នៅវេលាម៉ោង៩ព្រឹក លើជាន់ទី២ នៃផ្សារទំនើបអុីអនម៉ល២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាតម្រង់ជួរត្រៀបត្រា នៅមុខទីតាំងធ្វើអត្តសញ្ញាណប័ណ្ណ។ ក្នុងចំណោមពលរដ្ឋទាំងនោះ ក៏មានពលរដ្ឋខ្លះមកពីតាមបណ្តាខេត្តផ្សេងៗ និងខ្លះទៀត រស់នៅរាជធានីភ្នំពេញ។
កំពុងឈរតម្រង់ជួររងចាំធ្វើអត្តសញ្ញាណប័ណ្ណនៅសាខាផ្សារទំនើបអ៊ីអន២សែនសុខ អ្នកស្រី ផា កំផាត ជាប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកស្រីបានមកតម្រង់ជួរតាំងពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោងជិត១១ព្រឹក នៅតែមិនទាន់បានចូលទៅជួបមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៅឡើយ។
អ្នកស្រីបន្តថា ដោយសារអត្តសញ្ញាណប័ណ្ណរបស់គាត់ អស់សុពលភាព និងចង់កែតម្រូវឈ្មោះរបស់គាត់ដែលធ្វើខុសកាលពីពេលមុនផងនោះ ធ្វើឱ្យគាត់ត្រូវឡើងចុះពីស្រុកកំណើត មករាជធានីភ្នំពេញ ជាច្រើនដង ដែលធ្វើឱ្យការងាររបស់គាត់ត្រូវរាំងស្ទះមួយចំនួនផងដែរ។
អ្នកស្រីថា៖«និយាយទៅខាត[ពេលវេលា]ដែរហ្នឹងហាស តែមិនដឹងធ្វើម៉េច បើយើងចង់បានអត្តសញ្ញាណប័ណ្ណហើយ[…] និយាយទៅវាសំខាន់ច្រើនយ៉ាងយើងត្រូវធ្វើប្លង់ដី និយាយទៅទិញអីធ្វើអី យើងត្រូវតែប្រើអត្តសញ្ញាណប័ណ្ណ ដូចថាយើងត្រូវបើកកុងធនាគារឬខ្ចីលុយអង្គការក៏ត្រូវតែប្រើអាហ្នឹង»។
ទោះជាត្រូវរង់ចាំយូរ ប៉ុន្តែស្ត្រីរូបនេះ មិនបានដាក់បន្ទុកទៅលើអ្នកផ្តល់សេវាកម្មឡើយ ព្រោះអ្នកស្រីមើលឃើញពីភាពជាក់ស្តែងនូវចំនួនមនុស្សជាច្រើនដែលបានមកចាំទទួលសេវាកម្មនេះ។
អ្នកស្រីថា៖«និយាយទៅមិនយឺតទេ តែគ្រាន់តែថាមកពីមនុស្សច្រើន ដល់មនុស្សច្រើន យើងត្រូវតែចាំហើយ តែបើមនុស្សអត់ច្រើនយើងចូលទៅលឿនដែរហ្នឹង»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តព្រៃវែង លោក សៀង សិត មានមុខរបរជាកសិករ បានមកដល់កន្លែងរងចាំធ្វើអត្តសញ្ញាណបណ្ណនៅសាខាផ្សារអ៊ីអន២សែនសុខនេះ នៅម៉ោង៨ព្រឹក។ លោក សៀង សិត ដែលមានវ័យជាង៣០ឆ្នាំ បានប្រាប់ថា មូលហេតុដែលគាត់ឡើងមកធ្វើអត្តសញ្ញាណប័ណ្ណនៅរាជធានីភ្នំពេញនេះ ដោយសារនៅទីនេះមានសេវាកម្មលឿនជាងនៅរដ្ឋបាលឃុំដែលលោករស់នៅ ដែលត្រូវប្រើរយៈពេលយូរជិតកន្លះឆ្នាំ ទម្រាំបាន។
លោកថា៖ «ធ្វើនៅនឹងសេវេកម្មវារាងលឿនរយៈពេលដែរ ៣០ថ្ងៃ គិតចាប់ពីរថ្ងៃគេធ្វើការ នៅតាមបណ្តាស្រុក ឃុំប្រើរយៈពេលយូរ។ កាលពេលខ្ញុំធ្វើ[លើកមុន]ហ្នឹង ប្រើពេលរាងច្រើនដែរ ខ្ទង់ជិតកន្លះឆ្នាំអីចឹងទៅ»។
បើតាម លោក សៀង សិត ការទម្រង់ជួរដើម្បីទទួលសេវាកម្មមួយនេះ គឺត្រូវការចាប់លេខរៀង ដែលនៅពេលព្រឹក លោកថា ខាងមន្ត្រីដែលធ្វើអត្តសញ្ញាប័ណ្ណបើកទទួល ព្រឹក១០០នាក់ និងពេលរសៀល ៩០នាក់ ។
ដើម្បីពន្លឿនសេវានៃការធ្វើអត្តសញ្ញាណប័ណ្ណ ដែលមួយថ្ងៃៗមានមនុស្សរាប់រយនាក់មកទៅទទួលសេវានេះ លោក សៀង សិត បានស្នើដល់ក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពង្រីកទីតាំងធ្វើបន្ថែមទៀត នោះប្រជាពលរដ្ឋនឹងមិនរងចាំយូរ ហើយអាចទទួលបានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ជាប្រយោជន៍តាមតម្រូវការប្រចាំថ្ងៃរបស់ខ្លួនបានទាន់ពេល។
លោកមានប្រសាសន៍ថា៖ «ប្រសិនជាដាក់ឲ្យមានការងារធ្វើពីរកន្លែង ឬបីកន្លែង ដើម្បីឲ្យយើងកាត់បន្ថយកកស្ទះ[ហ្នឹង] បើកាន់តែលឿនជាងហ្នឹង កាន់តែល្អដែរឲ្យបានប្រើឲ្យទាន់ពេលវេលា»។
ចំណែក បុរសវ័យចំណាស់ម្នាក់ ដែលកំពុងអង្គុយរង់ចាំទទួលអត្តសញ្ញាណប័ណ្ណនៅផ្សារទំនើបអ៊ីអនពីរ លោក អឹម រ័ត្ន អាយុ ៨០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅបុរីអង្គរភ្នំពេញ ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណរបស់លោក បានផុតកំណត់នៃការប្រើប្រាស់ ទើបលោកត្រូវមកធ្វើជាថ្មីទៀត។ លោកបន្តថា ការរៀបចំសេវាផ្តល់អត្តសញ្ញាណប័ណ្ណនៅសាខាផ្សារទំនើបអ៊ីអន២នេះ ជារឿងល្អ និងមានសេវាល្អ ហើយនៅពេលមកធ្វើអត្តសញ្ញាណប័ណ្ណ លោកមិនបានចំណាយពេលរង់ចាំយូរទេ ដោយសារគេផ្តល់អាទិភាពសម្រាប់មនុស្សចាស់។
តែយ៉ាងណា លោកថា សម្រាប់មនុស្សវ័យកណ្តាលវិញ លោកសង្កេតឃើញពួកគេត្រូវឈរតម្រង់ជួររងចាំយូរ ទម្រាំដល់លេខរៀងរបស់ពួកគេ ដែលករណីនេះ លោកចង់ឱ្យមានកន្លែងសម្រាប់អ្នកអង្គុយរង់ចាំឱ្យបានច្រើនជាងមុន ពង្រីកទីកន្លែងឱ្យធំជាងមុន និងមានបុគ្គលិកច្រើនជាងនេះ នោះកាន់តែល្អប្រសើរ។
លោកថា៖«ពេលមកហ្នឹងមនុស្សច្រើន ប៉ុន្តែចាស់ៗគេឱ្យទៅមុន ធ្វើហ្នឹងរយៈពេលមួយខែកន្លះ ហើយរបស់ខ្ញុំជាងមួយខែកន្លះហើយ មកធ្វើតាំងពីថ្ងៃ៥ខែ២(កុម្ភៈ) ខ្ញុំទើបតែមកយកថ្ងៃហ្នឹង។ និយាយចំសេវាល្អ គ្រាន់តែមនុស្សច្រើនពេក មើលឃើញគ្នា(បុគ្គលិកបម្រើការនៅអត្តសញ្ញាណបណ្ណ) រៀងហត់នឿយដែរហ្នឹង។ កន្លែងនេះវាតូច ហើយអ្នកធ្វើសម្រុកមកធ្វើតែកន្លែងហ្នឹង សម្រុកមកតែពិបាក […] បញ្ហាកន្លែងតូច គឺត្រូវពង្រីកឱ្យធំជាងហ្នឹងទៀត ព្រោះកន្លែងនេះធ្វើជាប្រចាំ មិនមែនធ្វើ១ថ្ងៃ ឬ២ថ្ងៃទេ ហើយរបស់នេះ ប្រជាជនផុតកំណត់ត្រូវតែមកធ្វើ។ ទាល់តែបន្ថែមបុគ្គលិក ហើយបន្ថែមតុឱ្យអ្នកមកអង្គុយដែរ»។
ជាមួយគ្នានេះដែរលោក ជឹម បុនធឿន មានវ័យជាង៣០ឆ្នាំ ប្រកបរបរជាអ្នកលក់ពោត នៅត្រឡោកបែក ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមកចាំទទួលអត្តសញ្ញាណប័ណ្ណតាំងពីម៉ោង៩ ដល់ម៉ោង ១០កន្លះ ព្រឹកដែរនោះ យល់ថា កន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណមានសេវាល្អ តែបើមានសាខាច្រើនជាងនេះកាន់តែល្អ ជៀសវាងអ្នកឡើងមកខកពេលជាដើម។
លោកថា៖ «សេវាកម្មកគេល្អ[…] បើសាខាមានច្រើន ងាយស្រួលសម្រាប់ពលរដ្ឋងាយធ្វើ(អត្តសញ្ញាណប័ណ្ណ) ដល់ពេលមកសម្រុកអញ្ចឹង ពេលខ្លះ អ្នកខ្លះមកខក អញ្ចឹងទាល់តែដឹងពេលវេលាមកមុន អ្នកខ្លះអត់សូវដឹងទេ មកច្រើនតែខក អ្នកខ្លះម៉ោងជាង១០បានមក ដល់ពេលគាត់ចាំទៅខក»។
យោងតាមអនុក្រឹត្យ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់រាជរដ្ឋាភិបាល ចុះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានលើកឡើងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ សំដៅលើឯកសារផ្លូវការមួយសម្រាប់បញ្ជាក់សញ្ញាណរបស់បុគ្គលទាំងឡាយណាជាសញ្ញាណខ្មែរ។
អនុក្រឹត្យដដែលបន្តថា អត្តសញ្ញាណប័ណ្ណ ត្រូវបានធ្វើសម្រាប់បុគ្គលដែលមានអាយុពី ១៥ឆ្នាំ ដល់ក្រោម ៦០ឆ្នាំ រីឯសុពលភាពអត្តសញ្ញាណប័ណ្ណមានរយៈពេល១០ឆ្នាំ ចាប់ពីថ្ងៃចេញប័ណ្ណ មានន័យថា បុគ្គលនៅក្នុងជួរអាយុនេះ នឹងត្រូវបន្តអត្តសញ្ញាណប័ណ្ណរបស់ពួកគេរៀងរាល់១០ឆ្នាំម្តង។
សម្រាប់បុគ្គលដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ អាចប្រើអត្តសញ្ញាណប័ណ្ណមានសុពលភាព ដោយអាចប្រើជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃចេញប័ណ្ណ ដោយមិនតម្រូវឱ្យមានការបន្តធ្វើអត្តសញ្ញាណប័ណ្ណ។
តាមរយៈហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលទទួលបានពីកន្លែងផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងនោះពលរដ្ឋត្រូវផ្ទៀងផ្ទាត់ព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ទីកន្លែងកំណើត អាសយដ្ឋាន និងព័ត៌មានផ្សេងៗទៀត។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តថា ក្នុងករណីសាមីខ្លួនពិនិត្យឃើញថា ក្នុងអត្តសញ្ញាណប័ណ្ណមានព័ត៌មានខុសពីព័ត៌មាននៅក្នុងឯកសារ ឬភស្តុតាងផ្លូវការនានា ដែលបានផ្តល់ជូនអាជ្ញាធរនៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ នោះពលរដ្ឋត្រូវតវ៉ាទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌនៃលំនៅដ្ឋានរបស់ខ្លួន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំ នៅផ្សារទំនើបអ៊ីអនម៉ល២ (Aeon Mall សែនសុខ)ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ដែលមានព័ត៌មានខុស និងឯកសារភស្តុតាងផ្លូវការនានា ដែលផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានទេនៅរសៀលថ្ងៃទី៧ ខែមេសានេះ ដោយទូរស័ព្ទចូលតែត្រូវចុចបិទ។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណ មានច្រើន សាខា ដែលប្រជាពលរដ្ឋអាចប្រើប្រាស់បាន។ លើសពីនេះ ប្រជាពលរដ្ឋដែលមានបណ្ណ័ បសស អាចដាក់ពាក្យសុំអត្តសញ្ញាណប័ណ្ណតាមរយៈការិយាល័យប្រៃសណីយ៍ផ្សេងៗក្នុងក្រុង ស្រុក និងខណ្ឌ។
លោកប្រាប់ថា៖ «ទាក់ទងនឹងការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណនៅបណ្ដាសាខា យើងមានគោលការណ៍ពីអគ្គចែងមក យើងមានកំណត់ចំនួនមនុស្សដែលយើងត្រូវជូន មន្ត្រីយើងស្នើសុំផ្ដល់។ ក្នុងករណីដែលលើសចំនួនកំណត់ ក៏យើងត្រូវផ្អាកដែរ ព្រោះទីតាំងយើងមានច្រើនសាខា។ អ៊ីចឹងសាមីខ្លួនគាត់អាចអ៊ីអន២ក៏បាន អ៊ីអន៣ក៏បាន ឬស្នាក់ការប.ស.ស ក៏មានដែរ ពលរដ្ឋដែលមានប័ណ្ណប.ស.ស អាចស្នើសុំបាន[…]ឬក៏តាមបណ្ដាបុស្តិ៍ក្រុង ស្រុក ខណ្ឌអ៊ីចឹងទៅ»។
លោកបានបញ្ជាក់ថា អ៊ីអនអាចដំណើរការពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណបានតែ ១៩០ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលព្រឹកទទួលចំនួន ៩០នាក់ និងពេលរសៀល ១០០នាក់។
លោកមានប្រសាសន៍ថា៖ «ក្នុងករណីអ៊ីអន ឧទាហរណ៍ពេលព្រឹក គាត់ធ្វើតែចំនួនមនុស្សដែលមានចំនួន៩០នាក់អីទេ ឬសៀលអាចទទួលបាន១០០នាក់ អ៊ីចឹងក្នុងមួយថ្ងៃអាច ១៩០នាក់អីទេ។ អ៊ីចឹងបើលើសចំនួនកំណត់ ក៏យើងមិនអាចទទួលដែរ។ លើសចំនួនកំណត់ការដែលយើងកំណត់ ដែលថា clear ការងារបញ្ចប់ត្រឹមម៉ោងរដ្ឋបាល ការងារបញ្ចប់ត្រឹមម៉ោង១២ថ្ងៃត្រង់ បញ្ចប់ពេលព្រឹក ល្ងាចឡើងម៉ោង៥ ត្រូវធ្វើម៉េចclearឱ្យអស់ក្នុងម៉ោងរដ្ឋបាលហ្នឹង ចុះបើលើសចំនួនកំណត់ក៏យើងផ្អាកទទួលដែរណ៎ា»។
លោកថា ពលរដ្ឋអាចទៅផ្សារអ៊ីអន៣ ឬនាយកដ្ឋានអត្តសញ្ញាណកម្មបាន ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណនេះ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនចូលចិត្តមកសាខាផ្សារអ៊ីអន២នេះ។
លោកមានប្រសាសន៍ថា៖ «គាត់[ពលរដ្ឋ]អាចអញ្ជើញទៅអ៊ីអន៣ក៏បាន ឬក៏មកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណក៏បាន មកខាងវត្តនិរោធ ច្បារអំពៅអ៊ីចឹង ក៏ប៉ុន្តែបងប្អូនយើងគាត់ចូលចិត្តថា ទៅតែអ៊ីអនហ្អាស បើនាយកដ្ឋានគាត់អត់សូវមកទេ អ៊ីចឹងហើយ គាត់រអ៊ូរទាំ ទៅត្អួញនៅកន្លែងហ្នឹង ក៏ប៉ុន្តែអាកន្លែងណាទូលាយគាត់អត់សូវមកទេ»។
លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ការបើកឱ្យមានការធ្វើអត្តសញ្ញាណប័ណ្ណនៅតាមផ្សារទំនើប ដោយមិនគិតថ្ងៃសៅរ៍ និងអាទិត្យ ហើយមន្ត្រីដាក់វេនគ្នាធ្វើការរហូត គឺជារឿងល្អ ព្រោះងាយស្រួលសម្រាប់ប្រជាពលរដ្ឋទៅកាន់ទីតាំងទាំងនោះ និងចំណេញពេលវេលា។
លោកបន្តថា៖«តាមពិសោធន៍អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មលោក បានធ្វើនៅតាមផ្សារEAON រួចហើយហ្នឹង លោកគួរតែដកស្រង់ពិសោធន៍នេះ ដើម្បីទៅពង្រីកក្នុងការធ្វើនៅកន្លែងផ្សេងៗទៀតឱ្យបានច្រើន មិនមែនតែក្នុងរាជធានីភ្នំពេញទេ អាចធ្វើជាប្រចាំការនៅកន្លែងណាមួយនៅតាមខេត្ត នៅទីប្រជុំជន ឱ្យប្រជាពលរដ្ឋអាចធ្វើបានច្រើន នេះក៏ជាយុទ្ធសាស្រ្តឈ្នះៗដែរ រដ្ឋក៏ទទួលបានចំណូល ពលរដ្ឋមិនប្រឈមហានិភ៏យនៃការគ្មានអត្តសញ្ញាណប័ណ្ណ គាត់ទៅណាទៅណីងាយស្រួលដែលគាត់មានអត្តសញ្ញាប័ណ្ណប្រើប្រាស់ ដើម្បីសម្គាល់ខ្លួនថាគាត់ជាខ្មែរ»។
លោកសង្កេតឃើញដែរថា កន្លងមក ការធ្វើអត្តសញ្ញាណប័ណ្ណត្រឹមតែរយៈពេល៣០ថ្ងៃ តែពេលនេះមានរយៈពេលរហូតដល់៤៥ថ្ងៃ។ លោកយល់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គួរតែពង្រីកទីតាំងបន្ថែមទៀត ឬបន្ថែមបុគ្គលិក ឬជ្រើសបុគ្គលិកកិច្ចសន្យាបន្ថែម ដើម្បីពន្លឿនការងារនេះ ឱ្យនៅក្រោម៣០ថ្ងៃ ឬកាន់តែមានរយៈពេលខ្លីកាន់តែល្អ និងមានប្រសិទ្ធិភាពខ្ពស់។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកកាលពីឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រមាណជិត ១,២ លានសន្លឹក ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ហើយចំនួនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីសរុបដែលបានការបោះពុម្ព និងប្រគល់ស្នងការខេត្តក្រុងនៅពេលនោះមានប្រមាណជាង១៤,៤លានសន្លឹក។
ចំណែកឯការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាអស់សុពលភាព មានចំនួនជាង ៧៧,៥ម៉ឺនសន្លឹក ហើយចំនួនអត្តសញ្ញាណប័ណ្ណសញ្ជាតិទុតិយតា ដែលបានផ្ដល់មានចំនួនប្រមាណជិត ១,៨ លានសន្លឹក។
ត្រឡប់មកកាន់ប្រជាពលរដ្ឋ ដែលកំពុងរងចាំធ្វើអត្តសញ្ញាណប័ណ្ណវិញ អ្នកស្រី ផា កំផាត ចង់ឃើញសមត្ថកិច្ចពង្រីក និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណនេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលទៅរកសេវាកាន់តែមានភាពងាយស្រួល មិនរង់ចាំយូរ ហើយការធ្វើនោះទៀតសោត ក៏មិនចំណាយពេលរង់ចាំយូរដល់ទៅជាង ៤៥ថ្ងៃដូចគ្នា។
អ្នកស្រីកំផាន បន្ថែមថា៖«វាយូរហ្នឹងហើយ ប៉ុន្តែយើងធ្វើម៉េចបើយើងមិនអាចកំណត់ឱ្យគេបាន គេកំណត់ឱ្យយើងប៉ុណ្ណា យើងមានតែប៉ុណ្ណឹងឯង បើគេថា៥០ថ្ងៃគឺ៥០ថ្ងៃហើយ បើគេថា ៤៥ថ្ងៃគឺ៤៥ថ្ងៃហើយ ចឹងយើងមិនអាចទៅតឿនគេទេ […] តែបើថាត្រឹមមួយអាទិត្យ ឬមួយខែបាន ឬក៏ត្រឹមកន្លះខែបាន ក៏ល្អដែរ វាល្អជាជាង ៤០ ទៅ ៥០ថ្ងៃ»៕
…………………………..
អត្ថបទដោយ៖ ពូ សូរាជីនី