CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ក្រុម​ស្រ្តី​នៅ​សហគមន៍​ព្រៃ​ព្រះរកា​រប្តេជ្ញា​ចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​

Admin ដោយ Admin
June 7, 2024
ក្នុង បរិស្ថាន
0
ទិដ្ឋភាពក្រុមស្ត្រីដែលបានចូលរួមចុះល្បាតជាមួយបុរសដើម្បីការពារធនធានធម្មជាតិនៅតំបន់ព្រៃព្រះរការ នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ទិដ្ឋភាពក្រុមស្ត្រីដែលបានចូលរួមចុះល្បាតជាមួយបុរសដើម្បីការពារធនធានធម្មជាតិនៅតំបន់ព្រៃព្រះរការ នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

0
ចែករំលែក
218
ចំនួនមើល

“កត្តាជំរុញលើកទឹកចិត្តចុះល្បាតព្រៃ”

ដោយ​មើល​ឃើញពីការ​បាត់​បង់​ព្រៃឈើ​ក្នុង​សហគមន៍​ជា​បន្តបន្តាប់ និង​បារម្ភ​ពីការ​បាត់​បង់​មុខ​របរ​ពីដូនតា​ ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយនៃបណ្តាញសហគមន៍ព្រៃព្រះរការ ​​​ប្តេជ្ញា​ចិត្ត​តស៊ូចុះល្បាត​ព្រៃ ដើម្បី​ការ​ពារធនធាន​​ធម្មជាតិនៅ​សេសសល់ជា​ពិសេស ​​​គឺ​ដើម​​ច្បោះ​ ដែលជា​ប្រភព​ចំណូល​ប្រកប​ដោយ​និរន្ត​រភាព​ និង​មិនចេះ​រីងស្ងួត​សម្រាប់​សហគមន៍​មូល​ដ្ឋាន​ ដែលរស់នៅ​ជុំវិញ​ដែន​ជម្រក​សត្វព្រៃព្រះរការ ខេត្ត​ព្រះវិហារ​។​

«បើខ្ញុំមិនចុះទៅទេ មានគេចូលកាប់ដើមច្បោះ ដើមឈើធំៗ អស់ ព្រោះបើខ្ញុំ​មិនទៅទេ គេនៅតែកាត់ៗៗ សូម្បីតែដើមច្បោះបងប្អូនខ្លះគេលួចកាត់ កាត់អស់លីងលោងហ្មង​ […] ច្បោះ! ច្បោះខ្ញុំ ៤០០ដើម បើវាបាក់អស់ខ្លះ ហើយគេកាត់​ក៏កាត់ ប៉ុន្តែបាក់ខ្លះ ឥលូវសល់ប្រហែលជា ៣០០ជាងឯង​ មិនដល់ ៤០០ទេ! បើគ្រាន់បាក់អស់ ៤០ដើមវស្សាមិញ​»។ នេះបើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី សុខ មឿន ជា​ជន​ជាតិ​ដើម​ភាគតិច​កួយ​ រស់នៅ​ភូមិ​ស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែង​មាន​ជ័យ​ ខេត្ត​ព្រះវិហារ​។

ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ​ ​និយាយថា អ្នក​ស្រី​ចាប់​ផ្តើមចុះល្បាតព្រៃកាលពីឆ្នាំ២០១៥។ អ្នកស្រីប្រាប់បន្ថែមថា ប្រសិនបើអ្នកស្រីមិនចុះល្បាតព្រៃ ម្ល៉េះពេលនេះ ដើមឈើឈើទាល ឬដើមច្បោះរបស់គាត់ក្បែរ ៤០០ដើមនោះ នឹង​ត្រូវវិនាសហិនហោច​ដោយបទល្មើស​ព្រៃឈើ​បាត់ទៅហើយ​។

ស្ត្រីម្នាក់កំពុងរៀបចំគប់ភ្លើងដើម្បីដុតឱ្យច្បោះចេញជ័រនៅតំបន់ព្រៃព្រះរការ នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលអតីតនាយកមន្រ្តីលោក ហ៊ុន សែន បានដាក់ព្រៃព្រះរការជាដែនជម្រកសត្វព្រៃ ដែលមានទំហំផ្ទៃដី ៩០ ៣៦១ហិកតា (ទំហំ​ជិត ១០​ម៉ឺន​ហិកតា)។ ព្រៃ​អភិរក្ស​​នេះ​ គ្របដណ្ដប់​លើ​ស្រុក​ចំនួន​បី គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ។

ចំណែកឯកញ្ញា ឆាង សុ អាយុ៣០ឆ្នាំ រស់នៅភូមិមេរុ ឃុំមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ ជាយុវជនស្ម័ត្រចិត្តបណ្តាញសហគមន៍ព្រៃព្រះរការ ផ្តើមចុះល្បាតព្រៃនៅអំឡុងឆ្នាំ២០២២។ ក្រុមគ្រួសាររបស់ ឆាង សុ បានបាត់បង់ដើមឈើច្បោះទាំងស្រុងនៅអំឡុងឆ្នាំ២០០០  ដោយហត់នឿយនឹងការពារផងនោះ ទើបឪពុកម្តាយសម្រេចចិត្តលក់ច្បោះក្នុងមួយដើមតម្លៃ ១ម៉ឺនរៀល ប៉ុន្តែ​ទោះបីជា​យ៉ាងណា ឆាង សុ បាន​សម្រេចចិត្តចូលរួមល្បាតព្រៃដោយមើលឃើញពីសារៈសំខាន់​នៃព្រៃ​ឈើ​ និង​បញ្ហា​ប្រែប្រួលអាកាសធាតុដែលបណ្តាមកពីវិនាសកម្មព្រៃឈើ ក៏ដូច​ជា​ចង់​ចូល​រួម​ថែ​រក្សាព្រៃឱ្យគងវង្សសម្រាប់​ក្មេងៗ ជំនាន់​ក្រោយ។

កញ្ញា ឆាង សុ និយាយថា៖ «ខ្ញុំយល់ឃើញថា នៅពេលដែលបាត់បង់ព្រៃឈើទៅវាធ្វើឱ្យអាកាសធាតុប្រែប្រួល ហើយមានរងគ្រោះ ដូចជារាំងស្ងួតណា ពីមុនមានដើមឈើ មុនតាំងពីផ្លូវជាតិនេះ ព្រៃឈើនៅសល់ច្រើនណាស់ អាកាសធាតុដូចថាត្រជាក់​ចូលព្រៃទៅត្រជាក់ដល់សព្វថ្ងៃចូលទៅក្ដៅ បើវាអស់ព្រៃ»។

ស្ត្រី​ម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្តិភាព អ្នកស្រី ទ.ល.ណ. សមាជិកក្រុមស្នូលសហគមន៍ព្រៃព្រះរការនិយាយថា​ អ្នកស្រី​បាន​ចូលរួមចុះល្បាតព្រៃនៅឆ្នាំ២០១២។ ស្រ្តីជនជាតិដើមភាគតិចកួយវ័យ ៣១ឆ្នាំ រៀនបានត្រឹមថ្នាក់ទី៧ រូបនេះ ពឹងផ្អែកទាំងស្រុងទៅលើដើមជ័រច្បោះ​ជាង​៦០០ដើម ហេតុ​នេះបានធ្វើឱ្យគាត់ប្តេជ្ញាចិត្តការពារដើមឈើច្បោះទាំងនោះ។

អ្នកស្រី ទ.ល.ណ. ថា៖ «ច្បោះខ្ញុំមាន ៦០០ដើម! ប្រាក់ចំណូលខ្ញុំ គឺពឹងផ្អែកលើព្រៃទាំងអស់ ដូចជាដងជ័រទឹកនេះជាមុខរបបធំរបស់ខ្ញុំនៅក្នុងគ្រួសារ ហើយខ្ញុំមានការស្រឡាញ់ ខ្ញុំអត់ចង់ឱ្យព្រៃបាត់បង់អីទេ […] ខ្ញុំធ្វើនេះក៏មិនមែនជាខុសច្បាប់អីដែរ ជាកិច្ចការពារព្រៃ ជួយថែរក្សាព្រៃឱ្យបាននៅគង់វង្ស ខ្ញុំចង់ឃើញតែព្រៃនៅគង់វង្សទេ»។

“​បញ្ហា​ប្រឈមពេល​ចុះល្បាត”

ជាទៀងទាត់ជនជាតិភាគតិចកួយមកពីបីស្រុក មានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែបនៃខេត្តព្រះវិហារ តែងតែចុះល្បាតព្រៃចាប់ពី ២ដង ទៅ​ ៣ដងក្នុងមួយខែ ​ដោយការល្បាតមានគ្នាចាប់ពី ៥នាក់ទៅ ១៨នាក់ ដែលក្នុងនោះស្រ្តីដែលសកម្មក្នុងការចុះល្បាតព្រៃមានចំនួនតែ ៥នាក់តែប៉ុណ្ណោះ។

មានសម្បុរស្រអែមនិយាយ​​រដឺនៗ អ្នក​ស្ត្រី​ សុខ មឿន បាន​រៀប​រាប់​ថា គាត់មាន​បទពិសោធ​ចុះល្បាត​ព្រៃជាង ​១០​ឆ្នាំ​​ ហើយ​កាលដើមឡើយ ប្តី​របស់​គាត់​មិនអនុញ្ញាឱ្យគាត់ចុះល្បាតព្រៃនោះឡើយដោយយល់ថា ល្បាតព្រៃជាការងាររបស់​បុរស តែអ្នកស្រីមានៈដោយអះអាងពីបញ្ហាដែលប្រជាជនជាតិដើមភាគតិចកួយកំពុងតែប្រឈមរួមទាំងមានបំណងចង់ថែរក្សាព្រៃសម្រាប់យុវជនជំនាន់ក្រោយ។

ស្រ្តីមានកូន​៣​នាក់រូបនេះ​បន្តថា៖«ប្ដីខ្ញុំពីដើមគាត់ហាមឃាត់ខ្ញុំដែរតើ ប៉ុន្តែខ្ញុំ​ថា ខ្ញុំ​និយាយប្រាប់គាត់ថា បើយើងធ្វើព្រងើយៗ ដូចសមា​ទោស ដូចជាបងៗ ឃើញពេលគេបបួលទៅ ខ្ជិលទៅ ទៅធ្វើអី គេអារៗ ទៅ ខ្ញុំយាយប្រាប់គាត់អ៊ីចុះ គាត់មិនហាមឃាត់ទេ ឥឡូវ គាត់ឈប់ហាមឃាត់»។

ការងារចុះល្បាតព្រៃតម្រូវឱ្យក្រុមស្រ្តីត្រូវចាកពីផ្ទះយ៉ាងហោចណាស់ចាប់ពី ២យប់ ៣ថ្ងៃឡើងទៅ រហូតពេលខ្លះពួកគាត់​ត្រូវស្នាក់នៅក្នុងព្រៃលើសពីមួយសប្តាហ៍ អាចឈានទៅរាប់ខែក៏មាននារដូវវស្សា បន្ថែមពីបញ្ហាប្រឈមទាំងនេះ ក្រុមស្រ្តីត្អួញត្អែរថា ពួកគាត់ត្រូវយកជីវិតទៅប្តូរ។

ស្ត្រីម្នាក់ដែលកំពុងដុត​ដើមច្បោះឬឈើទាលដើម្បីយកជ័រនៅ​តំបន់ព្រៃព្រះរការ នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ចំណែកឯអ្នកស្រី ទ.ល.ណ. មិនត្រឹមតែប្រឈមនឹងបញ្ហាការរើសអើងពីសហគមន៍ប៉ុណ្ណោះទេ គាត់ក៏កំពុងតែប្រ​ឈម​ជាមួយនឹងការគម្រាមកំហែងពីអាជ្ញាធរមូលដ្ឋានដោយបានចោទប្រកាន់ថា ទង្វើរដែលគាត់ធ្វើកំពុងតែប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន បង្អាក់ការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជាដើម។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងលើ អ្នកស្រីក៏បាក់ទឹកចិត្តម្តងម្តាលដោយមិនចង់បន្តដំណើរបេសកម្មបន្តទៀត តែទោះ​ជាយ៉ាងនេះក្តី ក៏អ្នកស្រីនៅតែមិនដាច់ចិត្តពីធនធានធម្មជាតិដែលដូនតាជនជាតិដើមភាគតិចកួយបានបន្សល់ទុកឱ្យ ទើបអ្នកស្រីប្តេជ្ញាថា នឹងជម្នះរាល់ឧបសគ្គដែលកំពុងតែប្រឈម។

អ្នកស្រី ទ.ល.ណ. បន្ថែមថា៖ «គម្រាមកំហែងហ្នឹង គេមិនទៅគម្រាមទេ តែគេគម្រាម គេថាពួកខ្ញុំធ្វើនឹងខុសច្បាប់ ធ្វើនឹងធ្វើប្រឆាំង របៀបថាពួកខ្ញុំប្រឆាំង ថាខ្ញុំប្រឆាំងខ្ញុំអី ខ្ញុំក៏គ្មានអារម្មណ៍ថា នឹងខឹងគេទេ ព្រោះរាល់ថ្ងៃខ្ញុំធ្វើអត់ប្រឆាំងផងហ្នឹង […] ខ្ញុំមានអារម្មណ៍អន់ចិត្តខ្លះដែរ តែក៏វាមិនអីទេសម្រាប់ខ្ញុំ វាសុំាហើយ ពាក្យសម្ដីអ៊ីចឹងៗ ខ្ញុំធ្លាប់គេនិយាយមករហូត»។

បញ្ហាប្រឈមនានាដែលក្រុមស្រ្តីជនជាតិដើមភាគតិចកួយនៃ បណ្តាញសហគមន៍ព្រៃព្រះរកា លើកឡើងខាងលើ ដូនចាស់ រឿង ខាន់ វ័យ ៦៣ឆ្នាំ អនុប្រធានគណៈកម្មការជនជាតិដើមភាគតិចកួយទទួលស្គាល់ថា វាពិតជាមានបញ្ហាប្រឈមច្រើនរហូតដល់ពេលខ្លះត្រូវយកអាយុជីវិតទៅប្តូរ​។

អ្នកស្រី រឿង ខាន់ និយាយថា​៖ «អាខ្លះគេដេញកាប់ មិនមែនធម្មតាទេ ពួកយើងគ្នាច្រើនយ៉ាងណាក៏រត់! យើងចាប់ម៉ាស៊ីនគេណា គេដេញកាប់ ពិបាកមែនទែន»។

លោក សែម ពិសិដ្ឋ អាយុ ៣៥ ប្រជាពលរដ្ឋរស់នៅ​ភូមិស្រឡៅទូង ឃុំពោធិ៍  ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពស្រ្តីនៅពេលចុះល្បាត​ព្រៃ លោកថា៖ «បារម្ភរឿងថា ជាធម្មតាបើជាមនុស្សប្រុសពេលដែលចុះទៅព្រៃបើមានបញ្ហាអីមនុស្សប្រុសដូចគ្នាមានកម្លាំងគ្រប់គ្រាន់ក្នុងការតទល់មួយជនល្មើសអ៊ីចឹងទៅ ប៉ុន្តែបើសិនជាមនុស្សស្រី អ្វីដែលបារម្ភ គឺពាក់ព័ន្ធខ្លាចគេវ៉ៃធ្វើបាបនៅក្នុងព្រៃអ៊ីចឹងទៅ»។

ទោះបីជា​យ៉ាងណាបុរសជនជាតិដើមភាគតិចកួយម្នាក់នេះទទួល​ស្គាល់​ថា ស្រ្តីជាចំណែកដែលមិនអាចខ្វះបានក្នុងការចុះល្បាតព្រៃ និងអភិរក្សព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរកា។

លោកបន្ថែមថា៖​ «ចង់មានន័យថា បើមានមនុស្សស្រីទៅរឹតតែល្អ បាទបើមានមនុស្សស្រីទៅរឹតតែល្អៗ ល្អចំណាប់! ល្អចំណាប់»។

យោងតាមអង្គការពន្លកខ្មែរ អំឡុងពេលឆ្នាំ២០១០​ ទៅឆ្នាំ២០១១ ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយនៅដែនអភិរក្សព្រៃព្រះរកាប្រមាណជាង ១០០០គ្រួសារមានដើមច្បោះយ៉ាងហោចណាស់ពី ៣០០ ទៅ ​៧០០ដើមក្នុងមួយគ្រួសារ។ អង្គការមួយនេះបន្ថែមថា ​នៅឆ្នាំ២០២៤ នេះប្រជាពលរដ្ឋប្រមាណជាង​​១៤០ គ្រួសារតែប៉ុណ្ណោះដែលនៅមានសេសសល់ដើមច្បោះ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹ​ក សោភ័ណ មើលឃើញពីបញ្ហាប្រឈមរបស់ក្រុមស្រ្តីជនជាតិដើមភាគតិចកួយដែលសកម្មក្នុងការចុះល្បាតការពារព្រៃ លោកថា ពួកគាត់មិនត្រឹមតែប្រឈមនឹងឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ តែបែរត្រូវប្រឈមជាមួយនឹងអជ្ញាធរមូលដ្ឋានទៅវិញ។

លោក ប៉ឹ​ក សោភ័ណ លើកឡើងថា៖ «ជាក់ស្ដែងក្រុមស្ត្រីជនជាតិដើមភាគតិចប្រាកដណាស់គាត់មានការប្រឈមខ្លាំងទៅនឹងជនល្មើសប្រព្រឹត្តបទល្មើសផ្នែកខាងធនធានធម្មជាតិ បទល្មើសព្រៃឈើ ​បទល្មើសបរិស្ថានអីហ្នឹង គឺគាត់ប្រឈមខ្លាំងមែនទែន ប៉ុន្តែផ្ទុយទៅវិញ គឺគាត់មិនត្រឹមតែប្រឈមជាមួយជនល្មើសប៉ុណ្ណោះទេ គាត់ប្រឈមទៅ​នឹងសមត្ថកិច្ច ប្រឈមទៅនឹងអាជ្ញាធរទៅវិញ»។

នាយកប្រតិបត្តិរូបនេះ ចាត់ទុកថា ទង្វើរខាងលើជាចំណុចខ្វះខាតរបស់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានដោយលោកសង្គត់ធ្ងន់ថា៖ «ចំណុចហ្នឹងមួយ ខ្ញុំថាវា ជាកង្វះខាតរបស់មន្ត្រី របស់អាជ្ញាធរ នៅពេលដែលឃើញសកម្មភាពចូលរួមរបស់ស្រ្តីដែលគាត់លះបង់ ពេលវេលាធនធាន កម្លាំងកាយចិត្ត ទាំងការលំបាកគ្រប់បែបយ៉ាងទៅចូលរួមការពារទ្រព្យសម្បត្តិរបស់រដ្ឋផង ហើយបែរជាអត់មានការលើកទឹកចិត្ត»។

នៅឆ្នាំ​២០២១​  ក្រសួងបរិស្ថានបានចេញផ្សាយរបាយការណ៍​ស្តី​ពី «ស្ថានភាព​បរិស្ថាន​លើក​ទី​៤​ និង​សៀវភៅ​ធន​ធាន​​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឆ្នាំ​២០១៨»​ ការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ផ្ទៃដីព្រៃឈើមានប្រមាណ ៨.៥១០.៨០៧ ហិកតាស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស របាយការណ៍នេះរួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែជាដើម។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មាន​ប្រសាសន៍ថា ក្រសួងបរិស្ថាននៅក្នុងអាណត្តិទី៧ មានគោលនយោបាយទី១ លើកទឹកចិត្តសហគមន៍តាមតំបន់ឱ្យពួកគាត់ដាំ និងស្ដារព្រៃឡើងវិញ។ ទី២ បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ទី៣​ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈ​ការបង្កើនមុខរបបផ្សេងៗ ក្រៅពីព្រៃឈើដូចជាប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍បៃតងដោយផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម។

លោក ខ្វៃ អាទិត្យា លើកឡើងថា៖ «សូមលើកទឹកចិត្ត ការចូលរួមពីសហគមន៍ឱ្យបានច្រើនថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយក្រសួងបរិស្ថាននឹងបន្តធ្វើការជួយជ្រោម​ជ្រែងដល់សហគមន៍លុះត្រាតែសហគមន៍​​តំបន់ការពារធម្មជាតិមានមុខរបរ ភាពជាម្ចាស់»។

“បាត់​បង់​ព្រៃ​ បាត់បង់ចំណូល”

ក្រៅពីធ្វើ​ស្រែចម្ការ ប្រជាពលរដ្ឋជនជាតិដើមកួយស្ទើរតែទាំងស្រុងពឹងផ្អែកទៅលើអនុផលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលមានដូចជា ការ​ដង​ជ័រច្បោះយកចេញពីដើមឈើទាល ដើមផ្ចឹក និងដើមឈើត្រាចជាដើម បន្ថែមពីនេះ​ពួកគាត់អាចស្វែងរករុក្ខជាតិហូបផ្លែដូចជាផ្លែគុយ ឃ្មុំ ចុងផ្តៅ ផ្សិត និងរុក្ខជាតិផ្សេងៗ មួយចំនួនទៀត ពីលើមុខ​របរ​ដងជ័រច្បោះ​ ដែល​ទំនៀម​ទម្លាប់បន្ត​វេន​​របស់​ជន​ជាតិ​ដើម​ភាគតិច​កួយពីជំនាន់​មួយ​ទៅជំនាន់​មួយ។

អ្នកស្រី សុខ មឿន ប្រាប់ឱ្យដឹងថា​ ក្នុងមួយខែគាត់ចូលព្រៃប្រមូលជ័រទឹកពី ២​ដង ទៅ ៣ដង ក្នុងម្តងៗ គាត់ដងជ័រទឹកបានពី ៤កាន ទៅ​ ៥កានដោយលក់បានតម្លៃពី ៦​ម៉ឺនរៀល ទៅ ១០ម៉ឺនរៀលក្នុងមួយកាន បើទោះជាយ៉ាងនេះក្តីអ្នកស្រីថា តម្លៃជ័រទឹកពីមួយឆ្នាំទៅមួយឆ្នាំមិនទៀតទាត់។

អ្នកស្រី សុខ មឿន ត្អួញត្អែរថា៖ «៣ដង ៥កាន អាខ្លះក៏៤ […] មួយកានអាខ្លះបាន ៦​ម៉ឺនរៀល ខែណាដែលថាឡើងក៏ឡើង បើវាឡើងចុះ ឆ្នាំនេះឯងវានៅនឹងបានមួយកាន ៨ម៉ឺន ៥ពាន់រៀលហ្នឹង។ បើឆ្នាំទៅពីខែ៥ ខែ៦ ខែ៧ ខ្ញុំ​លក់បានមួយកាន ១០ម៉ឺនរៀលខ្លះក៏បាន​ ៩ម៉ឺនរៀល វាមិនទៀងទេ»។

ទោះបីជា​យ៉ាងណា អ្នកស្រី សុខ មឿន កំពុងតែព្រួយបារម្ភនឹងដើមច្បោះសេសសល់ពីការដួលរលំប្រមាណជាង ៣០០ដើមនៅក្នុងព្រៃដោយសារតែទាហានមកពីភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តែងតែព្យាយាមទាម​ទារ​សុំទិញក្នុងមួយដើមតម្លៃប្រហែល ១​ម៉ឺនរៀល។ បើទោះបីជាដឹងថា នឹងមានជនល្មើសលួចកាប់ដើមច្បោះយ៉ាងណាក្តីក៏ស្រ្តីជនជាតិដើមភាគតិចកួយ និងស្វាមីមិនព្រមលក់ដើមច្បោះទាំងនោះឡើយ។

អ្នកស្រី សុខ មឿន និយាយថា៖ «ខ្ញុំបារម្ភណាស់ បើសមាទោស បើបាត់ព្រៃឈើនោះអស់ទៀត ដឹងជាទៅមុខទៀត ដឹងជាយ៉ាងម៉េច ព្រួយបារម្ភដែរតើ ហ្នឹងបានថា សុខចិត្តថា កុំលក់ដើមច្បោះ អាណាខូចៗ ទុកទៅ បើយើងលក់ទៅវាលួចអារទាំងអស់ […]  គេចង់ទិញដែរតើ ដើមច្បោះខ្ញុំគេសុំទិញ ប៉ុន្តែប្ដីខ្ញុំគាត់អត់លក់ ជួនកាលក៏ទាហានគេមកសុំទិញ»។

ដូចទៅនឹង អ្នកស្រី សុខ មឿន ដើមច្បោះប្រមាណជាង ៦០០ដើមរបស់អ្នកស្រី ទ.ល.ណ. ក៏ត្រូវបានទាហាន និងឈ្នួញមួយចំនួនកំពុងតែចូលចែចូវជាញឹកញ៉ាប់ផងដែរ ការណ៍នេះកាន់តែធ្វើឱ្យអ្នកស្រីកាន់តែព្រួយបារម្ភដោយគាត់អះអាងថា ប្រសិនអស់ដើមច្បោះ និងព្រៃឈើខ្លាចក្រែងតែរដ្ឋាភិបាលនឹងប្រែក្លាយតំបន់នោះទៅជាដីសម្បទានសេដ្ឋកិច្ច។

អ្នកស្រី ទ.ល.ណ.​ បន្តថា៖ «សុទ្ធតែទាហានទារទិញ! ចាស ខ្ញុំក៏មានការព្រួយបារម្ភ យូរៗ ទៅ ខ្ញុំខ្លាចតែមិនសល់ទេ ខ្លាចតែនៅតែដី ហើយខ្លាចខាងរដ្ឋមន្ត្រីគាត់ដកយកធ្វើជាដីសម្បទានអី សេដ្ឋកិច្ចអីហ្នឹង មានការព្រួយបារម្ភដែរ»។

ស្រដៀងនេះដែរ ដូនចាស់មានបទពិសោធន៍​ល្បាតព្រៃចាស់វស្សា រឿង ខាន់ បានប្រៀបធៀបព្រៃឈើទៅនឹងជីវិតរបស់ប្រជាពល​រដ្ឋ ដែលជាកត្តាជំរុ​ញឱ្យជនជាតិដើមភាគតិចកួយតស៊ូក្រាញននៀលការពារព្រៃអភិរក្សមួយនេះ។

អ្នកស្រី រឿង ខាន់ និយាយថា​៖ «គិតថា បើបាត់បង់ព្រៃឈើហាក់ដូចជាថា បាត់បង់ជីវិតទាំងអស់គ្នា ព្រោះអីពួកខ្ញុំជា​ជនជាតិដើមភាគតិច គឺថា រស់នៅពឹងលើព្រៃទាំងអស់ ព្រៃព្រះរកា ដូច្នេះបើសិនពួកខ្ញុំមិនខំតស៊ូទេ ស្មើនឹងបាត់​បង់​មនុស្ស ធនធានមនុស្សដែរ»។

ដូនចាស់ រឿន ខាន់ សម្តែងការ​ព្រួយ​បារម្ភ​ចំពោះ​ការបាត់បង់ចំណូលពីធនធានធម្មជាតិ ដែលមាននៅក្នុងព្រៃនេះផង​​ដែរ ដោយគាត់​លើកឡើង​ថា៖ «ពីដើមពួកខ្ញុំមិនក្រទេមួយខែៗ បាន២​ ទៅ ៣ពាន់ដុល្លារ លក់ជ័រ ចុះបើរាប់ឆ្នាំ មួយ​ឆ្នាំវាឃើញប៉ុន្មាន»។

ដូនចាស់រូបនេះបញ្ជាក់ចំៗ ថា៖ «ដែនខាងបរិស្ថា​ននេះឯងអ្នកបំផ្លាញព្រៃឈើ ពួកខ្ញុំអត់ទទួលយកទេ បើបាត់បង់ព្រៃឈើ ព្រោះព្រៃឈើពីមុនមកនៅជុំជិតល្អណាស់ កាលពីនៅរដ្ឋបាលព្រៃឈើក៏នៅសមសួន រហូតដល់ចូលដែនអ្នកគ្រប់គ្រងរាល់ថ្ងៃនេះ ដូចតែល្ហរល្ហេវច្រើនមែនទែន»។

កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​ថ្មី​ក្រោម​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច» បាន​រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ប្រមាណ​ជាង ៦​ពាន់​ហិកតា (៦២៧១​ហិកតា) ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ គឺ​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃព្រះរការ។

នៅ​ក្នុង​របាយការណ៍​នោះ ថែមទាំង​ចោទប្រកាន់​ចំៗ ​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ​នឹង​ការ​រាយការណ៍​បទល្មើស​ពី​ប្រជាពលរដ្ឋ និង​ថា ​ពេល​ខ្លះមន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនោះ​បាន​ចុះ​ទៅ​ស៊ើបអង្កេត ប៉ុន្តែ​គ្រាន់តែ​ស៊ើបអង្កេត ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់​និង​​បញ្ហាប្រឈម ដែលក្រុមស្រ្តីជនជាដើមភាគតិចកួយ នៃបណ្តាញសហគមន៍ព្រៃព្រះរកាលើកឡើងខាងលើ អ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពី​ប្រធាន​ ដែនជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុន​សឿន បាននោះទេ ដោយលោកបានចុចបិទទូរស័ព្ទនៅពេលអ្នកសារព័ត៌មានហៅចូល៕

………………………………………..

អត្ថបទដោយក្រុមអ្នកកាសែតស្ត្រីវ័យក្មេង  កញ្ញា ទុយ អេងលី និងជួន រក្សា គាំទ្រការផលិតដោយគម្រោងស៊ីចា(CEEJA)។  

អត្ថបទមុន

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​​ខេត្ត​រតនគិរី​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ឡើង​វិញ​ក្រោយ​ខូច​ជាង​១០​ឆ្នាំ​

អត្ថបទបន្ទាប់

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

អត្ថបទបន្ទាប់
អ្នកស្រី ឥន ធូ រងអំពើហិង្សាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅពេលអ្នកស្រីចុះទៅឃាត់គ្រឿងចក្រចូលឈូសឆាយលើដីមានវិវាទ។ (រូបភាពផ្ដល់ឱ្យ)

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង