CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

បទ​យក​ការណ៍​៖​ ​ពលរដ្ឋ​១៤​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ពិបាក​ចេញចូល​លំនៅ​ឋាន​ ​ក្រោយ​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួកគាត់​

Admin ដោយ Admin
July 13, 2023
ក្នុង បទយកការណ៍, ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពចាក់ដី និងព័ទ្ធរបង ដែលអ្នកភូមិអះអាងថា ជារបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យពលរដ្ឋ១៤គ្រួសារពិបាកចេញចូលលំនៅឋានរបស់ពួកគាត់។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ទិដ្ឋភាពចាក់ដី និងព័ទ្ធរបង ដែលអ្នកភូមិអះអាងថា ជារបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្តថិនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យពលរដ្ឋ១៤គ្រួសារពិបាកចេញចូលលំនៅឋានរបស់ពួកគាត់។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
196
ចំនួនមើល

ស្រ្ដីវ័យចំណាស់ម្នាក់បានរៀបរាប់ថា៖«គេព័ទ្ធរបងតាំងពីមានជម្លោះលើកមុនបានប៉ុន្មានថ្ងៃខាងព្រលានគេមកព័ទ្ធយកហ្មង។ ផ្ទះពួកខ្ញុំ១៤គ្រួសារគឺត្រូវដើរឆ្លងទឹកចូលផ្ទះ ពេលទឹកឡើងមានតែប្រើទូកឆ្លងចូលផ្ទះ។ ខ្ញុំដេកអត់លក់ទេលោកគ្រូអើយ មិនដឹងថាគេឱ្យយើងទៅនៅណាទេ។ លើកមុនគេមកប្រាប់ថាគេនឹងដោះស្រាយមុនបោះឆ្នោត តែឥឡូវអត់ឃើញមកសួរនាំទេ»។

នេះគឺជាសម្ដីរបស់ស្រ្ដីវ័យចំណាស់ម្នាក់ ដែលកំពុងអង្គុយលើកាំជណ្ដើរមុខផ្ទះ ក្នុងដៃកាន់គល់ស្លឹកគ្រៃ​ និងមានទឹកមុខក្រៀមក្រំ​ពេលឃើញក្រុមហ៊ុនព្រលានបានព័ទ្ធរបងមុខផ្ទះអ្នកស្រី។ អ្នកស្រី ប៉ាន់ គឹម អាយុ៧៤ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង បានរៀបរាប់អំពីក្ដីកង្វល់របស់ខ្លួន​ថា គិតមកដល់ខែកក្កដា ឆ្នាំនេះ គឺអ្នកស្រីបានរស់នៅលើភូមិដែលកំពុងមានជម្លោះនេះជាង៣០ឆ្នាំមកហើយ និងបានប្រកបមុខរបរជាអ្នកនេសាទផង និងបេះបន្លែក្នុងបឹងលក់ដើម្បីយកទៅលក់ចិញ្ចឹមជីវិតផង។

ស្រ្តីវ័យចំណាស់រូបនេះ ជាពលរដ្ឋមួយគ្រួសារក្នុងចំណោមពលរដ្ឋចំនួន១៤គ្រួសារទៀត ដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានធ្វើរបងព័ទ្ធបណ្តាលឱ្យពិបាកធ្វើដំណើរចេញចូលលំនៅឋាន។ ជាមួយគ្នានេះ ពលរដ្ឋទាំង១៤គ្រួសារ ក៏ស្ថិតនៅក្នុងចំណោមអ្នកភូមិជាង២០០គ្រួសាររស់នៅលើទំនប់៩៤ ស្ថិតនៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុននៅឡើយ។

ពួកគេ ក៏តែងបន្ត​ទាមទារឱ្យអាជ្ញាធរពន្លឿនការដោះស្រាយសំណងផលប៉ះពាល់ ដោយពួកគេអះអាងថា អាជ្ញាធរបានសន្យាថានឹងដោះស្រាយមុនការបោះឆ្នោតជាតិអាណត្តិទី៧នេះ ប៉ុន្ដែមកដល់ពេលនេះគឺអាជ្ញាធរមិនបានធ្វើតាមការសន្យានោះទេ។

ទិដ្ឋភាពចាក់ដី ​ដែលអ្នកភូមិអះអាងថា ជារបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលកាល និងលំនៅឋានរបស់ពលរដ្ឋ១៤គ្រួសារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។ (ពលរដ្ឋអ្នកសារព័ត៌មាន)

​មានសម្បុរខ្មៅស្រអែម ស្លៀកសំពត់ពណ៌ក្រហម ពាក់អាវកាក់ពណ៌ប្រផេះលាយស អ្នកស្រី ប៉ាន់ គឹម បាន​ឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងទៀតថា មុននឹងមានជម្លោះជាមួយក្រុមហ៊ុនព្រលានយន្តហោះថ្មីនេះ ​ ពលរដ្ឋក្នុងភូមិអ្នកស្រីជាទូទៅគឺប្រកបមុខរបរជាអ្នកនេសាទ និងបេះបន្លែក្នុងបឹង ដើម្បីលក់ទៅឱ្យម៉ូយ។ អ្នកស្រីបន្ដថា ការប្រកបមុខរបរនេះមិនធ្វើឱ្យពលរដ្ឋក្នុងអ្នកស្រីលំបាកទេ គឺម្នាក់ៗអាចរស់បាន ប៉ុន្ដែចាប់តាំងពីមានបញ្ហាជាមួយក្រុមហ៊ុនព្រលានយន្តហោះមក គឺខាងព្រលានគេហាមពលរដ្ឋមិនឱ្យចូលនេសាទ ឬក៏បេះបន្លែក្នុងបឹងទៀតទេ។ ការណ៍នេះ ធ្វើឱ្យពលរដ្ឋក្នុងភូមិអ្នកស្រីកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។

ស្រ្ដីវ័យចំណាស់ម្នាក់បានថ្លែងពីការព្រួយបារម្ភរបស់ខ្លួនថា៖ «ខ្ញុំមិនដឹងគេ[អាជ្ញាធរ]គិតមិចទេ ឮថាគេដោះស្រាយមុនបោះឆ្នោត តែឥឡូវស្ងាត់ឈឹង។ ខ្ញុំបារម្ភថាគ្មានផ្ទះនៅ មិនដឹងរំពឹងអីទេលោកគ្រូអើយ!។ ខ្ញុំរស់នៅយូរហើយ សុខៗគេមកដេញចេញចឹង ខ្ញុំពិបាកចិត្ដណាស់លោកគ្រូ»។

ស្រ្ដីវ័យ៧៤ឆ្នាំរូបនេះបានស្នើសុំទៅកាន់អាជ្ញាធរពាក់ព័ន្ធឱ្យជួយពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ជាពិសេសការចេញបណ្ណកម្មសិទ្ធិស្របច្បាប់ដើម្បីឱ្យពលរដ្ឋទាំងអស់អាចរស់នៅដូចពលរដ្ឋដទៃដែរ ខណៈអ្នកស្រីចង់ឱ្យមានការអភិវឌ្ឍនៅនឹងកន្លែងតែម្ដង ពីព្រោះពួកគាត់មិនចង់ចាកចេញទៅណានោះទេ។

អ្នកស្រី គឹមថ្លែងថា៖«ពួកខ្ញុំចង់ឱ្យមានដោះស្រាយល្អ ពួកខ្ញុំមិនចង់ចាកចេញទៅណាទេ ប៉ុន្ដែបើគេចង់ឱ្យចាកចេញគួរតែរកកន្លែងណាមានបណ្ណកម្មសិទ្ធិស្របច្បាប់។ ខ្ញុំចង់ឱ្យអភិវឌ្ឍនៅកន្លែងតែម្ដង វាល្អសម្រាប់ពួកខ្ញុំ»។

ពលរដ្ឋអ្នកសារព័ត៌មានបានសង្កេតឃើញថា មានរបងស័ង្កសីពណ៌ខៀវរបស់ក្រុមហ៊ុនព្រលានយន្ដហោះថ្មីបានព័ទ្ធជុំវិញតំបន់ដីមានជម្លោះ ហើយព័ទ្ធទាំងផ្លូវចាស់ឬច្រកចេញចូលផ្ទះរបស់ពលរដ្ឋ១៤គ្រួសារ។ ​

យោងតាមការអះអាងរបស់ពលរដ្ឋដែលជាម្ចាស់ផ្ទះបានរៀបរាប់ថា ខាងព្រលានយន្តហោះបានព័ទ្ធរបងក្រោយពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រោយមកខាងព្រលានក៏បានព័ទ្ធយកតែម្ដង ដោយមិនបានប្រាប់ពួកគាត់ដែលជាម្ចាស់ផ្ទះឱ្យដឹងមុននោះទេ។

តាមការបញ្ជាក់ស្រ្ដីម្នាក់ជាម្ចាស់ផ្ទះដែលខាងព្រលានយន្ដហោះបានធ្វើរបងព័ទ្ធផ្ទះមិនឱ្យចេញចូល នោះគឺអ្នកស្រី ណាង ស្រីនិច អាយុ២២ឆ្នាំ  បានរៀបរាប់ពីផលលំបាកថា ចាប់តាំងពីក្រុមហ៊ុនព្រលានធ្វើរបងបិទជិតមិនឱ្យគ្រួសារអ្នកស្រីឆ្លងកាត់មក គឺបង្កការលំបាកជាច្រើនដល់អ្នកស្រី និងពលរដ្ឋ១៣គ្រួសារផ្សេងទៀត ដោយម្នាក់ៗត្រូវឆ្លងព្រែក​ដើម្បីចូលផ្ទះ។ អ្នកស្រីថា អ្វីដែលលំបាកដល់អ្នកស្រីទៀតនោះគឺ​កូនតូចៗ​របស់អ្នកស្រីត្រូវឆ្លងកាត់រាល់ថ្ងៃ។ អ្នកស្រីបារម្ភថា អាចនឹងមានគ្រោះថ្នាក់ដល់កូនអ្នកស្រីពេលមានទឹកឡើង​​។

ស្រ្ដីរូបនេះបន្ដថា៖«ពេលគេបិទ[របង]ខ្ញុំឆ្លងព្រែកចូលផ្ទះ ខ្ញុំមានកូនតូចៗ២នាក់ខ្លាចវាឆ្លងគឺអាចលង់។ឥឡូវទឹកតិចអត់អីទេឆ្លងបាន តែពេលទឹកឡើងខ្លាំងគឺជិះទូកឆ្លងចូលផ្ទះ។ ខ្ញុំចង់ឱ្យអាជ្ញាធរជួយផ្ដល់ដំណោះស្រាយល្អឱ្យពួកខ្ញុំមក»។

កាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ពលរដ្ឋរស់នៅលើទំនប់៩៤ជាច្រើននាក់បានប៉ះទង្គិចគ្នាជាមួយសន្ដិសុខក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិថ្មី មួយប្រាវ ដោយសារតែខាងព្រលានបានយកគ្រឿងចក្រជាច្រើនគ្រឿងមកចាក់ដីលុបផ្ទះពួកគេ។ ប៉ុន្ដែក្រោយមកក៏មានការអន្ដរាគមន៍ពីរដ្ឋបាលខេត្ដកណ្ដាល ទើប​ពលរដ្ឋនាំគ្នាទៅផ្ទះរៀងៗខ្លួន ហើយរដ្ឋបាលខេត្ដកណ្ដាលបានតម្រូវឱ្យខាងព្រលានកាយដីដែលបានលុបលើផ្ទះពលរដ្ឋចេញជាបណ្ដោះអាសន្ន។

តែយ៉ាងណាក៏ដោយ ពលរដ្ឋបានអះអាងថា មកដល់ពេលនេះគឺខាងព្រលានយន្ដហោះអន្ដរជាតិបានធ្វើរបងព័ទ្ធជុំវិញផ្ទះពលរដ្ឋចំនួន១៤គ្រួសារមិនឱ្យចេញចូលបាន ខណៈពលរដ្ឋទាំងនោះនាំគ្នាដើរឆ្លងព្រែកដើម្បីចូលផ្ទះ និងបានបង្កផលលំបាកដល់ពួកគេ។

ទិដ្ឋភាពលំនៅឋានរបស់ពលដ្ឋ ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានជម្លោះជាមួយ ​ក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មី។ (ពលរដ្ឋអ្នកសារព័ត៌មាន)

បើតាមលោក ហេង ចាន់ មេឃុំកណ្ដោក បានថ្លែងថា លោកមិនបានដឹងលើរឿងទាំងអស់ហ្នឹងនោះទេ ដោយលោកថា លោករវល់ឃោសនាបោះឆ្នោត។ ករណីនេះលោកថា មានតែខាងលើបានដឹង សម្រាប់លោកអាជ្ញាធរមូលដ្ឋានមិនបានដឹងទេ ដោយលោករុញឱ្យពលរដ្ឋអ្នកសារព័ត៌មានទៅសួរថ្នាក់ស្រុក និងខេត្ដជំនួសវិញ។

លោកថា៖«ពូអត់ដឹងផងក្មួយ ពូរវល់ឃោសនាបោះឆ្នោត។ ក្មួយទៅសួរថ្នាក់ស្រុក និងខេត្ដទៅ បានគេដឹងរឿង»។

ចំណែក លោក ជីវ កុកសាយ​ ប្រធានដោះស្រាយដីធ្លីក្រុមហ៊ុនព្រលានយន្ដហោះ បានឆ្លើយយ៉ាងខ្លីជុំវិញការព័ទ្ធរបងនេះថា ក្រុមហ៊ុនទទួលម៉ៅការសាងសង់ពីរដ្ឋ ដូច្នេះខាងក្រុមហ៊ុនដឹងតែធ្វើទេ រឿងដោះស្រាយនឹងពលរដ្ឋជាកិច្ចការខាងអាជ្ញាធរ។

លោកថា៖«ខាងខ្ញុំអត់ដឹងទេ ខាងខ្ញុំដឹងតែធ្វើទេ រឿងដោះស្រាយនឹងប្រជាជនគឺខាងអាជ្ញាធរទេ»។

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដកណ្ដាល​ លោក គ្រុយ ម៉ាឡែន បានឱ្យដឹងថា កន្លងមកអភិបាលខេត្ដបានចុះជួបប្រជាពលរដ្ឋ នឹងបានថ្លែងប្រាប់ពីការដោះស្រាយរួចមកហើយ ប៉ុន្ដែការដោះស្រាយបែបណានោះលោកមិនបានបញ្ជាក់នោះទេ។ យ៉ាងណាក៏ដោយ លោកថា បើសិនជាពលរដ្ឋមានបញ្ហាអ្វី លោកតម្រូវឱ្យពលរដ្ឋទៅជជែកនឹងអាជ្ញាធរមូលដ្ឋានចុះ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ជូនពួកគាត់។

អ្នកនាំពាក្យរូបនេះបន្ដថា៖ «រឿងដោះស្រាយលើពួកគាត់នេះគឺកន្លងមកលោកអភិបាលខេត្ដបានចុះជួបនិងព្រមព្រៀងរួចហើយ។ បើសិនជាមានរឿងអីសុំឱ្យពួកគាត់ទាក់ទងអាជ្ញាធរឃុំ និងស្រុកទៅ ដើម្បីទទួលបាននូវកិច្ចអន្ដរាគមន៍ជូនពួកគាត់»។

កាលពីដើមឆ្នាំ២០២៣កន្លងទៅ ពលរដ្ឋ៤៧៤គ្រួសារមកពីឃុំចំនួន២គឺឃុំកណ្ដោក និងសង្កាត់កំពង់សំណាញ់នាំគ្នាឡើងតវ៉ានៅមុខសាលាខេត្ដកណ្ដាលដោយលើកទីមួយស្នើសុំជួបលោកអភិបាលខេត្ដ គឺលោក គង់ សោភ័ណ្ឌ ដើម្បីឱ្យបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងការបាញ់ស្លាកតាមផ្ទះ ប៉ុន្ដែមិនបានជួបដូចការគ្រោងទុកឡើយ។ លើសពីនេះ ពលរដ្ឋក៏ស្នើឱ្យចេញចេញបណ្ណកម្មសិទ្ធិស្របច្បាប់ និងឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្ដែមកដល់ពេលនេះ ពលរដ្ឋបានអះអាងថា គ្មានការឆ្លើយតបណាមួយពីរដ្ឋបាលខេត្ដកណ្ដាល​ឡើយ។

យ៉ាងណា ពួកគាត់បានអះអាង​ថា ប្រសិននៅតែគ្មានការដោះស្រាយជូនពួកគាត់ទេ​ ពួកគាត់នឹងនាំគ្នាបន្ដទាមទារដល់ក្រសួងដែនដី និងខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រសួងមហាផ្ទៃ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍។

ជុំវិញរឿងនេះដែរ លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួល និងធុរៈកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមើលឃើញថា ការព័ទ្ធរបងរបស់ក្រុមហ៊ុនព្រលាននេះគឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានដែលមានចែងក្នុងច្បាប់​ជាតិ និងអន្ដរជាតិសុទ្ធសាធ។

មិនតែប៉ុណ្ណោះលោកថា អាជ្ញាធរ​ហាក់មានចេតនាក្នុងការបើកដៃឱ្យក្រុមហ៊ុនព្រលាននេះធ្វើអ្វីបានតាមអំពើចិត្ដ ទោះបីដឹងថា ក្រុមហ៊ុនបានបំពានច្បាប់ក៏ដោយ។ លោកបន្ដថា មុននឹងបិទរបង ឬក៏ចាក់ដីលុបប៉ះពាល់ផ្ទះពលរដ្ឋ គឺអាជ្ញាធរគួរមានកិច្ចអន្ដរាគមន៍​ជូន​ពលរដ្ឋ ដើម្បីឱ្យពួកគាត់ត្រៀមខ្លួន ជាពិសេសគឺត្រូវទូទាត់សំណងសមរម្យមុននឹង​អភិវឌ្ឍន៍ មិនមែនបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនបន្ដសកម្មភាពរំលោភបែបនេះទេ។

លោកថា៖«រឿងនេះគឺអាជ្ញាធរគួរតែដោះស្រាយឱ្យពួកគាត់ជាមុនសិន ព្រោះច្បាប់មានចែងយ៉ាងច្បាស់ថា មុននឹងអភិវឌ្ឍន៍គឺទូទាត់សមរម្យឱ្យពលរដ្ឋជាមុន។ ម្យ៉ាងទៀតរឿងនេះជាការរំលោភសិទ្ធិមនុស្សសុទ្ធសាធ និងបង្ហាញពីការគំរាមកំហែងដល់ពលរដ្ឋដែលជាម្ចាស់ប្រទេស។ ខ្ញុំមិនដឹងថាអាជ្ញាធរគេគិតអីទេ​ ដូចជាមិនដោះស្រាយអីសោះហ្មង។ ខ្ញុំមើលទៅដូចជាអាណាធិបតេយ្យពេកហើយ»។

ត្រឡប់មកអ្នកស្រី ម៉ាក ស្រីមេន អាយុ៤១ឆ្នាំ បានលើកឡើងថា ពលរដ្ឋ​មិនជំទាស់​ការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ បើសិនជាអាជ្ញាធរផ្ដល់ដំណោះស្រាយសមរម្យដូចជាដី និងផ្ទះមានប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ។ ​ លើសពីនេះ ផ្តល់កន្លែងអាចឱ្យពួកអ្នកស្រីអាចប្រកបមុខរបរចិញ្ចឹមជីវភាពបាន និងនៅជិតតំបន់អភិវឌ្ឍន៍ ​ ប៉ុន្ដែមិនផ្ដល់សំណងសមរម្យទេ គឺពលរដ្ឋទាំងអស់មិនព្រមចាកចេញឡើយ ដោយបន្ដការតវ៉ារហូតដល់មានដំណោះស្រាយ។

អ្នកស្រីថា៖«ឱ្យតែមានប្លង់រឹង កន្លែងអាចរកស៊ីបាន និងនៅជិតពួកខ្ញុំព្រមទទួលយកភ្លាម ប៉ុន្ដែបើអត់ទេពួកខ្ញុំអត់ទៅណាទេលោកគ្រូ»។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តអន្តរជាតិថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប ២ ៦០០ហិកតា។

​គម្រោងសាងសង់នេះមាន៣ដំណាក់កាល។ ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា ១ ៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ក្នុង១ឆ្នាំ។ រីឯដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន

អត្ថបទមុន

ពលរដ្ឋ​រស់​នៅ​​សង្កាត់​បឹង​ទំពន់​២​រាជធានី​ភ្នំពេញ​​ត្អូញត្អែរ​ពី​​បញ្ហា​ទឹក​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​

អត្ថបទបន្ទាប់

សកម្មជន​ការពារ​ព្រៃឈើ​ថា​ការ​ដុត​បំផ្លាញ​ស្នាក់ការ​របស់​សហគមន៍​ជា​ការ​គំរាមកំហែង​

អត្ថបទបន្ទាប់
ទិដ្ឋភាពស្នាក់ការរបស់សហគមន៍ព្រៃក្បាលខ្លា ស្ថិតនៅភូមិស្រែចង់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ត្រូវបានជនខិលខូចលួចដុតបំផ្លាញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

សកម្មជន​ការពារ​ព្រៃឈើ​ថា​ការ​ដុត​បំផ្លាញ​ស្នាក់ការ​របស់​សហគមន៍​ជា​ការ​គំរាមកំហែង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង