CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សមាជិក​​សហគមន៍​​​​ព្រួយ​បារម្ភ​​ ខណៈ​​បទល្មើស​កាប់​​ឈើ​​​បន្ត​​កើត​​មាន​យ៉ាង​អនាធិបតេយ្យ​​​ក្នុង​​ព្រៃ​​សហគមន៍​​​​​​

Admin ដោយ Admin
June 10, 2024
ក្នុង បរិស្ថាន
0
គល់ឈើរាជកុលដែលបន្សល់ពីការកាប់នៅតំបន់ការពារធម្មជាតិរលាក់កងជើង ថតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (កញ្ញា ប៉ូ សុភា)

គល់ឈើរាជកុលដែលបន្សល់ពីការកាប់នៅតំបន់ការពារធម្មជាតិរលាក់កងជើង ថតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (កញ្ញា ប៉ូ សុភា)

0
ចែករំលែក
173
ចំនួនមើល

ធ្លាប់ជា​តំបន់​ព្រៃស្រោង​ ដែល​ស​ម្បូរទៅដោយ​​សត្វព្រៃ ​ព្រៃឈើ​តូចធំ​គ្រប់​ប្រភេទ និងជា​​តំបន់​អេកូឡូស៊ីដ៏សំខាន់នោះ​ ព្រៃឈើ​សហគមន៍តំបន់​ការពារធម្ម​ជាតិរលាក់កងជើង​​ កំ​ពុង​​តែ​​ប្រឈម​នឹង​ការ​បាត់​បង់​គួរ​​ឱ្យ​បារម្ភ​ ដោយ​សារ​ការ​កាប់ឈើ​ខុស​​ច្បាប់​ថ្មីៗ ​យ៉ាង​អនា​ធិបតេយ្យ ក្នុង​រយៈ​ពេល​ពីរ​​បីឆ្នាំ​ចុង​​ក្រោយ​នេះ​​។​ សមាជិក​សហគមន៍​និង​សកម្មជន​ព្រៃ​ឈើ​ ព្រមាន​អំពីលទ្ធភាព​នៃ​ការ​បាត់​បង់​ព្រៃស​ហគមន៍​ទាំង​ស្រុង​ ដោយ​អំពាវ​នា​វ​​ឱ្យ​អាជ្ញាធរ និង​ភាគីពាក់ព័ន្ធ​ចូល​រួម​បញ្ចប់​បទល្មើស​​ព្រៃ​ឈើ​នៅ​តំបន់​នោះ​។​

“សព្វ​ថ្ងៃ       សំឡេងរណាយន្តឮមិនដាច់សូរ ស្ទើរជារៀងរាល់ថ្ងៃនៅក្នុងព្រៃសហគមន៍”។ នេះបើ​តាម​ការ​អះ​អាង​​​របស់លោក ហ៊ុន​ សៅ ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង។

​សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងមានផ្ទៃដីសរុប ២ ៤៦២ ហិកតា ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់​​ ខេត្តកំពង់ស្ពឺ​​ ដោយមាន​ព្រំប្រទល់ខាងកើតជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ខាងលិច​ជាប់ខ្នងភ្នំសារជួរភ្នំក្រវាញ​ ខាងជើងជាប់ព្រំប្រទល់ភ្នំច្រក​ និងខាងត្បូងជាប់ព្រំប្រទល់ភូមិតាំងបំ​ពង់។​​

លោក ហ៊ុន សៅ បាននិយាយថា រយៈពេលពីរឆ្នាំចុងក្រោយ ដើម​ឈើទាំងតូចធំ គិតចាប់ពីឈើធម្មតាដែលអាចកាប់ធ្វើជាឧសការ៉េ​ ឬឧសឡ រហូតរដល់ប្រភេទឈើល្អៗដូចជារាជកុល ត្រូវបានកាប់ចេញពីព្រៃប្រមាណ៥០ភាគរយ នៃផ្ទៃដីសរុបជាង២ពាន់ហិកតារបស់សហគមន៍។

ទោះបីជាយ៉ាងណា លោកមិនមានទិន្នន័យជាក់លាក់នៃការលួចកាប់ឈើចេញពីសហគមន៍នេះទេ ដោយកន្លងមកសហគមន៍មិនបានចងក្រងចំនួនដើមឈើ ឬមានបច្ចេកទេសម្រាប់គណនាចំនួននៃការលួចកាប់ឈើចេញឡើយ។

ដើរឡើងភ្នំបណ្ដើរ សម្លឹងកំណាត់ឈើខ្លីៗ និងអង្គត់ឈើតាមផ្លូវដែលសេសសល់ក្រោយពី​ត្រូវ​គេ​កាប់បំ​ផ្លាញ​​នៅ​ក្នុងព្រៃ​សហគមន៍បណ្ដើរ លោក សៅ បាននិយាយថា “កាលពីបីខែមុនព្រៃនៅមានសភាពល្អជាងហ្នឹង​ ប៉ុន្ដែរយៈក្រោយនេះ ព្រៃ [ឈើធំៗ] ប្រែប្រួលប្រហែល៥០ភាគរយ”។​ ​

ឈើរាជកុលដែលបន្សល់ពីការកាប់នៅតំបន់ការពារធម្មជាតិរលាក់កងជើង ក្នុងខេត្តកំពង់ស្ពឺ ថតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (កញ្ញា ប៉ូ សុភា)  

    “ការ​ល្បាតព្រៃ ​គឺជា​ជម្រើស​ចុងក្រោយ​ ដែល​អាចរក្សា​ព្រៃ​ឈើនៅសេសសល់​​​”

    យោងតាម​ឯកសារ​ដែល​ពល​រដ្ឋអ្នក​សារព័ត៌មាន​ទទួល​បាន​បង្ហាញថា តំបន់​រលាក់​កងជើង​ធ្លាប់​ជា​តំបន់​ព្រៃ​ស្រោង​ ព្រៃពាក់កណ្តាល​ស្រោង​ និង​ព្រៃល្បោះ ដែលសម្បូរ​សត្វព្រៃ និង​ដើម​ឈើ​ធំៗគ្រប់ប្រភេទ​ ប៉ុន្តែព្រៃឈើ​តំបន់​នោះ ចាប់ផ្តើម​បាត់​បង់​ជាបន្តបន្ទាប់។​

    ដោយ​ឃើញស្ថានភាពព្រៃឈើ​ទទួល​រងនូវ​ការ​ខូច​ខាត​យ៉ាងធ្ងន់​ធ្ងរ​ ​សហគមន៍​ព្រៃឈើ​មួយ​ត្រូវ​បាន​បង្កើត​ឡើងនៅ​ឆ្នាំ​២០០២​​។​ ​សហគមន៍​ព្រៃឈើ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​សហគមន៍ព្រៃឈើ​តាំងបំពង់​មក​ជា​សហគមន៍​ព្រៃ​ការពារ​រលាក់កងជើង និង​បន្តប្តូរ​​មក​ជា​សហគមន៍​តំបន់​ការ​ពារធម្មជាតិ​រលាក់កងជើង​នៅ​​​ឆ្នាំ​២០១៦ ស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់​ក្រសួង​បរិស្ថាន​។

    នៅ​ឆ្នាំ​២០១៨ សហគមន៍​ទទួល​បាន​ថវិកាគាំទ្រ​ពី​គម្រោងការ​​គ្រប់គ្រងរួម​គ្នា​ ដើម្បី​ការ​ពារនិង​ស្តារសេវាកម្មទីជម្រាល​ និងប្រព័ន្ធ​បរិស្ថាន​នៅជួរ​ភ្នំក្រវាញ​ប៉ែក​ខាងលើ​នៃអាងស្ទឹងព្រែក​ត្នោត​ (CoWES) ដែល​ជា​កិច្ច​​សហការរវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសហប្រជាជាតិ (UNDP) និង​អង្គការ​ម្លប់​បៃតង (MLUP BAITONG)។

    សហគមន៍​នេះ​មាន​ប្រជាពលរដ្ឋ​៨៩​គ្រួសារ​ ស្មើនឹង​ ៣៥៥​នាក់​ និងបាន​រៀប​ចំបោះឆ្នោត​ជ្រើសរើស​គណៈ​កម្មការ​គ្រប់គ្រង រៀបចំបទបញ្ជាផ្ទៃក្នុង​ លក្ខន្តិកៈនិងកំណត់​អាណត្តិ​ដឹកនាំ​នៅឆ្នាំ​២០១៩​។​

    លោក សៅ បាន​និយាយថា ដោយ​សារមើលឃើញ​ពីការ​បទ​ល្មើស​កាប់​​​ព្រៃឈើ​នៅតែបន្ត​ និង​ចង់​ការ​ពារ​ព្រៃឈើ​សហគមន៍​ដែល​នៅសល់​ លោក​ចាប់ផ្តើម​រៀប​ចំ​ក្រុម​​ល្បាត​​ព្រៃឡើងវិញ​​នៅឆ្នាំ​២០០០ ​ជាមួយ​សមា​ជិក​​​សហគមន៍​មួយចំនួន​​តូច ( ប្រមាណប្រាំទៅប្រាំមួយនាក់)​ បើទោះបីជា​គ្មាន​ជំនួយ​​ឧបត្ថម្ភ​ និង​ខ្វះការលើក​ទឹកចិត្ត។

    លោក សៅ និយាយថា “ការល្បាតព្រៃ​អាចជាផ្នែកមួយពន្យារពេលការ​កាប់ឈើក្នុងតំបន់ ព្រោះពីមួយថ្ងៃទៅ​មួយថ្ងៃគេកាប់រហូត ចឹងប្រសិនបើ​មាន​ការ​ចូល​ព្រៃល្បាតម្តង វាស្មើនឹង​ការពន្យារពេលនៃការកាប់ឈើអស់បួនដប់ដើម​នៅក្នុងព្រៃសហគមន៍”។

    លោកបន្ថែមថា “សកម្មភាពនេះជាជម្រើសចុងក្រោយ ដែលអាចរក្សាព្រៃឈើក្នុងតំបន់ មុនពេលត្រូវបានគេ​បំផ្លាញរហូតក្លាយជាតំបន់សឹករេចរឹល”។

    ​ទោះបីជាយ៉ាងណា ​លោក​និយាយថា លោក​​ក៏ជួប​បញ្ហា​ខ្លះដែរ ក្នុង​ការងារការពារ​ព្រៃនេះ ដោយសារ​រង​ការ​គំរាម​កំហែង​ផ្សេងៗ​​ពីអ្នកខាង​​ក្រៅ​ ក៏ដូច​ជា​អ្នក​ភូមិ​ជាមួយគ្នា​​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការ​ចុះ​ល្បាត​ព្រៃ​សហគមន៍​ ហើយថាមិនមែនមាន​តែលោកទេ ដែល​ទទួលការគំរាមកំហែង សមាជិកមួយចំនួនទៀតក៏ធ្លាប់​រង​ការ​គំរាម​កំហែង​ដូចគ្នា ការណ៍នេះបានធ្វើឲ្យសមាជិកមួយចំនួន​ធំ​​នៅក្នុង​សហគមន៍បោះបង់សកម្មភាពចូលរួមល្បាតព្រៃ​ ដោយ​នៅសល់​ត្រឹម​តែ​បួន​ដប់​នាក់​។

    លោកបាន​និយាយថា“គេគំរាមកំ​ហែង​ក៏ដោយសារកាលនោះ គឺខ្ញុំបានទៅចាប់ឈើគេ…រាល់ថ្ងៃអ្នកភូមិខ្លះមិនចូលចិត្តគ្រួសារខ្ញុំទេ គេហាក់មិនអោយតម្លៃបន្តិចសោះ”​។

    លោក​និយាយ​ថា​ “ខ្ញុំនៅតែបន្តការពារទោះគ្មានការគាំទ្រ ព្រោះមានសង្ឃឹមថា  ថ្ងៃណាមួយពួកគាត់នឹងកែប្រែ ងាកមកការពារធនធានធម្មជាតិវិញ”។

    ចំណែក លោក គោ គុយ ជា​សមាជិក​សហគមន៍​ម្នាក់ទៀតរស់នៅ​ភូមិ​តាំងបំពង់និង​បច្ចុប្បន្ន​ជា​អនុប្រធាន​សហគមន៍តំបន់ការពារធម្មជាតិ​​រលាក់​កងជើង​បាន​អះអាងថា កាល​ពី​ជាង​១០​ឆ្នាំ​​មុន​ មិន​ខ្វះទេ ដើមឈើ​ធំៗ ប៉ុន្តែ​​បច្ចុប្បន្ន​នេះ​ត្រូវ​ដើរ​ប្រហែល​ជា​៨ទៅ​៩គីឡូ​ម៉ែត្រ ទើប​ឃើញ​ឈើ​ធំៗខ្លះ​។​​

    លោកបាននិយាយថា “កាលជាង១០ឆ្នាំមុនព្រៃឈើក្នុងភូមិនេះសម្បូរណាស់ ដើរត្រឹមចំងាយមួយគីឡូម៉ែត្រពីក្នុងភូមិអាចឃើញព្រៃក្រាស់ៗនិងដើមឈើធំៗហើយ”​។ ​

    លោក គោ គុយ អនុប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើង។ (កញ្ញា ប៉ូ សុភា)

    លោកបន្ថែមថា ​កង្វះ​​សាមគ្គីភាព​ក្នុងការចូលរួមការពារនិងថែរក្សាព្រៃពី​ពលរដ្ឋក្នុងសហគមន៍ និង​អាជ្ញាធរពាក់ព័ន្ឋកំពុង​ជំ​រុញ​អោយធនធានទាំងនេះបាត់បង់កាន់តែឆាប់រហ័ស។

    ភ្ជាប់ជាមួយករណីកាប់ឈើថ្មីៗចេញពីសហគមន៍រលាក់កងជើងនេះ​ លោក បៅ សេង ប្រធានភូមិតាំងបំពង់បានលើកឡើងថា ព្រៃឈើក្នុងសហគមន៍នៅមានការកាប់ពិតប្រាកដមែនក្នុងពេលថ្មីៗនេះ។ ប៉ុន្ដែទាក់ទងករណីកាប់ឈើរាជកុល ឬដឹកប្រភេទឈើនេះពីព្រៃវិញលោកមិនបានដឹងឡើយ  លើសពីនេះលោកបញ្ជាក់ថា ក្នុងករណីមានដឹកឈើរាជកុលចេញពីសហគមន៍ក៏មិនមែនជាពលរដ្ឋមកក្នុងភូមិតាំងបំពង់របស់​លោកដែរ។

    លោកមេភូមិរូបនេះយល់ស្របថា បានច្រើន ដូចនេះវាជាសញ្ញាល្អ។ ជាមួយគ្នានេះឃើញមានកម្លាំងពីសហគមន៍បូករួមជាមួយមន្ត្រីឧទ្យានុរក្សចុះល្បាតឃើញសកម្មភាពនៃការកាប់ឈើក្ន អាចមាន​ការត្រូវ​រូវ​គ្នា​ជាប្រព័ន្ធរវាង​អ្នកកាប់ឈើឬឈ្មួញ និងមន្ត្រីមួយចំនួននៅក្នុងតំបន់ ទើបគេអាចបន្តសកម្មភាពកាប់ ឬដឹកជញ្ជូនឈើ​ចេញពីសហគមន៍​បាន​។

    លោកមាន​ប្រសាសន៍ថា “ប្រសិនបើគេតឹងរឹងក៏មិនអាចដឹកបានដែរ ប៉ុន្ដែខ្ញុំអត់ចូលស្ថាប័នណាទេ។​ គ្រាន់តែថា មិនអាចទេ គឺចេញអត់រួចតែម្តង”។

    ទាក់ទងនឹងការលើកឡើងពីករណី​កាប់​ឈើខាងលើ ពលរដ្ឋ​អ្នកសារព័ត៌មាន​មិនអាចសុំការបំភ្លឺពីលោក ឡុង ស៊ី ជាប្រធានឧទ្យានជាតិជួរភ្នំក្រវាញបានឡើយ ដោយលោក​តម្រូវអោយពលរដ្ឋអ្នកសារព័ត៌មានដាក់ឯកសារស្នើសុំជាផ្លូវការទៅមន្ទីរបរិស្ថានខេត្តជាមុនសិន។

    លោក ឡុង ស៊ី មាន​ប្រសាសន៍ថា “ ហឺម!​ អញ្ចេស ខ្ញុំមិនមែនមិនទទួលយកការងារនេះទេ ប៉ុន្ដែសូមឱ្យមានឯកសារ ឬលិខិតណាមួយដាក់មកមន្ទីរខ្ញុំមក ដើម្បីអោយមានភាពងាយស្រួលកុំអោយមានបញ្ហា។ ចំពោះលិខិតយើងចង់សួរពីអីៗ ដាក់មកប្រធានមន្ទីរមក។ បើគ្មានលិខិតចេញពីប្រធានមន្ទីរខ្ញុំទេ ខ្ញុំអត់ហ៊ានទេ»។

    ចំណែក​លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពងស្ពឺ បានឆ្លើយតបយ៉ាងខ្លីតាមរយៈ​តេក្រាម​បែបនេះថា៖«មានបទល្មើស យើងនឹងបង្រ្កា​ប គ្មានករណីលើកលែង អនុវត្តច្បាប់១០០%។ អាចទៅមើលសមិទ្ធ​ផលផលការងាររបស់មន្ត្រីបានធ្វើនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញបាន»។ 

    “​សកម្ម​ភាព​កាប់​ឈើ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ”

    ក្នុង​ដំណើរចុះល្បាត​ផ្ទាល់នៅក្នុងព្រៃសហគមន៍​ជាមួយ​សមាជិក​សហគមន៍រលាក់កងជើង ចំនួន​បួន​លើក​ ​កន្លងមក នៅចន្លោះខែកុម្ភៈដល់​ខែ​ឧសភា​ ឆ្នាំ​២០២៤​ ពលរដ្ឋ​អ្នក​សារព័ត៌​មាន​​​សង្កេតឃើញថា ផ្នែកខ្លះនៃព្រៃសហគមន៍​នេះ​ នៅសល់​ត្រឹមដើមឈើតូចៗ និងមិនសូវឃើញដើមឈើធំៗនោះឡើយ ឯផ្នែកខ្លះទៀតនៅបន្សល់ស្នាមឆេះខ្មៅរោលពេញព្រៃ រួមជាមួយអង្គត់ឈើចាស់​ថ្មីជាច្រើន ដែលបាន​បន្សល់ទុកក្រោយពេលគេកាប់រួច​។

    យោងតាម​លោក ហ៊ុន សៅ ជា​ប្រធាន​សហគមន៍បានឱ្យ​ដឹងថា អំឡុង​ពេលល្បាត​ព្រៃ​កាលពីថ្ងៃទី​៦ ខែឧសភា សហគមន៍​បាន​ប្រទះ​ឃើញ​អ្នក​ចូល​កាប់​ឈើ​ក្នុង​សហគន៍​មួយ​ក្រុម​ ដោយ​មាន​គោយន្ត​ចំនួន​៥គ្រឿង រួម​ជាមួយ​ឈើ​រស់​ប្រភេទឧសឡ​មួយចំនួន​ និង​ស្លាកស្នាម​កាប់​ដើម​ឈើ​ថ្មីៗជាង​២០​ដើមមាន​ដូចជាឈើសុក្រំ  ផ្ចឹក​ ត្បែង ខ្លុង​​និងកំណាត់ឈើរស់មួយចំនួនទៀតត្រៀមដឹកចេញ​។

    លោក​បន្តថា​ ចំណែក​មួយករណីទៀត​ នៅថ្ងៃទី​៩ ខែឧសភា សហគមន៍​ប្រទះ​បទល្មើស​ដឹកឈើរាជកុលមួយកំណាត់​​មុខកាត់ ៣០ ប្រវែង​៣​ម៉ែត្រកំពុងដឹកតាម​រទេះក្របី និង​មួយ​ករណីទៀត​ ជា​បន្ទះឈើ​រាជកុល​ កំពុងត្រៀម​ដឹកចេញពីព្រៃសហគមន៍​តាម​រទេះគោ​ផងដែរ។​

    បន្ទាប់ពីត្រូវ​បាន​ឃាត់និងណែនាំ​​ដោយ​សមាជិកសហគមន៍​និង​មន្ត្រីឧទ្យានុរក្ស​នៅ​ក្នុង​ព្រៃសហគមន៍ អ្នក​កាប់​ឈើម្នាក់​​ឈ្មោះ ហ៊ីម មកពីឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែល​ចូល​កាប់ឈើ(ប្រ​ភេទឧសឡ) បាន​និ​យា​យ​ថា  ធម្មតាលោកស៊ីឈ្នួលភ្ជួរដីនៅក្នុងភូមិ កម្រចូលព្រៃកាប់ឈើណាស់ ប៉ុន្ដែមូលហេតុដែលបណ្ដាលអោយរូបលោកចូលព្រៃកាប់ព្រៃឈើសហគមន៍ ក៏ដោយសារបច្ចុប្បន្នពិបាករកការងារធ្វើ ជាមួយគ្នានេះដែរ លោក​ត្រូវរកប្រាក់ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ។

    លោកបាន​និយាយថា  “ យើង តំបន់នេះដឹងស្រាប់ហើយ ចាំមើលអោយតែថ្ងៃបន្តិចមានអ្នកមកយកលុយរាប់ផង ​លុយអាទិត្យផង ចំណែកឯលុយខែនោះផ្សេងទៀត។ ព្រោះអីព្រោះយើងយកលុយគេទៅបង្វិលដើម្បីទិញរបស់របរ នៅក្នុងក្រុមគ្រួសាររបស់យើងហ្នឹង។ រឿងចូលព្រៃខ្ញុំក៏ខ្លាចដែរ ប៉ុន្ដែនៅពេលជួបគេយើងអោយរបស់របរគេទៅ​ ( សំដៅដល់ម៉ាស៊ីអារឈើ )”។

    បើ​តាម​បទពិសោធ​នៃ​ការ​ចុះល្បាត​កន្លង​មក អ្នក​កាប់​ឈើ​មិន​មែនមាន​តែ​អ្នកភូមិ​​នៅក្នុង​មូល​ដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្តែ​មាន​អ្នក​ចំណូល​ថ្មី​ពីខេត្ត​ផ្សេងក៏ត្រូវ​បានគេ​​ជួល​ឱ្យ​​​មក​កាប់ឈើ​នៅ​តំបន់​របស់​លោកនេះដែរ។ នេះបើ​តាម​ការ​អះអាង​របស់​លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់​ការពារធម្មជាតិរលាក់កងជើង។

    លោក សៅ បន្ថែម​ថា អ្នកកាប់ឈើទាំងនោះភាគច្រើនជាអ្នកស៊ីឈ្នួលអោយគេ ក្នុងនោះប្រហែល១០ភាគរយក៏ជាអ្នកភូមិតាំងបំពង់ និងមួយចំនួន​មកពីភូមិ​ផ្សេងទៀត។​រូបភាពទី៧

    លោក លួន ហេង ជាអ្នកកាប់ឈើ​មកពីស្រុកឈូក ខេត្តកំពតបានឆ្លើយប្រាប់ពលរដ្ឋ​អ្នកសារព័ត៌មានថា រូបលោកចូលមកស៊ីឈ្នួលអូសឈើនៅទីនេះអោយថៅកែឈើម្នាក់នៅផ្សារជាំ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីអាចទទួល​​បានប្រាក់ផ្គត់ផ្គង់គ្រួសារ។ បុរសរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះ ភាគច្រើនឈើ​គេកាប់ដឹក​ចេញជាប្រភេទឈើរាជកុល ហើយប្រាក់ដែលទទួលបានពីការអូសឈើឱ្យឈ្មួញ ក្នុងមួយម៉ែត្រគូបឈើមានតម្លៃ២០ម៉ឺនរៀល ។ ​

    លោក ហេង និយាយថា “ខ្ញុំក៏មិនសូវស្គាល់ផ្លូវនៅតំបន់នេះដែរ ខ្ញុំមកតាមបងញ៉ានៅផ្សារជាំ ខ្ញុំមកប៉ុន្មានខែហើយមិនទាន់បានទៅវិញទេ។ អ្នកមកពីឈូកចូលព្រៃដូចខ្ញុំមានបួនប្រាំនាក់ដែរ។ ខែនេះ( គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង៥៨នាទី) ខ្ញុំដឹកបានមួយជើង ប៉ុន្ដែដឹកមិនទាន់បានមកដល់នេះទេ”។​

    ដោយមាន​ដុំពករឹងៗ ទាំងលើបាតដៃ និងគ្រប់ម្រាមទាំងដៃឆ្វេងនិងស្តាំ​​ បុរសរូបនេះអះ​អាងថា ខ្លួន​ត្រឹមជាកូនចៅគេ ហើយមានមេគ្រប់គ្រងពីលើ ដែលបានសម្រួលបង់ថ្លៃផ្លូវ ពេលដឹកឈើចេញរួចរាល់ហើយ។

    បើតាមការសម្ភាសផ្ទាល់រវាងពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកកាប់ឈើមួយចំនួនដែល​បាន​ជួប​ពេលចូលក្នុង​ព្រៃសហគមន៍ អ្នកកាប់ឈើ​ទាំងនោះបានអះអាងដូចៗគ្នាថា ពួកគេបានបង់ប្រាក់អោយ​មន្ត្រី​ជាថ្នូរនឹងការរកស៊ីឈើ ឬកាប់ឈើនៅក្នុងតំបន់នោះ។

    លោក អឺល សារា​ ជា​មេឃុំតាសាល​បាន​លើក​ឡើង​ថា លោក​មិន​បាន​គ្រប់គ្រង​លើ​ព្រៃសហគមន៍​ដោយ​ផ្ទាល់​ឡើយ​ហើយថា ការ​គ្រប់គ្រង​និង​បញ្ហា​កាប់ឈើ​នៅទីនោះមាន​តែ​​សហគមន៍ មន្ទីរបរិស្ថាន និង​មន្ត្រី​ឧទ្យានជាតិជួរភ្នំក្រវាញ​ទេ ទើបដឹងច្បាស់​។​​

    លោក អឺល សារា មាន​ប្រសាសន៍ថា“ បើនិយាយពីការដឹកឈើធំៗនោះ ខាងឃុំមិនបានដឹងទេ​ ព្រោះឃុំមិនបានគ្រប់គ្រងព្រៃឈើនោះ គឺមានតែឧទ្យានជាតិ និងបរិស្ថាន គេនៅមានស្នាក់ការការពារតំបន់នោះហើយ​។ បើឈ្មួញវាមិនដែលមករាយការណ៍ប្រាប់ឃុំទេ”។

    លោកក៏ទទួលស្គាល់ថា ពលរដ្ឋមួយចំនួនក្នុងមូលដ្ឋាន​មានជីវភាពខ្វះខាតដូច្នេះ មានអ្នកខ្លះនៅតែបន្ត​ចូល​ព្រៃម្តងម្កាល ដើម្បីកាប់ឈើ ព្រោះពេលនេះមិនអាចផ្ដាច់ទាំងស្រុងបានឡើយ។

    ​ទោះ​បី​ជា​​យ៉ាង​ណា សម្រាប់​លោក ខ្លោង ឆន ជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ ដែល​ធ្លាប់​ចូល​កាប់ឈើជា​លក្ខណៈ​គ្រួសារនិង​ធ្លាប់ស៊ីឈ្នួល​កាប់​​ឈើ​ឲ្យ​គេ​កាលពី៥​ឆ្នាំ​មុន​បាន​និយាយថា តាមធម្មតាការកាប់ឈើរបស់ឈ្មួញនៅក្នុងតំបន់នីមួយៗតែងមានរចនាសម្ព័ន្ឋល្អិតល្អន់ ដើម្បីអាចដំណើរការសកម្មភាពដឹក​ជញ្ជូនឈើចេញពីព្រៃបានរលួន។​ ​

    លោក ឆន បាន​រំលឹក​ថា ដំបូង​ឈ្នួញ​ត្រូវ​ទិញ​ឈើ​នៅក្នុង​តំបន់​ណាមួយ​ជាក់លាក់សិន បន្ទាប់មក​មាន​ក្រុម​ដើរ​​​រាប់​ចំនួន​ដើម​ឈើ ​ដែលត្រូវ​កាប់​ឲ្យ​បាន​ច្បាស់​ រួច​គេ​រាប់​ចំនួន​និង​ប្រាប់ថៅ​កែ។ លោក​ថា បន្ទាប់មក​ថៅកែជួល​អ្នក​កាប់ឈើ​ឱ្យ​ទៅផ្តួល​រំលំដើម​ឈើ​និង​ជួល​ជាងច្រៀក​បន្ត​និងកាត់តាម​ទម្រង់ត្រូវ​ការ​ ហើយ​បន្ទាប់មក​មាន​ក្រុម​កម្មករ​ចូល​ព្រៃដឹកឈើ​ចេញ។ លោកនិយាយ​ ក្រុម​កាប់ឈើ​ទាំងនោះ​មាន​ជំនាញ​ផ្សេង​គ្នា​ និង​អាចមក​ពីខេត្ត​ផ្សេងៗ។

    លោក ឆន ចោទ​ថា ជាធម្មតាត្រូវបង់ប្រាក់ទៅឲ្យ​មន្ត្រីនៅទីនោះ(ស្នាក់ការបរិស្ថានតាមតំបន់) ដើម្បីទទួល​បាន​​ឱកាស​ចូល​ព្រៃ ក៏ដូចជា​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ដើម្បី​គេច​ពី​ក្រុម​ចុះអន្តរាគមន៍​នៅ​ពេលដឹកឈើ ឬកាប់ឈើ។ លោកបន្ថែមថា ជាធម្មតា​ គេបង់ប្រាក់​តាម​ប្រភេទឈើ​ ដែល​ប្រមាណ​ពី១០​ទៅ​១៥​ម៉ឺនរៀល​ក្នុងមួយជើង ប៉ុន្តែបើគេច​វេស ហើយត្រូវ​ចាប់បាន​ គេនឹងចាប់យក​គោយន្ត​ ហើយ​ត្រូវ​បង់​ចន្លោះពី១លាន​ទៅ​១លាន​ជាង។

    លោកបាន​ចោទ​​ថា“គ្មានអ្នករកស៊ីឈើណា ដែលមិនបង់លុយទៅបរិស្ថានទេ ទោះបីជាកាត់ត្រឹមឧសគ្រាក់តូចៗក៏ត្រូវបង់ដែរ»។​

    លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ទាក់ទងហ្នឹងករណីកាប់ឈើជាប្រភេទឧសរស់ និងដឹកឈើរាជកុលចេញពីព្រៃសហគមន៍រលាក់កងជើង ក្នុងខេត្តកំពង់ស្ពឺ លោកមិនទាន់ទទួលដំណឹងពីថ្នាក់មូលដ្ឋានឡើយ។

    ជាមួយគ្នានេះ ទាក់ទងនឹងការចោទប្រកាន់ថា មានករណីសូកប៉ាន់​​រវាងឈ្មួញឈើ និងមន្ត្រីនោះ​ លោកនឹងជូន​ព័ត៌​មាន​​ទៅមន្ទីរ ដើម្បីដាក់ការស៊ើ​ប​អង្កេតនឹងអាចចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងឲ្យជនណាម្នាក់​ឡើយ។

    លោក​មាន​ប្រសាសន៍ថា“នេះជាចំណុច ដែលយើងកំពុងរឹតបណ្ដឹងច្បាប់ដល់អ្នកលួចព្រៃឈើទាំងនោះ គេមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។ គេចបានថ្ងៃនេះ ប៉ុន្ដែមិនអាចគេចបានរហូតដែរ។ ការអនុវត្តច្បាប់នឹងរៀបចំទៅដល់ទីនោះ បន្ទាប់ពីទទួលបានដំណឹង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងមិនលើកលែងឡើយ ដូច្នេះចំពោះមន្ត្រីរាជការពាក់ព័ន្ឋក្នុងករណីបំផ្លាញធនធានធម្មជាតិគឺត្រូវតែចាត់វិធានការអនុវត្តច្បាប់ អាចនឹងដកសក្តិឬបញ្ចប់ដំណែង អោយតែរកឃើញពាក់ព័ន្ឋក្នុងបញ្ហានេះ»។​

    “ផលប៉ះពាល់​មកលើសហគមន៍”​

    នាម៉ោង៨ និង៣៥នាទីព្រឹក អ្នកស្រី បាវ​ ខ្លី វ័យ៣០ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិតាំងបំពង់​ បានធ្វើដំណើរតាម​គោយន្តរួមជាមួយប្តីនិងកូនស្រីតូចម្នាក់​ ដោយមានចាន​ដែកមួយ ខោអាវប្រឡាក់មួយការ៉ុង រួមជាមួយកានកាដុងជ័រចំនួនបី និងសម្ភារៈរកត្រីមួយចំនួន​ផង។

    ស្រ្តីរូបនេះនិងគ្រួសារ ត្រូវធ្វើដំណើរចេញពីភូមិកាត់វាលចូលព្រៃ​ ឆ្លងអូរតូចធំ ប្រហែល៣គីឡូម៉ែត្រពីភូមិ ដើម្បីទៅដល់ប្រភពទឹក ដែល​មានទឹកចន្លោះពី៨០សិបទៅ១០០លីត្រប៉ុណ្ណោះ។

    សម្លឹងទៅថ្លុកទឹកបណ្ដើរ​ អ្នក​ស្រី​​ពោលថា តាំង​ពីដើមមកអ្នកភូមិនេះជាង៩០គ្រួសារមិនខ្វះទឹកប្រើឡើយ ព្រោះប្រភពទឹកនៅជើងភ្នំមានប្រើ​ទាំងរដូវ​ប្រាំង និងវស្សា​ ប៉ុន្ដែចម្លែកអ្វីក្នុងឆ្នាំនេះទឹកដែលធ្លាប់សម្បូរ​ បែរជារីង​ស្ងួតអស់ចាប់ពីចុងខែមីនា​មកម្លេះ​ ទើបបណ្ដាលឲ្យអ្នកស្រីធ្វើដំណើរមកដងទឹកនៅទីតាំងខាងលើ។

    អ្នក​ស្រី បាវ ខ្លី បាន​និយាយថា“ខ្ញុំអត់ដឹងថា ហេតុអ្វីបានដាច់ទឹកទេ? ប៉ុន្ដែខ្ញុំគិតថា ប្រហែលជាខ្វះព្រៃឈើទេដឹង! កាលពីមុនព្រៃច្រើនណាស់ ពេលអស់ព្រៃ ភ្លៀងក៏មិនសូវមានដែរ។ ព្រៃឈើ​ពីមុនច្រើន សូម្បីតាមផ្លូវក៏មានដែរ ឥឡូវខ្ទេចអស់ហើយ”។

    ស្ត្រីរូបបន្ត​ថា​ ឆ្នាំនេះរបរដកផ្កាថ្ម និងបេះផ្សិតលីងជឺពីក្នុងព្រៃដែលគ្រួសាររបស់​អ្នកស្រីតែងអាស្រ័យផលរាល់ឆ្នាំនោះ ត្រូវបានផ្អាក ព្រោះចាប់ពីខែមីនា រហូតមកដល់ពាក់កណ្ដាលខែឧសភា មិនទាន់មានភ្លៀងគ្រប់គ្រាន់​ ហើយ​ថា បើស្ថានភាពនៅតែ​បន្ត​បែប​នេះ​ គ្រួសារអ្នកស្ត្រីក៏ដូចជាគ្រួសារអ្នកភូមិផ្សេង​ទៀត ដែលគ្មានលទ្ឋភាពបម្រើសេវាកម្មទេសចរណ៍ ពិតជាមិនដឹងរំពឹងរបរអ្វី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ​។

    អ្នកស្រីនិយាយថា “ទើបឆ្នាំនេះមិនបានរក កាលឆ្នាំមុនៗរករាល់ឆ្នាំហ្នឹង ចេញវស្សាចូលខែប្រាំនេះ រកផ្សិតផង ផ្កាថ្មផង…។ បើមានព្រៃឈើមានភ្លៀងយើងបានធ្វើស្រែ បានអង្ករបានស្រូវ ដល់ពេលអត់ភ្លៀងអញ្ចឹង រកលុយក៏មិនសូវបានហើយ អត់ទឹកធ្វើស្រែទៀត”។

    លោក គោ គុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង​ ក៏បង្ហាញ​ក្តី​បារម្ភផងដែរ​ថា ប្រសិនបើអស់ដើមឈើធំៗនៅក្នុងសហគមន៍។ លោក​និយាយថា ជាក់ស្ដែងជាង៣០ឆ្នាំហើយ ពលរដ្ឋមូលដ្ឋាន​របស់​លោក​មិនដែលខ្វះទឹកប្រើឡើយ ប៉ុន្តែ​​ឆ្នាំនេះប្រភពទឹកដែលធ្លាប់ប្រើប្រាស់ជាប្រចាំបែរជាខ្សោះរីងទៅវិញ។ លោក​គិត​ថា មូលហេតុចម្បង អាចបណ្តាលមកពីការបាត់បង់ធនធានព្រៃឈើយ៉ាង​គំហុកពីក្នុង​ព្រៃសហគមន៍និងនៅ​តំបន់ជុំវិញនេះ។

    លោក គោ គុយ និយាយថា“និយាយទៅអត់ដែលមានបាតុភូតរីងទឹកបែបនេះទេ ពីបុរាណកាលមានដើមឈើនៅច្រើន រួមជាមួយធនធានធម្មជាតិ វាមានទឹកហូរមិនដែលរីង តែមកដល់បច្ចុប្បន្ននេះអស់ឈើច្រើន ដាច់ទឹក ត្រីក៏ងាប់ពេញស្ទឹង”។

    លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា។ (កញ្ញា ប៉ូ សុភា)

    មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជាហៅកាត់(CYN) និងជាអ្នកស្រាវជ្រាវបទល្មើសព្រៃឈើ លោក​​ អូត ឡាទីន បាន​និយាយថា រូបភាពនៃការកាប់ឈើនៅក្នុងតំបន់ឱរ៉ាល់ និងជួយភ្នំក្រវាញមិនមែនទើបមានឡើយ នេះបើតាមបទពិសោធន៍នៃ​ការ​ដើរសិក្សាតំបន់នោះក្នុងអំឡុងឆ្នាំ២០២០ រហូតដល់២០២៣​។ លោកបញ្ជាក់ថា អំឡុងពេលស្រាវជ្រាវនោះ លោកនិងក្រុមការងារបាន​ប្រទះឃើញគល់ឈើធំៗមួយចំនួនត្រូវបានគេកាប់ និងបានប្រទះជាមួយបទល្មើសកំពុងជញ្ជូនឈើក្នុងព្រៃផងដែរ។

    លោក អូត ឡាទីន មាន​ប្រសាសន៍ថា “ប្រសិនបើនៅបណ្ដែតបណ្ដាយ ដោយគ្មានយន្តការណាមួយទេ ខ្ញុំមើលឃើញថា នឹងមានហានិភ័យខ្ពស់ចំពោះប្រភេទឈើមុខកាត់ធំៗ វានឹងមានការថមថយ ក៏អាចឈានដល់ការបាត់បង់ទាំងស្រុង”។

    លោកសម្តែងការ​ព្រួយបារម្ភថា បើនៅតែបន្តកាប់ ហើយ​គ្មាន​យន្តការដោះស្រាយ​ ប្រភេទឈើប្រណិតៗអាច​នឹង​បាត់​វត្តមាន​ ហើយវានឹង​ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វព្រៃ ចំណែក​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ប្រឈម​នឹង​ការ​បាត់បង់​មុខរបរបែបប្រពៃណី​ផងដែរ​។

    លោក តាន់ គឹមសួរ ជាយុវជនស្រឡាញ់ធម្មជាតិ និងប្រធានសមាគមន៍បៃតងវើរៀរិ៍។ (កញ្ញា ប៉ូ សុភា)

    សម្រាប់លោក តាន់ គឹមសួរ ជាយុវជនស្រឡាញ់ធម្មជាតិ និងប្រធានសមាគមន៍បៃតងវើរៀរិ៍បានលើកឡើងថា ដំណោះស្រាយក្នុងការថែរក្សាព្រៃឈើប្រកបដោយនិរន្តភាពបានលុះត្រាណា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ បូករួម​ការរឹតបន្តឹងច្បាប់និង​ការដាក់ទោសអោយតឹងរឹងចំពោះ​អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ។

    លោក​មាន​ប្រសាសន៍ថា “ពេលនេះមានតែច្បាប់តែការអនុវត្តគ្មាន។  ច្បាប់មានហើយ ប៉ុន្ដែមន្ត្រីថ្នាក់ក្រោមមិនធ្វើព្រោះអាចប៉ះផលប្រយោជន៍​ឈ្មួញឈើទាំងនោះ។ ការចូលរួមពីគ្រប់ភាគី ជារឿងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា”។

    បើយោងតាមការចេញផ្សាយរបស់កាសែត Mongabay នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា តាមរយៈទិន្នន័យនៃការស្រាវជា្រវរបស់សកលវិទ្យាល័យមឺរីលែន (University of Maryland)  នៅឆ្នាំ២០​២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២១ ០០០ហិកតា ក្នុងនោះមានជាងពាក់កណ្ដាលជាព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់៕

    …………………………………………………………

    អត្ថបទដោយ​អ្នកកាសែតវ័យក្មេង កញ្ញា ប៉ូ សុភា ដែលគាំទ្រការផលិតដោយគម្រោងស៊ីចា(CEEJA)

    អត្ថបទមុន

    តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

    អត្ថបទបន្ទាប់

    ដី​ព្រៃ​ជាង​៣០០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ដែល​រង​ការ​ទន្ទ្រាន​យក​ត្រូវ​បាន​ដក​ហូត​ជា​សម្បត្តិរដ្ឋ​

    អត្ថបទបន្ទាប់
    ទិដ្ឋភាពព្រៃសហគមន៍តំបន់ការពារធម្មជាតិសាមគ្គី ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថតពីលើអាកាស។ (លោក តាន់ គីមសួរ ផ្តល់ឱ្យ)

    ដី​ព្រៃ​ជាង​៣០០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ដែល​រង​ការ​ទន្ទ្រាន​យក​ត្រូវ​បាន​ដក​ហូត​ជា​សម្បត្តិរដ្ឋ​

    ចុះឈ្មោះនៅទីនេះ!

    ជាពលរដ្ឋអ្នកសារព័ត៌មាន

    ផ្ញើរបាយការណ៍

    អំពីយើង

    មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

    ទំនាក់ទំនង
    ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

    (+855)23 726 842

    p.chamrong@ccimcambodia.org

    ព័ត៌មាន

    • សង្គម
    • យែនឌ័រ
    • សេដ្ឋកិច្ច
    • បរិស្ថាន
    • អភិបាលកិច្ច
    • សិទ្ធិមនុស្ស
    • វិវាទដីធ្លី
    • បទយកការណ៍
    © ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
    មិនមានលទ្ធផល
    មើលលទ្ធផលទាំងអស់
    • សង្គម
    • យែនឌ័រ
    • សេដ្ឋកិច្ច
    • បរិស្ថាន
    • អភិបាលកិច្ច
    • សិទ្ធិមនុស្ស
    • វិវាទដីធ្លី
    • បទយកការណ៍
    • អំពីយើង