CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

CJs khmer ដោយ CJs khmer
March 19, 2025
ក្នុង វិវាទដីធ្លី
0
បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

ពលរដ្ឋនៅកោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងអង្គុយស្ដាប់តំណាង​រដ្ឋាភិបាល និយាយអំពីបញ្ហាដីកោះមាស កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ពូ សូរាជីនី)

0
ចែករំលែក
70
ចំនួនមើល

ប្រជាពលរដ្ឋ​ប្រមាណជាង ៧០នាក់ តំណាង​ឱ្យ​ប្រមាណ ១៦០គ្រួសារ នៅ​តំបន់​កោះមាស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ និង​ស្រុក​កៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល មាន​អ្នក​ខ្លះ​បង្ហាញទឹកមុខញញឹមញញ៉ែម ឯខ្លះទៀត​មានទឹកមុខស្មើ ក្រោយពីបានជួប ស្ដាប់ និងនិយាយជាមួយមន្ត្រី​តំណាង​រដ្ឋាភិបាល​ អំពី​បញ្ហា​ដីធ្លី និង​ការអភិវឌ្ឍ​នៅ​តំបន់​ដែលពួកគាត់រស់នៅ។

​កាលពីថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទាំងនោះ ​បានជួបជុំគ្នា​តាមការណាត់ ជាមួយ លោក ហ៊ុន សុខា ​ទីប្រឹក្សា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ដែលលោកបានអះអាងថា​មកសម្របសម្រួល​បញ្ហាដីជូន​ពលរដ្ឋ។ នៅអំឡុងពេលជួបជុំគ្នា នាព្រឹកថ្ងៃនោះ ប្រជាពលរដ្ឋបានលើកសំណើមួយ​ចំនួនទៅកាន់រដ្ឋាភិបាល ដោយ​ស្នើសុំ​ប្លង់កម្មសិទ្ធិ និង​លុបចោល សជណ របស់រដ្ឋាភិបាល​ដែល​ជួលដីឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​តំបន់​កោះមាស និងក្នុងករណី​ចាំបាច់​​ត្រូវ​យកតំបន់នោះអភិវឌ្ឍន៍ ត្រូវ​ផ្តល់​សំណងសមរម្យជូន​ពលរដ្ឋ​ជាមុន​សិន។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០​ រដ្ឋាភិបាល បានចេញ​ សជណ ដោយ​អនុញ្ញាត​ឱ្យ​​​​ក្រុមហ៊ុន​ ឃុន សៀ អ៊ីមផត អិចផត អាច​​ជួល​ដីលើ​កោះមាស​ក្នុងទំហំ​ប្រមាណ​ ៣៥០ ​ហិកតា​ ជាអចិន្ត្រៃយ៍​រយៈ​​ពេល ​៥០​ឆ្នាំ​ ហើយ​អាច​​ជួល​​បន្ត​ជាថ្មី​​​សម្រាប់​​ការ​​វិនិយោគ​​អភិវឌ្ឍន៍​​​លើ​​កោះ​​នោះ។ ស.ជ.ណ ​ដដែល​ឲ្យដឹងទៀតថា​ ក្រុមហ៊ុន​ ឃុន សៀ «ត្រូវ​ដោះស្រាយ​គោល​នយោបាយ​ជាមួយ​ប្រជា​​ពលរដ្ឋ​​ដែល​អាស្រ័យ​ផល​នៅលើ​ទីតាំង​កោះមាស ​ក្នុង​តម្លៃ​ចន្លោះ​ពី ​៥ (ប្រាំ) ទៅ​ ៨ (ប្រាំបី) ដុល្លារ ​ក្នុង​មួយម៉ែត្រ​ក្រឡា»។

ប្រជាពលរដ្ឋ​រស់នៅតំបន់កោះមាស ក្នុង​ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំ​ពេញ លោក ឈឹម រី បាន​លើកឡើងថា ការ​ផ្តល់គោល​នយោបាយ​នូវតម្លៃដីពី ៥ដុល្លារទៅ​៨ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េនេះ ប្រជាពលរដ្ឋ​ពុំអាចទទួលយក​បានទេ ដោយសារ​តម្លៃនេះប្រជាពលរដ្ឋ មិនអាច​យកទៅ​ទិញដី និងលំនៅឋាន​នៅតំបន់ផ្សេង​ក្នុងរាជធានីភ្នំពេញសម្រាប់រស់នៅបានទេ ខណៈដែលពលរដ្ឋ​ភាគ​ច្រើន​ជាអ្នកប្រកបរបរកសិកម្ម​ដាំដំណាំ ដែលពិបាកនឹងរករបរផ្សេងសម្រាប់ចិញ្ចឹមជីវិត។​

លោកថា៖ «តម្លៃដែលខាងក្រុមហ៊ុនគេដាក់តម្លៃ៥ទៅ៨[ដុល្លារ]ហ្នឹង ខ្ញុំដាច់ខាត មិនទទួលយកជាដាច់ខាត»។

បុរសវ័យ​ ៧៧ឆ្នាំ​ ដែល​មានសមាជិកគ្រួសារ៨នាក់ក្នុងបន្ទុក​ បាន​បន្តថា គ្រួសាររបស់លោក និង​ប្រជាពលរដ្ឋមួយ​ចំនួន ​​បាន​រស់នៅលើ​ដីកោះមាស​នេះ តាំង​ពីឆ្នាំ​១៩៧៩មក​ម៉្លេះ ប៉ុន្តែពុំទាន់មានប័ណ្ណកម្មសិទ្ធ​ដីធ្លីនៅឡើយ ដោយមានតែ​លិខិត​ទិញលក់ដីដែលមានការទទួលស្គាល់ពីអាជ្ញាធរ។ លោកបន្តថា ប្រជាពលរដ្ឋ​នៅតំបន់នោះ ចង់បានប្លង់កម្មសិទ្ធិដីធ្លី ដើម្បីសុវត្ថិភាពដីធ្លី និង​ការរស់នៅ​ ខណៈពួកគាត់ទើបតែ​បានទទួលដំណឹង​ថា រដ្ឋាភិបាល​បានជួលដីនោះទៅឱ្យ​ក្រុមហ៊ុន ឃុន សៀ ធ្វើការ​អភិវឌ្ឍ។

លោកថា៖ «ការទាមទារបស់ពលរដ្ឋដែរនៅកោះមាសនេះ ទី១គឺចង់បានប្លង់ សុំប្លង់ ហើយសុំសិទ្ធិរស់រៀនមាន​ជីវិតនៅលើដីនេះ ខ្ញុំតូចចិត្តដែរជិតទៅវិញហើយ តែគ្មានសិទ្ធិនៅលើដីនេះ ហើយខ្ញុំមិនមែនទៅដណ្តើមរបស់រដ្ឋទេ រដ្ឋចែកឱ្យ៧៩(១៩៧៩) តាំងពីបែកមក ដីនេះស្របច្បាប់»។

ពលរដ្ឋ​​ម្នាក់ទៀតនៅលើកោះមាស ក្នុងខណ្ឌច្បារអំពៅ​ អ្នកស្រី ជា ស្រីពៅ អាយុ ៣៨​ឆ្នាំ លើកឡើងថា ប្រជាពលរដ្ឋ​ មិនប្រឆាំងនឹងការ​អភិវឌ្ឍនោះទេ ប៉ុន្តែ​ពួកគាត់​ស្នើ​ដល់រដ្ឋាភិបាល​ដោះស្រាយសំណង​សមរម្យ​ជូន​ប្រជាពលរដ្ឋជាមុនសិន ព្រោះ​គោលនយោបាយ​ដែលដាក់ក្នុង សជណ នេះគឺពលរដ្ឋ​មិនអាចទទួលយក​បាន​ទេ។

អ្នកស្រីនិយាយ​ថា​៖ «និយាយឱ្យចំដីនេះជាជីវិតខ្ញុំហើយ […] ថាតម្លៃ ៥ ទៅ៨ដុល្លារ លក់ហ្នឹងលុយអត់គ្រប់គ្រាន់នឹងយកទៅផ្គត់ផ្គង់ជីវភាពទៅថ្ងៃក្រោយទៀត។ ណាមួយតម្លៃ៧ ៨ដុល្លារ លក់ពីហ្នឹងទៅ បងប្អូនខ្ញុំច្រើន​ចែកគ្នាវាអត់គ្រាន់ បើនៅមានដី យើងអាចធ្វើចំការ ចិញ្ចឹមជីវិតបន្តទៀត តែឥឡូវនេះពួកខ្ញុំមានតែស្នើរាជរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធ ប្លង់រឹងមក អភិវឌ្ឍន៍ អភិវឌ្ឍន៍​ទៅ តែកុំអភិវឌ្ឍន៍លើកទឹកភ្នែកប្រជាជន អភិវឌ្ឍន៍ក៏អភិវឌ្ឍន៍​​ចុះ តែស្នើ​តម្លៃ​ឱ្យ​សមរម្យ ឱ្យប្រជាជនអាចរស់នៅបន្តទៅទៀត»។

ទោះយ៉ាងណា អ្នកស្រី​ស្នើ​ដល់រដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិ​ដីធ្លី និង​លុប​ចោល សជណ ឆ្នាំ២០២០នោះវិញ ដើម្បីឱ្យពលរដ្ឋ​អាចរស់នៅដោយសុវត្ថិភាព​ និងអាច​ប្រកបរបរចិញ្ចឹម​ជីវិត​ដូចបច្ចុប្បន្ន។

ចំណែក លោក ជុំ សំអឿន អាយុ៧២​ឆ្នាំ ជា​ប្រជាពលរដ្ឋរស់​​នៅតំបន់កោះមាស ដែល​មានកូន៧នាក់ក្នុងបន្ទុក​ បានគិតគូររួចជាស្រេច​ថានឹង​ចែកដី​ឱ្យ​កូន​ៗ​ក្នុងម្នាក់ទំហំ ៤អា ដោយសារ​តែលោក​មានវ័យ​កាន់​តែ​ចាស់ទៅហើយ។ តែយ៉ាងណា លោកថា អាជ្ញាធរ​មិនអនុញ្ញាតឱ្យ​ពលរដ្ឋ​ផ្ទេរដីទៅឱ្យ​កូន​ចៅ ឬលក់ដូរដីនោះ​ឡើយ ដែលករណីនេះ ធ្វើឱ្យ​លោក​មានក្តីបារម្ភជាខ្លាំងពីការ​បាត់បង់ដី និងផ្ទះសម្បែង ដោយសារ​ការ​អភិវឌ្ឍន៍​​របស់ក្រុមហ៊ុនឯកជននោះ។

លោកបន្តថា៖«យើងខ្ញុំមានការ​ភិតភ័យជាខ្លាំង ដោយសារខ្លាចតែគេយកដី​ហ្នឹង​ទៅ អត់មានអីនៅ ផ្ទះសម្បែង​ខ្ញុំ​ធ្វើអស់រាប់ម៉ឺនហើយ បារម្ភខ្លាំង[…] យើងទីពឹងតែដីហ្នឹងហើយ បើសិនជាដីហ្នឹងអត់បាន អត់មានយើងបានអីរស់ យើងមិនត្រូវស្លាប់? យើងទៅរកមុខរបអីក្រៅពីហ្នឹង​? ព្រោះយើងចេះធ្វើតែស្រែ ធ្វើតែចម្ការ ចេះ​តែដាំដំណាំអញ្ចឹង​ ហើយឱ្យយើងរកមុខរបរ​អ្វីវិញ? ហើយបានលុយតិចយើងទៅធ្វើមុខរបអីកើត? វាអត់កើត?»។

លោកបញ្ជាក់ថា គោលបំណងដែលលោកទាមទារ គឺចង់បានប្លង់​កម្មសិទ្ធិដីធ្លី​ ដោយសារ​កន្លងមក អាជ្ញាធរ​ខណ្ឌ​ធ្លាប់​​​ប្រាប់ឱ្យ​ប្រជាពលរដ្ឋ​ចូលរួមវាស់វែងដី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ទទួលបាន​ប្លង់នៅឡើយ ហើយពេលថ្មីៗនេះ បែរជា​មានអ្នក​ទៅចរចា​ឱ្យ​ប្រជាពលរដ្ឋ លក់ដីក្នុងតម្លៃចន្លោះពី ៥ទៅ៨ដុល្លារក្នុងមួយ​ម៉ែត្រការ៉េ​ទៅវិញ ដោយសារ​មានក្រុមហ៊ុនទៅអភិវឌ្ឍន៍​។ លោកថា តម្លៃនេះ​ រូបលោក និងពលរដ្ឋ​ផ្សេង​ទៀត មិនអាចទទួលយកបានឡើយ គឺ​មានតែតស៊ូដល់ទីបញ្ចប់។

លោកនិយាយថា៖ «ហើយឱ្យដោះស្រាយគោលនយោបាយ ពី៥ ទៅ៨ដុល្លារ ដូច្នេះ​មិនអាចទទួលយកបានទេ បើយកប៉ុណ្ណឹង​មានតែងាប់ហើយ ចេញទៅមិនដឹងរកអីទេ។ មានដីយើងអាចដាំដំណាំ យើងបានផលពីអាហ្នឹង យកទៅលក់ ជារៀងរាល់ថ្ងៃដើម្បីចញ្ចឹម​ជីវិត យើងមិនព្រម មានតែតស៊ូដល់ទៅបំផុត»។

ពាក់ព័ន្ធនឹង​ការស្នើរបស់ពលរដ្ឋនេះ លោក ហ៊ុន សុខា ទីប្រឹក្សារបស់​អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រាប់ទៅ​ពលរដ្ឋថា ការដែលលោក​ទៅជួបពលរដ្ឋនៅថ្ងៃទី១៤ ខែមិនានោះ គឺ​​ក្នុងនាមជាអ្នកសម្របសម្រួល និង​ជាអ្នកនាំពាក្យឱ្យថ្នាក់លើ ដើម្បីយក​ទុក្ខ​លំបាក និងសំណើរ​របស់​ប្រជាពលរដ្ឋទៅ​ដោះស្រាយ។

លោកថា៖ «ដូច​ខ្ញុំ​បាន​និយាយ​ចឹង គឺយក​គោលការណ៍២ ទី១ គឺគោល​ការណ៍​ដែល​​​បងប្អូន​​​ប្រជាពលរដ្ឋ​សំណើរ​ទៅ​ថ្នាក់​ដឹកនាំ ទី២​​​​ ក៏យើ​ងត្រូវ​យក​បញ្ហា​ សជណ មក​និយាយ តាមគោល​ការណ៍​​ដោះ​ស្រាយ​​របៀប​ សជណ ជា​គោលនយោបាយ​ដូចគ្នា​​ ព្រោះប្រទេស​ជាតិ​យើង​ត្រូវ​ការ​អភិវឌ្ឍន៍ ពេល​ណា​ដែល​ការ​អភិវឌ្ឍន៍​ហើយ ក្រុមហ៊ុន​ក៏គាត់​​​មិ​ន​យក​ជា​កម្ម​សិទ្ធិ​ដែរ គឺគាត់​យក​មក​អភិវឌ្ឍន៍ក្នុង​ពេល ៥០ឆ្នាំ ​ហើយ​ប្រគល់ជូន​រដ្ឋវិញ​តែប៉ុណ្ណោះ​[…] ចំពោះតម្លៃ​នេះ គឺ​​ឱ្យ​ប្រជាពលរដ្ឋ​គាត់​គិត ដោយការឯកភាព​ជា​ធ្លុងមួយ រវាងក្រុមហ៊ុន​ និង​​​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ហើយ​មិន​មែនជា​ការ​ចាប់បង្ខំឬការ​អ្វី​មួយ​ផ្សេង​នោះទេ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សេង ឡូត អ្នកនាំពាក្យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទេនៅរសៀលថ្ងៃទី១៧ ខែមីនានេះ។

កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ​២០២៥នេះ ប្រជាពលរដ្ឋ​នៅតំបន់កោះមាស ធ្លាប់បានទៅ​ប្រមូលផ្តុំគ្នាម្តងរួចមកហើយ ដោយទាមទារឱ្យរដ្ឋាភិបាល​ផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី ខណៈ​ភាព​ជា​ម្ចាស់​​កម្ម​​សិទ្ធិ​ដីធ្លី​របស់​ពួកគេ កំពុង​ស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់​ ក្រោយ​រដ្ឋា​ភិបាល​ចេញ​លិខិត​ ស.ជ.ណ មួយ​ ដោយ​​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត អិចផត ជួលដីកោះ​មាស​ ​ ដើម្បី​​ធ្វើ​ការ​អភិវឌ្ឍ។

អ្នកស៊ើប​អង្កេតជាន់ខ្ពស់​ផ្អែកសិទ្ធិមនុស្សនៃសមាគម​អាដហុក លោក យី សុខសាន្ត យល់​ថា​ រដ្ឋាភិបាលគួរតែ​ទទួលស្គាល់​សិទ្ធិដីធ្លី​របស់អ្នកស្រុក​កោះមាស ទោះបីពួកគាត់​មិនមានប័ណ្ណកម្មសិទ្ធិផ្លូវការក៏ដោយ ព្រោះពលរដ្ឋភាគច្រើន​ បាន​រស់នៅ​តំបន់នោះជាច្រើន​ឆ្នាំ​មក​ហើយ។ លោកបន្តថា ប្រសិនបើប្រទេសកម្ពុជា​ដំណើរការជាទីផ្សារសេរី ប្រជាពលរដ្ឋស​មនឹងទទួលបានសំណង​សមរម្យ ដើម្បីទប់ស្កាត់​ការបណ្តេញចេញ និងធានា​ការរស់រានមានជីវិតរបស់ពួកគេ។

លោកមានប្រសាសន៍ថា៖ «ប្រសិនជារដ្ឋាភិបាលលោកចាត់ទុកថាប្រទេសកម្ពុជាជារបបទីផ្សារសេរី គួរតែផ្តល់​ឲ្យគាត់​នូវការដោះដូរជាទីផ្សារសេរី ដោយសំណងសមរម្យជាមុន​ឲ្យគាត់ មិន​គួរ​បណ្ដេញ​គាត់​ចេញ​ទេដោយ​សារ​តែ​អាការ​ដែល​គាត់​អាស្រ័យ​ផល​ យើង​ដឹងហើយថា ទោះបីជាគាត់មិនមានប្លង់​ក៏ដោយ គេហៅថាដី​ភោគៈនៃការកាន់កាប់របស់គាត់ច្រើនឆ្នាំជាង អ្នកខ្លះឡើងដល់ទៅម្ភៃឆ្នាំជាង ដូច្នេះកាត់ដីភោគៈនេះ ទោះបីគាត់មិនមានប្លង់រឹងក៏ដោយ ក៏ជាកម្មសិទ្ធិរបស់គាត់ស្របច្បាប់ដែរ គាត់រស់នៅចឹងគួរតែផ្តល់សំណងគាត់​សមរម្យដើម្បីឲ្យគាត់រស់បាន»។

ត្រឡប់ទៅកាន់ប្រជាពលរដ្ឋ​រស់នៅតំបន់​​កោះមាស​វិញ លោក ឈឹម រី បានលើកឡើង​ថា​ ពលរដ្ឋរស់នៅកោះមាសនេះ​ដោយស្របច្បាប់ ហើយដីនេះមិនមែនជាដីអាណាធិបតេយ្យទេ។ លោកនិយាយ​តំណាងពលរដ្ឋកោះ​មាសទាំងមូល ស្នើដោយទទូចទៅរដ្ឋាភិបាល​ឱ្យចេញប្លង់កម្មសិទ្ធិ​ជូនពលរដ្ឋជាមុនសិន ហើយប្រសិន​បើ​មានការ​អភិវឌ្ឍ​នៅថ្ងៃក្រោយ​ ពលរដ្ឋស្នើ​សុំឱ្យ​ផ្តល់តម្លៃសមរម្យ​តាមទីផ្សារដែលពួកគាត់អាច​រកទីតាំងផ្សេង​រស់នៅបាន។

លោកថា៖ «ដីនេះមិនមែនថាអាណាធិបតេយ្យទេវាស្របច្បាប់ ហើយមកគេដាក់ឱ្យខ្ញុំក្រៅអ៊ីចឹងខ្ញុំតូចចិត្តខ្លួនខ្ញុំ សុំសំណូមពរប៉ុណ្ណឹងទេសុំប្លង់ច្បាស់ ប្រជាជនទាំងអស់នៅលើកោះមាសគឺសុំប្លង់។ ហើយបើចង់អភិវឌ្ឍន៍អីបានប្លង់មកអភិវឌ្ឍទៅ ប៉ុន្មានៗតាមតែលោកដាក់មកៗ សុំប្លង់មុន»៕

…………………………………….

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

អត្ថបទបន្ទាប់

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

អត្ថបទបន្ទាប់
សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង