CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

CJs khmer ដោយ CJs khmer
February 21, 2025
ក្នុង វិវាទដីធ្លី, សង្គម
0
ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

តំណាងជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាសចាស់សម្ភាសន៍ជាមួយពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃ២៧ ខែមករាឆ្នាំ២០២៥។​(រូបភាព៖ CJ Khmer)

0
ចែករំលែក
73
ចំនួនមើល

ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។

តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងនៅឃុំក្បាលរមាសចាស់ អ្នកស្រី ស្រាំង ឡាញ់ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌កាលពីចុងខែមករាឆ្នាំ២០២៥នេះថា បច្ចុប្បន្នពលរដ្ឋដែលមិនព្រមចាកចេញពីភូមិចាស់បានកើនឡើងដល់៦៣គ្រួសារហើយ។ អ្នកស្រីថា អ្នកដែលមិនព្រមចាកចេញកំពុងបន្តទាមទារទៅអាជ្ញាធរឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធដីជាសមូហភាពជូនពួកគាត់ ដោយពួកគាត់បារម្ភពីការបណ្តេញចេញជាលើកទី២ ឬខ្លាចក្រុមហ៊ុនរំលោភយកនៅថ្ងៃក្រោយ។

អ្នកស្រី ស្រាំង ឡាញ់ ជាជនជាតិភាគតិចពូនងអាយុ៤៨ឆ្នាំ និយាយថា ក្រោយក្រុមហ៊ុនបិទទំនប់ឱ្យជាន់លិចផ្ទះ និងភូមិចាស់រយៈពេលជាង៧ឆ្នាំនេះ គឺអ្នកភូមិបានផ្លាស់មករស់នៅទីទួលសុវត្តិភាពដែលនៅក្បែរភូមិចាស់ប្រហែល៦គីឡូម៉ែត្រ ហើយបានទាមទារទៅរដ្ឋបាលខេត្តស្ទឹងត្រែងឱ្យកាត់ឆ្វៀលដីទំហំ៧០០០ហិកតានៅតំបន់នោះទាំងផ្ទៃទឹក និងដីគោកឱ្យពួកគាត់កាន់កាប់ និងចុះបញ្ជីជាដីសមូហភាព ប៉ុន្តែរហូតពេលនេះ អាជ្ញាធរមិនទាន់ដោះស្រាយបានឡើយ។

អ្នកស្រីបន្ថែមថា៖«ទីមួយយើងបារម្ភក្លាចក្រុមហ៊ុនមកទន្ទ្រានយកអស់ដីអស់ធ្លី។ទីពីរយើងបារម្ភខ្លាចអាជ្ញាធរបន្លំឯកសាររបស់យើងព្រោះសម័យឥលូវគេយកឯកសារ មិនមែនដូចតាខ្ញុំគេចំណាំព្រំទេ»។

បើតាម អ្នស្រី ស្រាំង ឡាញ់ គឺកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងបានទៅជំរុញអាជ្ញាធរស្រុកឱ្យចុះវាស់វែង និងពិនិត្យមើលព្រំដីម្តងទៀត ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធដីជាសមូហភាពជូនពួកគាត់។

អ្នកស្រីថា ដើមឡើយអ្នកភូមិទាមទារឱ្យអាជ្ញាធរកាត់ឆ្ងៀលដី និងចេញប័ណ្ណកម្មសិទ្ធជាដីជាសមូហភាពទំហំ៧០០០ហិកតា ក្រោយមកចុះដល់៤០០០ហិកតានៅឆ្នាំ២០២០ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រម ដោយថា ការទាមទារនេះធំធេងពេក។ មកដល់ឆ្នាំ២០២៣ ពួកគេក៏បានកាត់ទំហំដីដែលបានស្នើសុំចុះបញ្ជីមកនៅត្រឹមតែ ៣០០០ហិកតា ហើយអាជ្ញាធរនៅតែមិនព្រមទៀត។

អ្នស្រី ស្រាំង ឡាញ់ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកភូមិស្នើសុំចុះបញ្ជីដីសមូហភាពត្រឹមតែ២០០០ហិកតាប៉ុណ្ណោះទុកសម្រាប់ក្មេងជំនាន់ក្រោយ ខណៈអាជ្ញាធរអះអាងថា ខ្លួនកំពុងសិក្សាលើសំណើរនេះ។

អ្នកស្រីបន្ថែមថា៖«យើងចង់ថែរក្សាការពារទឹកដីព្រៃឈើវប្បធម៌ប្រពៃណីយើងឱ្យជាប់។អស់មួយជំនាន់នៅមួយជំនាន់។ អីចឹងអាជ្ញាធរយើងគួរតែគិតរឿងនេះ។ គិតតែសម្បទានៗឱ្យក្រុមហ៊ុន។ចុះបើក្រុមហ៊ុនឈូសឆាយព្រៃយើងអស់។ចុះបើកូនចៅយើងកើនឡើងថ្ងៃក្រោយ១០ទៅ២០ឆ្នាំទៀត។ តើក្រុមហ៊ុនចែកដីហ្នឹងឱ្យកូនចៅយើងវិញទេ? គេមិនចែកទេ ទាល់តែយើងមានលុយទិញបានៗ។ ដូច្នេះយើងមិនចង់ឱ្យមានអីចឹងទេ។ យើងមានដីព្រៃឈើសម្រាប់កូនចៅយើង កន្លែងណាចង់កាប់ចំការយើងធ្វើចំការ កន្លែងយើងត្រូវទុកយើងទុក»។

ជនជាតិដើមភាគតិចពូនងលោក ឡឹម ផានី និយាយថា ពលរដ្ឋនៅភូមិក្បាលរមាសចាស់ប្រកបមុខរបរដូចជាការចិញ្ចឹមសត្វពាហនៈ ការធ្វើស្រែចម្ការវិលជុំ និងការនេសាទត្រីជាដើម។ លោកថា កន្លែងភូមិចាស់វា       បានអំណោយផលសម្រាប់ពួកគាត់ប្រកបមុខរបរទាំងនេះ ខណៈកន្លែងថ្មីពួកគាត់មិនអាចប្រកបរបរអ្វីបាននោះទេ។

 លោក ផានី បន្តថា បញ្ហានេះហើយដែលអ្នកភូមិមិនព្រមចាកចេញពីភូមិចាស់ ហើយបន្តទាមទារទៅអាជ្ញាធរឱ្យកាត់ឆ្វៀលដី និងពន្លឿនចុះបញ្ជីដីសមូហភាពនៅតំបន់ភូមិចាស់ឱ្យពួកគាត់បានគ្រប់គ្រងដោយស្របច្បាប់។

លោកបន្ថែមថា៖«យើងព្រួយបារម្ភពីការបាត់បង់ដី និងព្រៃឈើ។ ប្រសិនអាជ្ញាធរចេះតែពន្យាពេលមិនព្រមវាស់វែង និងចុះបញ្ជីដីសមូហភាពស្របច្បាប់ឱ្យពួកយើងទេ វាអាចគេមិនទន្ទ្រានយកទាំងក្រុមហ៊ុន និងជនចំណូលស្រុកព្រោះយើងគ្មានអីសំអាងជាមួយគេទេ។បច្ចុប្បន្ននេះមានការគេចូលកាប់ឈើ និងទន្ទ្រានយកសហគមន៍ខ្លះៗដែរ»។

កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះ មានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។

អនុក្រឹត្យនេះ ក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង មានប្រសាសន៍ថា ករណីអ្នកភូមិក្បាលរមាសចាស់ស្នើចុះបញ្ជីដីសមូហភាពទំហំជាង២០០០ហិកតា គឺអាជ្ញាធរខេត្តកំពុងសិក្សា និងពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធសិន ដោយមិនអាចឆ្លើយបញ្ជាក់ភ្លាមៗបានទេ។

យ៉ាងលោកថា ថ្នាក់ដឹកនាំខេត្តបានកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការដោះស្រាយបញ្ហាចុះបញ្ជីដីជាសមូហភាព និងទុកលំបាករបស់ពលរដ្ឋជនជាតិដើមភាគតិចនៅឃុំក្បាលរមាស់នេះ ដោយលោកថា អាជ្ញាធរមិនទុកចោលឱ្យពលរដ្ឋរងទុកលំបាកនោះទេ។

លោកបន្ថែមថា៖«យើងនឹងពិនិត្យមើលទៅលើការងារនេះ ហើយយើងពិភាក្សាជាមួយមន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធមួយចំនួនក្នុងកំរិតណាមួយដែលយើងអាចផ្តល់ជូនគាត់។ យើងនឹងជជែកជាមួយគាត់ [ជនជាតិដើមភាគតិច]ជាថ្មី។ តែសម្រាប់ឆន្ទៈយើងនឹងឆ្ពោះទៅមុខទាំងអស់គ្នា។ឆ្ពោះទៅរកការចុះបញ្ជីដីសមូហភាពជូនបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅក្បាលរមាសចាស់នេះឱ្យបានសម្រេចនៅក្នុងពេលចំពោះមុខនេះ»។

នាយកប្រតិបត្តិអង្គការភូមិខ្ញុំ លោក លន់ ពេជ្រដារ៉ា បានទទូចដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលឱ្យពន្លឿនចេញបណ្ណសិទ្ធិដីជាសមូហភាពជូនពលរដ្ឋជនជាតិដើមភាគតិចនៅក្បាលរមាសចាស់ឱ្យបានឆាប់ ដើម្បីកុំឱ្យពួកគាត់ពិបាកចិត្ត និងព្រួយបារម្ភពីការរំលោភបំពាន់ដីធ្លី ឬបាត់បង់ដីធ្លីដោយប្រការណាមួយ។

លោក លន់ ពេជ្រដារ៉ា មានប្រសាសន៍ថា បណ្ណកម្មសិទ្ធដីសមូហភាពនេះ គឺជាយន្តការពារ និងប្រឆាំងការចូលរំលោភបំពាន់យកដី និងកាប់ឈើក្នុងតំបន់ជនជាតិដើមភាគពូនងពីសំណាក់ជនខិលខូច ឬក្រុមហ៊ុនឯកជននានាផងដែរ។

លោកបន្ថែមថា៖«ប្រសិនបើមានបញ្ហាជម្លោះដីធ្លីកើតឡើង គាត់ [ជនជាតិដើមភាគតិច] មានឯកសារមានប្លង់រឹងត្រឹមត្រូវគាត់ដឹងថា ឈ្នះហើយ។ប៉ុន្តែបើអត់ទេពួកគាត់អាចនឹងមានបញ្ហានៅថ្ងៃក្រោយ»។

ក្រោមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺរដ្ឋាភិបាលបានទទូចឱ្យជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាសចាស់ផ្លាស់លំនៅទៅរស់នៅតំបន់តាំងលំនៅថ្មី ដែលមានចម្ងាយជាង ៥០គីឡូ ម៉ែត្រពីភូមិចាស់ ដោយទទួលសំណងផ្ទះមួយខ្នង ដី៥ហិកតា និងមានតបណ្តាញភ្លើងប្រើប្រាស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ប៉ុន្តែពលរដ្ឋដែលជាជនជាតិភាគតិចនៅភូមិក្បាលរមាសចាស់មិនបានចាក់ចេញទៅទាំងអស់តាមការស្នើសុំនេះទេ។

ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម​២ ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤ ​​​អាច​ផលិត​ថា​ម​ពល​​​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់ និង​​មាន​ទួរបីន​សរុប​ចំនួន​១០។ ទំនប់​​វារីអគ្គិសនី​មួយនេះ ជា​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​បំផុត​របស់​ក្រុម​ហ៊ុន​៣រួមបញ្ចូលគ្នា ក្នុង​នោះ​​​មាន ក្រុមហ៊ុន​រូយ៉ាល់ គ្រុប (Royal Group) របស់​អ្នក​ឧកញ៉ា គិត ម៉េង ក្រុម​ហ៊ុន​ ហួរ​នឹង​ ហាយ​​ដ្រូឡាន​ឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់​ចិន និង​ក្រុម​ហ៊ុន អីវី​អិន​​អ៊ីន​ធើណា​សិន​ណល​ ចញ​ស្តុក (EVN International Joint Stock Company) របស់​វៀតណាម​។

​ការ​កសាង​សង់​វារីអគ្គិសនី​ខ្នាតមួយ​ធំ​នេះ​ បាន​​បង្ក​ផល​ប៉ះពាល់​ដល់​ដីធ្លីផ្ទះសម្បែង មុខរបរ និង​ប្រពៃណី​ទំនៀម​ទំលាប់​របស់​​​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ជាង​ ១ ០០០​គ្រួសារ​​នៅ​ភូមិ​ចំនួន​៧​ ក្នុង​ឃុំ​ចំនួន​៤​ នៃ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង៕

…………………………………….

អត្ថបទដោយ៖ កញ្ញា ឆេង លក្ខិណា ជាជនជាតិដើមភាគតិចព្រៅ

អត្ថបទមុន

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

អត្ថបទបន្ទាប់

អត្ថបទ​វីដេអូ​និទាន​៖ ​ព្រះអង្គ​ ​ថូ ​ធូរស់​ ​​ចំណាយ​ពេល​ប្រមាណ​​២០​វស្សា​លើ​កិច្ច​ការ​ការពារ​ព្រៃឈើ​ ​

អត្ថបទបន្ទាប់
ទិដ្ឋភាពព្រះតេជព្រះគុណ ថូ ធូរស់ និមន្តនៅក្នុងតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៤ ។ (ហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន)

អត្ថបទ​វីដេអូ​និទាន​៖ ​ព្រះអង្គ​ ​ថូ ​ធូរស់​ ​​ចំណាយ​ពេល​ប្រមាណ​​២០​វស្សា​លើ​កិច្ច​ការ​ការពារ​ព្រៃឈើ​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង