CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

សង្គមស៊ីវិលថា ស្ថានភាពនយោបាយធ្វើឱ្យយុវជនរារែកមិនហ៊ានចូលប្រឡូកបញ្ហាសង្គម

Admin ដោយ Admin
April 4, 2023
ក្នុង សិទ្ធិមនុស្ស
0
សង្គមស៊ីវិលថា ស្ថានភាពនយោបាយធ្វើឱ្យយុវជនរារែកមិនហ៊ានចូលប្រឡូកបញ្ហាសង្គម

សកម្មភាពកម្មវិធីបោះជំរំយុវជនរបស់អង្គការ CCHR ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (រូបភាព៖ ផ្ដល់ឱ្យ)

0
ចែករំលែក
161
ចំនួនមើល

អង្គការធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកតាមដានបញ្ហាសង្គមលើកឡើងថា យុវជនមានការស្ទាក់ស្ទើរមិនហ៊ានចូលប្រឡូកយ៉ាងសកម្មក្នុងបញ្ហាសង្គមនោះទេ ដោយសារមូលហេតុស្ថានភាពនយោបាយមិនអំណោយផល និងកម្រិតសមត្ថភាពរបស់ពួកគេ។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ (CCHR) បានរៀបចំកម្មវិធីបោះជំរំយុវជនមួយមានរយៈពេល៣ថ្ងៃ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ» ដោយមានយុវជនចូលរួម ៣៨អង្គ/នាក់។ កម្មវិធីជំរំយុវជននេះក៏ផ្ដោតសំខាន់លើប្រធានបទមួយចំនួនដូចជា យុវជននិងភាពជាអ្នកដឹកនាំ សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សិទ្ធិទទួលបានព័ត៌មាន សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងការចូលរួមរបស់យុវជនក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅក្រោយកម្មវិធីនេះ លោក ហួន ផន អ្នកសម្របសម្រួលគម្រោង​នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ស្ថានភាពគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន បានបង្កនូវលក្ខខណ្ឌមិនអំណោយផលដល់ការចូលរួមរបស់យុវជន ស្របពេលមានការយាយីដល់អង្គការសង្គមស៊ីវិល ការចាប់ខ្លួនសកម្មជន អ្នកតវ៉ាបញ្ហាដីធ្លី អ្នកទាមទារសិទ្ធិការងារ និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។

លោកបន្ដថា កម្មវិធីនេះគឺជាផ្នែកមួយនៃការងារសង្គមជួយជំរុញឱ្យយុវជនមានភាពរឹងមាំផ្នែកបញ្ញាស្មារតី និងហ៊ានចូលរួមលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យកាន់តែល្អប្រសើរថែមទៀត។

លោកបន្ដថា៖ «ស្ថានភាពបច្ចុប្បន្ននេះ លំហសេរីភាពខាងការបញ្ចេញមតិ លំហសេរីភាពនយោបាយក្នុងសង្គមយើងហាក់ដូចជាដើរថយក្រោយ ហើយមានភាពរឹតត្បឹតច្រើន។ យើងឃើញថា អ្នកធ្វើការងារសង្គមក៏មានបញ្ហាប្រឈមច្រើន ទាំងការប្រឈមនឹងជាប់បណ្ដឹងតុលាការ។ យើងអាចនិយាយយ៉ាងខ្លីថា ការយាយីខាងផ្នែកផ្លូវច្បាប់និងការគំរាមកំហែងរូបភាពផ្សេងៗទៀត ទាំងអស់នោះជារូបភាពដែលមិនល្អ ដែលវាបង្អាក់នៅស្មារតីយុវជនក្នុងការចូលរួមជួយសង្គម»។

លោក ហួន ផល បន្ដថា យុវជនត្រូវស្វែងយល់បន្ថែមអំពីទម្រង់ទាំងអស់នោះ ពិសេសទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងតួនាទីរបស់យុវជនក្នុងការចូលរួមដំណើរការលទ្ធិប្រជាធិបតេយ្យ និងត្រូវពង្រឹងសមត្ថភាពនិងស្មារតី ក្នុងការរួមចំណែកដោះស្រាយបញ្ហា។

អ្នកស្រាវជ្រាវ​ពីការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់មានភាពចាស់ទុំនិងអនុវត្តឱ្យបានពេញលេញនោះទេ ដោយលោកថា អ្នកនយោបាយខ្មែរគឺស្ទើរតែលែងនិយាយរកគ្នា និងបង្កើតនូវវប្បធម៌ហែកហួរនិងតាមសងសឹកគ្នាទៅវិញទៅមក។

យ៉ាងណាមិញ  លោកថា យុវជនត្រូវចេះតាមដាននិងថ្លឹងថ្លែងបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន និងត្រូវចូលរួមមតិកែលំអ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិនិងឯកភាពជាតិពិតប្រាកដ។

លោកបន្ដថា៖ «ខ្ញុំមិនចង់និយាយថាជាចេតនារបស់អ្នកនយោបាយទេ ប៉ុន្តែជាលំនាំនៃការដឹកនាំដំណើរការប្រជាធិបតេយ្យរបស់យើង។ គឺដល់ដំណាក់កាលមួយដែលគូភាគីអ្នកនយោបាយមានតែការយកប្រៀបគ្នាតាមបែបសងសឹកគ្នា។ យុវជនខ្មែរគួរតែរៀនសូត្រអំពីបទពិសោធន៍ហ្នឹង ហើយធ្វើការកែតម្រូវថាតើ បើសិនជាខ្លួនឯងចូលទៅធ្វើនយោបាយឬគិតគូរអំពីបញ្ហានយោបាយ។ តើយើងចង់ឃើញជាតិយើងបែកបាក់ដូចសព្វថ្ងៃឬត្រូវតែនាំគ្នាធ្វើការយ៉ាងណាប្រើឥទ្ធិពលរបស់យើងទៅដល់អ្នកដឹកនាំនយោបាយជាន់ខ្ពស់ឱ្យធ្វើការឈានទៅរកការបង្រួបបង្រួមជាតិនិងឯកភាពជាតិ»។

យុវតីម្នាក់មកពីខេត្តកំពង់ធំដែលចូលរួមកម្មវិធីបោះជំរំយុវជន កញ្ញា ម៉ុន សុធារី សង្កេតឃើញថា​ យុវជនមួយចំនួនពិតជាមានការរារែងក្នុងការចូលរួមរិះគន់បញ្ហាសង្គម ដោយសារបរិបទនយោបាយនៅកម្ពុជាមានភាពតូចចង្អៀត និងរឹតត្បឹតលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋ ពិសេសអ្នកដែលមានសំឡេងផ្ទុយពីរដ្ឋាភិបាល។  

ប៉ុន្ដែ បញ្ហាដែលកញ្ញាព្រួយបារម្ភជាងនេះ គឺភាពអសកម្មនិងភាពភ័យខ្លាចដែលកើតមានក្នុងអារម្មណ៍របស់ពលរដ្ឋ ដែលធ្វើឱ្យពួកគេមិនស្វែងយល់ពីសិទ្ធិនិងតួនាទីរបស់ខ្លួន ដែលអាចនាំឱ្យកម្ពុជាធ្លាក់ក្នុងភាពអន្តរាយបន្ថែមទៀត។

យុវតី ម៉ុន សុធារី បន្ដថា៖ «នេះជាផ្នែកមួយដែលនាងខ្ញុំអាចធ្វើបាន ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិ​របស់​យុវជនក៏ដូចជាសិទ្ធិមនុស្ស ក្នុងគោលបំណងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យប្រកបដោយតម្លាភាព។​ អ្វីដែលនាងខ្ញុំបារម្ភ គឺខ្លាចយុវជននិងប្រជាពលរដ្ឋមិនបានស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការ​បំពេញ​តួនាទីជាប្រជាពលរដ្ឋ និងយុវជនបានត្រឹមត្រូវ ដែលជាផ្លូវនាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភាពអន្តរាយ»។

របាយការណ៍ស្ទង់មតិ​មួយរបស់អង្គការតម្លាភាពកម្ពុជាស្ដី​ពី​ «ការ​ស្ទង់​មតិ​យុវជន​ស្ដីពី​គោលនយោ​បាយ» ដែលបានចេញផ្សាយនៅខែ​តុលា ឆ្នាំ២០២២​ ​រកឃើញថា យុវជន​កម្ពុជាភាគច្រើន​មិន​សូវខ្វាយខ្វល់រឿងនយោបាយក្នុងប្រទេសនោះទេ ដោយសារតែ​​ព្រួយបារម្ភ​ពីសុ​វត្ថិភាព និងចាត់ទុក​​​នយោបាយគឺជា​រឿង «​គ្រោះ​ថ្នាក់»។

ការរកឃើញរបស់អង្គការតម្លាភាព គឺផ្អែកទៅការ​​ស្ទង់មតិ​ដោយ​ផ្ទាល់​​ជាមួយ​យុវជន​ចំនួន ១ ៦០០នាក់ ​អាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ៨២ភាគរយ​ ក្នុងចំណោមយុវជន១ ៦០០នាក់ និយាយថា ពួកគេ​មិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ។ ចំណែកប្រមាណ ១៧ភាគរយទៀត និយាយថា ពួកគេ​ចាប់អារម្មណ៍ ឬចាប់អារម្មណ៍ខ្លាំង​លើកិច្ចការនយោបាយ ហើយភាគច្រើនជាបុរសមានការ​អប់រំ​ខ្ពស់ រស់នៅទីប្រជុំជន និងមានចំណូលក្នុងគ្រួសារ​ខ្ពស់។

​មូល​ហេតុចម្បងដែល​​យុវជនមិន​ចាប់អារម្មណ៍លើនយោបាយ គឺយុវជន ៦៦ភាគរយ បានលើកឡើងពីមូលហេតុកង្វះចំណេះដឹង​ផ្នែកនយោបាយ ខណៈពួកគេ​នៅក្មេងពេក និងខ្លះទៀតគិតថា នយោបាយជារឿងគ្រោះថ្នាក់។

ស្ថានការណ៍នយោបាយនៅកម្ពុជាក៏ត្រូវបានសហគមន៍និងរបាយការណ៍អន្ដរជាតិវាយតម្លៃថា រដ្ឋាភិបាលបច្ចុប្បន្នបានដើរបញ្ច្រាសពីមាគ៌ាប្រជាធិបតេយ្យ និងដឹកនាំតាមប្រព័ន្ធឯកបក្ស ឬផ្ដាច់ការ ក្រោយពីតុលាការបានសម្រេចរំលាយអតីតគណបក្សប្រឆាំង ការយាយីនិងធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់អ្នកតវ៉ាសិទ្ធិដីធ្លី និងសិទ្ធិការងារដាក់ពន្ធនាគារជាដើម។

ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលក្ដីកង្វល់នានារបស់សហគមន៍អន្ដរជាតិ ដោយចាត់ទុកកង្វល់ទាំងនោះថា ជាការប៉ុនប៉ងជ្រៀតជ្រែកឯករាជ្យភាពរបស់កម្ពុជា និងបកស្រាយថា វិធានការលើអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងអតីតបក្សប្រឆាំង កាលពីពេលកន្លងមក គឺជាការអនុវត្តច្បាប់៕

———————-

ពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

អ្នកភូមិថា ពួកគេ១៥០០នាក់ រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លី

អត្ថបទបន្ទាប់

ពលរដ្ឋ៧សហគមន៍នៅសៀមរាបបារម្ភសុវត្ថិភាពដីធ្លី ក្រោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ

អត្ថបទបន្ទាប់
ពលរដ្ឋ៧សហគមន៍នៅសៀមរាបបារម្ភសុវត្ថិភាពដីធ្លី ក្រោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ

ពលរដ្ឋ៧សហគមន៍នៅសៀមរាបបារម្ភសុវត្ថិភាពដីធ្លី ក្រោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង