CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម Featured

បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

CJs khmer ដោយ CJs khmer
April 2, 2025
ក្នុង Featured
0
បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

អ្នកស្រី វ៉ន ស្រីល័ក្ខ កាន់ដៃក្មួយស្រី ឈរជាប់រទេះអេតចាយរបស់ខ្លួន នៅម្តុំផ្សារអូឬស្សី រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ លាស់ លីបលីប)

0
ចែករំលែក
106
ចំនួនមើល

«​មួយឆ្នាំ​ហ្នឹង​ទៀត៩ឆ្នាំ​ហើយ ​មិនទាន់​បានស្គាល់​ស្រុក​​[កំណើតខេត្ត​សៀមរាប​]ទេ​។ ​គិត​​ថាឆ្នាំ​ហ្នឹង​​ចង់​ទៅ​លេង​ ​ឥឡូវ​ខ្លួន​ឯង​ពោះ​ធំ​ទៀត អ៊ីចឹង​ឆ្នាំ​ហ្នឹងអត់​ទៅទេ​ នៅ​រក​លុយ​នៅភ្នំពេញ នៅ​​សុំ​គេ​តាម​ស្តុប​។​ ពេលចូល​ឆ្នាំ​គេទៅ​លេង​បាញ់ទឹក ​ឈរ​សុំ​[លុយ]គេ​ ​ទុកលុយ​ហ្នឹង​ឆ្លង​ទន្លេ ព្រោះ​​យើង​អត់​មាន​ប័ណ្ណ​ក្រីក្រ​​ ណាមួយ​កន្លែង​ទិញ​អេតចាយ​គេ​បិទទ្វារ​ [ហើយ​]​យើង​ត្រូវការ​រក​​លុយ​ឱ្យ​កូន ឱ្យ​ក្មួយ​ទុក​ស៊ី​ចាយ​។​ ពេល​ខ្លះ​ទៅ គ្រាន់តែយើង​ឈរ​មើលគេ ​វា​សប្បាយ​​ហើយ​​»។

នេះជា​សម្តី​របស់​អ្នក​ស្រី ​ ​វ៉ន ស្រីល័ក្ខ ​អាយុ​២៨ឆ្នាំ ជា​អ្នកប្រកប​របរ​រើស​អេត​ចាយក្នុងរាជធានីភ្នំពេញ​ ដែលបាន​និយាយ​ទាំង​អួល​ដើមក ​​មកកាន់​អ្នកសារ​ព័ត៌​មា​​ន​Newsroom​ Cambodia​។

ស្ថិត​ក្នុង​សំលៀក​បំពាក់​ពណ៌​លឿង ​អង្គុយ​លើ​​សំបក​​កេស​​ស្រាបៀ ត្រង់ផ្លូវ​តូច​មួយកន្លែង​នៅម្តុំ​ផ្សារ​អូរ​ឬស្សី ​​​អ្នក​ស្រី ​វ៉ន ស្រីល័ក្ខ បាន​រៀប​រាប់​​ថា បច្ចុ​ប្បន្ននេះ មុខរបររើសអេតចាយ មិនអាច​​រកចំណូលបានច្រើននោះទេ ដោយ​ក្នុងមួយ​ថ្ងៃៗ អ្នកស្រី​ដើរ​​រើស​សំបក​កំប៉ុង និង​សំបក​កេស​​​ស្រាបៀ​ជាដើម តាំង​ពីព្រឹករហូត​ដល់យប់ជ្រៅ អាច​រកចំណូលបាន​១ម៉ឺនរៀលប៉ុណ្ណោះ។ អ្នក​ស្រី​ត្អូញត្អែរថា​ ចំណូលនេះ មិនអា​ចជួយទំនុកបម្រុង​ និងចិញ្ចឹម​បីបាច់​កូន ​និង​ក្មួយ​តូច​ៗ​​អាយុ​ក្រោម​៨ឆ្នាំ ចំនួន​៤នាក់​ ដែលស្ថិតក្រោមការចិញ្ចឹមបីបាច់របស់អ្នកស្រី​នោះទេ ខណៈអ្នកស្រី ក៏កំពុងមាន​ផ្ទៃពោះ​កូនទីពីរ​ ​អាយុជាង​២ខែមកហើយ​​។

អ្នកស្រី វ៉ន ស្រីល័ក្ខ អ្នកប្រកបរបររើសអេតចាយ កំពុងអង្គុយនៅលើផ្លូវតូចមួយកន្លែង ម្តុំផ្សារអូឬស្សី ដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានNewsroom Cambodia កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ លាស់ លីបលីប)

ចំពោះ​ចំណូល១ម៉ឺនរៀលក្នុងមួយ​ថ្ងៃ​​នេះ ​អ្នកស្រី ស្រីល័ក្ខ ​​ត្រូវ​​ចំណាយលើម្អូបអាហារប្រចាំថ្ងៃ ចាត់ចែង​ការ​​សិក្សារ​របស់​កូន​ប្រុសអាយុ ៧ឆ្នាំ ​ដែល​រៀ​នថ្នាក់​ទី​២​​នៅ​សាលា​បឋម​សិក្សា​បាក់ទូក ​បង់ថ្លៃ​បន្ទប់​​ជួល​​​៧០​ដុល្លារ​ក្នុងមួយ​ខែ ​ដើម្បី​ឱ្យកូននិងក្មួយតូច​ៗ​មាន​​​ទី​ជម្រក​​​​រស់នៅ​សមរម្យ​ ​បង់ថ្លៃ​ពេទ្យ​នៅ​ពេល​អ្នកស្រី​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ និង​ត្រូវមើលថែស្វាមី និង​សាច់​ញាតិ​ចំនួនពីរ​នាក់​​ផ្សេង​​ទៀត ដែល​មាន​បញ្ហា​សតិ​អារម្មណ៍។

ដើម្បីបានចំណូលបន្ថែម អ្នកស្រីថា ​នៅពេលដែល​ឃើញ​ទី​កន្លែង​ណាមា​ន​រោង​បុណ្យ ឬ​​​រោងការ គឺ​អ្នក​ស្រី និង​​កូ​ន​​ប្រុស​របស់​អ្នកស្រី ​តែងតែ​សុំម្ចាស់កម្មវិធី ​បោស​សម្អាត​ទីធ្លា​ ដើម្បីអាច​សុំបាយ​ម្អូប ​ដែលគេ​​សល់​​យក​មក​កំដៅ​ទុកហូប ហើយម្ចាស់កម្មវិធី​ខ្លះក៏ឱ្យប្រាក់​កម្រៃ​បន្តិច​បន្តួចផងដែរ​។

ក្នុងទឹក​មុខក្រៀមក្រំ អ្នកស្រី​ប្រាប់ថា រូបគាត់​​​ក៏​ធ្លាប់​ចង់​​សម្លាប់​ខ្លួនជារឿយៗផងដែរ ក៏​ប៉ុន្តែ​ពេល​​​​គិត​ចុះគិត​ឡើង​​ និង​​ព្រួយ​ខ្លាច​​​កូន​​តូច​ៗរបស់​អ្នកស្រី ​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​ប្តី​ដែរនោះ​ ទើប​អ្នក​​ស្រី​លែងគិតខ្លី និង​ឈប់​​​សម្លាប់ខ្លួន​។ ​​

អ្នកស្រីបន្តថា៖ «ពួកគាត់​នៅតូចៗអ៊ីចឹង​ ត្រូវការ​ភាព​កក់​ក្តៅច្រើន ហើយ​បើយើង​គិត​ខ្លី​[សម្លាប់ខ្លួន​​]ទៀត​​ គាត់​មាន​វិប្បដិ​សារី​​ យំ​។ ដល់​អ៊ីចឹង​​យើង​ខ្លាច​​​​គាត់​ហ្នឹង ​កើត​ជំងឺអូទី​ហ្សីម​ទៀត​ ព្រោះខ្ញុំ​ឃើញ​ប្តី​ខ្ញុំ គាត់កើត​ជំងឺ​អ៊ីចឹង​បាត់​ហើយ​​​»។

បើតាម​​​​អ្នក​ស្រី ​វ៉ន ស្រីល័ក្ខ ប្តីរបស់អ្នកស្រី ទើប​តែមាន​បញ្ហា​សតិ​អារម្មណ៍ បន្ទាប់ពី​ម្តាយ​បង្កើត​​បានស្លាប់នៅ​ក្នុងហេតុការណ៍​ប្រជៀត​គ្នា​​ទៅយកអាំងបាវ​​ប្រមាណ ​៤ម៉ឺនរៀល​​ នៅផ្ទះ​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្នុងពេលអំឡុងចូលឆ្នាំ​ចិន កាលពីខែ​កុម្ភៈ ឆ្នាំ២០២៥​។ ​​

ដោយជួបការលំបាកក្នុងជីវភាព រកព្រឹកខ្វះល្ងាចបែបនេះ ស្ត្រីប្រកបរបររើសអេតចាយរូបនេះ​ ព្រួយ​បារម្ភ​ខ្លាចគ្មាន​​លុយទៅពេទ្យ ​​ឆ្លងទន្លេ​កូន​ទីពីររបស់ខ្លួន ខណៈគ្រួសារ​អ្នកស្រីក៏​​​គ្មាន​ប័ណ្ណ​​សមធម៌ ឬបណ្ណក្រីក្រ។

ស្ត្រីវ័យ​២៨ឆ្នាំរូបនេះ រៀបរាប់ទាំង​ទឹកភ្នែករលីងរលោងថា៖ «បើនិយាយដល់ចំណុចហ្នឹង យើង​ពិបាក យើង​ស្មុគស្មាញច្រើន​ ទី១​យើង​មើលអត់ឃើញ យើង​​រើសអេតចាយ យើង​ពោះធំ ងាយ​ទទួលរងសម្ពាធច្រើន​​ និយាយរួមទៅវាពិបាកខ្លាំង។ ដល់ពេល​​អ៊ីចឹង​ យើង​អត់ដឹងនិយាយ​ថាម៉េច វាពិបាកខ្លាំង។ ហើយ​ទី២​​ទៀត យើង​ភ័យ​ថា​​​ខ្លាចយើង​ឆ្លងទន្លេ យើង​អត់ដឹងថា​ក្នុងរយៈពេល​៩ខែ១០ថ្ងៃ​ហ្នឹង ពេលខ្លះ​​យើង​កើត​​មុនខែក៏មាន ពេលខ្លះយើង​កើតក្រោយ​អេកូ៤ ឬ១០ថ្ងៃក៏មាន ហើយ​ពេលខ្លះ​យើង​រើសអេតចាយ យើង​លើកធ្ងន់ ​​ដល់អ៊ីចឹង​វាអាច​ប៉ះពាល់​​ អ៊ីចឹង​ហើយ​យើង​ប្រឈមមុខ​ច្រើន ហើយដល់ពេល​​យើង​អត់ប័ណ្ណក្រីក្រ​ យើង​មានលុយ​ឯណា​ទៅមើលភ្លាមៗ ព្រោះយើង​​ចិញ្ចឹមក្មួយ​​ ចិញ្ចឹមកូន ចិញ្ចឹមប្អូនសរសៃប្រសាទ​ ឯណាលុយផ្ទះ ឯណាលុយទឹកភ្លើង​​ ១០០ជំពូក ហើយ​យើង​​សល់លុយឯណាសម្រាប់​​ឆ្លងទន្លេ។ អ៊ីចឹង​បាន​ខ្ញុំ​ថា​ បើសិនជាមាន​​ប័ណ្ណក្រីក្រហ្នឹង ​ខ្ញុំអរម៉ង តែខ្ញុំសុំ​គេវា​អត់បានផល​ យើង​ដឹង​​សុំគេម៉េចទៀត»។ ​

ប័ណ្ណសមធម៌ ឬភាសាសាមញ្ញ​ហៅថា ប័ណ្ណក្រីក្រ​ គឺ​​ជាយន្តការរបស់រាជរដ្ឋាភិបាល​សម្រាប់កំណត់​អត្ត​សញ្ញាណគ្រួ​សារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដើម្បី​ប្រើប្រាស់​ជាមូលដ្ឋាន​សម្រាប់​ការគិត​គូរ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ថែទាំ​សុខ​ភាព និង​ជំនួយ​សង្គម​នានា​ដែល​ចាំបាច់ ដើម្បី​ចូល​រួមលើក​កម្ពស់​ជីវភាព​របស់​ពលរដ្ឋ​ទាំង​នោះ។

គ្រួសារដែលមានប័ណ្ណសមធម៌ នឹង​ទទួល​បាន​អត្ថប្រយោជន៍​មួយចំ​នួន​ ​ដូច​ជា សេវា​​ថែទាំ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​មូល​ដ្ឋាន​​សុខាភិបាល​សាធារណៈ ប្រាក់​ឧបត្ថម្ភក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងអន្តរាគមន៍មួយចំនួនទៀត។

មានវ័យ ៥៥ឆ្នាំ លោក សែម ទ្រី ដែល​កំពុង​រើស​កំប៉ុស​ដាក់​ក្នុង​រទេះ​ ​ក្រោម​​កំដៅ​​ថ្ងៃ​ក្តៅ​ហួត​ហែង ​នៅម្តុំរង្វល់មូលផ្សារដើមថ្គូវ ក្នុងរាជធានីភ្នំពេញ ​បាន​ឱ្យ​ដឹងថា លោក​ពុំមាន​ប័ណ្ណក្រីក្រ​នេះទេ។ កន្លងមក លោកក៏ធ្លាប់បានដាក់ពាក្យ​​ស្នើសុំ​ប័ណ្ណក្រីក្រ នៅរដ្ឋបាល​​សង្កាត់​​បឹង​ទំពន់​ដែរ តែ​មកដល់ពេលនេះ នៅពុំទាន់មានការ​ឆ្លើយតប ឬដំណឹងអ្វីឡើយ។

លោក សែម ទ្រី កំពុងរុញរទេះអេតចាយ នៅម្តុំរង្វល់មូលផ្សារដើមថ្គូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ លាស់ លីបលីប)

បុរសដែលប្រកបរបររើស​​​អេតចាយ និងបាន​ជួលបន្ទប់ស្នាក់នៅ​ជាមួយគ្រួសារ ក្នុង​សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើង​ទៀត​ថា នៅពេល​ដែលលោក​ឈឺម្តងៗ គឺ​​​​​មិន​​​ដែល​ហ៊ាន​​​ទៅ​​ពេទ្យ​​ឡើយ​ ដោយ​ព្យាយាម​សម្រាក​នៅផ្ទះ និង​លេប​ថ្នាំតិច​តួច​ដែលទិញពីឱសថស្ថាន​ ព្រោះតែ​​​​លោក​​មិន​​មាន​​លុយ ​ហើយ​​​ក៏​មិន​មាន​ប័ណ្ណ​ក្រីក្រ​។

លោក​ថា៖ ​«​នៅពេល​យើង​​អត់​មាន​​ប័ណ្ណ​ក្រី​ក្រ កាល​ណា​​​​​​ទៅ​ពេទ្យ​ ត្រូវ​ការ​​លុយ​។ ទៅ​ម្តង​ចំណាយ​​ ​ដប់ ​ម្ភៃ​[ម៉ឺន] យើង​​​​មាន​​លុយ​ឯណា។​ បើយើង​រក​មួយ​ថ្ងៃ​អត់​គ្រប់​ចាយ​មួយ​ថ្ងៃផង ទម្រាំ​ទៅ​ពេទ្យ​ទៀត​​ យើង​មាន​លុយ​ឯណា​ចំណាយ​​។ ​​បើ​មាន​ប័ណ្ណក្រីក្រ យើង​ដូច​បាន​របប​​លុយ​កាក់​ ដល់ខែ​បានលុយខ្លះ អ៊ីចឹង​មក​យើង​ក៏ធូរ​មួយ​​កម្រិត​ យើង​ទៅ​ពេទ្យ​ទៅ​ ​អត់អស់​​លុយ អាហ្នឹង​ធូរមែន​ទែន​ម៉ង​»។

ជាមួយគ្នានេះ ​បុរសម្នាក់​ទៀត អាយុ៤២ឆ្នាំ ដែលកំពុងឈរក្បែរម៉ូតូ​រម៉កអេតចាយ​ គឺលោក ញឹក ហូន ​ទទូចសុំរដ្ឋាភិបាលឱ្យផ្តល់​​ប័ណ្ណ​ក្រីក្រ ដល់អ្នកប្រកប​របរ​រើស​អេតចាយ ព្រោះលោក​​ថា ពេលឈឺម្តងៗ គឺលោកក៏មិន​ហ៊ានទៅពេទ្យ​ដែរ ដោយសារ​គ្មានលុយ។ ​

បើតាម ​លោក ញឹក ហូន ​មុនពេលលោក​ចាប់យករបររើសអេតចាយនេះ លោកក៏ធ្លាប់ធ្វើជាជាង​​​សំណង់​កាលពី៤ឆ្នាំមុន ​ក៏ប៉ុន្តែពេលធ្វើជាងសំណង់ លោកក៏ប្រឈមនឹងបំណុល ក៏បានរុញច្រានឱ្យ​​លោក ប្តូរ​មកចាប់របរអេតចាយនេះ ដើម្បីដោះស្រាយ​ជីវភាព និង​​សងបំណុលដែល​លោកជំពាក់គេ កាលពីកន្លងទៅ។ ​

ស្ថិតក្នុងសំលៀកបំពាក់អាវដៃវែង ខោក្រណាត់​ជើងខ្លី ស្បែក​ជើង​ផ្ទាត់ និងកំពុងឈរ​ក្បែរកូនស្រី​​​អាយុ៤ឆ្នាំ ដែលដេកលើអង្រឹងចង​លើម៉ូតូ​រម៉កអេតចាយ នៅក្បែរទីលានចាក់សំរាម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ លោក ញឹក ហូន ​បានរៀបរាប់ថា៖ «ខ្ញុំពីមុន ដេកតាមរម៉ក តាមអីហ្នឹង ដេកក្រោម​ដើមឈើ​ហ្នឹង​​ ដល់ពេលនឹកឃើញមូសខាំកូន ហើយ​ពិបាក អត់មានទឹកឱ្យកូនងូត​​ អ៊ីចឹង​ក៏ទៅជួលផ្ទះគេបាន៥ថ្ងៃ [ឬ]៦ថ្ងៃ​ហើយ​»។ ​

លោក ញឹក ហូន អ្នកប្រកបរបរ​រើស​អេតចាយ នៅក្បែរទីលានចាក់សំរាម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ លាស់ លីបលីប)

​​ដោយសារ​មិនមានទីលំនៅច្បាស់លាស់ និងមិនមានអត្តសញ្ញាប័ណ្ណ​ផងនោះ ធ្វើ​ឱ្យ​បុរស​រូប​នេះ មិន​អាចទៅស្នើ​សុំប័ណ្ណក្រីក្រ​ពីអាជ្ញាធរ​នៅ​ស្រុកកំណើត​បាន។ តែយ៉ាងណា លោក​នៅ​តែ​ចង់​ឃើញរដ្ឋាភិបាល យក​ចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ដែលប្រកប​របរ​តិចតួច ដូចជារូប​លោក តាមរយៈការ​ផ្តល់​ប័ណ្ណ​ក្រីក្រ និងកិច្ចគាំពារ​សង្គម​ផ្សេងទៀត។

​លោក វន់ ពៅ ​ប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​​ក្រៅ​ប្រព័ន្ធ​ មាន​ប្រសាសន៍​​ថា ​​អ្នក​​​រើស​​អេត​ចាយ ​ប្រឈម​ហានិភ័យ​ខ្ពស់ជាងគេ ទាំង​សុខភាព ​សុវត្ថិភាព ការខ្វះ​ខាតផ្នែក​​សេដ្ឋកិច្ចក្នុងគ្រួសារ​​​ ​​ការប្រឈម​​គ្រោះ​ថ្នាក់ចរាចរណ៍​នៅ​ពេល​យប់ និង​ការ​​ចោទប្រកាន់ថា អ្នករើសអេតចាយ ថាជាចោរ ជាដើម។ ​

បើតាម លោក វន់ ពៅ ​ប្រជាពលរដ្ឋ​ដែលចាប់យករបរអេតចាយ​ គឺដោយសារ​ប្រជាពលរដ្ឋ​ទាំង​​នោះ ភាគច្រើន​ជំពាក់លុយ​មីក្រូហិរញ្ញវត្ថុ ឬធ្លាក់ខ្លួនឈឺ ហើយ​អ្នកខ្លះ​បង្ខំចិត្ត​លក់ផ្ទះសំបែង​ដើម្បីសងបំណុលគេ ខណៈ​ស្ត្រីមេម៉ាយ និងមនុស្ស​ចាស់​ជរា​មួយចំនួន​​ដែល​គ្មានទីពឹង ត្រូវ​​បង្ខំ​ចិត្ត​​មក​ចាប់​របររើសអេតចាយនេះ ដើម្បីដោះស្រាយ​ជីវភាពប្រចាំថ្ងៃ​។ 

លោករៀបរាប់ថា៖ «ជាពិសេសខ្ញុំមើលឃើញថា​ ​ពេលរាត្រី កូនតូចៗ​ គឺជា​ពេលសម្រាក​របស់កូន​ក្មេង ក៏ប៉ុន្តែ​គាត់ទៅ​រើស​អេតចាយជាមួយ​ឪពុកម្តាយ ​គឺជារឿងមួយ​ដែល​យើង​​សោក​សង្រែងខ្លាំង​មែនទែន។ ចំនុចសំខាន់មួយ​ទៀត គឺស្ត្រី​​មេម៉ាយ និ​ងចាស់ជរា គឺ​គ្មានអ្នកណាគាំពារ​ គ្មានអ្វីៗជាទី​ពឹង​​។ ប្រឈមមុខមួយទៀត ប្រាក់ចំណូលឥឡូវ គឺ​មិនទៀងទាត់ទេ អ្នកខ្លះ រើសមួយ​ថ្ងៃ មិនអាច​​ទិញអាហារ​ហូបមួយថ្ងៃបានទេ»។ ​

​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល គិតគូរ​កិច្ច​គាំពារ​សង្គម ​និង​​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​អ្នកប្រក​ប​របររើសអេត​ចាយ ​​​ពីព្រោះ​លោកថាកិច្ច​គាំពារ​សង្គម​​ គឺជាមូលដ្ឋាន​គ្រឹះនៃសិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ ដែល​រួមមានទាំង​​ជម្រកស្នាក់​នៅសមរម្យ ​​ប្រាក់ចំណូលសមរម្យ ព្រមទាំង​ការទទួលបាន​សេវា​ថែទាំសុខភាពសមរម្យផងដែរ។

​លោកនិយាយ​ថា៖ «​គាត់គ្មានជម្រកស្នាក់នៅសមរម្យហើយ អាជ្ញាធរមូលដ្ឋាន​មិន​ទទួល​ស្គាល់​​ថា​គាត់​ជា​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ទី​នេះ [ក្នុងរាជធានីភ្នំពេញ​] អ៊ីចឹង​បានជាអាជ្ញាធរ​មូលដ្ឋាន​មិនបាន​ធ្វើប័ណ្ណ​ក្រីក្រ​ឱ្យ​គាត់។ ហើយ​គាត់ទៅស្រុកកំណើត​ គេថាគាត់នៅភ្នំពេញ អាហ្នឹងគឺ​ជាបញ្ហាមួយលំបាកមែនទែន​សម្រាប់ការធ្វើប័ណ្ណក្រីក្រ។ លើកលែងតែនៅមជ្ឈ​មណ្ឌល​នៃ​ក្តី​សង្ឃឹ​ម​​​តែ​ប៉ុណ្ណោះ​ ក្រៅពីហ្នឹងពិបាកមែនទែន ដែល​ទទួលបានបានប័ណ្ណក្រីក្រនេះ»។ ​

លោក ស្រី ដា អ្នកនាំពាក្យ​​ក្រសួងផែនការ មានប្រសាសន៍ថា គិត​​ត្រឹ​ម​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០២៥ គឺ​ក្រសួងផែនការ បាន​អនុវត្តកម្មវិធី «អត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ» ដើម្បីផ្តល់ប័ណ្ណសមធម៌ ដែលរួមមាន ក្រ-កម្រិត១ (ទីទ័លក្រ) ក្រ-កម្រិត២(ក្រីក្រ) ទទួលបានប័ណ្ណសមធម៌​ជាង ៧១​ម៉ឺនគ្រួសារ (៧១៩.៨៦៤គ្រួសារ)​ និង​គ្រួសារងាយ​រងហា​និភ័យ ​ជាង​​៥០ម៉ឺនគ្រួសារ(៥០១.៥៨៩គ្រួសារ) ដែលទទួលបានប័ណ្ណសមធម៌។ ​

អ្នកនាំពាក្យ​​ក្រសួងផែនការរូបនេះ ​បន្ថែមថា៖ ​«ក្នុងករណី​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​​​ចំណាក​​​ស្រុក ឬ​ផ្លាស់មក​រស់នៅ​ក្នុង​ភូមិ​ជាអចិន្ត្រៃយ៍ ដែល​មេភូមិ​មិនទាន់​បានចុះឈ្មោះ​​ក្នុងបញ្ជីជាផ្លូវការនៅឡើយ ប៉ុន្តែ​មេភូមិទទួលស្គាល់ថា​​ជា​ប្រជាពលរដ្ឋ និង​គ្រួសារប្រជាពលរដ្ឋ​ក្នុងភូមិ ក៏អាចចាត់ទុកជា​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សម្រាប់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រផងដែរ។ បើ​គ្រួសារ​មួយ​បាន​ធ្វើ​ចំណាក​ស្រុក​មក​រស់​នៅ​ភ្នំពេញ​ជា​យូរ​មក​​ហើយ ​ជា​ការ​ល្អ ​ប្រសិន​បើ​គ្រួសារចុះបញ្ជីទីលំនៅជាផ្លូវការនៅទីតាំងដែលគ្រួសារស្នាក់នៅបច្ចុប្បន្ន។​ សម្រាប់អ្នកដែល​មិនមានការចុះបញ្ជីទីលំនៅ ដើម្បីដោះស្រាយបញ្ហានេះអ្នកអាច ទាក់ទងអាជ្ញាធរ មូលដ្ឋាន ស្នើសុំការណែនាំពីអាជ្ញាធរមូលដ្ឋាននៅទីតាំងដែលអ្នកស្នាក់នៅ»។

ចំណែក ​​​​លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល បានលើក​ឡើ​ងដែរថា​ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ជាង​ ៧,៥​លាននាក់ ទទួលបានប័ណ្ណថែទាំ​សុខភាពដោយឥតគិតថ្លៃ ដោយក្នុងនោះ ​ប្រជា​ពល​រដ្ឋ​ជាង ​៤,៧​លាន​​នាក់ ​មានប័ណ្ណ​មូនិធិសមធម៌​សុខា​ភិបាល និង​ប្រជាពលរដ្ឋ​ជាង​២,៨​លាន​​នាក់ មាន​​​ប័ណ្ណ​ប.ស.ស ​ផ្នែក​ថែទាំ​សុខ​ភាព​។ លោកបន្ថែមថា ​រដ្ឋាភិបាល មានទិសដៅ​​​ជំរុញឱ្យប្រជាពលរដ្ឋមានប័ណ្ណព្យាបាលជំងឺឱ្យបានគ្រប់គ្នា។

លោកបញ្ជាក់ថា៖ «គ្រាន់បញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេច​​ធិបតី ហ៊ុន ម៉ាណែត គឺទិសដៅធ្វើម៉េច [ឱ្យ]ប្រជាពលរដ្ឋខ្មែរ​ទាំងអស់​មិនថាអ្នកមាន ឬអ្នកក្រទេ ឱ្យតែឈឺ ត្រូវ​តែទទួល​បាន​ការ​ព្យាបាលជំងឺ ហើយ​ជាសេវាល្អ មានគុណភាព នេះជាគោលដៅ។ ដូច្នេះបានជារដ្ឋាភិបាលជំរុញឱ្យគាត់មានប័ណ្ណព្យាបាលជំងឺឱ្យបានគ្រប់គ្នា ជាពិសេស​អ្នកក្រីក្រហ្នឹង​ដែលជាទិសដៅមុនគេ ដែលរាជរដ្ឋាភិបាល​ត្រូវជួយ»។

​​​ងាកទៅ ​អ្នកស្រី ​វ៉ន ស្រីល័ក្ខ ​ដែល​ជា​អ្នក​ប្រកប​របរ​រើស​អេតចាយ​វិញ​ អ្នកស្រី​មានបំណង​ប្រាថ្នា​ចង់មាន​ទីជម្រក​សមរម្យ​មួយ ដើម្បី​កូនៗ​របស់​អ្នកស្រីអាច​រស់នៅបានសម្រាប់នាពេលអនាគត។ អ្នកស្រីក៏​ចង់​បាននូវការ​គាំពារ​ផ្នែក​សង្គម ដើម្បីជួយសម្រួល​ដល់​ជីវភាពរស់​នៅ​របស់​គ្រួសារ​ ដែលកំពុងជួប​ការ​លំបាក​នៅពេល​បច្ចុប្បន្ន​នេះផងដែរ។

ស្ត្រីរូបនេះ​និយាយ​​​​ថា​៖ «បើសិនថ្ងៃណាមួយ គេធ្វើប័ណ្ណក្រីក្រឱ្យខ្ញុំ គឺខ្ញុំអរ ខ្ញុំអររកអ្វីផ្ទឹមគ្មានទេ។ អរដូច យើងរស់ឡើងវិញអ៊ីចឹង ព្រោះមានប័ណ្ណក្រីក្រ យើងមិនសង្ឃឹម រឿងលុយកាក់អីទេ។ យើងសង្ឃឹមថា ទី១ ពេលយើងឆ្លងទន្លេយើង​អត់​មាន​លុយ ទី២ យើងមានប័ណ្ណ​ហ្នឹង កូន​យើង​រៀន​ក៏​អត់​អស់​លុយដែរ ទី៣ ឧបមា​ពួក​វា​ឈឺ យើង​មាន​លុយ​ឯណា​សម្រាប់​ទិញ​ថ្នាំ ឬ​មួយ​ខ្ញុំ​ឈឺ ឬ​មួយ​ក៏​ប្អូន​ថ្លៃ ឬ​មួយ​ប្តី​ខ្ញុំ​គាត់​ឈឺ ហើយបើ​សិន​ជាមា​ន​ប័ណ្ណហ្នឹង យើងអាចនាំគាត់ទៅមន្ទីរពេទ្យ សុំថ្នាំគេ ដើម្បីឱ្យគាត់លេបទៅ ក្រែងគាត់ខួរក្បាលគាត់ដំណើរការវិញ គាត់អាចជួយរកចំណូល អ៊ីចឹងយើង​អាច​ធូរស្រាល​មួយកម្រិត»៕
……………………………….
អត្ថបទ៖លាស់ លីបលីប [Lors Liblib]

អត្ថបទមុន

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

អត្ថបទបន្ទាប់

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

អត្ថបទបន្ទាប់
ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង