CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម Featured

បទយកការណ៍៖ កម្មករព្រួយបារម្ភបាត់បង់ការងារ ក្រោយ​អាមេរិក​ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពី​កម្ពុជា​

CJs khmer ដោយ CJs khmer
April 11, 2025
ក្នុង Featured
0
បទយកការណ៍៖ កម្មករព្រួយបារម្ភបាត់បង់ការងារ ក្រោយ​អាមេរិក​ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពី​កម្ពុជា​

កម្មការិនី៤នាក់ កំពុងអង្គុយហូបបាយថ្ងៃត្រង់ជុំគ្នា ​នៅខាងមុខរោងចក្រញូអេសថ៍ហ្គាម៉ិនខេមបូឌា ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៥។ (រូបភាព៖ លាស់ លីបលីប)

0
ចែករំលែក
54
ចំនួនមើល
កម្មការិនី៤នាក់ កំពុងអង្គុយហូបបាយថ្ងៃត្រង់ជុំគ្នា ​នៅខាងមុខរោងចក្រញូអេសថ៍ហ្គាម៉ិនខេមបូឌា ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៥។ (រូបភាព៖ លាស់ លីបលីប)

ដោយ​យក​បាយ​មួយ​ថង់​​តូច​ដាក់​នៅចំពី​មុខ ​និង​​ម្ហូប​អាហារ​មួយចំនួនដាក់​ចំកណ្តាល​​ ដើម្បី​ចែក​​រំលែកជាមួយ​គ្នា​​​ អ្នកស្រី ណៃ គុយ​ អាយុ​៤០​ឆ្នាំ បាន​អង្គុយក្រោម​ម្លប់ដើម​ឈើ​​ជា​មួយ​​សហសេវិក​​ ៣នាក់​ផ្សេងទៀត ដើម្បី​បរិភោគ​អាហារ​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​ខាង​មុខ​​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់​និង​ស្បែក​​ជើង​ ញូអេសថ៍ហ្គាម៉ិនខេមបូឌា ក្នុង​រាជធានីភ្នំពេញ។​

អ្នក​ស្រីមើលទៅហាក់ដូច​ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ​​ ដោយ​យូរៗ​ម្តង​បាន​បញ្ចេញ​ស្នាម​ញញឹម​ ខណៈ​ពេល​​អ្នក​ស្រី​ជជែក​លេងយ៉ាងសប្បាយ​រីករាយ​​ជាមួយ​មិត្ត​ភក្តិ​ អំឡុង​ពេល​សម្រាកទទួល​ទាន​​អាហារ​ថ្ងៃត្រង់​​​។ ប៉ុន្តែ​នៅ​ពីក្រោយ​ស្នាម​ញញឹម​នេះ​ ​​ក៏មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​​ស្រី​កំពុង​​គិត​​​​។

អ្នក​ស្រី​កំពុង​បារម្ភ​អំពី​អនាគត​របស់​អ្នក​ស្រី​​ ជា​ពិសេសពាក់ព័ន្ធ​ការ​សម្រេច​ចិត្តរបស់​រដ្ឋាភិបាល​​អាមេរិក​ នាពេលថ្មីៗ​នេះ ដោយ​បាន​ដំឡើងអត្រា​​ពន្ធ​៤៩​% ដល់ប្រទស​កម្ពុជា លើ​ការនាំ​ ទំនិញ​ទៅលក់ក្នុងទឹកដីអាមេរិក។ ​​ អត្រាពន្ធ​ដ៏ខ្ពស់​ដែល​អាចនឹង​ចូល​ជា​ផ្លូវការ​​​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ណៃ គុយ និង​មិត្ត​ភក្តិរបស់​អ្នកស្រី​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ការ​ងារ​ បាត់ចំណូល ​​និង​គិតថា​ពួកគាត់នឹង​ត្រូវ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​របស់​ខ្លួន​ដោយ​របៀប​ណា​។​

​​ការ​ប្រកាស​ដំឡើង​អត្រាពន្ធ​៤៩​%លើ​ទំនិញ​កម្ពុជា​ដែល​នាំចេញទៅ​កាន់​សហរដ្ឋអាមេរិក​ បាន​​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ ​ក្នុង​ចំណោម​កម្មករ​នៅក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា​។

ស្រប​ពេលដែល​ពួកគេ​ភាគច្រើន​ពឹងផ្អែក​លើ​ការ​ងារ​រោង​ចក្រ​កាត់​ដេរ ​ដើម្បីផ្តត់​ផ្គង់ខ្លួន​ឯង​ និង​​ក្រុម​គ្រួ​សារ​ ​ការ​ដំឡើង​អត្រាពន្ធនេះ​ បាន​ធ្វើ​ឱ្យ​ពួកគេ​បារម្ភ​អំពី​បញ្ហា​ជីវភាពប្រចាំថ្ងៃ​​ ភាព​មិន​ច្បា​ស់​​លាស់​​នៃ​អនាគត ​និង​ស្ថានភាព​​សេដ្ឋ​កិច្ច​ដែលកំពុង​​មាន​បញ្ហា​​ប្រ​ឈម​​ស្រា​ប់​​។​​

​អ្នកស្រី ណៃ គុយ ដែលមានស្រុកកំណើតក្នុងខេត្តតាកែវ តែង​តែ​តាម​ដាន​ព័ត៌មាន​អំពី​ការ​ប្រ​កាស​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​មក​លើ​កម្ពុជា​ និយាយថា ​ការ​ធ្វើ​បែប​នេះ​នឹង​បង្ក​ផល​លំបាក​សម្រាប់​កម្មករ ដោយ​សារ​នៅពេលមាន​ការ​ប៉ះពាល់​ជាមួយ​ការ​បញ្ជាទិញ​ពីសហរដ្ឋ​អាមេរិក នោះរោង​​ចក្រ​អាចឈាន​ដល់​ការ​ផ្អាក​ការងារ​ ឬបញ្ឈប់កម្មករ​។​

អ្នក​ស្រី​​​បានប្រាប់Newsroom Cambodia ថា៖ «​ពន្ធថ្លៃ​ខ្លាចមា​ន​បញ្ហា​ [គឺ​]ពិបាក​សម្រាប់​កម្មករយើង។ ខ្លាចអត់មានការងារ​ធ្វើ ខ្លាចអីអ៊ីចឹង ព្រោះកម្មករយើង​ឥឡូវប្រឈមច្រើន ព្រោះជាប់បង់ធនាគារផង ចិញ្ចឹមកូនផង ទឹកភ្លើង​ផង​​។ ដល់​ពេលយើង​​អត់ការងារ​ធ្វើ យើង​ពិបាកដែរ»។

​អ្នក​ស្រីរៀបរាប់​បន្ថែម​ថា បច្ចុប្បន្ននេះ ​ការចំណាយ​ក្នុងគ្រួសារ​ខ្ពស់ ដោយ​ត្រូវ​ចំណាយថ្លៃបន្ទប់​ជួល​ ថ្លៃទឹងភ្លើ​ង បង់សងធានាគារ ទិញម្ហូបអាហារប្រចាំថ្ងៃ និងទិញទឹកដោះគោឱ្យកូន​អាយុ២ឆ្នាំ​ ដូច្នេះបើសិនជាគ្មានការងារធ្វើ នោះវានឹង​ធ្វើឱ្យអ្នកស្រីកាន់តែពិបាករកចំណូល ​ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​។

​​អ្នកស្រីព្រួយបារម្ភថា ប្រសិនបើរោងចក្របិទ ឬព្យួរ​ការ​ងារ​ ដោយសារ​តែ​ការ​ធ្លាក់ចុះនៃការ​បញ្ជាទិញ​ពីអាមេរិក​ នោះនឹងធ្វើឱ្យអ្នក​ស្រី​គ្មាន​ជម្រើ​ស​អ្វីផ្សេង​ ក្រៅពីវិលត្រឡប់ទៅ​ស្រុក​កំណើត​ធ្វើ​ស្រែ​ចម្ការ​វិញតែប៉ុណ្ណោះ​។​

ទាក់ទង​​បញ្ហាដំឡើងពន្ធរបស់សហរដ្ឋអាមេរិកវិញ អ្នកស្រីថា រដ្ឋបាល​រោង​ចក្រ​មិនទាន់ជូនដំណឹងអ្វី​នៅឡើយទេ។ អ្នកស្រីថា នឹងរង់ចាំ​មើលការ​វិវត្ត​នៃអត្រាពន្ធនេះ ជាបន្តបន្ទាប់ទៀតផងដែរ​។

កម្មារិនីម្នាក់ទៀត ដែលកំពុងធ្វើការក្នុង​រោងចក្រ​ខ្វាន់ទុមអឹភែរីល​ ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងសង្កាត់​ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺកញ្ញា ប៉ី សារឿន អាយុ៣៦ឆ្នាំ ក៏ព្រួយបារម្ភស្រដៀងនឹង​អ្នកស្រី ណៃ គុយ ផងដែរ ពាក់ព័ន្ធ​​​ស្ថិរ​ភាព​ការ​ងារ​​នៅ​​រោង​ចក្រ​កាត់ដេរ​​។​

ស្ត្រីដែលមានស្រុកកំណើតនៅខេត្តព្រៃវែង​​រូប​នេះ​​​ បាននិយាយ​​ថា៖​ «ខ្ញុំបារម្ភដែរ ដឹងស្រាប់ហើយ ពេល​​ដំឡើងពន្ធ ខ្លាច​ឈានដល់ការ​បិទរោង​ចក្រ ព្យួរការងារ ព្រោះកម្មករ ពឹងផ្អែកលើរោងចក្រ។ បើសិនជាការបញ្ជាទិញពន្ធថ្លៃពេក ពន្ធខ្ពស់ពេក ខ្លាចគេលែងបញ្ជាទិញ»។

ដៃកំពុងកាន់កញ្ចប់បាយ​ម្អូប​ ដែលបានទិញនៅខាង​មុខរោងចក្រ ​លោក ហិន ហួន អាយុ២៨ឆ្នាំ ដែលជា​កម្មករនៅ​រោងចក្រផលិតស្បែកជើងនៅរោងចក្រឌីអេសអិល២អេនធើប្រាយ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ប្រាប់Newsroom Cambodiaថា៖ ​«ដំឡើងពន្ធច្រើន អាចប៉ះពាល់ច្រើន​ដល់កម្មករ ព្រោះកម្មករអត់មានអីឥវ៉ាន់[ការងារ]ធ្វើ»។ ​​ 

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៥​ រដ្ឋបាល​លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើ​ការ​នាំទំនិញទៅលក់លើទីផ្សារសហរដ្ឋអាមេរិក ​ចំពោះប្រទេស​ជា​ច្រើន​ដែល​ជា​​​ដៃគូពាណិជ្ជកម្មរបស់ខ្លួន​​ចាប់ពី១១% រហូតដល់១០៤%​ ហើយ​គោលនយោបាយ​ពន្ធ​ថ្មីនេះ បាន​​ចូល​​ជា​ធរមាន​ ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា​ ឆ្នាំ២០២៥​។ ​ទោះបីជា​យ៉ាងណា ប៉ុន្មានម៉ោងក្រោយមក ​លោក ដូណាល់ ត្រាំ បានប្រកាស​​ផ្អាកការយកពន្ធថ្មីនេះ ក្នុងរយៈពេលចំនួន៩០ថ្ងៃ​ ដោយទុកពេល​​ឱ្យ​ប្រទេស​ជាង ៧៥ប្រទេស ដែលបានដាក់លិខិតសុំចរចាជាមួយ​សហរដ្ឋអាមេរិក ដើម្បីបាន​​ចរចា​​អំពីការដំឡើងពន្ធនេះ។ ​

ប៉ុន្តែ​អំឡុង​រយៈពេល៩០ថ្ងៃនេះ ប្រទេស​ទាំង​អស់ បូករួមទាំង​កម្ពុជាដែរ ត្រូវ​ជាប់ពន្ធ១០% លើកលែងតែប្រទេស​ចិន ដែល​អាមេរិកបានដំឡើងពន្ធថែម រហូតដល់១២៥% កាលពីថ្ងៃទី១០ ខែមេសា។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក ត្រូវ​នឹង​ថ្ងៃសុក្រ​ ទី១១ ខែមេសា​ ម៉ោងនៅកម្ពុជា ឱ្យដឹងថា អាមេរិក បានបន្តដំឡើងពន្ធ​នាំចូលពីចិន រហូត​ដល់ ១៤៥%។

ចំណែកប្រទេស​​ចិន ក៏បាន​ដំឡើងអា​ពន្ធ​ទំនិញនាំចូលពីអាមេរិកយកទៅលក់លើទីផ្សារចិន ៨៤%​វិញផង​​ដែរ​។ ​នេះបើតាមការ​ចុះផ្សាយ​របស់​បណ្តាញ​​​​សារព័ត៌មានបរទេស​ជាច្រើន។ ​

​ក្នុងចំណោមបណ្តាប្រទេស​អាស៊ាន គឺកម្ពុជាជាប្រទេស​មួយ ដែល​​អាមេរិក​ដាក់​អាត្រា​ខ្ពស់ជាង​​គេ​រហូត​ដល់ ៤៩% ​ ខណៈប្រទេស​ឡាវ ៤៨% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៤% ថៃ៣៦% ឥណ្ឌូនេស៊ី ៣២% ព្រុយណេ ២៤% ម៉ាឡេស៊ី ២៤% ហ្វីលីពីន ១៧% សិង្ហបុរី ១០%។

​បើទោះបីជា​មាន​ក្តីបារម្ភ​ភ្លាមៗ​បែបនេះក៏ដោយ ក៏​កម្មករ​និ​ងមន្ត្រីរដ្ឋាភិបាល ​កំពុង​តាម​ដាន​មើល​​​ស្ថានភាពនេះ​យ៉ាងយកចិត្ត​ទុកដាក់។​

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៥ រដ្ឋា​​ភិបាលកម្ពុជា បាន​ផ្ញើលិខិត​ទៅកាន់​​ប្រធានាធិបតេយ្យ​​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ដើម្បីស្នើសុំចរចា​​លើការអនុវត្ត​​ពន្ធលើការនាំចេញរបស់​កម្ពុជា​​ទៅ​សហរដ្ឋ​អាមេរិក​។ ក្នុងលិខិតនោះ កម្ពុជា ​បានសម្រេច​បន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញពីអាមេរិកមកកម្ពុជាលើ១៩ក្រុមទំនិញ ​(ប្រមាណជាង៨០ផលិតផល) ពីអត្រា​​អតិបរមា៣៥% មកត្រឹមអត្រា ៥%។ នេះបើតាម​លិខិត​មួយច្បាប់ ដែលផ្សព្វផ្សាយដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមបណ្តាញ​សង្គម​​ហ្វេសប៊ុកកាលពីថ្ងៃទី៤ ខែមេសា។

​លិខិត​នេះ បញ្ជាក់ថា៖ «កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុង​ន័យស្ថាបនា​ និងប្រ​កប​ដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ​ឱ្យ​​កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិនិងប្រជាជននៃប្រ​ទេស​​ទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ»​​​។

​ថ្លែង​ក្នុងពិធី«សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ​»​ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២៥ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​គិត​គូរ​ល្អិតល្អន់​ពីមួយជំហានទៅមួយជំហាន​ និង​​បាន​​ចាត់​តាំង​ លោក​ ស៊ុន ចាន់ថុល​ អនុប្រធាន​ទី១នៃក្រុមប្រឹក្សា​អភិវឌ្ឋន៍កម្ពុជា និង​លោកស្រី ចម និម្មល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម ត្រៀម​ដឹកនាំ​​ក្រុម​​ការងារ​​ចរចា​ជាមួយ​​សហរដ្ឋ​អាមេរិក​។​

បើតាម​លោក ហ៊ុន ម៉ាណែត​ កម្ពុជាបាន​ក្លាយ​ជាសមាជិកអង្គការពាណិជ្ជកម្ម​ពិភពលោក (​WTO) កាលពីឆ្នាំ២០០៤ ដូច្នេះអាត្រាពន្ធនាំចូលពីប្រទេស​ទាំងអស់ ត្រូវកំណត់មិនឱ្យលើស​​​៣៥%នោះទេ ដោយកម្ពុជាបានយក​ពន្ធលើ​ទំនិញអាមេរិក​ចូលមកលក់លើទីផ្សារកម្ពុជា ជាមធ្យម ២៩,៤% ខណៈកម្ពុជាក៏ត្រូវ​បង់ពន្ធជាមធ្យម​​ជាង​ ១១% លើទំនិញដែលនាំពីកម្ពុជា​ទៅលក់នៅសហរដ្ឋអាមេរិកផងដែរ។  ​

​ក្នុង​ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា អាមេរិកមានទំហំ ១០,១៨ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២% បើធៀបនឹងឆ្នាំ​២០២៣ ដោយក្នុងនោះ កម្ពុជានាំទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់​ ៩,៩២​ពាន់​លាន​ដុល្លារ ខណៈ​ការនាំទំនិញពីអាមេរិកមកកម្ពុជា មានទំហំ ​២៦៤,១៤លានដុល្លារអាមេរិក។ នេះយោងតាម​របាយការណ៍ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេស​សំខាន់ៗ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ (បណ្តោះអាសន្ន) ដែលចេញផ្សាយ​ដោយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេរបស់កម្ពុជា ក្នុងចំណោមទីផ្សារនៃបណ្តាប្រទេស​សំខាន់ៗ​​​ទាំង២០ ដែលកម្ពុជានាំទំនិញចេញ។ ​ប្រទេស​វៀតណាម គឺជាទីផ្សារធំទី២​របស់កម្ពុជា ដែល​មានទំហំ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ​២០២៤ ខណៈ​​ចិនជាទីផ្សារធំទី៣​របស់​កម្ពុជា ដែល​​មាន​ទំហំ ១,៧៥ពាន់លានដុល្លារ​ ហើយ​កម្ពុជានាំទំនិញពីចិន​មកកាន់ទីផ្សារកម្ពុជាទំហំ១៣,៤៣ពាន់លានដុល្លារ​អាមេរិក។ ​នេះបើ​យោងតាម​របាយការណ៍ស្ថិតិជញ្ជីងពាណិជ្ជកម្មដដែលនេះ។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា អាមេរិក ផ្តល់ដំណឹង​អំពីការចរចាការដំឡើងពន្ធជា​មួយ​កម្ពុជានាពេលណានោះទេ។

លោក អាត់ ធន់ អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ប្រាប់ Newsroom Cambodia ថា​ ការដំឡើងពន្ធនេះ អាចជាការលំបាកមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដោយ​សារ​​កម្ពុជាបាននាំទំនិញពីរោងចក្រកាត់ដេរ ទៅសហរដ្ឋអាមេរិក​ប្រមាណ៤០%។ ​

លោកបន្ត​ថា ​ប្រទេស​វៀតណាម ប្រទេស​បង់ក្លាដេស និងប្រទេស​ភូមា គឺជា​គូ​​ប្រជែងរបស់​កម្ពុជា ​ក្នុង​ការ​នាំចេញ​​វាយនភណ្ឌកាត់ដេរទៅលើទីផ្សារ​អន្តរជាតិ ​ ដូច្នេះពេលនេះមិនទាន់អាច​សន្និ​ដ្ឋានបែបណាបាននោះទេ ដោយ​សារ​ប្រទេស​ទាំង​នោះ ក៏សុទ្ធតែត្រូវបានអាមេរិកដំឡើងពន្ធនាំ​ដូចគ្នា។​​

លោកលើកឡើងថា៖ «ខ្ញុំគិតថា ជាការលំបាកសម្រាប់រដ្ឋាភិបាល​​កម្ពុជា​​ ហើយ​​ក៏លំបាកសម្រាប់កម្មករ និង​និយោជក​​​ដែរ ពេល​​បច្ចុប្បន្ននេះ។ ម្នាក់ៗ រង់ចាំមើលភាពប្រសើរ​ឡើង​ ហើយ​អាច​ប្រសើរ​ឡើងយ៉ាងម៉េច។ បើសិនជា​វា​មិនរួចទេ គឺកម្ពុជា អាច​ប្រឈមនឹង​ការ​លំបាក​ កាត់បន្ថយ​ការនាំចេញ ប៉ុន្តែអាចជាជម្រើសនឹង​បង្កើត​រកទីផ្សារផ្សេងៗទៀត នៅ​​លើពិភពលោក»។ ​​

លោក​ មឿន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ​សង់​ត្រាល់​ យល់ថា បើកម្ពុជាត្រូវបានសហរដ្ឋអាមេរិកដាក់ពន្ធស្មើប្រទេស​ដទៃ នោះ​កម្ពុជានឹងមិនអាច​រស់បានទេ ដូច្នេះរដ្ឋាភិបាលត្រូវបង្ហាញ​ថា កម្ពុជា​អនុវត្តពាណិជ្ជកម្មត្រឹមត្រូវ ដើម្បី​ឱ្យអាមេរិក ទម្លាក់អាត្រាពន្ធមកក្នុងកម្រិតទាប​​។ លោកថា បើសិនកម្ពុជា​អាច​ស្នើឱ្យអាមេរិក ​ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលបាត់បង់ជាង​២ឆ្នាំមុននោះ​មកវិញ​ គឺកាន់តែល្អ ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា។ ​

​លោកនិយាយ​ថា៖ ​«រឿងមួយដែលសំខាន់ ដែលអាមេរិក​បារម្ភជាងគេ គឺខ្លាចកម្ពុជាយើង​ធ្វើជាឈ្មួញកណ្តាល​ឱ្យ​ចិន ខ្លាចកម្ពុជានាំយកទំនិញចិនមក​វាយស្លាកកម្ពុជា ដើម្បី​បានបន្ធូរបន្ថយពន្ធ ហើយយកទៅលក់លើទីផ្សារអាមេរិក​​។ អាហ្នឹង​កម្ពុជាត្រូវត្រៀមខ្លួន បង្ហាញថា កម្ពុជាមិនអនុវត្តពាណិជ្ជកម្មបែបហ្នឹងទេ»។

ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង (GFT) គឺជាវិស័យអាទិភាពរបស់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះបើតាម​លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែល​ថ្លែង​ក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤។  

​បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រកាត់ដេរចំនួន ១៥៨៨ ដែលមានកម្មករនិយោជិត​ជាង​ ៩១​ម៉ឺន​​​នាក់ (៩១៨ ៦៧០នាក់)។ នេះបើតាមលោក កត្តា អ៊ន​ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១០ ខែមេសាឆ្នាំ​២០២៥។

Newsroom Cambodia មិនទាន់អាចសុំការ​បញ្ជាក់ពី លោក ខេន លូ អគ្គលេខាធិការ នៃសមាគម​វាយ​ន​ភណ្ឌ​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ (TAFTAC) បាននៅឡើយទេ។

លោក​បណ្ឌិត ​គី សេរីវឌ្ឍ​ អ្នក​ជំនាញ​សេដ្ឋកិច្ច ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់ Newsroom Cambodia ថា ការដំឡើងពន្ធថ្មីរបស់អាមេរិក មិនទាន់ដឹងច្បាស់ថា មានឥទ្ធិពលបែបណាមកលើសេដ្ឋកិច្ចកម្ពុជានៅឡើយទេ ហើយ​ថា ប្រសិនបើអាមេរិកនៅបន្តដំឡើងពន្ធសម្រាប់ប្រទេស​នានា​លើពិភពលោក គឺវាមិនមែនប៉ះ​ទីផ្សារ​នាំចេញទំនិញកម្ពុជាតែឯងនោះទេ ​​គឺវានឹងនាំឱ្យសេដ្ឋកិច្ចសកលលោកទាំង​មូល​មានការ​ថមថយ។ 

លោកថ្លែងថា៖ «ក្នុងករណីពិភពលោក ឡើងពន្ធទាំងអស់​​នោះ វានឹងមានការ​ថមថយទីផ្សារ​សហរដ្ឋអាមេរិកមកដល់កម្ពុជា ហើយវាក៏​​ជះ​ឥទ្ធិពលទៅដល់​ទីផ្សារបណ្តាប្រទេស​ផ្សេងៗដែរ ខណៈប្រទេសផ្សេងៗទៀត ដែលនាំទៅសហរដ្ឋអាមេរិក​នោះ មានការថមថយទីផ្សារដូចគ្នា”។

លោក គី សេរីវឌ្ឍ​ បន្ថែមថា ​បើសិនជាអាមេរិកដាក់បន្ទុកពន្ធតែលើប្រទេស​ចិន១២៥% ខណៈប្រទេសផ្សេងត្រូវបានបន្ធូរបន្ថយ នោះវានឹងធ្វើ​ឱ្យ​ឧស្សាហកម្មប្រទេសចិន នឹងងាកទៅកាន់ប្រទេសផ្សេងៗ ជាពិសេស​ប្រទេស​កម្ពុជា​ក៏អាច​ជា​ប្រទេសមួយ ​ទទួលបានការវិនិយោគពីប្រទេសចិនផងដែរ។ ​

​លោក ប៉ា ច័ន្ទរឿន​ ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ប្រាប់ Newsroom Cambodia ថា ការប្រើ​ចំណាត់​​ពាណិជ្ជកម្មអន្តរ​ជាតិ គឺ​ជា​យុទ្ធ​សាស្ត្រ​មួយ ដើម្បី​ធ្វើ​ឱ្យអាមេរិកមានប្រៀប ​និងដើម្បីពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ហើយ​​ការដាក់សម្ពាធលើប្រទេសដទៃ ក៏ដូចជាការ​រៀបចំសណ្តាប់ធ្នាប់ពាណិជ្ជកម្មឡើងវិញផងដែរ​។ ​

​​​ដោយឡែក​ចំពោះកម្ពុជា លោកថា ការ​ដំឡើងពន្ធថ្មីនេះ វាអាច​ប៉ះពាល់ក្នុងកម្រិតណាមួយទៅលើ​​ការ​ចំណាយថ្លៃដើម និង​​ចំណាយខ្ពស់លើការនាំចេញ។

លោកថ្លែងថា៖ «​ការ​ដំឡើងពន្ធថ្មីនេះ តិច​ឬច្រើន វាអាច​ប៉ះពាល់​ទាំង​ការ​ចំណាយថ្លៃដើម និង​​ចំណាយខ្ពស់បន្ថែមទៀតទាក់ទង​សង្វាក់ផលិតកម្មនៃការនាំទំនិញ​ចេញទៅសហរដ្ឋអាមេរិក​»។ ​​

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១០ ខែមេសា​​នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ​ភាគីកម្ពុជា និង​ភាគីសហរដ្ឋអាមេរិក នឹងបើកការចរចាពេលឆាប់ៗខាងមុខ។ប៉ុន្តែក្រសួងពាណិជ្ជកម្ម មិនបានបញ្ជាក់​ពេលវេលាជាក់លាក់អំពីការ​ចរចានេះនៅឡើយទេ៕

…………………………….

អត្ថបទដោយ៖ លាស់ លីបលីប

អត្ថបទមុន

បទ​យក​ការណ៍៖ ​យីកេកួយដែល​​ជាទម្រង់​​សិល្បៈល្ខោនមួយបែប​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ខេត្ត​​​កំពង់​ធំ ប្រឈមនឹង​ការ​បាត់បង់

អត្ថបទបន្ទាប់

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

អត្ថបទបន្ទាប់
សកម្មភាពព្រះសង្ឃ និងប្រជាសហគមន៍ធ្វើពិធីបំបួសដើមឈើនៅសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង