CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ជនជាតិដើមភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ ​​ស្នើសុំដំណោះស្រាយលើបញ្ហាដីធ្លី​ដែលប្រឈមនឹង​ការ​ឈូស​ឆាយ

CJs khmer ដោយ CJs khmer
March 5, 2025
ក្នុង វិវាទដីធ្លី, សង្គម
0
ជនជាតិដើមភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ ​​ស្នើសុំដំណោះស្រាយលើបញ្ហាដីធ្លី​ដែលប្រឈមនឹង​ការ​ឈូស​ឆាយ

ពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ២០នាក់ធ្វើសន្និសីទកាសែតនៅហាងចាវ៉ាកាហ្វេ នៅទួលទំពូង ភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អំពីបញ្ហាដីធ្លីនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
62
ចំនួនមើល

ពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ ២០នាក់ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ មក​ពី​ភូមិ​ចំនួន២ នៃ​ស្រុកឆែប ខេត្តព្រះវិហារ បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្នើសុំដំណោះស្រាយលើបញ្ហាដីចំការវិលជុំ​របស់ពួកគេ ដែលប្រឈមនឹងការឈូសឆាយ។

នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ មានការឈូសឆាយដីព្រៃដែលជនជាតិដើមភាគតិចកួយកំពុងអាស្រ័យផល និងហាមឃាត់ពួកគាត់មិនឱ្យចូលប្រមូលផលដំណាំ ដែលពួកគាត់​បាន​ដាំ​ដុះ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​រង​អំពើ​ហិង្សា និងរងការគំរាមកំហែង ពីសំណាក់​មេការ​​ឈូស​ឆាយ​​ដី​មួយ​រូប​​ ដែល​ពលរដ្ឋ​អះអាង​ថា មានមន្ត្រី​​ខេត្ត​នេះនៅការ​ពារ​​ពីក្រោយ។​

ជនជាតិដើមភាគតិច​កួយ រស់នៅភូមិដង​ផ្លិត លោក ណៃ មិនា អាយុ២១ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌​មាន​ថា ដីចំការវិលជុំ និងដី​ព្រៃ​ដែល​ពលរដ្ឋ​ជន​ជាតិ​ដើមភាគតិចអាស្រ័យផល បាន​ចាប់​ផ្ដើម​រង​ការ​ឈូសឆាយ​តាំង​ពី​ឆ្នាំ២០២៣មក តែដល់ខែមករាឆ្នាំ២០២៥នេះ មានការឈូសឆាយទ្រង់ទ្រាយធំ។

លោក​អះអាង​​​​ថា អ្នកដែលឈូសឆាយលើដីនោះ ឈ្មោះ ឆេន ឆែន ជាមេការកាន់គ្រឿងចក្រឈូសឆាយ​របស់ក្រុមហ៊ុន​មួយ​ដែលគាត់​មិនស្គាល់​ឈ្មោះ និង​​​ជាដៃជើងរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ព្រោះ​លោកលឺ លោក ឆេន ឆែន ហៅលោកអ៊ុក គឹមសាន ថា «មេៗ»។

លោក ណៃ មិនា បានបន្ថែមថា៖ «ការអភិវឌ្ឍបែបនោះ គឺ​វា​មិន​សម​ទាល់​តែ​សោះ​ ដោយ​សារ​ពួក​គាត់[ពលរដ្ឋ]​បាត់បង់នូវ​អ្វី​ដែល​ជាសិទ្ធិរបស់ពួកគាត់ រស់រានមានជីវិតរបស់ពួកគាត់​តាមប្រពៃណីរបស់គាត់។ ហើយតំបន់ទាំងនោះដែរ គាត់[ពលរដ្ឋ]ដើរឆ្លងកាត់​ដោយ​សេរីរបស់​ពួកគាត់​ពីដើមមកហើយ។ គាត់អាស្រ័យ​ផល​បាន​ធម្មតា ជំនឿតាមទំនៀមទម្លាប់​របស់ពួកគាត់ រហូត​ដល់​បច្ចុប្បន្នតាំងចូលឆ្នាំ២០២៥មក មានវិបត្តិខ្លាំងមែនទែន ចំពោះបងប្អូនប្រជាពលរដ្ឋដែលកើតមានទុក្ខព្រួយ ទី១ សន្តិសុខសង្គម គឺមាន​ការភ័​យព្រួ​យ​ផ្សេងៗ ការគំរាមកំហែងផ្សេងៗពីជនមានអំណាចដែលអនុញ្ញាតឱ្យមន្ត្រី ឬក៏ជនខិលខូចទាំងនោះ ធ្វើសកម្មភាពដោយអាណាធិបតេយ្យ ហើយការវាយប្រហារមកប្រជាពលរដ្ឋទាំងពាក្យសំដី ទាំងដោយផ្ទាល់ឬប្រយោល»។

បុរស​រូបនោះ​ បន្តថា​ លោកជាជនរងគ្រោះនៃអំពើហិង្សា​ដែលប្រព្រឹត្តិដោយ លោក ឆេន ឆែន ជាមេការ និងកូនប្រុសរបស់លោក​ឈ្មោះ ឆេន ឆាយ កាលពីថ្ងៃទី៤ ខែមករា ២០២៥ ដោយលោកបានរងរបួសក្បាល និងបានដេរចំនួន៥ថ្នេរ។

លោកថា៖«គាត់ប្រើ​សម្ភារៈ​ ដូ​ចជា សោរ​ដោះ​ត្រាក់​ទ័រ និង​ប្រដាប់​បាញ់​ប្រេង​បូម​របស់​ត្រាក់ទ័​រ​ធំៗ គាត់​វៃ​ខ្ញុំ​ដូច​វៃ​​ស​ត្វ​ធាតុ​អ៊ីចឹង។ គាត់វៃ​មកលើខ្ញុំជាជនរងគ្រោះហើយនិង​បង​ប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត។​ មាន​យាយ​តា​បង​ប្អូន​ពូ​មីង ដែល​​គាត់​បាន​​ចូល​រួម​ដំណើរ​ជាមួយ​ខ្ញុំ គាត់[លោក ឆេន ឆែន]បាន​យក​ត្រាក់​ទ័រដេញ​សម្លាប់​ពេញ​ព្រៃ រត់​ស្ទើរ​តែ​មិន​រួច​ជីវិត​នៅថ្ងៃ​ទី​៤​ហ្នឹងដែរ»។

រីឯ លោក គុង ណៃ អាយុ​​៤៦​ឆ្នាំ​ ជនជាតិ​ដើម​ភាគ​តិច​កួយ​រស់​​​នៅ​​ភូមិ​​ដង​​ផ្លិត ឃុំ​​ឆែប​២ ឃុំ​​ឆែប​ ខេត្ត​​ព្រះ​វិហារ ដែរ​នោះ​បាន​ប្រាប់​ថា កាលពី​​ខែ​​តុលា​ ឆ្នាំ​​២០២៣ មាន​​​ជន​​មិ​ន​ស្គាល់​អត្ត​សញ្ញាណ​​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​​​​នៅ​​តំបន់​​ដង​​ផ្លិត ​​ណារ៉ុង ​ដោយ​​គ្មាន​​ការ​​អនុញ្ញាត។

លោកថាពេលពលរដ្ឋ​ឃើញ​មាន​ការ​ឈូស​ខុស​ច្បាប់ ​ក៏​បាន​ប្តឹង​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​ឱ្យ​អ្នក​​ដែល​ឈូសឆាយ​​ផ្តិត​មេដៃ​​បញ្ឈប់សកម្មភាព​​​​​​ ហើយ​​ទុក​ដី​ឱ្យ​​​ប្រជា​​ពល​រដ្ឋ​​​នៅ​​តំបន់​​នោះ​​​អាស្រ័យ​ផល​ធម្មតា​ ប៉ុន្តែ​ការឈូសឆាយបានផ្អាក​​​​ត្រឹម​​តែ​​​​រយៈ​​ពេល​ខ្លី​ប៉ុណ្ណោះ​ ហើយនៅ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៥​ ​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ឈូសឆាយ​ដដែល។​

លោក​បន្ត​​ថា​៖ «ការ​ឈូសឆាយ​នៅ​តំបន់​ដង​ផ្លិត​ ពិត​ជា​ប៉ះ​ពាល់​​ដល់​​ធន​ធាន​​ធម្មជាតិ​ ព្រៃ​ឈើ​​ បន្លែ ផ្សិត​​និង​​ត្រី​ដង​​អូរ​​ជា​ដើម​។ បើ​ពួក​ខ្ញុំ​បាត់​បង់​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ អនា​គត​​កូន​ចៅ​ជំនាន់​ក្រោយ​​​មិន​​ដឹង​​ពឹង​អាស្រ័យ​​លើ​អ្វី​​ទេ​។ ជាក់​ស្តែង​វា​ប៉ះ​ពាល់​ដល់​សេដ្ឋ​​កិច្ច​ ជាពិសេស​​ចំណូល​​ប្រចាំ​​ថ្ងៃ​ និង​ទី​ផ្សារ​របស់​ពួក​ខ្ញុំ​តំបន់​​នេះ​​គ្រប់​​គ្នា​»។

លោក គុង ណៃ បាន​​ឱ្យដឹងទៀត​ថា លោកនិង​ពលរដ្ឋឯទៀត​ ធ្លាប់​​តស៊ូ​​ជា​មួយ​​ត្រាក់​​ទ័រ​កំឡុង​ពេល​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​នោះដែរ​​​ ប៉ុន្តែ​​ពួក​គេ​មិន​ព្រម​ឈប់ធ្វើ​សកម្មភាព​​ទេ​ ព្រម​​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​ពលរដ្ឋ​​​​​​ជាង ​២០០នាក់​ទៀត​ផង។ លោកអះអាងថា ពេលពលរដ្ឋ​ប្តឹងករណីទៅ​​អាជ្ញាធរ​ ខាង​អាជ្ញាធរ​​​​មិន​ហ៊ាន​ចាត់​វិធាន​ការ​លើ​អ្នក​ឈូស​ឆាយ​នោះ​ទេ ​ព្រោះអ្នកឈូសឆាយមានសំអាងអ្នកមានអំណាច​នៅពីក្រោយ​​។

លោក​​លើ​ក​​​ឡើង​​ថា​៖«ទោះ​បី​គេ​​ចាប់​ខ្លួន ​និង​អាវុធ​[ដែលគំរាម​បាញ់ប្រជាពលរដ្ឋ​​]ជាក់​ស្តែង ​​ដែល​បាន​ឃើញ​ទាំង​អស់​គ្នា​​ក៏​អស់​ចិត្ត​​ដែរ។ គាត់​[អ្នកឈូសឆាយ]​អាង​មាន​ខ្នង​អ្នក​ធំ​ មក​សម្លាប់​បង​ប្អូន​នៅ​ទី​នេះ​​មិន​ញញើត​ដៃ​។ សម្រាប់​ខ្ញុំ​ គ្រាន់​តែ​ចង់​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ ​ជួយ​​មើល​​ការ​​ខុស​​ត្រូវ​ ព្រោះ​ពួក​​​ខ្ញុំ​​ទប់​​ស្កាត់​​នេះ ​ដើម្បី​​ទុក​ដី​ធ្លី​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ មិន​​មែន​​ពួក​ខ្ញុំ​ទៅ​ធ្វើ​ដើម្បី​ប្រយោជន៍​ឯក​ជន​​ទេ​។ ពួក​ខ្ញុំ​ស្រឡាញ់​ព្រៃ​ឈើ​ ស្រឡាញ់​ធន​ធាន​ធម្មជាតិ​ មិន​ចង់​ឱ្យ​អ្នក​មាន​អំណាច​យក​ដី​នៅ​តំបន់​នោះ​ទៅ​​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​ទេ​»។

លោកបន្ថែមថា តាំង​ពី​ដូន​តា​​មក ​លោក​មិន​ដែល​ធ្លាប់​ជួប​បញ្ហាដីធ្លី​ដូចករណី​​​នេះ​​ទេ​​ ដោយ​​ធ្លាប់តែ​​ធ្វើ​ស្រែ​ចំការ​ ​និង​ទទួល​បាន​អនុផល​នានា​ពី​ព្រៃ​ឈើ​​ ទោះបី​តិច​តូច​តែ​មាន​ក្តី​សុខ​សម្រាប់​លោក​។

លោក​ថ្លែង​ថា៖«កាល​ពី​ឆ្នាំ​២០០០ជាង​នោះ ​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ទេ តែ​ដល់​ឆ្នាំ​២០២៥​នេះ​ គឺ​កាច​សាហាវ​ឃោឃៅណាស់​​ ដែល​គេ​ហ៊ាន​បំពាន​លើ​សិទ្ធិ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដង​ផ្លិត​នេះ ​គ្មាន​ការ​ពិភាក្សា​ និង​អនុញ្ញាត​សោះ​តែ​ម្តង​»។

លោក គុង ណៃ បានបញ្ជាក់ដែរថា ការដែលប្រជាពលរដ្ឋ​​មក​​​ធ្វើ​​សន្និសីទ​​សារព័ត៌​មា​ន​នៅ​រាជ​ធានីភ្នំពេញ ​​​គឺដោយ​សារពួកគាត់​បារម្ភ​​​ខ្លាច​​មានការ​​​លេប​ត្របាក់​យក​ដី​ប្រជា​ពល​រដ្ឋ​​អាស្រ័យផលពីដូនតានោះបន្ថែម​ទៀត សំណាក់ក្រុមអ្នកវិនិយោគ ដែល​​មាន ​​លោក អ៊ុក គឹមសាន​​ ​អភិបាល​ខេត្ត​រងខេត្តព្រះ​វិហារ​​ នៅ​ពីក្រោយ​។ ករណីនេះ លោកស្នើរដ្ឋាភិបាលដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋទាំង២ភូមិ ដែលកំពុងមានបញ្ហាដីធ្លី។

បើ​តាម​សេចក្តី​ថ្លែង​​ការណ៍ ​ស្តី​ពី ​អំពី​បញ្ហា​ដី​ធ្លីរបស់ជនជាតិដើមភាគតិចកួយ នៅភូមិដងផ្លិត និងភូមិណារ៉ុង ដែល Newsroom Cambodia ទទួលបាននៅថ្ងៃទី៣ ខែមីនានេះ បាន​រៀប​រាប់​ថា ជន​ជាតិ​​ដើម​​ភាគ​តិច​​​កួយ​​​ដែល​​ស្ថិត​នៅ​ក្នុង​ភូមិ​ដង​ផ្លិតនេះ​ បាន​ប្រើ​ប្រាស់​ និង​កាន់​កាប់​​តាំង​ពី​ដូន​តាមក​ម្ល៉េះ ដែល​ដី​ទាំង​នោះ ​ប្រើប្រាស់​​ជា​​ចម្ការ​ និង​​បាន​​សាង​សង់​​ផ្លូវ​តាំង​​ពី​​ឆ្នាំ​​២០០៨។ ដី​នោះ ជា​ដី​សហគមន៍​​ដែល​​បាន​​កាន់​កាប់ ​និង​ប្រើ​ប្រាស់​តាម​ប្រពៃណី​ពី​ដូន​តា​មក​ ក្នុង​ឧទ្យាន​រាជ​បណ្ឌិត​សភា​កម្ពុជា​ តេជោសែន ឬស្សី​ត្រឹប ដែល​​​បាន​​បង្កើត​ឡើង​តាម​ព្រះ​រាជ​ក្រឹត្យ​លេខ​ ០៤១៤\៤៣៦ ចុះ​ថ្ងៃ​ ទី​០៨ មេសា ឆ្នាំ​២០១៤ ស្តី​ពី​ការ​បង្កើត​ឧទ្យាន​នេះ។

សេចក្តីថ្លែងការណ៍​ដដែល បន្ត​ថា៖«អាជ្ញាធរ​ភូមិដងផ្លិត ឃុំ​ឆែប​ពីរ អាជ្ញាធរស្រុក​ឆែប និងអាជ្ញាធរ​ឧទ្យាន​ បានធ្វើការផ្សព្វផ្សាយឲ្យសហគមន៍រុះរើផ្ទះ ចាកចេញពីដីលំនៅឋានតាមដងផ្លូវនេះ ដើម្បីទុកជាតំបន់​ឧទ្យានដោយមានសំណងដីថ្មី​ទីតាំងប៉ែកខាងជើងភូមិចាស់។ ចំណែកដីថ្មី ដែលត្រូវផ្តល់សំណងភាគ​ច្រើនប៉ះចំលើក្បាលដីស្រែចំការរបស់សមាជិកដទៃទៀតក្នុងភូមិ និងចំណែកខ្លះទៀត ជាដីដែលសមាជិកបានទិញក្បាលដីស្រែចំការ ពីអ្នកភូមិដូចគ្នាមានពីរនាក់ដែរ ដែល​ប៉ះ​ពាល់​ដែលធ្វើឲ្យប៉ះពាល់សាមគ្គី​ភាព​របស់​សហគមន៍»។

​ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍ បានលើកឡើង​អំពី​រឿង​រ៉ាវបញ្ហាចំនួន​​​​៥​ចំណុច ដែលពលរដ្ឋកំពុងប្រឈម ​​ដូច​​ជា​ការ​​គំរាម​​កំហែង​​ពី​​អាជ្ញាធរ​​មូល​​ដ្ឋាន​ ការ​អភិវឌ្ឍ​​ដោយ​​ការ​​​បណ្តេញ​ពី​ផ្ទះ​​ដោយ​​បង្ខំ​ ការ​រំលោភ​​យក​​​ដី​​ប្រើ​ប្រាស់​​ជាក់​​ស្តែង ​និង​ប្រមូល​អនុផល​ធនធាន​ធម្មជាតិ ពីសំណាក់លោកអ៊ុក គឹម សាន និងមន្ត្រី​បរិស្ថាន​ស្រុក​ថ្មកែវ​ជាដើម​។

ក្នុងសំលៀកបំពាក់​ជនជាតិដើម​ភាគតិច​កួយ កញ្ញា​​ ស៊ិម ស្រី​នាថ​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិ​ដង​ផ្លិត មាន​ប្រសាសន៍ថា បើ​ក្រុមហ៊ុន​នៅ​តែ​បន្តឈូស​ឆាយ​ដី​ ជនជាតិ​ដើម​ភាគ​តិច​នឹង​រង​នូវ​ផល​វិបាក​ខ្លាំង​ ដូចជា​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​​ និងទទួល​បាន​​ភោគ​​ផល​ប្រចាំ​ថ្ងៃ​បន្ត​ទៀតជាដើម ព្រោះ​ពួក​គេ​មិន​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ ដើម្បី​រករបរចិញ្ចឹមជីវិតផ្សេងពីនេះ​​នោះទេ​។

កញ្ញា​ថ្លែង​ថា៖«បើ​សិន​ជា​គេ​ឈូស​ឆាយ​ដី​នោះ​អស់​ ប្រជា​ពល​រដ្ឋ​គាត់​​មិន​អាច​ធ្វើ​ស្រែ​ចំការ​ ដេញ​គោ​ក្របី​ និង​ទៅ​រក​អនុផល​ព្រៃ​ឈើ​​ចិញ្ចឹម​ជីវិត​បានត​ទៅ​ទៀតទេ។ កាល​នៅ​មាន​ព្រៃ​ឈើ ​ពួកយើង​អាច​ទទួល​បាន​ផល​ប្រយោជន៍ ​ដូច​ជា​ បាន​អុសសម្រាប់​​ដុត​ រកត្រី​ ខ្យង​ ឃ្វាល​​គោ​ក្របី​ជា​ដើម​។ ដី​និង​ព្រៃ ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច។​ បើ​ពួក​គាត់​[ពលរដ្ឋ]គ្មាន​ដី​ស្រែ​ចំការ​ គាត់​គ្មាន​ចំណេះ​​ដឹង​ជ្រៅ​ជ្រះ​ និង​​​​មាន​ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​ ដូច​ជន​ជាតិ​ដទៃ​ទេ​ គឺ​ពួក​គាត់​សង្ឃឹម​លើ​ដី​និង​​​ព្រៃ​ទាំង​អស់​នោះហើយ​​»។

បើ​តាម ​ស្រី​នាថ ការ​ឈូស​​ឆាយ​មាន​រយៈ​ពេល​ជាងពីរ​ខែ​មក​ហើយ​ គិត​តាំង​ពី​ថ្ងៃទី​១ ខែ​មករា​ ឆ្នាំ​២០២៥​ មក។ ក៏ប៉ុន្តែ​​​អាជ្ញាធរ​មូល​ដ្ឋាន​​​ហាក់​នៅ​ស្ងៀម​​​ស្ងាត់ មិន​អើ​ពើ​​ពី​​ការ​​ឈូស​​ឆាយ​​នោះ​​ឡើយ​។ ស្រី​នាថ​ ចង់​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ចុះ​អន្តរា​គមន៍ ​និង​ដោះ​ស្រាយ​បញ្ហាវិវាទ​​ជូន​ប្រជា​ពល​រដ្ឋឱ្យបាន​ឆាប់។

កញ្ញា​បន្ត​ថា​៖«ពេល​ពល​រដ្ឋ​ស្នើសុំឱ្យ​ចុះ​ប្លង់​រឹង​យូរ​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ចុះ​ឱ្យ​ ហើយ​សព្វ​ថ្ងៃ​នេះ​ ពល​រដ្ឋ​លែង​​ជឿ និង​​ចង់​​បាន​​ប្លង់​​រឹង​​ទៀត​​​ហើយ។ អ្វីដែល​ចង់​បាន​ គឺ​ប្លង់​ជា​សមូហភាព​​​​​​តែ​ម្តង​។ ហើយ​ដី​នៅ​តំបន់​នោះ​​ទុក​ឱ្យ​ប្រជាពល​រដ្ឋ​ជា​អ្នក​ការ​ពារ​ និង​មើល​ថែ ដើម្បី​បាន​អនុផល​តិច​តូច​​ដូច​កាល​ពី​មុន​វិញ»​។

ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងស្រដៀងគ្នាថា ការឈូសឆាយដីចម្ការ​វិលជុំនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋជនជាតិដើមភាគតិច។

លោកថា៖«រឿងការឈូសឆាយនេះ ខ្ញុំក៏មិនពេញចិត្តដែរ សម្រាប់គ្រឿងចក្រឈូសឆាយតំបន់ព្រៃជំនឿ សាសនាពីដូនតារហូតមកដល់សព្វថ្ងៃ ហើយបាតបង់ធនធានធម្មជាតិជាច្រើន ដូចជា កន្លែង​ឃ្វាលគោក្របី រក​បន្លែ​ត្រីសាច់​ជាដើម»។

Newsroom Cambodia មិនអាចទាក់ទង លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារបាន​ទេ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥នេះ។

លោក​ គីម ចាន់​បញ្ញា អភិបាល​រង​ខេត្ត​ព្រះ​វិហារ​ប្រាប់​ Newsroom Cambodia តាម​រយៈ​ Telegram នៅថ្ងៃទី៤ ខែមីនានេះ​ថា ​ដី​នៅ​តំបន់​ណារ៉ុង ​និង​ដង​ផ្លិត ​គ្មាន​ការ​វិនិយោគណាមួយ​ទេ​។ លោកបន្តថា តំបន់នោះ ជា​តំបន់​សហគមន៍​​ដែល​ប្រជាពល​រដ្ឋ​អាស្រ័យ​ផល ​កន្លង​មក និង​មាន​ការទិញ​លក់ ​រវាង​ពល​រដ្ឋ​និង​ពលរដ្ឋ​គ្នា​​គាត់​​ប៉ុណ្ណោះ​។

លោក​ថ្លែង​​ថា៖«ក្រសួង​នគរូបនីយកម្មនិង​សំណង់​​ បានចាត់​ក្រុម​ការងារ​ចុះ​មក​រៀប​ចំ​ដោះ​ស្រាយ​ជាមួយ​រដ្ឋបាល​ខេត្ត​។ ឥឡូវ​យើង​កំពុង​ដាក់​វិធាន​ការមួយចំនួន​ ដែល​ភាគីពាក់​ព័ន្ធ​ ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ដើម្បី​​បង្កបង្កើន​ផល។ យើង​កំពុង​ចុះ​ទៅ​កំណត់​ព្រំ​ដី​ទាំង​ ៥៦គ្រួសារ​ ស្មើនឹង​៦៨​ក្បាល​ដី​ ថា​តើ​ពួក​គាត់​មាន​​ជាន់​ព្រំ​គេ​​កន្លែង​ណា​ និង​រៀប​ចំ​ផែន​ទី ​ដើម្បី​ជជែកគ្នា​បន្ថែម​ទៀត»។ ​

លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍នៅ​កម្ពុជា ហៅ​​កាត់ថា អាដហុក(ADHOC) មានប្រសាសន៍ថា ការដែលពលរដ្ឋជនជាតិដើមភាគតិចកួយ ធ្វើដំណើរមករាជធានីភ្នំពេញ និងដាក់ញត្តិទៅស្ថាប័ន និងក្រសួងមួយចំនួន គឺ​ពលរដ្ឋគាត់ចាត់ទុកស្ថាប័នទាំងនោះ ជាឪពុកម្ដាយដែលអាចដោះស្រាយជូនពួកគាត់។

លោកថា៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល ហើយឃ្លាំមើលករណីដីធ្លី ខ្ញុំយល់ថា អ្វីដែលជនជាតិដើមភាគ​តិចឡើងមកភ្នំពេញ ដើម្បីដាក់ញត្តិទៅតាមក្រសួងដែលពាក់ព័ន្ធហ្នឹង គឺគាត់ចង់ឱ្យ​ស្ថាប័នក្រសួងទទួល​ថា​​ជាម៉ែជាឪរបស់ពួកគាត់។ ហើយក្នុងនាមគាត់ជាជនជាតិដើមភាគតិច គាត់រស់នៅបែបប្រពៃណីទំនៀមទម្លាប់របស់គាត់ហើយ​។ នៅពេលដែលយកតំបន់ដែលគាត់ធ្លាប់រស់នៅអាស្រ័យផលហ្នឹង យកមកដាក់​ជាតំ​បន់​ឧទ្យានជាតិ ឬមួយក៏ដាក់ឱ្យស្ថិត​នៅក្រោមព្រៃអភិរក្ស មានន័យថា ធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារគាត់ ដល់ជីវភាពគាត់»។

លោក សុខសាន្ត បានបន្ថែមថា៖ «តាមការកត់សម្គាល់យើងមើលឃើញអញ្ចេះ​ ដោយសារតែការផ្ដល់ដីសម្បទាន ក៏ដូចជាដកហូតដី ដើម្បីធ្វើអភិរក្សហ្នឹង គឺជាអ្នកធំ ក្រសួងខាងលើ ជាថ្នាក់ជាតិ ហើយឱ្យថ្នាក់ខេត្ត​ដោះស្រាយ ដោះម៉េចចេញ? ចំណុចហ្នឹងហើយដែលធ្វើឱ្យពួកគាត់ពិបាកណាស់។ ខ្ញុំជឿថា ពួកគាត់​​​ជាជនជាតិដើមភាគភាគតិច គាត់គ្មានថវិកា លុយកាក់ ដើម្បី​តវ៉ានៅភ្នំពេញទេ បើសិនជាថ្នាក់ក្រោមជាតិ​អាចដោះស្រាយឱ្យគាត់បាន»។

មន្រ្តីអង្កេតជាន់ខ្ពស់នៃអាដហុករូបនេះ ស្នើរដ្ឋាភិបាលដោះស្រាយផ្ដល់ដី​ជូនពលរដ្ឋ។

លោកថា៖«ខ្ញុំស្នើសុំដោយទទូច ប្រទេសកម្ពុជាយើង​ដីធំណាស់ ប្រជាជនយើងតិច យើងសល់ដីជួលឱ្យបរទេសទៀត ហើយហេតុអីបានរដ្ឋាភិបាលមិនផ្ដល់ដីឱ្យពលរដ្ឋខ្លួនឯង?»។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា គិត​ត្រឹមឆ្នាំ​២០២៤ ក្រសួង​បាន​ចេញ​បណ្ណកម្ម​សិទ្ធិ​ដី​បាន​ចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះ​បាន​បញ្ចប់​ការ​ចេញ​បណ្ណ​ជំហាន​ទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និង​បាន​និងកំពុង​អនុវត្ត​ការ​ចេញ​បណ្ណ​ជំហាន​ទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួន​ក្បាល​ដី​ប៉ាន់​ស្មាន ប្រមាណ៥លានក្បាលដី។

ចំណែក ពាក្យបណ្តឹង​រឿង​ដីធ្លីវិញ ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ (រួមមាន គណៈកម្មការ​សុរិយោដី​ក្រុង​ស្រុក​ខណ្ឌ, អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លិ និង​ក្រុមការងារ​របស់ក្រសួង) បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយ​បញ្ចប់នីតិវិធីចំនួន ២ ១២១ករណី។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥ ៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៤ ៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី៕

……………………………..
អត្ថបទព័ត៌មាន​ស៊ីជម្រៅ​​ដោយ៖ ណឺ មិនា​ និង ហុង សេរីហ្វុង

អត្ថបទមុន

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

អត្ថបទបន្ទាប់

អ្នក​ឃ្លាំ​មើល​ថា​ករណី​ចោរ​ជាប់​គុក​ហើយ​ចេញ​វិញ​ធ្វើ​ចោរ​ដដែល​អាច​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​

អត្ថបទបន្ទាប់
នគរបាលខណ្ឌទួលគោកបង្រ្កាបជនសង្ស័យ៣នាក់ ករណីវាយប្លន់យកម៉ូតូជនរងគ្រោះនៅបឹងកក់កាលពីយប់នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥។ (គេហទំព័រ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អ្នក​ឃ្លាំ​មើល​ថា​ករណី​ចោរ​ជាប់​គុក​ហើយ​ចេញ​វិញ​ធ្វើ​ចោរ​ដដែល​អាច​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង