យីកេកួយ គឺជាទម្រង់ល្ខោនយីកេមួយបែបដែលមានវ័យចំណាស់ក្នុងសហគមន៍ជនជាតិដើមភាគតិចកួយ នៃខេត្តកំពង់ធំ។ ល្ខោនយីកេកួយនេះ មានភាពស្រដៀងគ្នាទៅនឹងល្ខោនយីកេខ្មែរដទៃទៀតដែរ ទៅលើការសន្ទនា ការច្រៀងរបស់តួអង្គ។
យីកេប្រចាំតំបន់ នៃខេត្តកំពង់ធំនេះ ក៏មានវាសនាមិនខុសពីល្ខោនដទៃទៀតដែរ ក្នុងសម័យសង្គ្រាម គឺត្រូវបានរងការបំផ្លិចបំផ្លាញអស់ស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស ទាំងចម្រៀង សាច់រឿងជាភាសាកួយ ព្រមទាំងក្បាច់រាំផងដែរ។ ក្រោយសម័យសង្គ្រាមបានដួលរលំ មានតែសិល្បករចំនួនមិនដល់ ៥នាក់ផង ដែលនៅរស់រានមានជីវិត។
អ្នកស្រី មួន សុគន្ធ វ័យ៤៥ឆ្នាំ ជាអ្នកសម្តែង និងអ្នកបង្រៀនយីកេកួយ បានឱ្យដឹងថា យីកេកួយ ជាវប្បធម៌ និងអត្តសញ្ញាណមួយរបស់ជនជាតិដើមភាគតិចកួយ ប្រចាំខេត្តកំពង់ធំ ដោយវាមានលក្ខណៈពិសេសខុសពីយីកេធម្មតា ត្រង់សម្លៀកបំពាក់ដែលច្នៃម៉ូតដោយដៃ ភាសា និងមានក្បាច់រាំតាមបែបជនជាតិដើមភាគតិច។
អ្នកស្រីថា៖ «យីកេនេះគ្មានហូលផាមួង កងជើងកងដៃ ដូចល្ខោនផ្សេងទេ គឺដេរកំណាត់សំពត់បត់ធម្មតា ស្លៀកឱ្យតែបានសម្តែងហ្នឹង ព្រោះយើងខ្វះលុយទិញសម្ភារៈថ្លៃៗមកប្រើ។ ហើយដេរខ្លួនឯង ទម្រាំបានមួយៗរាប់ខែ។ ភាគច្រើនយកកំណាត់ពណ៌ផ្សេងៗគ្នាមកដេរ ច្នៃម៉ូតខ្លួនឯង ឱ្យតែបានឃើញពណ៌ប្លែកៗពីគ្នាហើយដាក់ឌិនអង្កាំជាយៗអាវទៅ ហើយយកអង្កាំហ្នឹងបន្លំធ្វើម្កុដ ធ្វើអី កុំឱ្យតែខ្វះចន្លោះសម្រាប់តួហ្នឹងឯង»។
តាមទំនៀមរបស់ជនជាតិដើមភាគតិចកួយនៅខេត្តកំពង់ធំ យីកេកួយនេះ ត្រូវបានគេយកមកសម្តែងរៀងរាល់ពេលមានបុណ្យទានធំៗ ដូចជា បុណ្យចូលឆ្នាំថ្មី ឡើងអ្នកតា ឬបុណ្យភូមិ ហើយនៅពេលមានការសម្តែងម្តងៗ គឺសម្តែងមួយយប់ទល់ភ្លឺ ដោយមានដុតចន្លុះលាយជាមួយនឹងជ័រស្រល់ធ្វើជាភ្លើងបំភ្លឺ។
ទោះបីជាទម្រង់សិល្បៈយីកេកួយនេះ មានទស្សនីយភាពល្អមើលយ៉ាងណាក្តី ក៏ពុំសូវមានទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននោះដែរ ហើយស្ទើរតែបាត់បង់ពីមួយសម័យកាលទៅមួយសម័យកាល ដោយសារការប្រែប្រួលរបស់សង្គម។
តាមបទពិសោធន៍សម្តែងជាច្រើនឆ្នាំ របស់អ្នកស្រី មួន សុគន្ធ ដែលជាជនជាតិដើមភាគតិចកួយ មានស្រុកកំណើតនៅខេត្តកំពង់ធំរូបនេះ គឺអ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋ នាសម័យបច្ចុប្បន្ន ហាក់មិនសូវចាប់អារម្មណ៍ទស្សនាដូចសម័យមុននោះទេ ហើយពេលមានកម្មវីធី ឬបុណ្យទានម្តងៗ ពួកគាត់តែងតែជួលធុងបាស់ ឬក្រុមតន្ត្រីសម័យ ទៅប្រគុំលេងកម្សាន្តជំនួសវិញ ព្រោះចំណាយថវិកាជួលអស់តិចជាងការជួលយីកេទៅសម្តែង។
មួយវិញទៀត អ្នកស្រីថា យុវជន បច្ចុប្បន្ន ក៏មិនសូវចាប់អារម្មណ៍ក្នុងការរៀនសម្តែងយីកេនេះផងដែរ ខណៈការរៀបចំឆាកសម្តែង និងការធ្វើដំណើរដឹកសម្ភារៈទៅសម្តែងម្តងៗ ត្រូវការចំណាយថវិកាច្រើន ដែលធ្វើឱ្យការជួលក្រុមសម្តែងទៅសម្តែងក៏ត្រូវចំណាយខ្ពស់។
អ្នកស្រីបន្តទៀតថា៖ «ក្មេងៗខ្លះទៅធ្វើការរោងចក្រដើម្បីរកលុយ ដោះស្រាយជីវភាព ចំណែកម៉ែឳខ្លះទៀត ក៏គាត់លើកទឹកចិត្តកូនឱ្យតស៊ូបន្តធ្វើទៅ ដើម្បីកុំឱ្យភ្លេចប្រពៃណីខ្មែរយើង។ ឯម្តាយឳពុកផ្សេងទៀតគាត់និយាយថានៅហាត់ធ្វើអី ហាត់អត់ប្រយោជន៍អត់មានលុយចូលផ្ទះ បានលុយឯណាទិញអង្ករហូប។ អ៊ីចឹងមិនបាច់លេងទេ ទៅស៊ីឈ្នួលគេវិញឆាប់បានលុយជាង»។
អ្នកស្រី មួន សុគន្ធ និយាយថា បញ្ហាទាំងនេះហើយ ដែលធ្វើឱ្យការសម្តែងល្ខោនបុរាណ និងយីកេ ជាពិសេសយីកេកួយនេះ ប្រឈមនឹងការបាត់បង់បន្តិចម្តងៗ ក្នុងពេលបច្ចុប្បន្ននេះ។
តែយ៉ាងណា សម្រាប់អ្នកស្រី មួន សុគន្ធ រូបគាត់នៅតែបន្តសម្តែង និងឆ្លៀតពេលក្នុងការបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយ បើសិនពួកគេនៅបន្តចាប់អារម្មណ៍នឹងយីកេកួយនេះ ដើម្បីរក្សាអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិច កុំឱ្យបាត់បង់។
អ្នកស្រីថ្លែងថា៖ «តាំងពីបុរាណមកដូនតាពួកខ្ញុំលេងរហូតហើយ ណាមួយខ្ញុំឃើញថាគេមិនសូវយកយីកេមកលេង ទើបខ្ញុំចង់ឱ្យយីកេលេងឡើងវិញ ព្រោះវាជាប្រពៃណីជនជាតិកួយយើង។ ខ្ញុំស៊ូនៅលេងទៀត ទោះគ្មានអ្នកគាំទ្រច្រើនក៏ដោយ ជនជាតិពួកខ្ញុំគឺខ្វះខាត ហើយចង់ឱ្យក្មេងៗបានរៀនបន្ត និងសម្តែងឡើងវិញ អ៊ីចឹងបានពួកខ្ញុំចេះតែនៅបន្តដល់សព្វថ្ងៃ […] ខ្ញុំមិនឱ្យបាត់ទេ សព្វថ្ងៃនេះខ្ញុំបង្ហាត់ក្មេងឱ្យចេះ ហើយពួកខ្ញុំចាស់ៗសម្រាក តែមិនមែនមានន័យថា ឈប់ទេ គឺនៅក្នុងវង់ ប៉ុន្តែឥឡូវនេះបង្ហាត់ក្មេងឱ្យបានចេះច្រៀង ចេះរាំក្បាច់ ដើរតួអីជាដើមហ្នឹង។
អ្នកដឹកនាំការសម្តែង និងជាតួអង្គសម្តែងយីកេកួយអស់រយៈពេលជិតមួយទស្សវត្សរ៍មកហើយនោះ លោក អេង ឃន ឱ្យដឹងដែរថា បច្ចុប្បន្ន នៅក្នុងសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តកំពង់ធំ កម្រមានការសម្តែងយីកេកួយនេះ ដែលខុសពីសម័យមុន ដែលធ្វើឱ្យរូបលោក មានក្តីបារម្ភពីការបាត់បង់សិល្បៈមួយនេះ។
លោកថា៖ «នៅក្នុងជនបទឥឡូវ គេមិនសូវយកពួកខ្ញុំទៅសម្តែងទេ ភាគច្រើនមានតែធុងបាស់ ចំណែកក្រុមពួកខ្ញុំទាល់តែមានកម្មវិធីដូចបុណ្យភូមិ បុណ្យសហគមន៍អីបានគេហៅទៅ […] ខ្ញុំពេញចិត្តក្នុងអាជីពជាអ្នកសម្តែងល្ខោនយីកេកួយ ព្រោះវាជាអត្តសញ្ញាណរបស់ជនជាតិពួកយើង»។
បុរសវ័យ ៥៥ឆ្នាំរូបនេះ ឱ្យដឹងថា ល្ខោនយីកេកួយមានតាំងពីយូរលង់ណាស់មកហើយ ហើយក៏មិនមែនកើតមានដោយឯកឯងនោះដែរ ដោយសារសាច់រឿងនិមួយៗ ទាល់តែមានពូជពង្ស ការបង្កើតឡើងពីដូនតាមកបានសម្តែងបាន។ ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ងាកមកចាប់អារម្មណ៍ និងជួយគាំទ្រដល់សិល្បៈបុរាណឡើងវិញ ដើម្បីលើកស្ទួយ និងអភិរក្សសិល្បៈវប្បធម៌ខ្មែរ ឱ្យរស់រវើកឡើងវិញ។
លោកថា៖ «បើបាត់បង់ទៅ វាស្តាយ ដូនតាខំបង្កើតមកហើយ បើយើងមិនអភិរក្សជំនាន់យើង ជំនាន់ក្រោយនឹងលែងបានមើល […] ខ្ញុំមិនចង់ឱ្យសាបសូន្យទេ ចង់ធ្វើយ៉ាងម៉េចបន្ថែមឱ្យមានការលើកស្ទួយទូទាំងប្រទេសហ្នឹងណា។ ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរយើងបែរមកមើលសិល្បៈបុរាណទាំងនោះវិញ ជាក់ស្តែងល្ខោនយីកេ និងផ្ការាំទឹករាំ និងរឿងដទៃទៀតវាពិតជាមានលក្ខណៈខុសគ្នាពិតប្រាកដមែន»។
ទោះយ៉ាងណា ល្ខោនយីកេជនជាតិដើមភាគតិចកួយ ដែលជាប្រភេទសិល្បៈកម្រនេះ ក៏បានបង្ហាញវត្តមានសម្តែងយ៉ាងចែងចាំង ក្នុងមហោស្រពសិល្បៈបុណ្យភូមិ កាលពីថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥នេះ។
អ្នកនាង រិទ្ធី លំអរពេជ្រ ដែលជាប្រធានមហោស្រពសិល្បៈបុណ្យភូមិ និងជាសហស្ថាបនិកបុណ្យភូមិ ឱ្យដឹងថា បើសិនជាមិនមានការលើកយកទម្រង់សិល្បៈប្រពៃណីបុរាណ ជាពិសេសល្ខោនយីកេកួយនេះ មកសម្តែង ឬដាក់បង្ហាញឱ្យទស្សនិកជនមើលទេ នោះសិល្បៈទាំងអស់នោះ អាចប្រឈមនឹងការបាត់បង់។
អ្នកនាងថ្លែងថា៖ «ពាក្យថាសិល្បៈឬភាសាអង់គ្លេសហៅថា (Living Art) មានន័យថា សិល្បៈ គឺត្រូវតែរស់រានមានជីវិត មិនមែនគ្រាន់តែជាការដាក់បង្ហាញ ដាក់នៅលើទូរទស្សន៍ ឬក៏ដាក់តាំងជារូបគំនូរ ហើយយើងថាយើងថែរក្សាទេ។ របស់ទាំងអស់ហ្នឹង[សិល្បៈ] ត្រូវរស់នៅជាមួយសិល្បករ។ សិល្បៈអាចរស់បានត្រូវមានសិល្បៈករសម្តែង ឯសិល្បៈករសម្តែងបាននៅពេលមានអ្នកគាំទ្រគាត់មើល។ បើកាលណាមានអ្នកមើលគឺមានទីផ្សារ អ៊ីចឹងមានន័យថា អ្នកជំនាន់ក្រោយ គាត់អាចបន្តជំនាញហ្នឹងបាន ដោយមិនបាច់ភ័យរឿងគ្មានទីផ្សារ»។
មានមាឌតូច សម្បុរស្រអែម អ្នកដឹកនាំកុនវ័យក្មេងរូបនេះ ឱ្យដឹងទៀតថា បើមិនមានការបន្តបណ្តុះ និងបង្ហាញផ្លូវដល់អ្នកជំនាន់ក្រោយពីតម្លៃនៃសិល្បៈបុរាណទេ នោះគឺស្មើនឹងមិនផ្តល់តម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន។
អ្នកនាងនិយាយ៖ «បើយើងគ្រាន់តែចារ្យដាក់ក្នុងសៀវភៅ ដាក់ថាយើងមានល្ខោនប្រពៃណីប៉ុណ្ណេះ ហើយគ្មានទិដ្ឋភាព[ការសម្តែង] ហ្នឹងកើតឡើងជាការពិតទេ របស់ហ្នឹងនឹងបាត់បង់។ ឧទាហរណ៍ជាក់ស្តែង គោព្រៃជាសត្វតំណាងជាតិ ប៉ុន្តែយើងអត់ដែលឃើញទេ អ៊ីចឹងវាដូចគ្នាទៅនឹងល្ខោនដែរ។ ជាក់ស្តែងល្ខោនស្រមោលស្បែកធំ ល្ខោនយីកេ ជាល្ខោនរបស់ខ្មែរ ប៉ុន្តែយើងទៅរកមើលកន្លែងណាមានសម្តែង ហើយកូនសិស្សល្ខោនស្បែករៀនតឬអត់ យើងអត់ដឹង អាហ្នឹងគឺជាហានិភ័យមួយដែលអាចថាទៅថ្ងៃមុខដែលបាត់បង់ទម្រង់សិល្បៈ»។
ក្នុងទឹកមុខមាំ អ្នកនាង រិទ្ធី លំអរពេជ្រ បានទទូចឱ្យមានការចូលរួមគាំទ្រ និងថែរក្សាសិល្បៈបុរាណខ្មែរ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថា យុវជន ក្មេង ចាស់ អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលនោះទេ ហើយការថែរក្សាជាដំបូង គឺត្រូវមានការគាំទ្រនូវការសម្តែង។
អ្នកនាងថ្លែងថា៖ «នៅពេលដែលមានជាកម្មវិធី ក៏ដូចជាការដាក់បង្ហាញ ទាក់ទងនឹងសិល្បៈប្រពៃណីរបស់យើង សង្ឃឹមថា មានប្រជាជនខ្មែរយើងជាអ្នកដំបូង ដែលគាំទ្រមុនគេមុននឹងឱ្យអន្តរជាតិមកគាំទ្រយើង។ ហើយក្នុងសម័យឌីជីថល យើងអាចចងក្រងបានជាវីដេអូ និងរូបថត ងាយស្រួលច្រើនជាងពីមុន ហេតុអ្វីបានយើងមិនធ្វើ។ ដូច្នេះក្រៅពីការគាំទ្រ គឺការចងក្រងហ្នឹងមានសារៈសំខាន់មែនទែនជាពិសេសនៅតំបន់ដាច់ស្រយាល។ ឧទាហរណ៍ដូចល្ខោនយីកេកួយនៅខេត្តកំពង់ធំ គឺមានលក្ខណៈជារបស់ជនជាតិដើមមួយក្រុម ដែលជាអំបូរកួយ»។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះថា ក្រសួងបានខិតខំប្រឹងប្រែងការពារអ្វីដែលមានស្រាប់ និងបន្តស្រោចស្រង់អ្វីដែលប្រឈមនឹងការបាត់បង់។
លោកថា ជាក់ស្តែង ក្រសួងបានស្រាវជ្រាវ ចងក្រង និងស្តារឡើងវិញនូវវប្បធម៌អរូបីមួយចំនួន ដូចជា សិល្បៈ របាំ ល្ខោន ហើយក្រសួងបាននិងកំពុងបន្តថែរក្សាជំនាញដូនតា និងបណ្តុះដល់អ្នកជំនាន់ក្រោយ ហើយការចូលរួមរបស់យុវជនក្នុងការថែរក្សា និងការពារ បន្តវេនពីដូនតា ពិតជាមានសារៈសំខាន់ ព្រោះយុវជនគឺជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ប្រទេស។
លោកថ្លែងថា៖ «ការងារវប្បធម៌ជាការងារមួយដែលគ្មានទីបញ្ចប់នោះទេ បើរលកមុនបាត់ មិនមានរលកថ្មីមកជំនួស អាហ្នឹងគឺជាហានិភ័យបាត់បង់ អ៊ីចឹងហើយបានតួនាទីរបស់យុវជនបន្តវេនជារឿងសំខាន់។ ការការពារបេតិកភណ្ឌទាំងអស់នោះ ពិតជាមានប្រយោជន៍ ហើយរឿងសំខាន់ គឺអត្តសញ្ញាណ។ ការពារបានកាន់តែមាំ ស្តារឡើងវិញកាន់តែច្រើនោះអត្តសញ្ញាណរបស់យើងកាន់តែរឹងមាំទាំងបច្ចុប្បន្ននិងទៅអនាគត ដើម្បីធានាការការពារ ថែរក្សា និងបន្តអភិរក្សឱ្យគង់វង្សតាមរយៈយុវជនជំនាន់នេះ»។
លោកបានរំលេចឧទាហរណ៍ជាក់ស្តែង ពីគុណតម្លៃនិងអត្ថប្រយោជន៍របស់សិល្បៈបុរាណខ្មែរដោយថា វាមិនត្រឹមតែជានិមិត្តរូប និងជាបេតិកភណ្ឌរបស់ជាតិប៉ុណ្ណោះទេ តែថែមទាំងជាមុខរបរដើម្បីឱ្យប្រជាជនខ្មែរអាស្រ័យផលបាន តាមរយៈការបន្តធ្វើ ការដាក់បង្ហាញ និងបង្រៀនដល់កូនចៅជំនាន់ក្រោយ។
លោកថ្លែងថា៖ «ប្រយោជន៍ក្នុងការបន្តថែរក្សា ការពារ ទាំងអស់ហ្នឹង គឺពាក់ព័ន្ធនឹងជីវភាព ព្រោះវាជាអាជីពទាំងសិល្បៈ របាំ តូរ្យតន្រ្តី ចម្រៀង និងសិប្បកម្មជំនាញដូនតាទាំងអស់ហ្នឹងវាពាក់ព័ន្ធជីវភាពដែរ។ បើកាលណាយើងថែរក្សាបានល្អ អភិវឌ្ឍន៍កាន់តែទៅមុខ អ៊ីចឹងអ្នកដែលពាក់ព័ន្ធការងារទាំងអស់នោះ ជីវភាពក៏កាន់តែប្រសើរទៅតាមហ្នឹងដែរ ដែលបច្ចុប្បន្នគេហៅថា ឧស្សាហកម្មវប្បធម៌ហ្នឹងឯង ដែលចូលរួមធានាដល់និរន្តភាពចំណូលរបស់អ្នកដែលពាក់ព័ន្ធក្នុងវិស័យហ្នឹង»។
លោក អែក កុសល មានមុខរបរជាអ្នកថតរូបឯករាជ្យ និងធ្លាប់ទសន្សាការសម្តែងយីកេកួយនេះ បាននិយាយថា យីកេកួយ ជាទម្រង់សិល្បៈបុរាណមួយ ដែលគេទស្សនាហើយចង់ទស្សនាទៀត។ លោកយល់ថា គួរតែមានការលើកទឹកចិត្ត និងជំរុញឱ្យមានការសម្តែងល្ខោនយីកេនេះ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសម្បត្តិវប្បធម៌ដូនតាដែលបន្សល់ទុក។
លោកថ្លែងថា៖ «ជាពិសេសនៅពេលមានកម្មវិធី សូមឱ្យអ្នកគ្រប់គ្រងកម្មវិធីជួយទាក់ទងទៅពួកគាត់ដើម្បីឱ្យបានសម្តែង ជាការលើកទឹកចិត្តពួកគាត់។ បើសិនជាគ្មានការគាំទ្រ ខ្ញុំគិតថានឹងបាត់បង់ ហើយបើបាត់បង់វាជារឿងមួយគួរឱ្យសោកស្តាយបំផុត ព្រោះវាមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលបងប្អូនជនជាតិកួយគាត់សម្តែង គាត់លេងនៅតាមស្រុករបស់គាត់។ ខ្ញុំគិតថា យើងទាំងអស់គ្នាគួរតែងាកមកគាំទ្រ ព្រោះល្ខោនយីកេជនជាតិភាគតិច មានអ្វីជាច្រើនគួរអោយចាប់អារម្មណ៍ ទាំងក្រោយឆាក និងលើឆាក»។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្ន កម្ពុជា មានសម្បត្តិវប្បធម៌ខ្មែរចំនួន ១៤ហើយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៧ទៀត ជាបញ្ជីបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកមាន៣។
បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរ។ ដោយឡែក បេតិកភណ្ឌអរូបី មានដូចជា ក្រមា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្ក។ ចំណែក បញ្ជីស្មារតីចងចាំនៃពិភពលោក មាន៣រួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង, ឯកសារសំឡេងនិទានរឿង រាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៊ីណាវបុស្បា។
ត្រឡប់ទៅអ្នកស្រី មួន សុគន្ធ ជនជាតិដើមភាគតិចកួយ និងជាតួសម្តែងល្ខោនយីកេកួយវិញ អ្នកស្រីចង់ឱ្យអ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល គិតគូអភិរក្សយីកេកួយដ៏កម្រមួយនេះឡើងវិញ ព្រោះជាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជនជាតិដើមភាគតិចអម្បូរកួយមួយក្រុមនៅខេត្តកំពង់ធំ៕
………………………….
អត្ថបទដោយ៖ ណឺ មិនា