​ចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា​ផងដែរ​។ 

ដៃកាន់ទង់សហគមន៍ LGBTQI+ ក្នុងកម្មវិធីខែមោទនភាព ដើម្បីគាំទ្រដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ រ៉ាត់ ទី)

ដូចករណី កញ្ញា សុន រស្មី អាយុ ២៦ឆ្នាំ ​ដែលកំណត់អត្តសញ្ញាណខ្លួនឯង ជាអ្នកផ្លាស់ប្ដូរយេន​ឌ័រ​ពីបុរស​​ទៅ​​ជាស្ត្រីជា​ដើម។ រស់នៅក្នុង​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កញ្ញា រស្មី បានលើកឡើង​ថា ទោះបីរូបគាត់រៀនចប់​​​បរិញ្ញាបត្រផ្នែក​​​ភាសាវិទ្យា រយៈពេល​ ២ឆ្នាំ​​​មក​ហើយ​ក្ដី ប៉ុន្ដែ​កញ្ញា​នៅ​មិន​ទាន់មានការងារច្បាស់លាស់នោះទេ ដោយសារតែ​ស្ថាប័ន ឬកន្លែងការងារខ្លះ មិនបានផ្តល់ឱកាស​​អ្នកស្រឡាញ់ភេទ​ដូចគ្នា នៅពេលដែល​ពួកគេ​បាន​ឃើញការតុបតែងកាយខាងក្រៅរបស់គាត់។  

រស្មី មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន ប៉ុន្តែ​កាលពីឆ្នាំ​២០២៤ កន្លងមកនេះ​ គាត់បា​នដា​ក់​ពាក្យស្នើ​សុំ​ធ្វើ​ជា​គ្រូបង្រៀន​ នៅស្ថាប័ន​ឯកជនមួយ ប៉ុន្តែត្រូវបានគេបដិសេធ ដោយសារបញ្ហា​យេនឌ័រ​របស់គាត់។

កញ្ញាថា៖ «ភាគច្រើន គឺគេប្រើប្រាស់ពាក្យសម្ដី កាយវិការ ជាការបដិសេធ នៅពេលគេដឹងថាយើង​ជា​អ្នក LGBT ឬអ្នកផ្លាស់ប្ដូរយេនឌ័រ ពេលហ្នុងអារម្មណ៍ គឺគេគិតសិនហើយ គេសម្រេចចិត្តសិន។ កន្លែងខ្លះទៅ ក៏គាត់យល់ដឹងគាត់សម្រចចិត្តឱ្យធ្វើការ ប៉ុន្ដែកន្លងមក​កន្លែងខ្ញុំដាក់ពាក្យទៅ គេមិនអាចទទួលយកយើងបានអ៊ីចឹង គឺពិបាកសម្រាប់គេ គេថាឱ្យយើងផ្លាស់ប្ដូរ ឬកែប្រែខ្លួនឯងទៅ បើចង់ធ្វើការ»។   

ក្នុងសម្លៀកបំពាក់ជាស្ត្រី​ និងបបូរមាត់មានលាបក្រែម​​ក្រហមព្រឿង​ រស្មីនិយាយទាំងទឹក​មុខ​ស្រងូត​ស្រងាត់ថា ការរើសអើងអ្នកផ្លាស់ប្ដូរយេនឌ័រ និងបដិសេធផ្ដល់ការងារពីស្ថាប័ន​ផ្សេងៗ បាន​​ក្លាយផលលំបាកផ្អែក​ហិរញ្ញវត្ថុ និង​កា​ររស់នៅប្រចាំថ្ងៃ ខណៈបច្ចុប្បន្ន កញ្ញា បាន​ទទួល​ការ​​ជួយ​ទំនុក​បម្រុងថវិកា​​ខ្លះៗ​ពី​ម្តាយនៅឡើយ​ បើទោះជាដល់វ័យ​​ដែល​​ត្រូវ​រក​ការ​ងារ​​ចិញ្ចឹម​ជីវិតដោយ​ខ្លួន​​ និងជួយដល់សង្គមក្តី។

សុន រស្មី បាននិយាយថា៖ «មានបញ្ហាពិបាកខ្លះដែរ ប៉ះពាល់ផ្លូវចិត្តជាដើម ដោយសារតែយើង​រៀនចប់ហើយ តែមិនបានយកចំណេះជំនាញ​មកបម្រើការងារជូ​នសង្គមជាតិ​ដូចគេឯងដទៃ​អ៊ីចឹងទៅ ទោះយើងមានសមត្ថភាពដូចគេ​មែន តែយើងមិនមានឱកាសអាចបង្ហាញហើយត្រូវកប់សមត្ថភាពចំណេះជំនាញចោលក្នុងខ្លួនឯងវិញ»។

ស្រដៀងគ្នានេះដែរ កញ្ញា ឆន រក្សា អាយុ ២៩ឆ្នាំ ជាអ្នក​ផ្លាស់ប្ដូរយេនឌ័រពីបុរស​ទៅស្រ្តីម្នាក់ទៀត បានរៀបរាប់ថា កញ្ញាត្រូវ​​បង្ខំចិត្តចាកចេញពីផ្ទះនៅខេត្តពោធិ៍សាត់ ​មករស់នៅផ្ទះជួល​មួយកន្លែង​​ក្នុង​​រាជធានីភ្នំពេញ​ ដោយសារឪពុកម្ដាយ​មិនគាំទ្រអត្តសញ្ញាណរបស់គាត់។ រស្មី បាន​បញ្ចប់ការ​សិក្សា​ត្រឹម​ថ្នាក់ទី១១ ហើយ​ពេល​មក​រស់នៅភ្នំពេញម្នាក់ឯង​​ កញ្ញា​​ត្រូវ​ជួបការ​​ខ្វះ​ខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​តែ​ពុំ​អាចរកការងារ​សមរម្យ​ធ្វើ​បាន។​

រក្សា និយាយថា គាត់បានព្យាយាម​រកការងារ​ធ្វើនៅតាមរោង​ចក្រកាត់​ដេរ​​ និងក្រុមហ៊ុននានា ប៉ុន្តែ​ពុំ​ទទួលបាន​ឱកាសការ​ងារ​នោះទេ ដោយសារតែកន្លែងការ​ងារ​ខ្លះ​មានការ​រើស​អើង​អ្នក​ស្រឡាញ់​​​​ភេទ​ដូច​គ្នា និង​ខ្លះទៀត​​​​គេ​តម្រូវ​ឱ្យ​កញ្ញា​កាត់​សក់​ខ្លី​​តែង​ខ្លួន​ជា​ប្រុស​វិញ ទើបគេ​ផ្តល់​ការ​ងារ​ឱ្យ​​ធ្វើ។

រក្សាបានគូសបញ្ជាក់ថា៖ «មកដាក់ការងារដំបូង គឺការងាររោងចក្រ។ ពេលដែលគេឃើញយើង​អ៊ីចឹង(ផ្លាស់ប្ដូរយេនឌ័រ) កន្លែងខ្លះ គេអត់ទទួលតែម្ដង គេអត់ទាន់មើលអត្តសញ្ញាណរបស់​យើង​ទេ។ កន្លែងខ្លះទៀត គេមើលឯកសារ​យើង ហើយគេមើលរូបយើង មុខមាត់យើងហើយ គេអត់យកទៀត ដោយសារតែឯកសារ​យើង​ប្រុស អត្តសញ្ញាណយេនឌ័រ[រូប​រាង​ខាងក្រៅ​​]យើង[តែង​ខ្លួន]ជា​ស្រី អ៊ីចឹងគេអត់យក»។

ដោយសារ​តែជួបបញ្ហារើសអើង​អ្នកស្រឡាញ់ភេទដូចគ្នា នៅកន្លែងដែលកញ្ញាដាក់ពាក្យ​ធ្វើការ​នោះ រក្សាបានសម្រេច​ចិត្ត​រៀន​ផ្នែកសំអាង​ ហើយបច្ចុប្បន្ន រក្សា​​អាចមានឱកាស​រកប្រាក់បាន​គ្រាន់នឹងចិញ្ចឹមជីវិត តាមរយៈកា​រជួយផាត់មុខឱ្យសម្អាងការ​ផ្សេងៗ។ ករណីនេះ កញ្ញា រស្មី បានអំពាវនាវ​ឱ្យបញ្ឈប់ការ​រើស​អើង​ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និង​ផ្តល់ឱកាស​ឱ្យ​បាន​ស្មើៗគ្នាក្នុងការ​ទទួលបានការ​ងារ​សមរម្យ។

កញ្ញានិយាយថា៖ «ខ្ញុំសំណូមពរគ្រប់ស្ថាប័នការងារទាំងអស់ សូមឲ្យពួកគាត់ឈប់រើសអើងលើអ្នកស្រលាញ់ភេទដូច និងអ្នកផ្លាស់ប្ដូរយេនឌ័រដូចពួកខ្ញុំ ព្រោះពួកយើងអាចបំពេញការងារឱ្យ ធ្វើបានដូចមនុស្សប្រុសស្រីទូទៅដូចគ្នា។ ពួកយើងយកដៃជើងធ្វើការ មិនមែនយកភេទទៅធ្វើការទេ»។

សម្រាប់​អ្នក​ស្រឡាញ់ភេទដូចគ្នា​មួយរូប​ទៀត សុទ្ធ ពៅសំណាង ក៏ជួបបទពិសោធន៍ជូរ​ចត់​នៃការ​រើស​អើង​ក្នុងវិស័យ​ការងារដូចគ្នា​ដែរ។ សំណាង បានរៀនចប់បរិញ្ញាបត្រ​ និងទទួល​បាន​សញ្ញាបត្រ​ចំនួន ៣មុខជំនាញ​បន្ថែមទៀត ក្នុងនោះ​មាន ផ្នែកបុរាណវិទ្យា អក្សរ​សាស្ត្រ​ខ្មែរ និង​បរិញ្ញាបត្រ​ក្នុងកម្មវិធី​ភាសា​បារាំង ហើយបាន​ព្យាយាម​ដាក់​ពាក្យចូលបម្រើ​ការ​ងារ​នៅស្ថាប័ន​​រដ្ឋ និងឯកជន ទៅតាមជំនាញ​និមួយៗ​មិនតិច​ជាង ២០នោះទេ ប៉ុន្តែ​ត្រូវ​គេ​បដិសេធ​ទាំង​អស់ ដោយសារ​តែ​ការ​តុបតែង​រូប​រាង​ខាង​ក្រៅទៅជាមនុស្ស​ស្រី។

សំណាងនិយាយថា៖ «ជម្នះច្រើនណាស់ ក្នុងនាមអ្នកប្ដូរយេនឌ័រជាស្រ្តីម្នាក់ មានរឿងច្រើន ដែល​ប្រឈម ពិសេសរឿងធំចម្បងនោះរឿងការងារ។ រឿងការងារ គឺពិបាកខ្លាំងតែម្ដង ស្មាទោស គេគ្រាន់តែឃើញជាខ្ទើយភ្លាម គឺគេអត់ឱ្យយើងធ្វើការតែម្ដង គេអត់មើលថាអ្នកឯងប្រវត្តិ (Profile) អីទេ ស្រួលមិនស្រួល ទោះយើងចប់បណ្ឌិត​ (Ph.D.) ទៀត ក៏គេមិនយកយើង​ធ្វើដែរ»។ 

បើទោះជា​ជួបបញ្ហា​រើស​​អើងក្នុ​ងវិស័យការ​ងារ​ ប៉ុន្តែ​ សំណាង នៅតែជំនះបន្ត​ដំណើរជីវិត ដោយ​ព្យាយាមដាក់ពាក្យ​រកការងារ​ធ្វើ​ពីមួយ​កន្លែងទៅមួយកន្លែង​ទៀត អស់ជាច្រើនខែ ហើយ​រហូត​មក​ដល់ឆ្នាំ២០២៤​ គាត់​ត្រូវ​បានអង្គការ​សង្គមស៊ីវិល​មួយកន្លែង អនុញ្ញាត​ឱ្យ​​ចូលបម្រើ​ការ​ងារក្នុងតួនាទីមួយ ដែល​ត្រូវ​ធ្វើការ​ជាមួយក្រុមយុវជន​គន្លឹះវ័យក្មេង។ ក្រៅពីម៉ោង​ការ​ងារ សំណាង ក៏បាន​ចូលរួម​ចែករំលែក​ក្នុងកា​រផ្តល់ចំណេះដឹង​ទាក់ទង​នឹង​សមភាព​យេនឌ័រ ព្រមទាំងជាសំឡង​មួយក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

តាមបទពិសោធន៍ដែលធ្លាប់​​ធ្វើការ​ជាមួយ​អ្នកស្រឡាញ់ភេទដូចគ្នា សុទ្ធ ពៅសំណាង បាន​រក​ឃើញ​ដែរ​​​ថា៖ «សម្រាប់ខ្ញុំ អ្នកប្ដូរយេនឌ័រជាស្ត្រី ពួកគាត់មានការប្រឈមមែនទែន ក្នុងវិស័យការងារហ្នឹង ភាគច្រើនពួកគាត់បង្កើតការងារខ្លួនឯង[…] ដល់ថ្នាក់មាន​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​ជាច្រើន​ ពួកគាត់ត្រូវបង្ខំចិត្ត ធ្វើការក្នុងវិស័យកម្សាន្ត ជាបុរសបម្រើសេវា ឬ​ក៏អីផ្សេងៗទៀត​អ៊ីចឹងទៅ ដែលពួកគាត់​កាន់តែងាយរងគ្រោះ ជាងអត្តសញ្ញាណជាអ្នកស្រឡាញ់ភេទដូចគ្នា​ទៅទៀត»។

នៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានទិន្នន័យ ឬការសិក្សាថ្មី​ជាក់លាក់អំពើការរើសអើង ឬការបដិសេធ​ផ្ដល់ការងារចំពោះអ្នកផ្លាស់ប្ដូរយេនឌ័រនៅឡើយទេ។ ប៉ុន្ដែបើតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០២០ កន្លងទៅ មានអ្នកស្រឡាញ់ភេទដូចគ្នាជាង ៥០​ភាគរយ ជួបប្រទះការមាក់ងាយ នៅកន្លែងធ្វើការ ដោយសារ និន្នាការ​ភេទ និងអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។

យោងតាមគេហទំព័រការិយាល័យឧត្តម​ស្នងការសិទ្ធិមនុស្ស​​នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ស្ថិត​ក្រោម​​​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្ស​ប្តូរភេទ (អ្នក​​​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​មាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ។ ​ប្រភព​ដដែល បន្តថា មា​ត្រា១ ​នៃ​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស ​អះ​អាង​ថា ​មនុស្ស​​​​ទាំង​អស់​កើត​មក​​មាន​​សេ​រី​ភាព ​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ ​និង​​សិទ្ធិ ​ហើយ​​ម​នុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។ ​គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង ​ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

ចំណែក រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​មា​ត្រា៣១ បញ្ជាក់​ជា​ថ្មីអំ​ពី​គោល​កា​រណ៍​ទាំង​នេះ ​ដោយ​ការ​ទ​ទួល​ស្គាល់ ​និង​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ដូច​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរ​ជាតិ ​ដោយ​ចែង​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​មាន «ភាព​សិទ្ធិ​ស្មើ​គ្នា​ចំ​ពោះ​មុខ​ច្បាប់ ​មាន​សិទ្ធិ​សេ​រី​ភាព ​និង​ក​រ​ណី​យ​កិច្ច​ដូច​គ្នា​ទាំង​អស់» ​ដោយ​មិន​គិត​ពី​ឋា​នៈ​សង្គម​ផ្សេង​គ្នា ​ហើយ «​មាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ»។ 

​ប្រភពដដែល​បន្តថា​ ​ជា​ញឹក​ញយ ​ម​នុស្សស្រ​ឡាញ់​ភេទ​ដូចគ្នា​ ​ត្រូវ​ប្រ​ឈម​​នឹង «​ស្លាកស្នាមទុ​យស៍ ​ការ​​រើស​​អើង ​និង​ការ​ផាត់​ចេញ​​កម្រិត​ខ្ពស់ ​នៅ​កន្លែង​ផ្សេងៗ ​ដូច​ជា ​នៅ​លំ​នៅ​ឋាន ​សា​លា​រៀន ​កន្លែង​​ធ្វើ​ការ ​មណ្ឌល​សុខ​ភាព ​និង​នៅ​ទីសា​ធា​រ​ណ»។ ​

តែយ៉ាងណា កន្លងទៅថ្មីៗនេះ​ ​​រដ្ឋាភិ​បាល​កម្ពុ​ជា ​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត ​និង​គំ​និតផ្តួចផ្តើម ​ដើម្បី​រួមបញ្ចូល​ម​នុស្សស្រ​ឡាញ់​ភេទ​ដូច​គ្នា ​ក្នុង​ផែន​ការ ​និង​កម្ម​វិ​ធី​ផ្សេងៗផងដែរ។

លោកស្រី អ៊ុច និពន្ធ អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែគិតគូរ និងកំ​ពុងធ្វើការ​ជិតស្និទ្ធជាមួយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បី​ជំរុញ​និងផ្សព្វផ្សាយ​អំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដល់មហាជនទូទៅឱ្យកាន់តែទូលំទូលាយ។ តែយ៉ាងណា លោកស្រីទទួលស្គាល់ថា ក្នុងសង្គមបច្ចុប្បន្ន នៅមានការ​រើស​អើង​ខ្លះៗ ហើយការ​រើងអើង​នោះ​ជា​ទស្សនៈរបស់បុគ្គលម្នាក់ៗ។

លោកស្រីថ្លែងថា៖ «ការយល់ដឹងកាន់តែច្រើន ការកាត់បន្ថយការយល់ខុសពីអ្នកស្រឡាញ់ភេទ​ដូច​គ្នា​កាន់តែច្រើន។ ប៉ុន្ដែពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រី ឬក៏នៅកន្លែង​ការ​ងារថា​ មានការរើស​អើង​អី យើង​មិន​បដិសេធ​ថា​អត់​សោះទេ​ ប៉ុន្ដែបើថាជាប្រព័ន្ធ​នៃ​ការ​រើស​អើង យើង​អត់មាន​ទេ ព្រោះច្បាប់​យើង យើងការពារ ប៉ុន្ដែផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ អាហ្នឹងវាអាចមានខ្លះហើយ​ក្នុងសង្គមយើង»។ 

លោកស្រីបន្ថែមយ៉ាងដូច្នេះ៖ «យើងមិនអាចឈានមួយជំហាន លោតទៅឱ្យឆ្ងាយតែម្ដងទេ យើង​ធ្វើជាជំហានៗ ដោយសារសង្គមគ្រួសារខ្មែរមានប្រពៃណីទំនៀម​​ទម្លាប់ ដែលមិនអាចភ្លាម យើងបត់​១៨០ដឺក្រេបានទេ។ អីដែលធ្វើ យើងធ្វើការជាមួយសង្គមស៊ីវិល យើង​ធ្វើការ​​ជាមួយ​​ខាងអង្គការ​​ UN ធ្វើការផ្សព្វផ្សាយ ដំបូងបំផុតឱ្យគាត់យល់សិន គាត់ទទួលយកបានសិន ថាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា វាមានភាពទូលំទូលាយ មានលក្ខណៈចម្រុះបែបណាខ្លះ ពីព្រោះរដ្ឋពលយើង សង្គមយើង ការយល់ដឹងពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា មិនទាន់បានច្រើនទេ»។ 

អ្នកសម្រប​សម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ(SOGIESC) នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូ រិន ឱ្យដឹង​ថា ការ​រើសអើង​អ្នកស្រឡាញ់ភេទ​ដូចគ្នា នៅក្នុងវិស័យការ​ងារ នឹង​ផ្តល់​ផល​​​ជះ​អ​វិជ្ជមាន​ដល់បុគ្គល​ដែល​ផ្លាស់ប្តូរ​យេនឌ័រ​នោះផ្ទាល់ និង​​​សង្គម។ លោកពន្យល់ថា ភាពគ្មានការងារធ្វើ នាំឱ្យ​​ប៉ះ​ពាល់​ដល់​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ ការ​ធ្លាក់​ទឹក​ចិត្ត ឬ​ជា​កត្តារួមផ្សំ ដែលអាចក្លាយជាបញ្ហាក្នុង​សង្គម​ និងគួរយកចិត្តទុកដាក់។ 

លោកបន្ត​ថា​៖ «ហើយបើសិន​ពួកគាត់មានបញ្ហាផ្លូវចិត្ត វាអាច​ជះឥទ្ធិពលលើរាយកាយគាត់ដែរ អ៊ីចឹងបើគាត់គ្មានការងារសមរម្យ វាប្រឈមនឹងលទ្ធភាពទទួលបានសេវាព្យាបាលសុខភាព ហើយបើសិនពួកគាត់ទៅរកសេវាសុខភាពសាធារណៈ ហើយមានការរើសអើងទៀតអ៊ីចឹងបញ្ហា​របស់គាត់កាន់តែបន្ថែមតៗគ្នា។ […] វាជះឥទ្ធិពលក្នុងសង្គម ព្រោះក្រុម​ហ៊ុន មនុស្ស គ្រួសារ ជាកោសិកាសង្គម អ៊ីចឹង​បើសង្គម​មិនទទួលយកភាពចម្រុះ អ៊ីចឹងស្ថាប័ន​ការ​ងារ នឹង​បាត់​បង់​អ្នកជំនាញក្នុងផ្នែកណាមួយ សម្រាប់​អភិវឌ្ឍន៍​ក្រុមហ៊ុនគាត់»។ 

ករណីនេះ លោក បូរិន ជំរុញឱ្យមានគោលនយោបាយគាំពារពីរដ្ឋ សម្រាប់ការពារសិទ្ធិអ្នកស្រឡាញ់ភេទគ្នា ក៏ដូចជាស្ថាប័ន​មួយចំនួន​ដែលនៅរើសអើង​អ្នកស្រឡាញ់ភេទដូចគ្នានោះ ត្រូវ​​លុបបំបាត់ការរើសអើង និងទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់​ពួកគេ​​​នៅកន្លែងការងារ ដូចដែល​ស្ថាប័ន​រដ្ឋ និង​ស្ថាប័នឯកជនភាគច្រើន​​​បានធ្វើរួចមកហើយ។

លោកបន្តថា៖ «តាមរយៈច្បាប់អស់ហ្នឹង តម្រូវឱ្យស្ថាប័ន មិនថាទាំងឯកជនរដ្ឋក៏ដោយ ឬក៏អង្គការសង្គមស៊ីវិល ត្រូវមានគោលនយោបាយរាប់បញ្ចូល​ភាពចម្រុះនៅកន្លែងធ្វើការ។ យើងមិនដឹង​ថានៅតាមស្ថាប័ន គាត់មានច្បាប់រាប់បញ្ចូលហ្នឹងអត់ ដូចថាច្បាប់វាអាចតស៊ូរយៈពេលយូរ ឬពិបាកធ្វើ ប៉ុន្ដែគោលនយោបាយអាចជំរុញឱ្យស្ថាប័នឯកជន និងស្ថាប័ន​ពាក់ពា័ន្ធផ្សេងៗទៀត គាត់មានគោលនយោបាយរាប់បញ្ចូលទាំងអ្នកស្រឡាញ់ដូចគ្នា​នៅក្នុងនោះ អាហ្នឹងវាអាច​រួមចំណែកក្នុងការលុបបំបាត់ការរើសអើង»។  

ងាកមកកាន់អ្នក​ប្តូរ​យេនឌ័រជាស្ត្រី​ កញ្ញា សុទ្ធ ពៅសំណាង វិញ កញ្ញា​នៅតែ​​មាន​សុទិដ្ឋិនិយម និង​មាន​ជំនឿចិត្ត​ថា នាពេលអនាគត អ្នកស្រឡាញ់ភេទដូចគ្នា នឹង​អាចទទួលបានបរិយា​កាស​ល្អប្រសើរ​ និង​មាន​​ភាព​ទូលំទូលាយក្នុង​​វិស័យការងារនៅកម្ពុជា តាមរយៈការ​បន្តបញ្ជ្រាប​​ចំណេះដឹង និងសិទ្ធិ ទៅកាន់គ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ពីសំណាក់រាជរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ ជាពិសេស​អ្នក​ស្រឡាញ់ភេទដូចគ្នា ឬអ្នកផ្លាស់ប្តូរ​យេនឌ័រខ្លួនឯង​ផ្ទាល់ ត្រូវ​ហ៊ានជំនះ​ និង​ផ្តល់​តម្លៃដល់ខ្លួនឯង។

សុទ្ធ ពៅសំណាង និយាយ​ថា៖ «បញ្ហាប្រឈមទាំងអស់នេះ ខ្ញុំសង្ឃឹមថា យើងក្នុងនាមអ្នកអនុវត្តគម្រោងផ្សេងៗ ក៏ដូចជារដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍផ្សេងៗ យុវជន សូមបើកចិត្តទូលាយ​ យក​ចិត្ត​គេ​ដាក់ចិត្តយើង ថាតើបើរឿងហ្នឹង ប្រឈមម​ក​លើ​គាត់ គាត់រស់នៅរបៀបម៉េច? ព្រោះអ្នកផ្លាស់ប្ដូរយេនឌ័រជួបបញ្ហាច្រើន​ក្នុងសង្គម[…]អ៊ីចឹងអី្វដែលខ្ញុំនិយាយ សង្ឃឹមជាសារ ឬគតិសម្រាប់​យុវជនទាំងអស់គ្នា ឲ្យបើកចិត្តទូលាយទទួល​យកភាពចម្រុះនៃ​​មនុស្ស​ក្នុងសង្គម អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងវិស័យការងារ ឱ្យពួកគាត់មានការងារធ្វើសមរម្យដូចគេដូច​ឯងដែរ»៕

…………………………………………..

អត្ថបទដោយ៖ រ៉ាត់ ទី (RATH Thy) 

អត្ថបទមុន

អត្ថបទ​និទាន​៖​ ​ផ្សោត​នៅ​អន្លង់​កោះ​ផ្តៅ​ជា​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ប៉ុន្តែ​​ប្រឈម​​សកម្មភាព​នេសាទ​

អត្ថបទបន្ទាប់

កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

អត្ថបទបន្ទាប់
កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង