សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ធ្វើយុទ្ធនាការទូទាំងប្រទេសជំរុញឱ្យកសិករឈប់ប្រើប្រាស់ថ្នាំពុល និងជីគីមីដែលធ្វើឱ្យប៉ះពាល់សុខភាព ព្រមទាំងដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយបណ្តាញមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសក្រោមប្រធានបទ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»។
យុទ្ធនាការនេះដឹកនាំដោយកសិករជនបទស្រ្ដី និងយុវជនជាកសិករដែលកំពុងតស៊ូមតិ ដើម្បីកសិកម្មប្រកបដោយសុវត្ថិភាព សហគមន៍មានសុខភាពល្អ និងនិរន្តរភាពបរិស្ថាន។ យុទ្ធនាការធ្វើឡើងតាមរយៈការជួបប្រជុំជាមួយសហគមន៍នានាក្នុងប្រទេសកម្ពុជាដោយមានចែករំលែកពីក្រុមបង្គោល និងឈរបដាផ្សព្វផ្សាយតាមបណ្តាញសង្គម។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥ CCFC បញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងដល់កសិករ និងអ្នកប្រើប្រាស់អំពីគ្រោះថ្នាក់ នៃថ្នាំសម្លាប់សត្វល្អិតជាមួយការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មប្រកបដោយសុវត្តិភាព។
មួយទៀតនោះ គឺដើម្បីធានាបាននូវស្បៀងអាហារដែលមានសុវត្តិភាព និងគ្មានថ្នាំពុល គ្មានជីគីមីប៉ះពាល់សុខភាពសប្រាប់ប្រជាពលរដ្ឋខ្មែរ ហើយដើម្បីឱ្យប្រជាពលរដ្ឋទទួលស្គាល់ពីផលប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតថា ជាគ្រោះថ្នាក់សុខភាពនៃមុខរបរ និងទាមទារការការពារផ្លូវច្បាប់ ការត្រួតពិនិត្យថែទាំសុខភាព។
សេចក្តីប្រកាសព័ត៌មានដដែលនេះឱ្យដឹងទៀតថា យុទ្ធនាការនេះក៏ជំរុញឱ្យមានការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនបទជាមួយនឹងចំណេះដឹង និងឧបករណ៍ ដើម្បីទទួលយកក្សេត្របរិស្ថាន និងកសិកម្មប្រកបដោយនិរន្តរភាពរួមទាំងគោលនយោបាយគាំទ្រកសិកម្មខ្នាតតូច និងបរិស្ថានផ្សេងៗទៀត។
អ្នកស្រី សួន ចំប៉ី ជាកសិករនៅសង្កាត់ម្កាក់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានសាទរចំពោះយុទ្ធនាការនេះ។ អ្នកស្រីថា យុទ្ធនានេះល្អព្រោះវាអាចជួយជំរុញដល់ការកាត់បន្ថយការប្រើប្រាស់ជីគីមីបានមួយចំណែកផងដែរ។ អ្នកស្រីថា បច្ចុប្បន្នការប្រើប្រាស់ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាពហាក់មានកើនឡើង។ អ្នកស្រីមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ ដោយថា ឥឡូវនេះបន្លែត្រីសាច់សុទ្ធតែគីមី ហើយមនុស្សកើតជំងឺផ្លែកៗទាំងចាស់ទាំងក្មេង។
អ្នកស្រីបន្ថែមថា៖« ចំពោះយុទ្ធនាការនេះខ្ញុំគិតថាល្អ។ ខ្ញុំព្រួយបារម្ភពីបញ្ហាសុខភាពដែរ ព្រោះឥឡូវបន្លែត្រីសាច់ឥឡូវសុទ្ធតែគីមី ហើយបច្ចុប្បន្នមានជំងឺប្លែកដូច មហារីក សួត គីសជាដើម»។
អ្នកស្រី ខៀវ សារ៉ុន ជាកសិករនៅខេត្តស្វាយរៀង និយាយថា ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាពកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាបកសិករ សុវត្តិភាពអ្នកប្រើប្រាស់ និងនិរន្តរភាពបរិស្ថាន។
អ្នកស្រីបន្ថែមថា៖«កសិករនៅតាមជនបទជាច្រើនមិនបានដឹងពីគ្រោះថ្នាក់រយៈពេលវែងដែលទាក់ទងនឹងការប៉ះពាល់ថ្នាំពុល និងគីមីរួមទាំងជំងឺរ៉ាំរៃ ការរិចរឹលដី ការបំពុលទឹក និងការបាត់បង់ជីវៈចម្រុះ»។
លោក ស៊ុត ទ្រី ជាកសិករនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និយាយថា សព្វថ្ងៃនេះលោកព្រួយបារម្ភពីផលប៉ះពាល់សុខភាពដោយការប្រើប្រាស់បន្លៃត្រីសាច់ ដោយលោកថា រូបលោក និងពលរដ្ឋមិនអាចមើលដឹងដោយភ្នែកថា បន្លៃត្រីសាច់ទាំងនោះមានផ្ទុកថ្នាំពុល និងប្រើប្រាស់ជីគីមីប៉ះពាល់សុខភាពនោះទេ។
លោកបន្ថែមថា ៖«សព្វថ្ងៃព្រួយបើរឿងគីមីព្រួយប៉ះពាល់ដល់សុខភាពទាំងសត្វទាំងមនុស្ស បើមានក្រុមហ៊ុនដាក់ជីធម្មជាតិប្រើនោះបានល្អសម្រាប់សុខភាពមនុស្សនិងសត្វ»។
ប្រធានសមាគម CCFC លោក ថេង សាវឿន មានប្រសាសន៍ថា សមាគម CCFC កំពុងធ្វើការរួមគ្នាជាមួយកសិករ ស្ត្រីនៅជនបទ យុវជនកសិករ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរទម្លាប់ការប្រើប្រាស់ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព។
លោកបន្តថា តាមរយៈយុទ្ធនាការ នឹងចូលរួមចំណែកដល់អនាគតដែលមានសុខភាពល្អសម្រាប់កសិករ ស្បៀងអាហារមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថានស្អាតសម្រាប់ទាំងអស់គ្នា។
លោកបន្ថែមថា៖«មិនថាអ្នកជាកសិករ អ្នកប្រើប្រាស់ សកម្មជន ឬ អ្នកបង្កើតគោលនយោបាយទេ ការចូលរួមរបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់»។
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា បច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំពុលគីមីយ៉ាងទូលំទូលាយក្នុងវិស័យកសិកម្ម ដោយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពកសិករ សុវត្ថិភាពអ្នកប្រើប្រាស់ និងបរិស្ថាន។ ហើយសមាគមនេះ រៀបចំធ្វើយុទ្ធនាការ«និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»នៅទូទាំង១៤ខេត្ត ដោយអំពាវនាវដល់សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធរបស់រដ្ឋាភិបាលឱ្យរួមគ្នាសម្រាប់ប្រព័ន្ធអាហារដែលគ្មានជាតិពុល និងយុត្តិធម៌ស្បៀងអាហារចាប់ពីឆ្នាំ២០២៥នេះទៅ៕
…………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ