CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

បទ​យក​ការណ៍៖ ស្ត្រី​ក្នុងវិស័យមួយចំនួន ស្នើឱ្យមាន​ថ្ងៃ​​​សម្រាក​​១ថ្ងៃ​​ក្នុង​១​ខែ​​កំឡុង​​​​​មក​​​​រដូវ​ ដោយ​​​មិន​​កាត់​​​​ប្រាក់​ខែ

CJs khmer ដោយ CJs khmer
March 12, 2025
ក្នុង យែនឌ័រ, សង្គម
0
បទ​យក​ការណ៍៖ ស្ត្រី​ក្នុងវិស័យមួយចំនួន ស្នើឱ្យមាន​ថ្ងៃ​​​សម្រាក​​១ថ្ងៃ​​ក្នុង​១​ខែ​​កំឡុង​​​​​មក​​​​រដូវ​ ដោយ​​​មិន​​កាត់​​​​ប្រាក់​ខែ

ក្រុមយុវជន​ចូលរួម​ជជែក និងផ្សព្វផ្សាយ​ពីចំណេះដឹង​​ពីការ​មករដូវ នៅហាង​កាហ្វេ​មួយ​កន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣។(រូបភាព៖ រដូវ-RODOV)

0
ចែករំលែក
116
ចំនួនមើល

ក្នុង​វេទិកា​​អបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤ ដែលប្រារព្ធធ្វើឡើងនៅទីលាន​ប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំនេះ អ្នកចូលរួមដែល​ភាគច្រើនជា​ស្ត្រី បាននាំគ្នា​​​លើក​​​​​​ស្លាកដែល​មាន​ខ្លឹម​សាររៀបរាប់​ពី​​សិទ្ធិ ច្បាប់​ការងារ ​ឬការបៀត​បៀន​​នានា ដែលពួកគាត់​​ជួបប្រទះ។  ​​

ក្នុងវេទិកា​​​ធ្វើឡើង​​ក្រោម​ប្រធាន​បទ​​ «ពង្រឹង​សិទ្ធិ​អំណាច​ស្រ្តី​និង​ក្មេង​ស្រី​ដើម្បី​សមភាព​ ស្ថិរភាព​​​សេដ្ឋ​កិច្ច​និង​យុត្តិធម៌​សង្គម​» ដែល​​​មាន​ការ​ចូល​រួម​ពី​​អង្គ​ការ​សង្គមស៊ីវិល សមាគម​ស្រ្តី កម្មការិនី​រោង​ចក្រ និងបុគ្គលិកក្រុមហ៊ុនជាដើមនេះ ពួកគេ​បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​ពាក់​ព័ន្ធ ​ឱ្យពង្រឹង​វិធាន​ការ​ជាក់​លាក់ ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​ក្នុង​​​ការ​លុប​​បំបាត់​​អំពើ​ហិង្សា​​ផ្អែក​​លើ​​យេនឌ័រ​ ​ការ​បៀត​បៀន បញ្ហា​ទាក់​ទង​នឹង​ការ​កេង​បន្លំ​ប្រាក់​ឈ្នួល​​ និង​​ធានា​ពង្រឹង​កិច្ច​គាំ​ពារ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ជាដើម​។

ក្រៅពីនោះ ក៏​​មាន​​ស្រ្តី​ក្នុងវិស័យទាំងនេះ​​មួយ​​ចំនួន ​ស្នើដល់រដ្ឋាភិបាល ក៏ដូចជាម្ចាស់រោង​ចក្រ​សហគ្រាស និង​អ្នកគ្រប់គ្រង​នៅ​កន្លែងធ្វើការ​របស់ពួកគាត់ ចេញច្បាប់ ឬការ​​អនុញ្ញាត​ច្បាប់ឈប់​​សម្រាក​មួយ​ថ្ងៃ ក្នុ​ងមួយខែ សម្រាប់ស្ត្រី កំឡុងពេលពួកគាត់​​មករដូវ ដោយមិនកាត់ប្រាក់​​​ឈ្នួល។​

កញ្ញា​ សួន ស្រី​ដែត ​អាយុ​ ២៤ឆ្នាំ​ ជា​មន្ត្រី​ផ្នែក​យុទ្ធនា​ការ​ឌីជីថល​​នៅ​អង្គការ​ក្លាហាន បាន​លើក​ឡើង​​​​ថា ​​កំឡុង​ពេល​មក​រដូវ ស្ត្រី​ភាគច្រើន​មានអាការៈ​ចុកពោះ និងពេល​ខ្លះ​មាន​អារម្មណ៍​​​​​​មិន​ល្អ ដោយសារ​តែការ​ប្រែប្រួល​អ័រម៉ូនក្នុង​រាងកាយ ដែលគួរតែ​មានពេលសម្រាក​ឱ្យ​​​​បានគ្រប់គ្រាន់ និង​ថ្នមសុខភាពផ្លូវកាយ ដើម្បីឱ្យ​សុខ​ភាព​ផ្លូវ​ចិត្ត​រឹងម៉ាំ។

កញ្ញាបន្តថា ដោយសារតែស្ថាន​ភាព​សុខភាព និង​រាង​កាយ​​ស្ត្រីមានភាពទន់ខ្សោយ​នៅថ្ងៃមករដូវនេះ ទើបកញ្ញា​ចង់​ឱ្យ​រដ្ឋាភិបាល​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំ​ង​ម្ចាស់/អ្នកគ្រប់គ្រង​ក្រុម​ហ៊ុន រោង​ចក្រសហគ្រាស ក៏ដូចជាថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ពិចារ​ណា ក្នុងការ​ផ្តល់​ថ្ងៃឈប់សម្រាក​មួយថ្ងៃក្នុងមួយខែ ក្នុង​អំឡុងពេលមករដូវ ដល់​បុគ្គលិក​​​ជា​ស្ត្រី ដែលជា​ការ​ជួយ​លើកកម្ពស់សុខមាលភាពស្ត្រី។

កញ្ញា​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​ជា​ច្បាប់​ ឬ​ការ​អនុញ្ញាតឱ្យ​ស្រ្តី​​ដែល​​គាត់​​មក​រដូវ​​ គាត់​​អាច​​ឈប់​សម្រាក​​ ឬធ្វើ​ការ​ពី​ផ្ទះ ​ឬឈប់​សម្រាក​តែ​ម្តង​​ក៏​​បាន​​ដែរ រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ​ គឺ​ល្អ​មែន​ទែន​សម្រាប់​ពួក​គាត់​​។ ទី​១ ​ជួយ​​សម្រួល​​ទុក្ខ​​ធុរៈ​​ដល់​​ពួក​​គាត់​ ដែល​​យើង​ដឹង​ហើយ​ ស្រ្តី​ពេល​មក​រដូវ ​គឺ​ឈឺចុក​ចាប់​នៅ​តំបន់​​ពោះ​របស់​​គាត់​។ ហើយ​ពេល​ខ្លះ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ពួក​គាត់​ផង​ដែរ ​ទាក់​ទង​នឹង​អ័រម៉ូន​របស់​ពួក​គាត់​អ៊ីចឹង​ទៅ​។ ជា​ធម្មតា​ នៅ​​ពេល​​ដែល​យើង​​ឈឺ​​ចាប់​​ផ្លូវ​កាយ ហើយ​ចូល​ដល់​ផ្លូវ​អារម្មណ៍​ទៀត​ ​វា​ធ្វើ​ឱ្យ​ការងារ​របស់​យើង​រអាក់​រអួល​។ នៅ​អំឡុង​ពេល​​ហ្នឹង ​ប្រសិន​បើ​ពួក​គាត់​ទទួល​បាន​ការ​គាំ​ទ្រពី​ស្ថាប័​ន ​ដែល​ពួក​គាត់​ធ្វើ​ការ​ ហើយ​ពួក​គាត់​មាន​អារម្មណ៍​ថា​​ត្រូវ​បាន​គេ​គាំ​ពារ​ ការពារ​និង​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​ពួក​សម្រាប់​គាត់​ផង​ដែរ​»។

ស្រីដែត និយាយ​ថា ការ​អនុញ្ញាតឱ្យ​ស្រ្តី ​ឈប់​សម្រាក​មួយ​ថ្ងៃ​​អំឡុង​ពេលមក​​រដូវ ​​មិន​​មែនជា​ការ​​​វិនិច្ឆ័យ​​​ថា ​ពួក​គាត់​​ទន់​​ខ្សោយ​​ទេ​ តែ​វា​​​ឆ្លុះ​បញ្ចាំង​នូវ​ផ្នត់​​គំនិត​វិជ្ជមាន​​សម្រាប់​​ស្រ្តី។​ ​​

កញ្ញា​អះ​អាង​ថា៖ «ការណ៍​ដែល​យើង​ឱ្យ​ពួក​គាត់​ឈប់​សម្រាក​មួយ​ថ្ងៃ​នេះ ​មិន​មែន​មាន​ន័យ​ថា​ស្រ្តី​​ទន់​ខ្សោយ​ទេ។​ ពួក​គាត់​មិន​ទន់​ខ្សោយ​ទេ​ គ្រាន់​តែ​ពួក​គាត់​ត្រូវ​ការ​ពេល​វេលា​​ ដើម្បី​សម្រាក​​ប៉ុណ្ណោះ​។ ហើយ​បើ​មាន​ច្បាប់​មួយ​ថ្ងៃ​នៅ​កម្ពុជា​ ដែល​ស្រ្តី​អាច​ឈប់​សម្រាក​បាន​ គឺ​ល្អ​មែន​ទែន​ ជាពិសេស​សុខភាព​ផ្លូវ​កាយ​​និង​ចិត្ត​របស់​ពួក​គាត់​ នឹង​​ជួយ​ជំរុញ​​លទ្ធ​ភាព​​ការ​ងារ​របស់​​ពួក​​គា​ត់​​ឱ្យ​កាន់​តែ​ប្រសើរ​ជាមុន​ ហើយ​ពួក​គាត់​ទទួលបាន​សិទ្ធិ​ពេញ​លេញ ​ក្នុង​​នាម​​គាត់​ជា​​មនុស្ស​​ម្នាក់​​ក្នុង​ពិភពលោក​នេះ​តែម្តង»។

សម្រាប់​​​នៅ​កន្លែង​ការ​ងារ​​របស់ ​ស្រី​ដែត ​មិន​​មាន​​ចែង​ជា​ច្បាប់​ណា​ដើម្បី​ឈប់​សម្រាក​អំឡុង​ពេល​មក​រដូវ​ទេ​ ប៉ុន្តែ​បុគ្គលិក​ស្រ្តី​ ​អាច​សុំ​សម្រាក​​ដោយ​ធ្វើ​ការ​ពី​ផ្ទះបាន ចន្លោះពី១ថ្ងៃទៅ៣ថ្ងៃ​ក្នុងមួយខែ អំឡុង​ពេល​មក​រដូវ។ ​

កញ្ញា​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថាវាអាច​ទៅ​រួច​(ច្បាប់​ឈប់​សម្រាក)​ ព្រោះ​យើង​មើល​ឃើញ​ជាក់​ស្តែង​បច្ចុប្បន្នវិស័យ​ការងារ​មួយ​ចំនួន​​គឺ​​ធ្វើ​​​លើ​ប្រព័ន្ធ​អនឡាញ​ច្រើន​។ ប៉ុន្តែ​តួនាទី​ខ្លះ​ក៏​រាង​ពិបាក​សម្រាប់​ពួក​គាត់​ដែរ​ ដូច​ជាខាង​​ finance ដែល​តម្រូវ​ឱ្យ​ពួក​គាត់​ទៅ​ធ្វើ​ការជាមួយ​កំព្យូទ័រ​នៅ​ office អ៊ីចឹងទៅ​។ ប៉ុន្តែ​វា​នៅតែ​មិនមែន​ជា​ឧបសគ្គ​ដែល​មិន​អាច​ឱ្យ​ពួក​គាត់​ឈប់​សម្រាក​មួយ​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​ឈឺចាប់​របស់​ពួក​គាត់​ទេ​​។ ហើយ​វាក៏​​​មិន​ប៉ះ​ពាល់​ដល់​លទ្ធផល​ការងារ​របស់​គាត់​ខ្លាំង​ណាស់​ណា​ដែរ គឺ​មាន​តែពេល​ដែល​​គាត់​ទទួល​បាន​ការ​​ព្យាបាលឬសម្រាក​​ឱ្យ​បាន​ស្រួល​ខ្លួនប៉ុណ្ណោះ​​ ទើប​​ថ្ងៃ​ក្រោយ​មក​ធ្វើ​ការវិញ​​​ពោរ​ពេញ​ដោយ​កម្លាំងនិង​ថាម​ពល​»។

ពាក្យ«រដូវ» ​មួយ​ម៉ាត់​ស្តាប់​ទៅ​ហាក់ដូចជាខ្លី​ ហើយ​សាមញ្ញ។ ក៏ប៉ុន្តែភាព​​ជាក់​ស្តែង​នៅពីក្រោយ​​​ការ​មក​រដូវរបស់ស្ត្រី គឺ​​​មាន​រឿងជា​ច្រើន​ដែល​មនុស្ស​ទូទៅ​មិនបានគិត​ដល់។ ​ការមករដូវ ​គឺ​​ជា​ការ​របេះ​ធ្លាក់​ស្រទាប់​ស្តើងៗ​ខាង​ក្នុង​ស្បូន​ ដែល​បង្ករ​ជា​ការ​ហូរ​ឈាម​យឺតៗ​ ចេញ​តាម​​ទ្វា​មាស​ជារៀង​រាល់​ខែ ​ក្រោយ​ឥទ្ធិពល​ធ្លាក់​ចុះ​នៃ​​អ័រម៉ូន​ ដែល​បញ្ជា​​ពី​ខួរ​ក្បាល​ ប្រសិន​បើ​គ្មាន​ការ​បង្កកំណើត។ ​ជាទូទៅ ​ក្មេង​ស្រី​មក​រដូវ​​ចាប់​ពី​អាយុ​ ១២​ឬ​១៤ឆ្នាំ​ និង​​រហូត​ដល់​​អាយុ​ ៤៥ ឬ៥៥ឆ្នាំ​។ អំឡុង​ពេល​មក​រដូវ​ ស្រ្តី​មាន​អាការៈ​អស់​កម្លាំង​ ឈឺ​​ចាប់​​ក្រោម​​ពោះ​ មិន​ស្រណុក​​ចិត្ត ​និង​ម៉ូម៉ៅ​ជា​ដើម​។

កញ្ញា យិត ស្រីល័ក្ខ អាយុ២៩ឆ្នាំ ជា​ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៅស្ថាប័ន​ឯក​ជន​មួយ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏ចង់ឃើញរដ្ឋាភិបាល និង​​​​ស្ថាប័ន​របស់​ខ្លួន គិត​គូរ​ពីទុក្ខលំបាក​របស់ស្ត្រីនៅថ្ងៃមក​រដូវ​ ដោយ​គួរមានការ​អនុញ្ញាត​ឱ្យស្ត្រី​ឈប់សម្រាក់​​​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ​ពេល​មក​រដូវ​។ កញ្ញាថា ការ​ឈឺ​ចុក​ចាប់ផ្នែក​ពោះពេលមករដូវ​​ ធ្វើ​ឱ្យ​​ស្ត្រី​​​ពិបាកបំពេញ​ការ​ងារ មាន​អារម្មណ៍ធុញ​ថប់ និង​​​ម៉ូម៉ៅ​។

កញ្ញានិយាយ​​​​​ថា៖ «មនុស្ស​ស្រី​យើង​​ពេល​មក​រដូវ​ម្តងៗ​ ពិត​ជា​ធ្វើ​ទុក្ខ​ខ្លាំង​ណាស់​ វា​ឈឺ​​ចង្កេះ​ ខ្នង ឈឺពេញ​ខ្លួន​ ដូច​គេវាយ​អ៊ីចឹង ​អត់​ចង់​​អង្គុយ​ អត់​ចង់​ធ្វើការ​ ចង់​តែ​សម្រាក​ ឬក៏​គេង​យក​កម្លាំង​អ៊ីចឹង​​ទៅ​។ បើ​ធ្វើ​ក៏​មាន​អារម្មណ៍​អត់​មូល​ អត់​រីករាយ សប្បាយ​ចិត្ត​អី​ទេ​»។

សម្រាប់ ស្រីល័ក្ខ​ គាត់​ចង់ឃើញប្រទេស​កម្ពុជា មានច្បាប់​អនុញ្ញាត​សម្រាប់ស្ត្រី​ឈប់សម្រាក​ពេល​មក​រដូវ ដូចបណ្តា​ប្រទេស​មួយចំនួន​ដែលគេ​បានអនុវត្ត​ហើយ ដែលជាផ្នែក​មួយ​នៃ​ការ​ជួយ​លើកកម្ពស់សុខមាលភាពស្ត្រី និង​លើកកម្ពស់សិទ្ធិស្ត្រី។

កញ្ញា​ថ្លែង​ថា៖ «បើ​មាន​ច្បាប់​ហ្នឹង​នៅ​ខ្មែរ ​ខ្ញុំ​គិត​ថាល្អ ហើយ​ខ្ញុំ​​សប្បាយ​​ចិត្ត​​​តែ​​ម្តង គាំទ្រ១០០% មាន​​អារម្មណ៍​ថា​​បញ្ហា​​របស់​​ស្រ្តី​ ត្រូវ​បាន​គេ​មើល​ឃើញ​ ជា​ពិសេស​ដើម្បី​ឱ្យ​ពួក​គាត់​​ធូរ​ស្បើយ ទោះ​មិនបាន​ច្រើន​ថ្ងៃ​ តែ​យ៉ាង​ហោច​ណាស់​ ក៏​បាន​មួយ​ថ្ងៃ​អំឡុង​ពេល​យើង​មក[រដូវ]​ដែរ»​។

កម្មការិនីធ្វើការ​​នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីដា នៅខេត្តកណ្ដាល អ្នកស្រី វ៉ាន់ ថាណា បានឱ្យដឹងថា នៅ​កន្លែងធ្វើការរបស់អ្នកស្រី ពុំមានការអនុញ្ញាតឱ្យឈប់សម្រាកពេលកម្មការិនី​រោងចក្រមករដូវនោះទេ។ អ្នកស្រីបន្តថា រាល់ការសុំច្បាប់ពេលមានបញ្ហាសុខភាព មិន​ថាពេលមករដូវនោះទេ គឺ​​ខាងរោងចក្របានកាត់ប្រាក់ឈ្នួល​ទៅតាមចំនួនថ្ងៃឈប់។

អ្នកស្រីថា៖ «យើងសុំបាន[សុំច្បាប់] តែគ្រាន់តែថានៅពេលដែលយើងទទួលច្បាប់ហ្នឹង បាន ត្រូវបានគេថាឱ្យយើង ឬមួយក៏ថាយើងអត់សូវទទួលខុសត្រូវកន្លែងការងារអ៊ីចឹង។ ថាយើងគេចវេសគេអ៊ីចឹង ថាគេគ្រាប់គ្នាគេធ្វើបាន ហើយចុះហេតុអីយើងធ្វើការងារអត់បាន ហេតុអីបានយើងសុំច្បាប់សុំអីអ៊ីចឹងទៅ។ សុំបាន តែគ្រាន់តែថាមុននឹងបានហ្នឹងដោយពិបាក ដោយវេទនា»។

កម្មការិនីវ័យ៣៥ឆ្នាំរូបនេះ បានបន្ថែមថា នៅពេលដែលអ្នកស្រីមករដូវ ហើយត្រូវអង្គុយធ្វើការ អ្នកស្រីមានអារម្មណ៍ធុញថប់ តប់​ប្រមល់ ឈឺក្បាល ចុកចាប់ និង​អស់កម្លាំងជាដើម ដែលពេលខ្លះអ្នកស្រីត្រូវលេបថ្នាំ ឬព្យួរសេរ៉ូមបំបាត់ការឈឺចាប់ ដើម្បីធ្វើការងារបន្ត។ ក៏ប៉ុន្តែខែខ្លះមាន​ការឈឺចុកចាប់ខ្លាំង អ្នកស្រីត្រូវបង្ខំចិត្តសុំច្បាប់សម្រាក ទោះមានការកាត់ប្រាក់ខែក៏ដោយ។

ករណីនេះ អ្នកស្រីបានស្នើ​ដល់​រដ្ឋាភិបាល ក៏ដូចជា​ម្ចាស់រោង​ចក្រ​សហគ្រាស ពិចារណា​ក្នុងការ​ផ្តល់​ថ្ងៃឈប់សម្រាក១ថ្ងៃក្នុងមួយខែ​ សម្រាប់ស្ត្រី​កំឡុងពេលមករដូវ ដើម្បីជួយសម្រួល​ដល់​ទុក្ខលំបាករបស់ស្ត្រី និង​លើកកម្ពស់​ស្ត្រីក្នុងវិស័យ​ការងារ។

អ្នកស្រីថា៖ «ព្រោះអីអាការៈរបស់យើង មានអ្នកខ្លះគាត់មិនឈឺទេ អ្នកខ្លះគ្រាន់តែចុក។ តែក៏មានស្ត្រីមួយចំនួន ពេលខ្លះគាត់ចុកឡើងទាល់តែដាក់​ថ្នាំ ចាក់សេរ៉ូមចាក់អី[…] អ្នកខ្លះទៀតដូចជាខ្ញុំ ពេលខ្លះម្ដងៗខ្ញុំចង់និយាយថា យើងចុកខ្លាំងអ៊ីចឹង ទៅយើងញ៉ាំថ្នាំនៅកន្លែងធ្វើការ ដើម្បី​កុំឱ្យយើងពិបាកដាក់ច្បាប់ ដាច់លុយដាច់​អី តែបើសិនជាមានច្បាប់មួយដែលល្អប្រសើរ ហើយគិតអត្ថប្រយោជន៍ឱ្យយើង ខ្ញុំពិត​ជា​សប្បាយ​ចិត្ត […] ខ្ញុំ​ចង់សំណូមពរទៅកាន់រាជរដ្ឋាភិបាល ដែល​នៅកន្លែងធ្វើការទាំងអស់ គឺសុទ្ធ​តែជាស្ត្រី បើសិនជារាជរដ្ឋាភិបាល​គាត់មើលឃើញ​​ចំណុចតូចៗទាំងអស់ហ្នឹង​ ខ្ញុំគិតថាល្អប្រសើរមែនទែន ហើយកម្មករយើងជាស្ដ្រីបានជួយទៅដល់សង្គមច្រើន បានជួយទៅដល់រដ្ឋច្រើនមែនទែន»។

ចំណែកឯ អ្នក​ស្រី​ ឃ្លាំង សុបិន ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក៏​មានបញ្ហាស្រដៀងនឹងស្ត្រី​​ដែលធ្វើការ​ក្នុងវិស័យ​ផ្សេង​ៗដែរ​ ហើយ​អ្នក​ស្រី​ចង់​ឱ្យ​សហជីពក្នុងក្រុមហ៊ុន និងរដ្ឋាភិបាល​អនុញ្ញាតឱ្យបុគ្គលិកដែលជាស្ត្រី អាចឈប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃ​ក្នុងមួយថ្ងៃនៅពេលដែលពួកគេមករដូវ។

អ្នកស្រីថា៖ «តាមពិតនៅពេលស្ត្រីមានរដូវ គឺមានអការៈមួយគឺពិបាកណាស់ ទី១​ អារម្មណ៍គាត់​ឆេវឆៅ គាត់មួម៉ៅ ហើយដោយសារយើងមានការចុកនៅលើខាងក្រោមផ្សិតយើងហ្នឹង យើងមានការចុកឆ្អុល តាមប្រភេទសុខភាពរបស់ស្ដ្រី អ្នកខ្លះចាក់ឡើងសន្លប់ អ្នកខ្លះឈាមរដូវគាត់មកច្រើន គាត់អត់មានកម្លាំងធ្វើការួទេ[…]អ៊ីចឹងបានជាយើងចង់ទាមទារថានៅពេលដែលថ្ងៃដែលគាត់មករដូវហ្នឹង ឱ្យមានច្បាប់ឱគាត់សម្រាកមួយ​យថ្ងៃ At least[យ៉ាងហោចណាស់] មួយថ្ងៃ តែបើយើងចង់បានគឺពីរថ្ងៃ ព្រោះថ្ងៃដំបូងនិងថ្ងៃទី២ ឈាមរដូវគាត់គឺច្រើន»។

អ្នកស្រីបានគូសបញ្ជាក់​ថា៖ «នៅពេលដែលសុខភាពរបស់បុគ្គលិកគាត់ល្អ គាត់អត់មួម៉ៅ គាត់មានកម្លាំង មានថាមពលគឺគាត់ឱ្យចំណូលឱ្យក្រុមហ៊ុនបានកាន់តែច្រើន»។

អ្នក​នាង​ ថារិទ្ធ ​សុខសុវឍ្ឍនា​ ជា​វេជ្ជបណ្ឌិតឯក​ទេស​ផ្នែក​សម្ភព​និង​រោគ​ស្រ្តី ​​ដែល​បច្ចុប្បន្ន​ជា​សាស្រ្តា​ចារ្យ​​ក្នុង​សាកល​វិទ្យាល័យ​មួយ​កន្លែង​​ ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ឱ្យ​ដឹង​ថា ​នៅ​ពេល​ស្រ្តី​មក​រដូវ​ ពួក​គាត់​បាត់​បង់​ឈាមក្រហម​​ច្រើន​ ហើយ​​​ឈាម​​ក្រហម​​ក្នុង​​ខ្លួន​​មនុស្ស​ស្រី​ ​បាន​​បាត់​បង់​ទៅ​វិញ​​ តាមវន្ត​​រដូវ ​ប្រហាក់​ប្រហែល​ ១៥០មីលីលីត្រ​​យ៉ាងច្រើន​។

អ្នកនាងបន្តថា ស្របពេល​ដែល​ស្ត្រីមានរដូវ ក៏មាន​ការ​​​​បាត់​​បង់​​ជាតិ​​ទឹក​ ​ជាតិ​រ៉ែ​មួយ​ចំនួន និង​កម្លាំង​​ក្នុង​ខ្លួន​​​ផង​ដែរ ​ ដែល​​បង្ក​ឱ្យ​មានការ​ឈឺចាប់​​ផ្នែក​​ត្រកៀក ​​ឬ​សាច់​ដុំ​ស្បូន​ ចុកលើថ្ងាសនៃពោះ និង​កំភួន​ដៃ​ កំភួន​​ជើង​​​​ជា​ដើម​។

អ្នក​នាង​ថ្លែង​ថា​៖ «អ្នក​ខ្លះ​ធ្វើ​ការ​អត់​កើត​ទេ ទាល់​តែ​គេង​មួយ​កន្លែង​។ បញ្ហា​មួយ​ទៀត​ឈឺ​ក្បាល ​ជា​ពិសេសថប់​អារម្មណ៍​​អីហ្នឹង​ ធ្វើ​ម៉េច​កុំ​ឱ្យ​គិត​ច្រើន​ និង​សម្រេច​ចិត្តលឿន​ ​អំឡុង​ពេល​មក​រដូវ​ហ្នឹង​។ ទី​ពីរ ​យើង​សម្រាក​ឱ្យ​បាន​ច្រើន​ដើម្បី​យក​កម្លាំង​មក​វិញ​ ចាំ​ពេល​អស់​រដូវ​ហើយ​ចាំ​យើង​ប្រកប​ការងារ​ធម្មតា​វិញ​»។

វេជ្ជបណ្ឌិត​រូបនេះ បន្តថា ក្នុងអំឡុងពេលមករដូវ ស្រ្តីគួរញ៉ាំទឹកឱ្យបាន ៣លីត្រ​ក្នុងមួយថ្ងៃ ទទួល​ទានសាច់ បន្លែ និងស៊ុតឱ្យបានច្រើន ហើយព្យាយាម​សម្រាក​ឱ្យបានគ្រប់គ្រាន់។

អ្នកនាងបន្ថែមថា៖ «ព្រោះ​ពេល​មក​រដូវ​ហ្នឹង​សំខាន់​គឺ​ត្រូវ​គេង​ បើ​មិន​អ៊ីចឹង​ឈឺ​ក្បាល​ខ្លាំង​ណាស់ ​​ហើយ​ត្រូវ​នៅ​កន្លែង​ត្រជាក់​។ កាល​ណា​យើង​នៅ​កន្លែង​ក្តៅ​ បែក​ញើស​ខ្លាំង​ ធ្វើ​ឱ្យ​យើង​​ងាយ​សន្លប់​​ពេល​​មក​រដូវ​​ ហើយ​​មនុស្ស​ស្រី​ជា​ច្រើន​ហេវ​​ហត់​អំឡុង​ពេល​ហ្នឹង​។ បើ​ប្រឹង​ធ្វើការ ​គឺ​ដួល​សន្លប់​តែ​ម្តង ​ជាពិសេសអ្នក​ធ្វើ​ការ​​រោង​ចក្រ និង​អ្នក​ធ្វើ​ការ​ក្រោម​កម្តៅ​ថ្ងៃ​​​​ជាដើម​ ដោយ​សារ​ពួក​គាត់​ហត់​ពេក»​។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានលើកឡើង​ថា ការ​គិត​គូរដល់​សុខភាពរបស់ស្ត្រី ជារឿង​ល្អ ប៉ុន្តែ​ក៏ត្រូវ​គិត​គូរពីសង្វាក់ផលិត​ក្នុងវិស័យ​ឧស្សាហកម្ម​ ដែលមានការ​ប្រកួតប្រជែង​ជាមួយប្រទេស​ក្នុងតំបន់ និងក្រៅតំបន់ផងដែរ។

លោកថា៖ «ការគិតគូរដល់ស្រ្តីជារឿងល្អ ប៉ុន្តែត្រូវប្រៀបធៀបជាមួយប្រទេសជឿនលឿន និង​ប្រទេសក្នុងតំបន់។ តើប្រទេសណាខ្លះបានអនុវត្តហើយ? តើគេអនុវត្ត​ដូចម្តេច​?​ ព្រោះថា វិស័យឧស្សាហកម្មក៏ត្រូវ​ការ​ប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់ដែរ។ គោលដៅរដ្ឋាភិបាលគឺរក្សា រោងចក្រសហគ្រាសដែលមានស្រាប់ និងពង្រីករោងចក្រសហគ្រាសថ្មីៗដើម្បីផ្តល់ការងារជូន​ប្រជាពលរដ្ឋ»។

លោក​ស្រី​ ឆន សុគន្ធា នាយិកា​ប្រតិបត្តិ​​​មជ្ឈម​ណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ស្ថាប័ននេះ​ បាន​​សម្រេច​ចេញ​​​គោលការណ៍​ដែល​ឱ្យ​​​ឈប់​​បុគ្គលិក​ជា​​ស្ត្រី​ អាច​​​ឈប់​សម្រាក​មួយ​ថ្ងៃក្នុង​មួយ​ខែ ​​អំឡុង​ពេល​មក​រដូវ​ ដោយមិនរាប់បញ្ចូលក្នុងសុំច្បាប់​ឈឺ ឬសុំច្បាប់ព្រោះហេតុផលផ្ទាល់ខ្លួននោះទេ​។ លោក​​​ស្រី​បន្តថា ​គោល​ការណ៍​នេះ​មាន​ប្រសិទ្ធភាព ​និង​ជួយ​ស្រ្តី​ឱ្យ​ពួក​គាត់​មាន​សុខភាព​ល្អ​ និង​អារម្មណ៍​ស្រស់​ស្រាយ​​ដើម្បី​បំពេញ​​ការ​ងារ​។​

លោក​ស្រី​ថា​៖ «វា​រាប់​បញ្ចូល​ជា​ច្បាប់​ពិសេស​ ដោយ​សារ​យើង​មើល​ឃើញ​ថា ​ស្រ្តី​អំឡុង​​ពេល​​មក​​រដូ​វ​​គាត់​​មាន​​បញ្ហា​សុខ​ភាព​​ អ៊ីចឹង​ហើយ​បាន​យើង​សម្រេច​ឱ្យ​ស្រ្តី​ឈប់​សម្រាកមួយ​ថ្ងៃ។ បើសិនជា​តាម​វិស័យ​នានា​ ជាពិសេស​ក្រសួង​ការ​ងារ​ ​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ ​​ពាក់​ព័ន្ធ​នឹង​ការ​ឈប់​សម្រាក​មួយ​ថ្ងៃ​អំឡុង​ពេល​ស្រ្តី​មក​រដូវ​។ ព្រោះ​វា​ជា​កត្តា​ធម្មជាតិ​របស់​​មនុស្ស​​ស្រី​ ហើយ​យើង​ឃើញ​ថា ​ស្រ្តី​ដែល​ធ្វើ​ការ​នៅ​វិស័យ​រោង​​ចក្រ​​មាន​ការ​រិត​ត្បិត​ច្រើន​។ ជាក់​ស្តែង​ស្រ្តី​ពេល​មក​រដូវ​​ម្តងៗ ​ត្រូវ​ការ​ចេញ​ចូល​បន្ទប់​ទឹក​ច្រើន​ អ្នក​ខ្លះ​មាន​បញ្ហា​ចុក​ពោះ​​អ៊ីចឹងទៅ​ ដែល​ការ​ឈឺចាប់​នោះ​វា​ខុសៗគ្នា​​ទៅ​តាម​សុខភាព​របស់​ស្រ្តី​ម្នាក់ៗ។ អ៊ីចឹង​រឿង​នេះ​សំខាន់​ណាស់​ ដែល​រដ្ឋាភិបាល​គួរ​តែ​គិត​គូរ​ពី​សុខ​មាល​ភាព​ស្រ្តី​នៅ​ពេល​ថ្ងៃ​ដែល​​ពួក​គាត់​មក​រដូវ​»។

ចំណែក លោក​ អំ សំអាត នាយក​កិច្ចការ​ទូទៅនៃអង្គការ​​ការ​ពារសិទ្ធិមនុស្ស​​លីកាដូ ទទូច​​ឱ្យ​​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើស្រ្តី​និង​ក្មេង​ស្រី​ ដើម្បី​ជម្រុញ​ឱ្យ​ស្មើ​ភាព​គ្នា​ក្នុង​សង្គម​ខ្មែរ។ លោក​បញ្ជាក់​ផង​ដែរ​ថា​ ការ​មើល​ឃើញ​នូវ​តម្រូវ​ការ​តិចតួច​របស់​ស្រ្តី​ វា​ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​​ពួក​គេ​ត្រូវ​បាន​ឱ្យ​តម្លៃ ​និង​សម​ជា​មាតា​ពិភព​លោក​​ដែល​គេ​តែង​និយាយ។

លោក​ថ្លែង​ថា​៖ «អង្គការ​សង្គម​ស៊ីវិល​របស់​យើង​នៅ​តែ​ទទូច​ សុំ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​យុទ្ធ​ការ​បន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់និង​ការពារ​​​សិទ្ធិ​ស្រ្តី​និង​កុមារី​[…] អ៊ីចឹង​យើង​ទាំង​អស់​គ្នា​សុទ្ធ តែ​ជា​ចំណែក​ធ្វើ​ឱ្យ​ស្រ្តីទទួល​បាន​សិទ្ធិ​ពេញ​លេញ​ បើ​យើង​ហ៊ាន​និយាយ​ពី​បញ្ហា​និង​តម្រូវ​ការ​របស់​ពួក​គេ»។

ពាក់ព័ន្ធនឹង​សុខភាពរបស់ស្ត្រី ក្នុងកំឡុង​ពេលមករដូវនេះដែរ សម្រាប់​​នៅ​​​​ប្រទេស​​ជប៉ុន​​ មានច្បាប់​អនុញ្ញាតឱ្យ​​បុគ្គលិក​​​បម្រើ​​​ការងារ​​ជា​​ស្ត្រី ​​អាច​សុំច្បាប់​​​ឈប់​​សម្រាក​​ពី​ ១ថ្ងៃ​ទៅ​​៣ថ្ងៃ ​​​អំឡុង​​​ពេល​​មក​​រដូវ​​ប្រចាំ​​ខែ​​របស់​​ពួកគេ​។​​ ច្បាប់​​មួយ​​នេះ​ ​​​បានដាក់​ឱ្យ​​​អនុវត្ត​តាំងពី​​ឆ្នាំ ​១៩៤៧ ​មក​ម្ល៉េះ។

​ក្រៅ​​ពី​​ប្រទេស​​ជប៉ុន​​ ក៏​​មាន​ប្រទេស​​មួយ​​ចំនួន​​ទៀត ​​ដូច​​ជា​ កូរ៉េ​ខាង​ត្បូង​ ឥណ្ឌូណេស៊ី ​​និងកោះ​តៃវ៉ាន់​ផងដែរ ដែល​​បាន​​អនុវត្ត​​ច្បាប់​​ឈប់​​សម្រាក ​សម្រាប់​​បុគ្គលិក​​ជា​​ស្ត្រី​ក្នុង​​ពេល​មក​​រដូវ​​។ តួ​​យ៉ាង​​ប្រទេស​​កូរ៉េ​​ខាង​ត្បូង ​​អនុញ្ញាត​​ច្បាប់​ ១​ថ្ងៃ​​ក្នុង​១ខែ ​​ប្រទេស​​ឥណ្ឌូ​នេ​ស៊ីអនុញ្ញាត​ឱ្យ​​​​ស្ត្រី​​ដែល​​​មក​​រដូវ​ទទួល​បាន​​ច្បាប់​​ឈប់​​សម្រាក ​២​ថ្ងៃ​​ក្នុង​១​ខែ​ ចំណែក​កោះ​​​តៃវ៉ាន់ ​​ផ្ដល់​​ច្បាប់​​ឈប់​​សម្រាក​​ចំនួន​៣​ថ្ងៃ​។​

ដោយ​​ឡែក ​​នៅ​មាន​ប្រទេស​​មួយ​​ចំនួន​​ទៀត​​ដូច​ជា ​សំ​ប៊ី​ អ៊ីតាលី​ និង​ហ្វីលីពីន ​​សុទ្ធ​​តែ​​បាន​​អនុវត្ត​​ច្បាប់​​ឈប់​​សម្រាក​​ដល់​​បុគ្គលិក​​បម្រើ​​ការងារ​​ជា​ស្ត្រី​ ចម្លោះពី​១​ទៅ ​២​ថ្ងៃ​ជា​រៀង​​រាល់​​ខែ​​ក្នុង​អំឡុង​​​ពេល​​មក​រដូវ៕

………………………………………

អត្ថបទដោយ៖ ណឺ មិនា និង ហុង​ សេរី​ហ្វុង​

អត្ថបទមុន

សកម្មជន​ដីធ្លី​ឡពាង​មិន​សង្ឃឹម​ឈ្នះ​ក្តី​ក្រុម​ហ៊ុន​KDC​បើ​តុលាការ​កំពូល​មិន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​

អត្ថបទបន្ទាប់

លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

អត្ថបទបន្ទាប់
លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង