រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្តភាគឦសាន ដែលមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។
ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភាគឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការដាក់ចេញកម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសានប្រទេសនេះ ដើម្បីជំរុញកំណើនវិនិយោគឯកជន បង្កើនចរន្តសេដ្ឋកិច្ច ការងារ និងភាពទាក់ទាញឱ្យប្រជាពលរដ្ឋទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅតំបន់ទាំងនោះ។
លោកបន្ថែមថា៖ «លើសពីនេះទៀត សម្រាប់សកម្មភាពធុរៈកិច្ច ដែលកំពុងដំណើរការនៅក្នុងខេត្តទាំង៤ តែមិនទាន់បានចុះបញ្ជីពន្ធដា អាចចុះបញ្ជីពន្ធដាដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៥នេះ ហើយទទួលបាននូវការលើកលែងពិន័យទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកផងដែរ។ ក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់ សកម្មភាពធុរៈកិច្ចទាំងនោះ ក៏អាចស្នើសុំការលើកទឹកចិត្តដោយត្រូវចុះបញ្ជី គ.ល.គ នៅក្នុងឆ្នាំ២០២៥នេះ»។
បន្ថែមពីនេះ លោកថា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការ ជំរុញការវិនិយោគនៅខេត្តភាគឦសាន ដោយប្រើយន្តការច្រកចេញចូលតែមួយ សម្រាប់រាល់ការស្នើសុំវិនិយោគ និងដោះស្រាយបញ្ហានានា ទាក់ទងនឹងការវិនិយោគដែលកើតមាននៅខេត្តទាំង៤។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏បានជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធន់តូច និងមធ្យមវិនិយោគឱ្យបានច្រើន ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បរមា ចាប់ពី១០ម៉ឺនដុល្លារឡើង អាចស្នើសុំគោលការណ៍វិនិយោគបាន ការផ្ដល់ហិរញ្ញប្បទានគាំទ្រ ក្រោមអត្រាការប្រាក់ទាប និងជំរុញការបង្កើនធនធានមនុស្សសម្រាប់វិស័យកសិកម្ម និងកសិឧស្សាកម្ម ដោយលើកលែងពន្ធលើប្រាក់បៀវត្តកម្មកររបស់កម្មករខ្មែរដែលមានតិច ឬស្មើជាង២លានរៀលក្នុងមួយខែផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តទាំង៤ ផ្ដោតលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។
លោកថា៖ «ហើយចំណុចមួយទៀត សុំខេត្តទាំង៤យកចិត្តទុកដាក់ គឺសន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវធ្វើម៉េចទប់ស្កាត់នូវសកម្មភាពទាំងឡាយណាដែលបង្កនូវអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា កិច្ចការងារនេះគឺត្រូវប្រយ័ត្ន។ ខេត្តយើងទាំង៤ ទោះជាត្រូវកវែកកឆ្នាំងតាំងពី៩៩[ឆ្នាំ១៩៩៩]មកយើងអភិវឌ្ឍន៍ប៉ុណ្ណេះអត់មានពឹងទៅលើបទល្មើសបច្ចេកវិទ្យាទេ អ៊ីចឹងយើងរស់តទៅទៀត ដោយសារមិនចាំបាច់ទៅលើអាហ្នឹងទេ[បទល្មើសបច្ចេកវិទ្យា]»។
លោក នុន សុគន្ធា វ័យ៤០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង នៅខេត្តរតនគិរី និងទីប្រឹក្សាសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាផងនោះ បានគាំទ្រចំពោះកម្មវិធីនេះ។ តែយ៉ាងណា លោកក៏មានក្តីបារម្ភផងដែរ ពីផលប៉ះពាល់នានាលើប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើម ដោយសារការអភិវឌ្ឍទាំងនោះ។
លោកថា៖ «រាល់ការអភិវឌ្ឍហ្នឹង គឺជាចំណុចល្អហើយ ប្រជាជនជនជាតិដើមភាគតិចហ្នឹង យើងចង់បានការអភិវឌ្ឍ ដូចប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូលដែរ ប៉ុន្ដែដោយសារតែអ្វីដែលសំខាន់នោះ គឺជនជាតិដើមភាគតិចមានភាពខុសប្លែក ដូចជាស្នូលនៃជនជាតិដទៃផ្សេងទៀត ដូច្នេះហើយបានជាយើងត្រូវការឱ្យមានការយកចិត្តទុកដាក់ និងគិតគូរស៊ីជម្រៅទៅកាន់អ្វីដែលបានរៀបចំ ដាក់ឱ្យរាជរដ្ឋាភិបាលឱ្យដំណើរការ បានន័យថា ទទួលស្គាល់ជនជាតិដើមភាគតិច ជាពិសេសទៅលើប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅ មុខរបរចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
ជនជាតិភាគតិចរូបនេះ ក៏បារម្ភផងដែរពីផលប៉ះពាល់ទៅលើរបៀបរបបនៃការរស់នៅរបស់ជនជាតិដើមភាគតិច ដោយសារតែមានការជំរុញការអភិវឌ្ឍលឿនពេក ដែលប្រជាពលរដ្ឋមិនបានត្រៀមខ្លួនជាមុន។
លោកថា៖ «ក្នុងចំណុចនេះ យើងបារម្ភទៅលើការប៉ះពាល់ទៅលើរបៀបរបបនៃការរស់នៅ ជាពិសេសហ្នឹងទៅលើជីវភាពរស់នៅរបស់សហគមន៍ដែលត្រូវមានការផ្លាស់ប្ដូរពីការធ្វើចំការ ធ្វើស្រែ ការទទួលផលព្រៃឈើហើយបែរមកធ្វើការងារក្នុងវិស័យឧស្សាហកម្ម ហើយនៅក្នុងវិស័យនៃកសិឧស្សាហកម្ម ដែលជនជាតិដើមភាគតិចរបស់យើងហ្នឹង មិនសូវមានជំនាញ ដោយសារយើងពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃឈើ និងការធ្វើចំការ ការប្រើប្រាស់នូវប្រព័ន្ធប្រពៃណីនៅក្នុងការប្រកបរបរ ហើយនិងការរបស់រានមានជីវិត»។
អភិបាលរងខេត្តរតនគិរី លោក ស៊ូ សិរី បានប្រាប់ថា កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាននេះ ជារឿងមួយល្អសម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលកំពុងរង់ចាំសហការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល។ លោកបន្តថា ខេត្តររតនគិរី អំណោយផលទាំងវិស័យកសិកម្ម និងទេសចរណ៍ ដោយមានដំណាំ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយលោករំពឹងថា ជីវភាពប្រជាពលរដ្ឋនឹងមានការប្រសើរឡើង។
លោកថា៖ «ផ្នែកកសិកម្មយើងមានកៅស៊ូ ចន្ទី ធុរ៉េន ដំឡូង ហើយបើផ្នែកទេសចរណ៍ គឺយើងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង ដែលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសគឺនៅក្នុងទីរួមខេត្តហ្នឹង ក្រុងបានលុងយើងមានតំបន់ទេសចរណ៍បែបធម្មជាតិ៣កន្លែងឯណោះ ១ទឹកជ្រោះកាចាញ ទី២បឹងយក្សឡោម ទី៣គឺបឹងកន្សែង។ ឥឡូវបឹងកន្សែង រដ្ឋបាលខេត្តកំពុងធ្វើការអភិវឌ្ឍន៍ឱ្យមានការទាក់ទាញខ្លាំងនូវតំបន់ទេសចរណ៍បែបធម្មជាតិរបស់យើង»។
ចំពោះការបារម្ភផលប៉ះពាល់នៃការអភិវឌ្ឍលើការរស់នៅរបស់ជនជាតិដើមភាគតិច លោក ស៊ូ សិរី បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត មានក្រុមការងារដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង និងមិនឱ្យការអភិវឌ្ឍប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិចឡើយ។
លោកមានប្រសាសន៍ថា៖ «ធម្មតាទេ កាលណាមានការអភិវឌ្ឍ ត្រូវតែមានផលប៉ះពាល់ខ្លះចៀសមិនខានទេ ប៉ុន្តែយើងមានក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់គាត់[ជនជាតិដើមភាគតិត] ហើយឱ្យគាត់ចូលរួម មិនមែនគាត់អភិរក្សហើយមិនមានការបត់បែនទេ អ៊ីចឹងដូចតំបន់សហគមន៍របស់គាត់ គាត់ចង់ឱ្យក្រុមហ៊ុនចូលអភិវឌ្ឍន៍អី យើងនិយាយគ្នា និយាយគ្នាបាន យើងមានទីតាំងភូមិសាស្ត្រធំទូលាយសម្រាប់ធ្វើកសិកម្ម មិនអីទេពាក់ព័ន្ធរឿងជនជាតិដើមភាគតិច យើងមិនឱ្យមានផលប៉ះពាល់ដល់គាត់ទេ។ គាត់មិនមានការព្រួយបារម្ភទេ ដោយសារយើងបានផ្សព្វផ្សាយ ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍ គឺមិនឱ្យប៉ះពាល់អ្វីដែលជាវប្បធម៌ ប្រពៃណីរបស់គាត់ទេ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា ការអភិវឌ្ឍ និងការវិនិយោគនៅតំបន់ភូមិភាគឦសាន គឺជារឿងល្អ។ តែយ៉ាងណា លោកស្នើរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់នានាឱ្យបានច្បាស់លាស់ ជៀសវាងប៉ះពាល់ដល់សិទ្ធិរបស់ជនជាតិដើមភាគតិច ដែលកំពុងរស់នៅខេត្តទាំងនោះ។
លោកថា៖ «ប៉ុន្តែក៏គួរសិក្សាឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយជាមុនសិន មុនចាប់ផ្តើមធ្វើការអភិវឌ្ឍ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ជនជាតិដើមភាគតិចដែលកំពុងរស់នៅតំបន់នោះ ដូចជារឿងដីធ្លី សហគមន៍ជនជាតិដើមភាគតិច ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណ នៃជនជាតិដើមភាគតិច។ ប្រសិនបើការអភិវឌ្ឍ និងការវិនិយោគដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយជាមុនទេ អាចបណ្តាលឱ្យប៉ះពាល់ដល់ដីធ្លី ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណនៃជនជាតិដើមភាគតិច»។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលផ្ដោតលើវិស័យអាទិភាពចំនួន៣ គឺវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ CVL-DTA បង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមរវាងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម ក្នុងនោះមានការចូលរួមពីខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី នៃប្រទេសកម្ពុជាផងដែរ៕

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ CVL-DTA បង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្នុងនោះមានការចូលរួមពីខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី នៃប្រទេសកម្ពុជាផងដែរ៕
អត្ថបទដោយ៖ ហុង សេរីហ្វុង